យុវអ្នក​និពន្ធ​ខ្មែរ​ពីរនាក់​ជាប់​​ពាន​​រង្វាន់«អ្នក​និពន្ធ​វ័យ​ក្មេង​អាស៊ានឆ្នាំ​២០១៥»

IMG_2459

សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស ប្រចាំប្រទេស​បារាំង មាន​ក្តី​សោមនស្ស​រីករាយ​ ពេល​ទទួល​ដំណឹង​ថា យុវអ្នកនិពន្ធខ្មែរពីរូប​ទទួល​បាន​ពានរង្វាន់​«អ្នកនិពន្ធ​វ័យ​ក្មេង​អាស៊ាន​ឆ្នាំ​២០១៥​»។ ខាង​ក្រោម​នេះ ជាអត្ថបទ​ពិស្តារ​។

IMG_2437

អ្នកនិពន្ធ​វ័យ​ក្មេង​របស់​កម្ពុជា២នាក់ បា​នជាប់​ពាន​រង្វាន់​«អ្នកនិពន្ធ​វ័យ​ក្មេង​អាស៊ាន​ឆ្នាំ​២០១៥​» កាល​ពី​​ដើម​សប្តាហ៍​នេះ នៅ​ប្រទេស​ថៃ គឺលោក ម៉ា ច័ន្ទបញ្ញា និងលោក ហេង ឧត្តម។ ​ស្នាដៃរបស់លោក ឧត្តម មាន​ចំណងជើងថា «ខ្ញុំ​រៀនត្រួតថ្នាក់» ចំណែក​រឿងរបស់បញ្ញា មាន​ចំណងជើង​ថា​ «អាណាចក្រ​ចង្រិត»។ គណៈកម្មាធិការ​អ្នកនិពន្ធ​អាស៊ាន The S.E.A. write committee ​នៅ​ក្រុងបាងកក ជា​អ្នក​​រៀបចំ​ពានរង្វាន់ The ASEAN Young Writer awards 2015​​ និង​ប្រគល់​ពាន​រង្វាន ​ដោយ​អភិបាល​ក្រុង​បារាំងកក កាលពីថ្ងៃចន្ទ ទី ១៤​ធ្នូកន្លងទៅ​នេះ​​​។

IMG_2473

យុវជន​ ហេង ឧត្តម ជានិស្សិតផ្នែកនីតិសាស្ត្រ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ​បារាំង​ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ​និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ ក្នុង​​រាជធានី​ភ្នំពេញ​។ ជា​អ្នកសារព័ត៌មាន Freelancer ឲ្យ​​វិទ្យុ​បារាំង​អន្តរជាតិ​ RFI khmer ផង​ លោក​ ហេង ឧត្តម បា​នប្រាប់​​​ថា លោក​​ផ្តើមតែងនិពន្ធ តាំងពីឆ្នាំ២០០៩ រហូតមកដល់​ចុង​​ឆ្នាំ២០១៥នេះ បានចំនួន​​ជាង​៣០ចំណង​ជើងហើយ​​។ យុវអ្នកនិពន្ធ​វ័យ​ក្មេងរូបនេះ បន្តថា៖ «រឿងដែល​ខ្ញុំ​ដែល​ជាប់​ពាន​រង្វាន់​នេះ គឺ​និយាយ​ពី​សិស្ស​ក្រីក្រ​ម្នាក់ នៅ​វិទ្យាល័យ​ ដែល​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​សិក្សា​។ គេ​អត់​លុយបង់រៀនកួរ និង​ទិញ​ក្រដាសមេរៀន… រឿង​នេះ បង្ហាញពី​មួយ​ជ្រុង​នៃ​អំពើ​ពុក​រលួយក្នុង​ប្រព័ន្ធអប់រំ​។ ប៉ុន្តែ​​តួអង្គ​របស់ខ្ញុំ​មាន​ឆន្ទៈ​វិជ្ជមាន​ចំពោះ​អនាគត​របស់​កម្ពុជា​»​។

IMG_2380

សូម​បញ្ជាក់ថា មុន​នឹង​​ជាប់​ជ័យលាភីអ្នកនិពន្ធ​វ័យ​ក្មេង​អាស៊ាន​ឆ្នាំ​២០១៥នេះ​ រឿង​«​ខ្ញុំ​រៀនត្រួតថ្នាក់»របស់ ហេង ឧត្តម បាន​ជាប់​ជ័យលាភី​លេខ​២ ឆ្នាំ​២០​១​១​ ហើយត្រូ​វ​បកប្រែជាភាសា​អង់គ្លេស ​និង​បោះពុម្ព​​​ផ្សាយ​នៅ​ឆ្នាំ​២០១៣​ ដោយសមូហកម្ម​អក្សរ​សិល្ប៍ ​​​នូ ហាច។ ស្នាដៃនេះ ​ត្រូវ​​បោះ​ពុម្ព​លើក​ទី​២ ក្នុង​សៀវភៅ«គ្រប់​យ៉ាង​ដើម្បីអ្នកណា?» ​ក្នុង​​ឆ្នាំ​២០១៤​។ ​ អ្នកនិពន្ធ​រូបនេះ ក៏​គ្រោង​នឹង​បោះពុម្ពស្នាដៃ​របស់​ខ្លួនជាសៀវភៅ​ នៅដើម​ឆ្នាំ២០១៦ ក្រោម​ចំណងជើងថា «សង្ឃឹមថ្ងៃមួយ​» ដែល​​គាត់​កំពុង​ស្វែង​រក​ដៃគូ​សហការ​ និង​ថវិកា​សម្រាប់គម្រោង​បោះពុម្ព​សៀវភៅ​នេះ។​

IMG_2426

ចំពោះ​យុវជនជំនាន់​ក្រោយ​ដែល​ចាប់អារម្មណ៍​តែងនិពន្ធ លោក​ ហេង ឧត្តម បាន​ចែករំលែក​បទពិសោធ យ៉ាង​ដូច្នេះ​ថា «បើ​ចង់​ក្លាយជា​អ្នក​និពន្ធ ដំបូងគួរតែ​ត្រូវ​ចាប់​ផ្តើម​អាន​សៀវភៅ​ឲ្យ​បាន​ច្រើនបំផុត​តាម​ដែល​អាច​ធ្វើ​បាន​ អាន​គ្រប់ប្រភេទ​ស្នាដៃ និង​ចាប់​ផ្តើម​រៀន​សរសេរ។ បើ​ពុំទាន់​​ចេះ​រៀប​ចំ​សរសេរ​សាច់​រឿង​អ្វីទេ​ គឺត្រូវ​ផ្តើមពីការ​សរសេរ​កំណត់​ហេតុ​ប្រចាំថ្ងៃសិន​ សេរសេរពី​អ្វី​ដែល​ខ្លួន​ជួបប្រទះ​ បាន​ឃើញ និង​គិត​។ បន្ទាប់មក ​យើង​នឹង​ពិសោធន៍ខ្លះ​ ហើយ​អាច​ប្រឌិត​រឿង​ បូក​ផ្សំ​​នឹង​សិល្បៈ​រៀប​ចំ​សាច់រឿង​បន្ថែមទៀតបាន តែ​ត្រូវ​​សរសេរ​ឲ្យ​ស្រប​តាមផ្នត់​គំនិត​​ឧត្តមគតិ​របស់​ខ្លួន»។​

12310592_1083180638381318_3008854914425478447_n

ចំណែកស្នាដៃ​រឿង «អាណាចក្រ​ចង្រិត» របស់ ​លោក ម៉ា ច័ន្ទបញ្ញា ​ធ្លាប់​​ឈ្នះ​ពានរង្វាន់ពី​សមាគម PEN Cambodia រួច​ម្តង​ហើយនាពេល​កន្លងទៅ និង​បាន​ទទួល​រង្វាន់​«អ្នកនិពន្ធវ័យ​ក្មេង​អាស៊ាន»ឆ្នាំ​២០១៥នេះទៀត​។​ លោក បញ្ញា ពុំ​បាន​មា​នវត្តមាន​នៅ​ឱកាស​ទទួល​ពាន​រង្វាន់​នៅ​រាជធានីបាំងកក​នោះ​ទេ ពី​ព្រោះគាត់​ត្រូវ​ទៅ​សម្តែងសិល្បៈ​ ​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដើម្បី​តំណាង​ឲ្យ​មាតុភូមិ​កម្ពុជា​ ក្នុង​ថ្ងៃជាមួយ​គ្នា​នេះ​ដែរ។

យ៉ាងណា​ក៏ដោយ លោក ម៉ា ច័ន្ទបញ្ញា បាន​ប្រាប់​ថា «ស្នាដៃដែល​ជាប់​រង្វាន់​​ The ASEAN Young Writer awards 2015មួយ​នេះ ​ជារឿងច្នៃប្រឌិត​​បែបពិចារណាមួយ ដែលខ្ញុំបានបូកបញ្ចូលសិល្បៈនិពន្ធ​បទភ្លេងតិចតួច និងបង្កប់ន័យទស្សនៈវិជ្ជា ក្នុងគំនិតភាពជាអ្នកដឹកនាំ ដែលត្រូវការភាពច្នៃប្រឌិត ជាមួយវប្បធម៌បែបទំនើប។»​

អ្នកនិពន្ធ​វ័យ​ក្មេង​អាស៊ាន​រូបនេះ ចង់​ផ្តាំ​ប្រាប់​យុវជន​ខ្មែរទាំងឡាយថា៖ «ត្រូវតែ​តស៊ូជម្នះឧបសគ្គជីវិត និងរក្សាក្ដីសង្ឃឹមជានិច្ចចំពោះអ្វីដែលខ្លួនស្រឡាញ់ ដែលខ្លួនយល់ថា មានតម្លៃចំពោះមនុស្សជាតិ និងពិសេស តម្លៃដែលឆ្លុះបញ្ចាំងពីវប្បធម៌ថ្មី ចាស់ ទំនើប នៃជាតិមាតុភូមិរបស់យើង»។​

 លោក​សង្កត់​ធ្ងន់​ថា៖ «សិល្បៈល្អ គឺកើតចេញពីបច្ចេកទេស និងអារម្មណ៍។ បើចង់ឲ្យស្នាដៃសិល្បៈណាមួយមានភាពរស់រវើក និងមានទស្សនីយភាព ស៊ីជម្រៅ សិល្បៈករ ឬអ្នកនិពន្ធ គួរគប្បី ភ្លក្សឲ្យច្រើនពីរសជាតិនៃជីវិត។​ មិន​តែប៉ុណ្ណោះ ត្រូវ​រក​បុគ្គល​ណា​ម្នាក់​ធ្វើ​ជា​គំរូ ហើយ​រៀន​ដើរ​តាម​លំអាន​របស់​គាត់​»។​

12370925_1071376122907584_6430182568803909461_o

អ្នកនិពន្ធវ័យ​ក្មេង​ ម៉ា ច័ន្ទ​បញ្ញា មាន​ទេពកោសល្យ​សិល្បៈ​ច្រើ​នយ៉ាងណាស់ ដែលគួរ​ឲ្យ​កោត​សរសើរ។ គាត់​ចេះ​តែង​និពន្ធ បទភ្លេង ទំនុកច្រៀង រឿង​ខ្លី កំណាព្យ ចេះរាំ ចេះ​ច្រៀង…។​ បញ្ញា​ បាន​ទទួល​ពាន​រង្វាន់​ក្នុង​ស្រុក​ខាង​តែងនិពន្ធ និងជ័យលាភី​​ចម្រៀងថ្នាក់​ជាតិ​​ ព្រមទាំង​បាន​ឡើង​ឆាក​ជា​ច្រើន​មក​ហើយទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ស្រុក។

លោក ម៉ា ច័ន្ទ​បញ្ញា ចង់​អំពាវវនា​វឲ្យ​អ្នក​វិនិយោគទុននិង​ម្ចាស់​ក្រុមហ៊ុន​ទាំងឡាយ «សូម​គាំទ្រ​ឲ្យ​កាន់តែ​ច្រើន​ឡើង​នៅក្នុង​វិស័យ​សិល្បៈ​និង​ការ​តែងនិពន្ធ​នេះ ពិសេសស្នាដៃ​ដែល​មាន​ការ​ច្នៃប្រឌិត​និង​បង្កើត​ថ្មី។​ ព្រោះថា រាល់ភាពជោគជ័យនៃជំនួញធំៗទាំងឡាយ ពិសេសផ្នែកសេដ្ឋកិច្ច សុទ្ធតែមិនអាចខ្វះបានឡើយវិស័យសិល្បៈ និងការតែងនិពន្ធទាំងនេះ ឬអាចនិយាយបានថា សិល្បៈគឺជាថ្នាំទិព្វជួយឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។ ការគាំទ្ររបស់គ្រប់គ្នា គឺជាកម្លាំងជំរុញចិត្ត និងជាឆន្ទៈរបស់ពួកយើង»

IMG_2439

សូម​ជម្រាបថា ការ​ប្រកួត​​ស្នាដៃ​និពន្ធ​រឿង​ខ្លីក្រប​ខណ្ឌ​​អ្នកនិពន្ធវ័យ​ក្មេងអាស៊ាន​ឆ្នាំ​២០១៥នេះ ​មាន​ការ​ចូលរួមប្រកួត​ពី​អ្នកនិពន្ធ​វ័យ​​ក្មេង ​ទាំង​១០ប្រទេសរបស់​ ASEAN ដែល​មាន​ជាង​១៦០ស្នាដៃ​ចូលរួម​។ ចំពោះ​ស្នាដៃរឿងពី​​ស្រុក​ខ្មែរ​  ក្នុង​ការ​ប្រកួត​ស្នាដៃ​កម្រិត​តំបន់​​លើក​​នេះ គឺ​សមាគម​ PEN Cambodia ជា​អ្នកជួយ​​​សម្រប​​សម្រួល​បញ្ចូន​​ស្នាដៃ​ពី​កម្ពុជា​​។

សូម​បញ្ជាក់ថា អ្នកនិពន្ធ​វ័យ​ក្មេង​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាននីមួយ​បាន​ជាប់​ស្នាដៃ​ចំនួន​២នាក់ គឺ​ផ្នែក​សាភា​ជាតិម្នាក់ និង​ភាសា​អង់គ្លេស​ម្នាក់។ ប៉ុន្តែ​ជាការ​កត់​កម្គាល់​ ស្នាដៃ​ពី​ប្រទេស​ឡាវ និង​ឥណ្ឌូនេស៊ី គឺ​ជាប់​តែ​ម្នាក់ៗប៉ុណ្ណោះ គឺ​ផ្នែក​ភាសា​ជាតិ៕​

អត្ថបទដោយ ៖ ជំនិត

កាសែត​ភ្នំពេញប៉ុស្តិ៍ ផ្នែកខាងយុវជន Lift ក៏មាន​ផ្សាយ​ពី​ព័ត៌មាន​នេះដែរ។ សូមចុះទីនេះ 

http://www.postkhmer.com/lift-%E1%9E%99%E1%9E%BB%E1%9E%9C%E1%9E%9C%E1%9F%90%E1%9E%99/%E1%9E%99%E1%9E%BB%E1%9E%9C%E1%9E%87%E1%9E%93%E1%9E%93%E1%9E%B7%E1%9E%96%E1%9E%93%E1%9F%92%E1%9E%92%E1%9E%9A%E1%9E%BF%E1%9E%84-%C2%AB%E1%9E%81%E1%9F%92%E1%9E%89%E1%9E%BB%E1%9F%86%E1%9E%9A%E1%9F%80%E1%9E%93%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BD%E1%9E%8F%E1%9E%90%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B%C2%BB-%E1%9E%88%E1%9F%92%E1%9E%93%E1%9F%87%E1%9E%96%E1%9E%B6%E1%9E%93%E1%9E%9A%E1%9E%84%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%85%E1%9E%B6%E1%9F%86%E1%9E%A2%E1%9E%B6%E1%9E%9F%E1%9F%8A%E1%9E%B6%E1%9E%93

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s