រឿង ដេកស្អាត និពន្ធដោយ រី សារ៉ង់

សមាគម​ឈរ​លើ​ស្មារតី​លើក​ទឹក​ចិត្ត​យុវអ្នកនិពន្ធឲ្យ​កាន់តែ​ខិត​ខំ​សរសេរ និង​មាន​កម្លាំង​ចិត្ត​ក្នុង​បន្ត​កិច្ច​នេះ​កាន់តែ​ច្រើន​ និងកាន់តែ​ប្រសើរ​ ទើប​សមាគម​សម្រេច​ផ្សាយ​ស្នាដៃ​នេះ។

RY SARANG DIT NOREAK PITOU 1004959_418501371619581_1914049464_n

 

រឿង ដេកស្អាត

 

និពន្ធដោយ រី សារ៉ង់

 

“ចន្ទ្រា! កូនឯងនៅដេកទ្រមក់ដល់ណាទៀត! នេះថ្ងៃរះចាំងគូទហើយណា៎.. កូនជាស្រី! ដេកបែបនេះមិនសមរម្យទេ គួរតែកែទម្លាប់អាក្រក់នេះចោលទៅ កូនស្រីក្រៅ​ពីថែរក្សា​ខ្លួនបា​នស្អាតបាតហើយ ការដេកក៏ត្រូវស្អាតដូចគ្នាដែរ! ចាប់ពីស្អែកនេះ​ទៅកុំឱ្យ​ម៉ាក់ឃើញកូនដេក​បែបនេះឱ្យសោះ បើមិនអញ្ចឹងទេច្បាស់ជាមានអង្គប្រជុំមួយកើតឡើងជាមិនខាន!”។

 

ម៉ាក់ខ្ញុំបើកទ្វារចូលមកទេសនាទាំងព្រឹក ធ្វើឱ្យខ្ញុំភ្ញាក់ទាំងមិនទាន់សម្រេចបំណងក្នុង​យល់សប្តិ។ ហ៊ឹះចំជាស៊យមែន! បុរសម្នាក់នោះគេរៀបនឹងជូនផ្កាខ្ញុំទៅហើយស្រាប់តែសំឡេង “គ្រែកៗៗ” (ម៉ាក់បើកទ្វារ) ហើយថែមទាំងសូត្រមេពីរលាន់ឮទ្រហឹងអឺងកងចូលមកកាត់សង្វាក់ ត្រង់ឈុតឆាកស្នេហារបស់ខ្ញុំអស់រលីង។

            ម៉ាក់និយាយហើយក៏ចេញទៅវិញ។ ខ្ញុំនៅនឹកស្តាយដំណេកមិនទាន់អស់ចិត្តសោះ។ ចិត្តមួយចង់ដេកបន្តក្រែងលោអាចយល់សប្តិតភាគឃើញគេម្នាក់នោះម្តងទៀត។ ប៉ុន្តែបែបមិនកើតទេ ព្រោះពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចពេញបន្ទប់ខ្ញុំបាត់ទៅហើយ ។ ម៉ោង៧ទៅហើយ! ម៉េចថ្ងៃនេះខ្ញុំដេកយូរម្ល៉េះ? រាល់ដងត្រឹមតែ៦កន្លះសោះ។សំណាងហើយថ្ងៃនេះជាថ្ងៃសម្រាក កុំអី! មានឈ្មោះកត់ចូលក្នុងបញ្ជីគ្រោះថ្នាក់របស់អ្នកគ្រូជាមិនខាន។

            ឆ្ងល់ដែរ! ហេតុអីក៏ព្រឹកនេះម៉ាក់ទេសនាប្លែកខុសពីធម្មតា? បើទោះជាខ្ញុំទម្លាប់ដេកទ្រមក់យូរបន្តិចក៏គាត់មិនដែលស្តីឱ្យច្រើនដល់ថ្នាក់ហ្នឹងដែរ ម៉េចចឹងហ្ន៎? ខ្ញុំសម្រេចចិត្តបើកភ្នែកហើយក្រោកពីកម្រាលពូកដ៏ទន់ល្មើយទាំងក្តីអាល័យ ។

            ស្លាប់ហើយ! តើនេះជាបន្ទប់ដេករបស់ខ្ញុំឬក៏ជាសំបុកជ្រូក? ហេតុអីក៏បន្ទប់ខ្ញុំរប៉ាត់រប៉ាយយ៉ាងហ្នឹង? មើលចុះ! ខ្នើយកើយទៅនៅឯចុងជើង ខ្នើយគងទៅទើរលើក្បាលក្បែរមាត់បង្អួច។  ចំណែកភួយវិញរឹតតែអស្ចារ្យទៅទៀត។ តើភួយរបស់ខ្ញុំអាចចូលក្រោមគ្រែបានដោយរបៀបណា? ខ្ញុំគិតមិនចេញសោះ ។ ព្រោះតែបែបនេះហើយបានជាត្រូវមាត់ម៉ាក់ទាំងព្រឹក ។

            បន្ទាប់ពីរៀបចំទុកដាក់ភួយខ្នើយនិងសំភារៈក្នុងបន្ទប់ឱ្យមានសណ្តាប់ធ្នាប់ហើយ ខ្ញុំក៏នៅតែមិនអស់ចិត្ត។ ហេតុអ្វីខ្ញុំដេកអាក្រក់ដល់ម្ល៉ឹង? បើថាបានមើលរឿងភាគវាយតប់ កាប់ចាក់ ហោះហើរពីក្បាលព្រលប់ទៅមិនថាទេ តែមួយរយៈនេះសូមស្បថ ខ្ញុំពិតជាមិនដែលបានមើលមែន ។ គិតទៅគិតមកមានអារម្មណ៍ថាការដេករបស់ខ្ញុំសាហាវជាងឈុតប្រយុទ្ធគ្នានៅក្នុងខ្សែភាពយន្តទៅទៀត ។ ខ្ញុំគឺជាយុវតី គួរណាស់តែចេះប្រណិប័តន៍តាមក្បួនច្បាប់ស្រី មិនគួរគប្បីធ្វើបែបហ្នឹងសោះឡើយ ប៉ុន្តែនេះមិនមែនជាចេតនាខ្ញុំទេ ។ ខ្ញុំប្រឹងរកចម្លើយដែរនៅតែរកមិនឃើញ ថាហេតុអ្វីបានជាពេលបើកភ្នែកឡើងអ្វីៗរញ៉េរញ៉ៃពេញបន្ទប់  ហើយខ្ញុំក៏មិនប្រាដកដែរថាយប់ម៉ិញ មុនពេលដេកបន្ទប់របស់ខ្ញុំមានសភាពបែបណានោះ ។

            ម៉ោង៨គត់ ម៉ាក់ឱ្យខ្ញុំទៅផ្សារទិញត្រី សាច់ និងបន្លែដើម្បីចំអិនអាហារថ្ងៃត្រង់សម្រាប់ថ្ងៃនេះ ។ តួនាទីជាកូនស្រីអារឿងចូលចង្ក្រាន បាយទឹក ដាំស្លរ ទឹកក្តៅឬទឹកត្រជាក់ ខ្ញុំមិនចោលម្សៀតទេ ។ ខ្ញុំតែងតែឈរក្បែរម៉ាក់គ្រប់ពេលដែលម៉ាក់ចំអិនម្ហូបអាហារ ដើម្បីចាំជួយហុចនេះ ហុចនោះឱ្យគាត់ជានិច្ច។ ម៉ាក់ធ្លាប់ប្រាប់ខ្ញុំថា ជាស្រ្តីទោះបីជាមានការសិក្សាខ្ពស់ដល់កម្រិតណាក៏ដោយ ក៏ត្រូវតែចូលចង្ក្រានដែរ ព្រោះការរៀបចំទុកដាក់ផ្ទះសំបែងឬការងារមេផ្ទះជាអ្វីដែលនារីត្រូវតែចេះដោយខានពុំបាន

បើមិនដូច្នោះទេប្រាកដជាមិនអាចផ្គាប់ចិត្តស្វាមីបានឡើយ ។ នឹកដល់រឿងអនាគតខ្ញុំមានអារម្មណ៍ថាខ្មាសខ្លួនឯងខ្លាំងណាស់ ព្រោះមិនទាន់ចេះដេកស្អាតផងហ្នឹង! ហាសហា៎! ម៉េចក៏ម៉ាក់ខ្ញុំចេះនឹកឃើញពាក្យថា “ដេកស្អាត” នេះបាន? ប្រហែលមកពីការដេករបស់ខ្ញុំវាអាក្រក់បំផុតរកលេខដាក់គ្មានហើយ ទើបអាចធ្វើឱ្យគាត់រំជួលចិត្តរហូតដល់ធ្លោយមាត់បញ្ចេញពាក្យនេះមក ។

            យប់នេះខ្ញុំអង្គុយគិតរកវិធីសាស្រ្តក្នុងការដេក ។ នៅក្នុងចិត្តខ្ញុំចេះតែទន្ទេញពាក្យថា “ដេកស្អាតៗៗៗ” ជាប់រហូត ។

មែនហើយ! ខ្ញុំត្រូវបង្កើតកម្រងសំណួរខ្លះៗសួរខ្លួនឯង បន្ទាប់មកព្យាយាមរកដំណោះស្រាយ បើមិនដូច្នោះទេច្បាស់ជាត្រូវមាត់ម៉ាក់នៅព្រឹកស្អែកនេះទៀតជាក់ជាមិនខាន។ ខ្ញុំសួរខ្លួនឯងថា៖ ដូចម្តេចដែលហៅថាដេកស្អាត? តើការដេកស្អាតមានរូបមន្តដែរឬទេ? តើការដេកយ៉ាងម៉េចទើបហៅថាស្អាត? ហេតុអ្វីបានជាខ្ញុំចាំបាច់ត្រូវដេកស្អាត? សំណួរទាំងនេះវាមិនពិបាកឆ្លើយទេសម្រាប់ខ្ញុំ។ ក្រោយពីសាកល្បងគិតបន្តិចមក ខ្ញុំដឹងតម្រុយខ្លះៗហើយថាខ្ញុំគួរធ្វើបែបណា។

ខ្ញុំពិតជាឆ្លាតណាស់! គំនិតបែបនេះក៏គិតឃើញដែរ ធានាថាសំឡេងទេសនារបស់ម៉ាក់នឹង​ត្រូវបាន​បញ្ចប់ចាប់ពីព្រឹកស្អែកនេះតទៅ។

            កូននាឡិកានៅលើតុដើរត្រិកៗដូចជាខ្ជិលណាស់។ យប់នេះមុននឹងដេកខ្ញុំរៀបចំអ្វីៗដែលមាននៅលើគ្រែយ៉ាងស្អាតនិងមានសណ្តាប់ធ្នាប់ ។ គ្រប់សព្វហាក់បីដូចជាស្អាតហើយ តែដូចខ្វះអ្វីម្យ៉ាង។ នឹកឃើញហើយ! ខ្ញុំទាញម៉ាស៊ីនចាក់ MP3 តូចមួយចេញពីក្នុងថតតុមកដាក់ក្បែរក្បាលដំណេក។ ពិតជារ៉ូមែនទិចណាស់! បន្ទប់ដេកក៏ស្អាត! ហើយថែមទាំងមានតន្ត្រីកំដរតិចៗទៀតនោះ រឿងអីដែលថាខ្ញុំដេកមិនស្អាតនោះ ។

​“រាត្រីសួស្តី ការដេកដ៏ស្រស់ស្អាត !…”

            សំឡេងមាន់រងាវលាន់ឮទ្រហឹងអឺងកងពេញបន្ទប់ ។ ពិតជារំខានមែន! ខ្ញុំលូកដៃរាវស្រវ៉ាចាប់ទូរស័ព្ទដៃរួចបិទម៉ោងរោទិ៍ហើយគេងបន្ត ។ ពេលលក់បានមួយស្របក់ ស្រាប់តែសំឡេងខ្លាំងៗឮកងរំពងពេញត្រចៀកខ្ញុំសាជាថ្មី ។ ខ្ញុំខឹងណាស់ បើនៅតែបើកប្រាកដជានៅតែរំខាន។ ខ្ញុំបិទគ្រឿងទូរស័ព្ទដៃហើយគេងបន្តទៀត ។ មិនបានប៉ុន្មាននាទីក៏ឮសំឡេងរំខានទៀត ។ បើទូរស័ព្ទបិទហើយតើបានសំឡេងមកពីណាក្តែងៗដូចរន្ទះខែប្រាំងយ៉ាងហ្នឹង?

            ស្តាប់យូរៗទៅទើបដឹងថាជាសំឡេងម៉ាក់ខ្ញុំ ។ ព្រឹកនេះខ្ញុំត្រូវមាត់ម៉ាក់ច្រើនជាងព្រឹកម្សិលមិញទ្វេដង ។

ខ្ញុំចង់ប្រកែកដែរ តែគ្មានអំណះអំណាងណាមួយដែលអាចជួយគាំទ្រខ្ញុំបានឡើយ ព្រោះគ្រប់យ៉ាងនៅដដែល។ ខ្ញុំហួសចិត្តណាស់ពេលឃើញបន្ទប់ដេករបស់ខ្ញុំរាយប៉ាយដូចពីព្រឹកម្សិល ។ គម្រោងការណ៍ខ្ញុំរលាយអស់ហើយ ។ តើខ្ញុំបានធ្វើអ្វីខ្លះពេលកំពុងដេកលក់? ខ្ញុំពិតជាមិនដឹងមែន! តើមានមធ្យោបាយអ្វីដែលអាចជួយឱ្យដេកស្អាតបាន?

ខ្ញុំឆ្ងល់ណាស់ ឬមានអ្នកណាមកពង្រាយរបស់របរនៅក្នុងបន្ទប់ខ្ញុំពេលដែលខ្ញុំដេកលក់?

            ពេញមួយថ្ងៃ កុំថាឡើយពេលអង្គុយនៅស្ងៀម សូម្បីតែពេលរៀន ពេលធ្វើសមណួរសរសេរ

ពេលជជែកលេងជាមួយមិត្តភក្តិ ពេលជិះម៉ូតូតាមផ្លូវ ឬពេលញ៉ាំបាយនោះទេ ក្នុងអារម្មណ៍ខ្ញុំគិតដល់រឿងតែម្យ៉ាងគត់គឺរឿងដេកស្អាត។

បើមានសាលាបើកបង្រៀនជំនាញដេកស្អាតមិនដឹងល្អយ៉ាងណាទេ។

ទ័លគំនិតពេកខ្ញុំក៏ចេះតែគិតអ្វីតែផ្តេសតែផ្តាស់បែបនេះទៅ។ បើគ្រាន់តែដេកឱ្យស្អាតសោះ ពិបាកជាងដោះស្រាយលំហាត់អាំងទីក្រាលទៅទៀត។

​តាមធម្មតាម៉ោង៩មិនទាន់ទេខ្ញុំលង់លក់បាត់ទៅហើយ តែឥលូវម៉ោង១០យប់ហើយ ខ្ញុំនៅតែមិនទាន់ងងុយទៀតព្រោះតែពិបាកចិត្តពេក ។ ពេលពិបាកចិត្តអញ្ចឹងបើមានអ្នកជួយប្រឹក្សាមិនដឹងល្អយ៉ាងណាទេ។ បើកវិទ្យុស្តាប់ខ្ញុំឮគេផ្សាយកម្មវិធីដំណោះស្រាយវិបត្តិ។ ដំបូងគិតថាល្អដែរព្រោះចង់ទូរស័ព្ទចូលរួមដើម្បីឱ្យគេជួយដោះស្រាយ តែពេលគិតយូរៗទៅគួរឱ្យចង់សើចខ្លាំងណាស់ មានកម្មវិធីដំណោះស្រាយវិបត្តិឯណាដែលមកដោះស្រាយរឿងដេកស្អាតនោះ ។

ម្យ៉ាងទៀតបើយករឿងនេះទៅផ្សាយតាមរលកធាតុអាកាស ប្រៀបដូចបើកកេរ្តិ៍ខ្មាសខ្លួនឯងឱ្យពិភពលោកនេះបានដឹងអញ្ចឹង ហើយកម្មវិធីវិបត្តិនេះប្រាកដជាក្លាយទៅជានាទីសំណើចរបស់ប្រិយមិត្តអ្នកស្តាប់នៅតាមគេហដ្ឋានជាមិនខាន។ មិនបានទេ! វាគួរតែមានមធ្យោបាយណាដែលប្រពៃជាងនេះ ។ ខ្ញុំសាកល្បងងាកមកចាប់អារម្មណ៍អំពីចំណុចតូចៗវិញម្តង។ ថាមិនបាន អាចមកពីខ្ញុំប្រឹងស្រាយតែបញ្ហាធំៗ ដោយនឹកមិនដល់ពីមូលហេតុកំប៉ិកកំប៉ុកក៏ថាបាន។ គិតហើយខ្ញុំចាប់ផ្តើមធ្វើវាភ្លាមតែម្តង។ ខ្ញុំត្រូវផ្លាស់ប្តូរសោភ័ណភាពថ្មីនៅក្នុងបន្ទប់។ កម្រាលពូក ស្រោមខ្នើយ និងរំភាយនៅលើបង្អួចក៏ដូរថ្មី រូបភាពនៅលើជញ្ជាំងក៏តាំងរូបថ្មី សូម្បីតែទឹកនៅក្នុងកែវចិញ្ចឹមត្រីក្រឹមក៏ត្រូវតែប្តូរថ្មីដែរ និយាយរួមអ្វីៗនៅក្នុងបន្ទប់ខ្ញុំត្រូវផ្លាស់ប្តូរថ្មីទាំងអស់។ បើអីៗសុទ្ធតែថ្មីបែបនេះ តើមានអ្វីដែលថាខ្ញុំមិនអាចផ្លាស់ប្តូរការដេកថ្មីដែរនោះ?តែបើទោះបីជារកឃើញវិធីច្រើនយ៉ាងហើយក៏ដោយ ក៏ខ្ញុំនៅតែមិនប្រាកដក្នុងចិត្ត ខ្លាចត្រូវបរាជ័យទៀត។  ខ្ញុំចង់តែទិញកាម៉េរ៉ាសុវត្ថិភាពមួយមកដាក់ក្នុងបន្ទប់ទេ ដើម្បីឱ្យដឹងថា

តើនរណាមកពង្រាយបន្ទប់ខ្ញុំពេលខ្ញុំកំពុងដេកលក់ ។​ អ្ហា៎! គំនិតនេះពិតជាល្អណាស់! កោតតែខ្ញុំចេះនឹកឃើញហ្ន៎!

ចន្ទ្រាអើយ! តើឯងញ៉ាំអីហេតុអ្វីក៏ឆ្លាតម្ល៉េះ?

“រាត្រីសួស្តីដំណេកថ្មី! លាហើយដំណេកដ៏អាក្រក់អើយ! ព្រឹកស្អែកជួបគ្នា!”

ព្រឹកថ្មីក៏បានមកដល់ លទ្ធផលថ្មីក៏បានបង្ហាញឡើង។ ខ្ញុំស្ទើរតែស្រែកយំ ព្រោះនៅតែឮសំឡេងជេរស្តីរបស់ម៉ាក់ ដោយសារភាពរាយប៉ាយនៅតែមាន ។ ខ្ញុំប្រកែកថានេះមិនមែនជាថ្វីដៃរបស់ខ្ញុំទេ ព្រោះនៅមានភស្តុតាងមួយដែលអាចបញ្ជាក់ថាខ្ញុំជាមនុស្សដេកស្អាត

នោះគឺកាម៉េរ៉ាសុវត្ថិភាពដែលព្យួរនៅលើជញ្ជាំងនោះអី។ ខ្ញុំឈោងយកវាមក រួចបើកមើលសកម្មភាពកាលពីយប់ម៉ិញ។ ពេលបើកមើលហើយ កុំថាឡើយតែកណ្តុរឬកន្លាត សូម្បីតែមូសមួយក្បាលក៏គ្មាននៅក្នុងកាម៉េរ៉ាដែរ ព្រោះមុនពេលដេកខ្ញុំបានបិទភ្លើង តើមានកាម៉េរ៉ាឯណាអាចចាប់រូបភាពពេលងងឹតបាននោះ?

រឹតតែគិតរឹតតែថ្លោះធ្លោយ… យី!ចង់ឆ្កួតហើយខ្ញុំ។

ពីយប់មួយទៅយប់មួយហេតុអ្វីក៏លឿនម្ល៉េះសម្រាប់ខ្ញុំ? ខ្ញុំមិនចង់ឱ្យមានពេលយប់សោះ ហើយក៏មិនចង់បើកភ្នែកឃើញរឿងដដែលៗកើតឡើងនៅថ្ងៃស្អែកដែរ។ កាលពីមុន ការដេកជាជម្រើសទី១ក្នុងចំណោមការចូលចិត្តរបស់ខ្ញុំបន្ទាប់ពីការញ៉ាំ

តែពេលនេះខ្ញុំចាប់ផ្តើមមានអារម្មណ៍ស្អប់ដំណេក។ បើសិនអាចយកអ្វីមកទល់ភ្នែកកុំឱ្យបិទបានប្រហែលជាល្អ។

យប់នេះជាយប់ដែលខ្ញុំក្រៀមក្រំជាងយប់ណាៗទាំងអស់។ ព្រះចន្ទនៅមាត់បង្អួចចាំងរស្មីស្រាលស្រទន់ហាក់បីដូចជាចូលរួមក្រៀមក្រំជាមួយខ្ញុំដែរ។ ខ្ញុំព្រួយបារម្ភពីលទ្ធផលនៅព្រឹកស្អែកនេះណាស់។ វាជាលទ្ធផលមួយដែលពិបាកព្យាករណ៍ជាងអាកាសធាតុទៅទៀត។ យប់នេះក្នុងបន្ទប់ខ្ញុំមិនបិទភ្លើងដូចយប់មុនៗទៀតទេ ចំណែកកាម៉េរ៉ាព្យួរនៅលើជញ្ជាំងក៏កំពុងតែប្រឹងចាប់យកសកម្មភាពយ៉ាងយកចិត្តទុកដាក់មិនហ៊ានសូម្បីតែព្រិចភ្នែក។

ដោយហត់នឿយក្នុងចិត្តពេក ខ្ញុំក៏បានលង់លក់យ៉ាងស្កប់ស្កល់ពេញមួយរាត្រីកាល…។

ព្រឹកឡើងស្អែកថ្មីអ្វីៗក៏បានស្រាយ ។ ចិត្តនារីគ្រប់គ្នាពិតជាតក់ស្លុតមិនរន្ធត់មិនបាន ឯមនុស្សគ្រប់ប្រាណក៏មិនអាចធានាបានថាមិនក្តុកក្តួលដែរ នៅពេលឃើញសកម្មភាពក្នុងកាម៉េរ៉ា។

មុននឹងរ៉ាយរ៉ាប់ប្រាប់ថាជាអ្វី សូមមិត្តប្រុសស្រីទុកពេលយ៉ាងខ្លីត្រឹមបីនាទី ឱ្យខ្ញុំបានរត់ពួនបំបាំងមុខសិន ពីព្រោះវាជារឿងមួយដែលគួរឱ្យអាម៉ាស់ណាស់សម្រាប់ខ្ញុំ។ជាពិសេសសូមធានាថារឿងនេះពិតជាប្លែកមិនដែលមាននៅក្នុងកុនឡើយ។ ឥលូវខ្ញុំពួនរួចហើយ ក៏សមល្មមនឹងដល់ពេលប្រាប់ចម្លើយឱ្យអ្នកបានដឹងដែរ។ ប៉ុន្តែមុនប្រាប់! សូមរំឭកសំណួរមួយសិន។តើអ្នកឆ្ងល់ទេថាហេតុអ្វីបានជារាល់ព្រឹកបន្ទប់របស់ខ្ញុំចេះតែរញ៉េរញ៉ៃដូចសំបុកជ្រូក?ខ្ញុំមិនហ៊ានឆ្លើយទេសូមឱ្យអ្នកមើលរូបភាពនៅក្នុងកាម៉េរ៉ាដោយខ្លួនឯង

ចុះ​@¿@

 

*** ខ្ញុំកំពុងតែដើរទៅដើរមកហើយរើនេះរើនោះបោះចុះបោះឡើងពេញបន្ទប់***

នេះជារបកគំហើញថ្មីមួយដែលខ្ញុំរកឃើញគឺមនុស្សអាចធ្វើការងារPart timeពេលដេកលក់។

តើអ្នកជឿថាមានហេតុការណ៍បែបនេះកើតឡើងនៅពេលដេកលក់ដែរឬទេ?

 

រក្សាសិទ្ធិ​​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s