ផ្សាយ​បន្ត៖ជីវប្រវត្តិសង្ខេប និងវណ្ណកម្មរបស់លោក វ៉ានឌី កាអុន

សមាគមអ្នកនិពន្ធខ្មែរនៅបរទេសមានកិត្តិយសសូមយកអត្ថបទដែលលោកស្រីប្រធានស្ថានិក មកផ្សាយបន្ត៖ លោក វ៉ានឌី កាអុន ជាអ្នកស្រាវជ្រាវនិងអ្នកនិពន្ធខ្មែរម្នាក់ ដែលបានលះបង់ពេលវេលានៃជីវិតរបស់លោកទៅសំណេរស្នាដៃប្រវត្តិសាស្ត្រ អក្សរសិល្ប៍ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។ តាម រយៈ ការធ្វើការកិច្ចការសារព័ត៌មាននៃវិទ្យុបារាំង អន្តរជាតិផ្សាយជាខេមរៈភាសាជាមួយគ្នាជាច្រើនឆ្នាំ និងតាមការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំយល់ឃើញថា លោកជាបញ្ញវ័ន្តខ្មែរដ៏ឆ្នើមមួយរូបដែលគេពុំត្រូវគាប្បីនឹងមើលរំលងឡើយ។

លោក កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំងរបស់លោក ឆ្នាក់ ចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ ចែងចាយជាទស្សនទានដ៏ថ្លៃថ្លាដល់មជ្ឈដ្ឋានសង្គមខ្មែរ ដែលបានឆ្លងកាត់កន្លងប្រវត្តិសាស្ត្រ ឬឆ្លងកាត់ក្តីដែរ តែពុំទាន់បានយល់ជ្រួលជ្រាបឲ្យបានដល់ទីជម្រៅ។ ប្រសិនបើលោក-លោកស្រី បានអានវណ្ណកម្មថ្មីៗរបស់លោក តួយ៉ាង «សុបិននិងការពិត»(២ភាគ) និង«ប្រវត្តិសាស្ត្រកម្ពុជា» (៣ភាគ) លោក-លោកស្រីច្បាស់ជាជ្រាបជាក់ជាពុំខាន។ ចំពោះផ្នែកអក្សរសិល្ប៍

លោកបានសរសេររឿងនិទានខ្មែរ បកប្រែ សិក្សាវិភាគ ពិសេសលោកបានលើកយកអក្សរសិល្ប៍ធំៗរបស់បារាំង មកវិភាគនិងផ្សាយជាភាសាជាតិយើង ដើម្បីក្នុងកម្មវត្ថុជាប្រយោជន៍ដល់ជនានុជនខ្មែរ។ សៀវភៅ«ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា» ជាការស្រាវជ្រាវថ្មីមួយទៀតរបស់លោក ដែលអាចជាប្រយោជន៍ច្រើនដល់សិក្ខាជនទាំងឡាយដែលចាប់ចិត្តនឹងវិស័យស្វែងរកការពិតនៃទស្សនវិជ្ជា។ ខ្ញុំសូមគោរពនិងកោតសរសើរដល់វីរភាពរបស់លោកចំពោះត្រួសត្រាយវិថីនៃអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរយើងបន្ថែមទៀត។ ដោយយល់យ៉ាងច្បាស់ពីសេចក្តីព្យាយាមរបស់លោកនិងសេចក្តីខិតខំលះ បង់ទាំងនេះ ខ្ញុំមានកិត្តិយសដែលលោកបានអនុញ្ញាតឲ្យខ្ញុំបានចុះផ្សាយជីវប្រវត្តិសង្ខេបរបស់លោក ក្នុងទំព័ររបស់ខ្ញុំនេះ។ ជាសំណាងល្អ ខ្ញុំបានសូមសេចក្តីយល់ព្រមពីលោកសាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី ដើម្បីដកស្រង់និងចុះផ្សាយនូវ«ជីវប្រវត្តិសង្ខេបរបស់លោក វ៉ានឌី កាអុន» ពីសៀវភៅរបស់លោក ដែលមានចំណងជើងថា «មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី២០» និង«អក្សរសិល្ប៍ខ្មែរសតវត្សទី២០ កវីនិពន្ធនិងកម្រងអត្ថបទ»។ ខ្ញុំសូមថ្លែងអំណរគុណលោកទាំងពីរដែលអនុញ្ញាត។ យុវអ្នកនិពន្ធ ហេង ឧត្តម បានជួយសម្រួលកិច្ចការខ្ញុំ ដោយបានវាយអត្ថបទ និងជួយផ្ទៀងផ្ទាត់ ព្រមទាំងរៀបចំថតរូបគម្របសៀវភៅស្នាដៃរបស់លោក វ៉ានឌី កាអុន។

តទៅនេះ សូមលោក-លោកស្រី រីករាយអានដំណើរជីវិតរបស់លោក។

p. 13  biog. NAK 002

វ៉ានឌី កាអុន

កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ វ៉ានឌី កាអុន បាន​បំពេញ​វិជ្​ជា​នៅ​បឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបាន​ប្រឡង​ជាប់​មធ្យម​សិក្សាប័ត្រ លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ ហើយ​បានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុង ខេត្ត​កំពត។

នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ​ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី មាន​ឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុង​ឆ្នាំ​ដដែល​នេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)​។

p. 13  biog. NAK 003

 

នៅ១៩៦៩ លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅ ​ក្រសួង​អប់រំជាតិ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្ត​ដែល​មានជំហរ​និង​ គំនិតនយោបាយដូចគ្នាបង្កើតកាសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំង​ជា​ចាង​​ហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ ចតុមុខ និង​ជាទីប្រឹក្សាកាសែត មហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀន​ទស្សន​​វិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។

លោកបានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៧២ ហើយ​បាន​ត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ១៩៧៤។ លោកបានបន្តការស្រាវ​ជ្រាវ​រហូត​ដល់​ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន។

លោកបានរួចជីវិតពីសម័យខ្មែរក្រហម ហើយលោកបានចូលទៅជាសមាជិក​ «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដោយជំនួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំង​ប្រដាប់​ អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»បាន ​វាយយកអំណាចពីរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែ​មករា​ ឆ្នាំ១៩៧៩។

p. 13  biog. NAK 006

នៅឆ្នាំ១៩៨១ លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតវិទ្យាស្ថានសង្គមសាស្ត្រក្នុងគោលដៅសិក្សាបែបវិទ្យាសាស្ត្រពីសង្គម ​និងនយោបាយ ហើយលោកបានដឹកនាំវិទ្យាស្ថាន​នេះរហូត​ដល់​ឆ្នាំ​១៩៨៩​។

អ្នកស្រាវជ្រាវបរទេសនានាដែលមកទស្សនាស្រាវជ្រាវនៅកម្ពុជា ​តែង​មក​សាកសួរ​និងគារវកិច្ចចំពោះលោកជានិច្ច ហើយអ្នកទាំងនោះស្គាល់​ម្យ៉ាងថា​លោក​ជា​បញ្ញវ័ន្តមួយ​រូបក្នុងរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាង​ចរន្តទំនើប​និយម​ក្នុង​រដ្ឋអំណាចនិងបក្ស។

ដោយមានទំនាសទំនុយនឹងរដ្ឋាភិបាលនិងមជ្ឈឹមបក្សកម្មុយនីសកម្ពុជា លោក​បាន​​ត្រឡប់មកប្រទេសបារាំងវិញ ហើយបានទទួលសិទ្ធិជាជន​ភៀស​ខ្លួន​នយោ​បាយ​​។ សព្វថ្ងៃលោកធ្វើការជាអ្នកសារព័ត៌មាន​នៅវិទ្យបារាំង​អន្តរជាតិ​ក្នុង​ កម្មវិធី​ភាសា​ខ្មែរ (Radio France International : RFI) ដោយលោកមាន​ឯក​ទេស​ផ្នែកសិក្សាវិភាគអក្សរសាស្ត្រខ្មែរ និងវិភាគសៀវភៅចេញថ្មីផ្នែក​នយោ​បាយ​ សេដ្ឋកិច្ច សង្គម ។ល។

ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាពលោកបូជាពេលវេលា ​ទំនេរលើ​សំណេរនិងការស្រាវជ្រាវ។ អាស្រ័យដោយលោកស្គាល់និងបានរស់​នៅក្នុង​របប​បួនធំៗនៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធសំខាន់នាំឲ្យលោក​ផលិត​ បានស្នាដៃជាសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបទមួយ​ ក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pièrre-Richard Feray នៅ​សកល​វិទ្យាល័យ Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាក​ក្នុងការ​ចូលរួមរស់ក្នុងពិភពលោកទំនើប (Le Cambodge et ses difficultés d’insertion au monde moderne) ។

p. 13  biog. NAK 005

នេះស្នាដៃសំខាន់ខ្លះរបស់លោក៖

-សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ, ភាគ១, ភ្នំពេញ, ១៩៧១;
-ក្បួនចិត្តសាស្ត្រ, សិក្សាកថា, ភ្នំពេញ, ១៩៧១;
-វិភាគទាននៃការសិក្សា, ប្រាដកនិយម និងអណ្តែតអណ្តូងនិយម, សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ, ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរ, សិក្សាកថា, ភ្នំពេញ, ១៩៧៣;
-វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ, ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ, វិចាណនិយមតាមរយៈរឿងធនញ្ជ័យ, សោកនាដកម្មតាមរយៈរឿងកាកី, ភ្នំពេញ, ១៩??;
– សង្គមសាស្ត្រ, ភ្នំពេញ, ១៩៧៣;
-Thmenh Chey, en français, étude, Phnom Penh, 1973;
-សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវ៉ារី, សិក្សាកថាអក្សរសិល្ប៍បារាំង,
ភ្នំពេញ, ១៩៧៤;
-ស្នេហាចុកឈាមរបស់កំលោះវែរទែរ, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ, ១៩៧៤;
-Réflexion sur la littérature khmère, en français, étude, Phnom Penh, 1981;
-រឿងព្រេងបុរាណខ្មែរ, ភាគ១, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ, ១៩៨៧;
-រឿងព្រេងបុរាណខ្មែរ, ភាគ២, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ, ១៩៨៧;
-កោះបិសាច, រឿងនិទាន,
ភ្នំពេញ, ១៩៨៧;
-Cambodge : 1940-1990. La fin d’une époque, essai, Paris, 1991;
-Cambodge ou la politique sans les Cambodgiens, essaie, Paris, H’armattan, 1993;
-Cambodge. La nuit sera longue, essai, édité par l’association “Fond d’aides au Cambodge (FAC)”, Paris, 1996;
-អក្សរសិល្ប៍បារាំងសតវត្សទី២០, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០១០
-អក្សរសិល្ប៍បារាំងសតវត្សទី១៩, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា, ភាគ១,
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា, ភាគ២, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា, ភាគ៣,
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០១០
-សុបិននិងការពិត, ភាគ១, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ, ២០១២-សុបិននិងការពិត, ភាគ២, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ, ២០១២-ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា, ភ្នំពេញ, ២០១៣

10525680_734099116636930_4501636019082529018_n54657_385527154858809_298658079_o10386320_734098803303628_8725594555148003163_n10320588_734098839970291_3522503143485810120_n10475223_734098699970305_1675474059269857247_n10257381_734098769970298_3947477903794780437_n10409316_734098963303612_1170359389791501434_n10456243_734099016636940_8017369973373969038_n10448774_734098869970288_5742840293089050950_n10449969_734098936636948_4630755110066640584_n10486205_734099086636933_3473716301567004838_n1919623_734099053303603_8365134744750411234_n10427684_734098909970284_3160435820398279765_n10389327_734099153303593_8061371484551849576_n

ប្រភព៖

source King Hoc Dy
-សាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី, មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី២០, បោះពុម្ពលើកទី១, បណ្ណាគារអង្គរ, ភ្នំពេញ, ២០០២, ទំព័រទី៤៤៨-៤៥០

-សាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី, អក្សរសិល្ប៍ខ្មែរសតវត្សទី២០ កវីនិពន្ធនិងកម្រងអត្ថបទ, បោះពុម្ពលើកទី១, បណ្ណាគារអង្គរ, ភ្នំពេញ, ២០០៧, ទំព័រទី៤១៤-៤២១

source King Hoc Dy.

-សម្រង់ចំណងជើងស្នាដៃដែលទើបនឹងបោះពុម្ពផ្សាយថ្មីៗរបស់អ្នកនិពន្ធបន្ថែម និងចតចម្លងគម្របសៀវភៅ ព្រមទាំងវាយអត្ថបទសម្រាប់ផ្សាយក្នុងទំព័រអ៊ិនធឺណិត ដោយ ហេង ឧត្តម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s