រៀងខ្លី៖ វាសនាអភ័ព្វ​ និពន្ធដោយ ប៉ិច​ សង្វាវ៉ាន

រឿង វាសនាអភ័ព្វ

និពន្ធដោយ ប៉ិច​ សង្វាវ៉ាន

រក្សាសិទ្ធិគ្រប់យ៉ាង

12

រឿងនេះកើត​ឡើង​ពីការ​ស្រមៃ​ដ៏​សុទ្ធសាទ​របស់​អ្នកនិពន្ធ។ បើ​មាន​នាម ឬ​សកម្មភាព​តួអង្គ​ក្នុង​រឿង​នេះស្រដៀង​ ឬ​ដូចឈ្មោះ​នឹង​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​អ្នកនាង សូម​មេត្តា​ចាត់​ទុក​ជា​ការ​ចៃ​ដន្យ​មួយ​ទៅចុះ។ អ្នកនិពន្ធ​គ្មា​នចេតនា​នឹង​បញ្ឆិត​បញ្ឆៀង​ដល់​ជន​ណា​ម្នាក់​ឡើង។

សូម​អរគុណ!

សិស្សខ្ញុំ​ទាំង​អស់​កំពុង​តែ​ឈ្ងោកមុខ​ធ្វើ​តែង​សេចក្តី​យ៉ាង​ស្ងាត់​ស្ងៀម​ ស្រាប់​តែ​ពេល​​នោះ​ នារី​ជំទង់​ម្នាក់​ មាន​អាយុ​ប្រមាណ​១២ឆ្នាំ ដើរចូលមកក្នុង​​ថ្នាក់​ខ្ញុំ​ជាមួយ​ស្ត្រី​ចំណាស់​មួយ​រូប។ ស្ត្រីនោះ​ឧទាន​ឡើង​ទម្លុះ​ភាព​ស្ងៀម​ស្ងាត់នៃ​ថ្នាក់​ខ្ញុំ៖

-ជម្រាប​សួរ​អ្នក​គ្រូ លោក​នាយក​វិទ្យាល័យ​បញ្ជា​​ឱ្យ​ខ្ញុំ​ជូន​​ចៅ​ស្រី​មករៀន​នៅ​​ថ្នាក់អ្នក​​គ្រូ។ នាង ​ឈ្មោះ វាសនា ។

ខ្ញុំ​សម្លឹង​ភក្ត្រនាង​វាសនា ចំពេល​ដែលសិស្ស​ថ្មី​នេះ​​លើក​ដៃសំពះ​​ជម្រាបសួរ​ខ្ញុំ​យ៉ាង​​សុភាព​ទន់​ភ្លន់ និង​ដោយ​ទឹក​មុខ​ស្រពោន។

ខ្ញុំ​ទទួល​សិស្ស​ថ្មី ហើយ​​ចាត់ចែង​ឱ្យនាង​អង្គុយនៅ​តុ​មួយ​ពី​មុខតុរបស់​ខ្ញុំ។ រួច​ហើយ​ខ្ញុំ​ហុច​ក្រដាស​មួយ​សន្លឹក​ឱ្យ​វាសនា​បំពេញ​ព័ត៌មាន​ខ្លះ​ដែល​ខ្ញុំ​ចង់​ដឹង​។ នៅពេល​ដែល​វាសនា​ឈ្ងោក​បំពេញ​លិខិត​ព័ត៌មាន​ ខ្ញុំ​ឃើញ​នាង​នៅ​ស្ទាក់​ស្ទើរ​ហាក់​ដូច​ជា​ពិបាក​បំពេញ​សំណួរ​នៅលើ​ក្រដាស​នេះ។

មួយ​ស្របក់​ក្រោយ​មក នាង​វាសនា​​យក​ក្រដាស​ដែល​នាង​បំពេញ​រួច​ហើយ​មក​ហុច​ឱ្យ​ខ្ញុំ។ ពេល​​នោះ​ជា​ពេល​សម្រាក​។ ខ្ញុំហៅ​វាសនា​មក​សួរ​ក្រោយ​ពី​បានដឹង​​ព័ត៌មាន​ដែ​លខ្ញុំ​បាន​អាន​ចប់​ហើយ​។

– វាសនា ម៉េច​បាន​ជាមុ​ខនាង​ក្រៀម​ម្ល៉េះ?

សិស្ស​ថ្មី​នេះ មិន​បាន​ឆ្លើយ​សំណួរ​ខ្ញុំ​ ដើម្បីបំបាត់​ចម្ងល់​ខ្ញុំ។ ខ្ញុំ​ក៏​បន្ថែម​សម្តី​លើក​ទឹ​ក​ចិត្ត​នាង​ឱ្យ​មាន​ការ​កក់​ក្តៅ​។

-នាង​កុំ​ភ័យ​អី។ នាង​ចូល​រៀន​ក្រោយ​គេ​មែន​ តែ​មិត្ត​ភក្តិ​ដែល​អង្គុយ​ក្បែរ​នាង​មិន​មាន​ចិត្ត​កំណាញ់​ទេ។ គេ​មុខ​ជា​ឱ្យ​នាង​ខ្ចី​សៀវភៅ​​មេរៀន​មក​ចម្លង​។ បើ​សិន​ជា​នាងឆ្ងល់​ត្រង់​កន្លែង​ណា ​ខ្ញុំនឹង​ជួយ​ពន្យល់​នាង​បន្ថែម​ នាង​កុំញញើត​សួរ​ខ្ញុំ​ឱ្យ​សោះ។ នេះ​នាម​បណ្ណ​របស់​ខ្ញុំ ដែល​មាន​លេខ​ទូរសព្ទ​ផង។ នាង​យក​ទុក​ចុះ​កុំ​ទើស​ទាល់​អី។

-ច៎ា! អរគុណ​អ្នក​គ្រូ!

-នាង​អាច​ប្រាប់​ខ្ញុំ​បាន​ទេ ហេតុអ្វី​បាន​ជា​នាង​មិនបំ​ពេញ​ឈ្មោះ​និង​មុខ​ងារ​ម្ដាយ​របស់​នាងផង?

-អ្នក​គ្រូ… ខ្ញុំ​សូម​ទោស… ខ្ញុំ​ឥត​មាន… ម្តាយ​ទេ។

ចម្លើយ​នេះ​ញ៉ាំង​ឱ្យ​ខ្ញុំ​ភ្ញាក់​។ ខ្ញុំ​សម្លឹង​មុខ​នាង​យ៉ាង​ពិនិត្យ​ពិច័យ ទើប​សួរ​ថា៖

-បាន​សេចក្តីថា ម្តាយ​នាង​ស្លាប់​ហើយឬ?

-ច៎ា ទេ អ្នកគ្រូ ម្តាយ​ខ្ញុំ​នៅ​រស់។ គាត់​នៅឯ​ប្រទេស​សិង្ហបុរី។ លោកប៉ា​មាន​ប្រសាសន៍​ថា    ម្តាយ​​​​ខ្ញុំ​ជា​តារា​ភាព​យន្ត… តែ​ខ្ញុំ​ពុំ​ដែល​ស្គាល់​មុខ​ម្តាយ​ខ្ញុំ​សោះ។ តាំងពី​តូច​មក ខ្ញុំ​រស់​នៅ​តែ​ជាមួយ​លោកប៉ា​និង ​មេដោះ។ មេ​ដោះ​ខ្ញុំ​​ទើបតែ​ស្លាប់​ចោល​ខ្ញុំ​ប៉ុន្មានថ្ងៃ​នេះ​។ ខ្ញុំ​ស្ដាយ​​គាត់​ណាស់អ្នកគ្រូ ព្រោះ​គាត់​ស្រឡាញ់​ថ្នាក់​ថ្នម​ខ្ញុំ​ជាង​មាតា​បង្កើត​របស់​ខ្ញុំ​ទៅ​ទៀត។     ផ្ទុ​យ​​ទៅវិញ ម្តាយ​ខ្ញុំ​បង្កើត​ទៅ​ចោល​ទុក​ឱ្យ​ខ្ញុំ​នៅ​កំព្រា​ជាមួយ​លោកប៉ា… អ្នក​គ្រូ​! ជីវិតខ្ញុំ​អភ័ព្វ​ណាស់!

ដោយសារ​ខ្ញុំ​ឮនាង​និយាយ​ទាំងអួល​ដើមក ខ្ញុំ​ក៏​លែង​ហ៊ាន​សួរ​នាងទៀត។

*         *

*

ខ្ញុំចេះ​តែ​នឹក​ឃើញ​រឿង​រ៉ាវ​ដែល​សិស្ស​ថ្មី​ខ្ញុំ​រៀប​រាប់​ឱ្យ​ខ្ញុំ​ស្តាប់។ ខ្ញុំ​មាន​មនោសញ្ចេតនា​អាណិត​នាង​វាសនា​យ៉ាង​ខ្លោច​ចិត្ត។ ខ្ញុំ​ចេះ​តែ​ស្រមៃឃើញ​រង្វង់​ភក្ត្រ​វាសនា​ដែល​ក្រៀម​ស្រពោន ចេះតែ​ឮ​សម្តី​នាង​ត្អូញត្អែរ​ ហើយ​ហាក់​ឃើញ​កែវ​ភ្នែក​ដែល​មាន​ទុក្ខ​នេះ​គ្រប់​ពេលវេលា​។ ខ្ញុំ​នឹក​អនិច្ចា​ ហើយ​មាន​និស្ស័យ​ចង់​ប្រោស​ប្រណី​ជួយ​នាង​នេះ​ឱ្យ​បាន​​ស្គាល់​ភាព​កក់​ក្តៅ​ខាងផ្លូវ​ចិត្ត។ ខ្ញុំ​ជឿ​ថា នាងវាសនា ជាក្មេង​កំព្រា​ដួង​ចិត្ត​ម្នាក់ដោយ​ខ្វះ​ការ​ថ្នាក់​ថ្នម​ និង​សេចក្តី​ស្នេហា​ពី​មាតា​បង្កើតយ៉ាង​ពិត​ប្រាកដ។

នៅ​ក្នុង​ថ្នាក់ ខ្ញុំ​សម្គាល់​ឃើញ​ វាសនា​ជា​សិស្ស​ម្នាក់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​សូត្រ​ណាស់​។ នាង​មាន​ឫកពា​សុភាព​រាប​សា​ទន់​ភ្លន់​។ អត្តចរិត​នេះ​បណ្តាល​ឱ្យ​វាសនា​ក្លាយ​ជា​សិស្ស​សំណព្វម្នាក់​របស់​ខ្ញុំ​។ រីឯវាសនា​វិញ នាង​ក៏​ដូច​ជា​មាន​និស្ស័យ​ចំពោះ​ខ្ញុំ​ដែរ​។ ហេតុនេះ​ហើយ​បាន​ជា​ធ្វើ​ឱ្យ​នាង​ និង​ខ្ញុំ​មាន​ការ​ជិត​ស្និទ្ធ។

+        +

+

ពេលវេលា​ចេះតែ​កន្លង​ទៅមុខ។ ព្រឹក​ថ្ងៃ​អាទិត្យ​មួយ វាសនា​បា​នមក​លេង​​ខ្ញុំដល់ផ្ទះ។ ខ្ញុំ​ចំណាំ​ឃើញថា គ្រប់​ប្រយោគ​វាចា​ដែល​នាង​និយាយរក​ខ្ញុំ នាង​តែង​រំឭក​ពី​ម្ដាយ​នាង​ជានិច្ច។

-អ្នកគ្រូ! ចិត្តអ្នកគ្រូល្អណាស់! បើ​ខ្ញុំ​​ម្តាយមាន​ចិត្ត​ដូច​អ្នកគ្រូ ខ្ញុំ​ពុំ​ដឹង​ជា​សប្បាយ​​យ៉ាង​ណា​ទេ តែ​ខ្ញុំ​ជា​មនុស្ស​គ្មាន​សំណាង​សោះ។ ខ្ញុំ​ឆ្ងល់​ណាស់​អ្នកគ្រូ តើ​ម្តាយ​ខ្ញុំ នឹក​ខ្ញុំ ដូច​​ខ្ញុំ​នឹកនិង​ត្រូវការ​គាត់​ឬទេ​? តើ​ម៉ាក់ខ្ញុំ​ចង់​ឃើញ​ខ្ញុំ​ ដូច​ខ្ញុំ​អន្ទះសា​ចង់​ឃើញ​គាត់​ដែរ​ឬ​ទេ​?​

-តើអ្នកគ្រូ​ត្រូវ​ឆ្លើយ​យ៉ាង​ណា​ បើ​អ្នកគ្រូ​ពុំ​ទាន់​ធ្លាប់​ធ្វើ​ជា​ម្តាយ​គេ​នៅ​ឡើយ​ តែ​អ្នកគ្រូ​ជឿ​ថា ធម្មតា​ចិត្ត​មាតា​ក្នុង​លោក​តែងតែ​គិត​និង​ស្រឡាញ់​កូន​ណាស់។ មាតាណាក៏​តែង​​មា​ន​កង្វល់​ជា​អចិន្ត្រៃយ៍​ពី​អនាគត​វាសនា​របស់​បុត្រ​ធីតា។ នៅ​ក្នុង​លោក​នេះ មាន​មាតា​​អភ័ព្វ​ច្រើន​ណាស់​ដែល​ខំ​ននាលតស៊ូ​​ជម្នះ​ធម្មជាតិ​បង្ហូរ​ញើស​ដើម្បី​រក​ស៊ី​ចិញ្ចឹម​និង​ផ្តល់​អនាគត​ឱ្យ​បុត្រ​ធីតា​របស់​ខ្លួន​។ អ្នកគ្រូមិន​យល់​ទឹក​ចិត្ត​​មាតា​របស់​នាង​ទេ បើ​គាត់​នៅ​រស់​ គាត់​ត្រូវតែ​ស្វែង​ចង់​ឃើញ​នាង​។ ត្រង់​ហ្នឹង​ហើយ ដែល​អ្នកគ្រូនឹកថា  ប្រហែល​ម៉ាក់របស់នាង​ស្លាប់​ទៅ​ហើយ​ទេ​ដឹង? តែ​ណ្ហើយ​ចុះ​ ទោះ​ជាយ៉ាងណាក៏​ដោយ​ បើ​ម្តាយ​នាង​នៅ​រស់​ នាងគង់​តែមាន​សំណាង​​ជួប​គាត់​ថ្ងៃ​ណា​មួយមិន​ខាន។ នាង​កុំ​តូច​ចិត្ត​ពេក។​ តាម​ពិត​ នាង​នៅ​មានឪ​ពុក​ម្នាក់​ដែល​ស្រឡាញ់​និងគិត​ដល់​នាង​ណាស់។ ប៉ុណ្ណេះ​ក៏​ចាត់​ជា​ភ័ព្វ​ល្អ​ទៅ​ហើយ​ដែរ បើ​ប្រៀប​ជា​មួយ​ក្មេង​កំព្រា​ដទៃ​ទៀត​ក្នុង​ពិភព​លោក​យើង​នេះ។ កុំ​គិត​ច្រើន​ពេក​ កុំ​បណ្តោយ​ឱ្យ​អារម្មណ៍​រវើ​រវាយ​ផ្តេស​ផ្តាស។ សំខាន់ ត្រូវនាង​ខំ​ផ្ចង់ស្មារតី​ឱ្យ​មូល ​ខំ​រៀន​សូត្រ​ឱ្យ​ពូកែ​ និងវែង​ឆ្ងាយ​ទៅមុខ​ណ៎ា។

ខ្ញុំ​ពោល​លួង​លោមសិស្សនេះ​ទាំង​ខ្លោចផ្សា​។ វាសនា​សម្លឹង​មុខ​ខ្ញុំ​ដោយ​ក្រសែ​ភ្នែក​ដ៏​សែន​កម្សត់​ញ៉ាំង​ឱ្យ​ចិត្ត​ខ្ញុំ​កាន់តែ​អាណិត​នាង​ខ្លាំងឡើងៗ​។ ក្រោយ​ពី​សម្លឹង​មុខខ្ញុំ​យ៉ាង​យូរ​ នាង​ក៏​ថ្លែងទៀត​ថា៖

-អ្នកគ្រូ ខ្ញុំ​ចេះតែ​នឹក​ថា ម្តាយ​ខ្ញុំ​មាន​រូប​រាង​ មុខមាត់​ និងសម្តី​ដូចអ្នកគ្រូ​អ៊ីចឹង! តើ​ថ្ងៃ​ណា​ ខ្ញុំ​បាន​ជួប​ម្តាយ​ខ្ញុំ​?

ខ្ញុំ​រឹត​តែ​រន្ធត់​ចិត្ត។ នេះ​ហើយ​ឬ​ទឹក​ចិត្ត​កណ្តែង​កណ្តោច​នៃ​ក្មេង​ដែល​ខ្វះ​សេចក្តី​ស្នេហា​ពី​មាតា​របស់​ខ្លួន។ ខ្ញុំ​ឈរ​ធ្មឹង​ពិចារណា​«តើ​នៅ​ក្នុង​លោក​យើង​នេះ មាន​កុមារ​កំព្រា​ប៉ុន្មា​ននាក់​? តើ​នាងរងា​យ៉ាងណា? នាង​ពុំ​ដែល​ស្គាល់​សេចក្តី​ស្នេហា ខ្វះ​ការ​កក់​ក្តៅ​ខាង​ផ្លូវ​ចិត្ត​ ខ្វះ​ការ​គ្រប់​គ្រង​​ថ្នាក់​ថ្នម​លួង​លោម​ ខ្វះ​ការ​អប់រំ​ពី​មាតា ដែល​នាង​ត្រូវ​ការ​​ចាំ​បាច់បំផុត… ឱ! ក្មេង​កំព្រា​ទាំងឡាយ​ក្នុង​លោក​អើយ!»

ខ្ញុំ​ផ្តោត​នេត្រា​ខ្ញុំ​ទៅ​លើ​រង្វង់​ភក្ត្រ​ដ៏​ក្រៀម​ស្រពោន​នៃ​វាសនា​ម្តងទៀត។ ខ្ញុំ​ហាក់ដូចជា​ឮ​សម្រែក​ដួង​ចិត្ត​សិស្ស​នេះ​យំ​ទួញ​គួរ​ឱ្យ​ខ្លោចផ្សាជា​ពន់​ពេក។ ឱ! ហេតុ​អ្វី​ក៏​ខ្ញុំ​មាន​និស្ស័យ​ចំពោះក្មេង​នេះ​ដល់​ម្លឹង? មនុស្ស​ធម៌​ដែល​ជានិស្ស័យ​កំណើត​របស់​ខ្ញុំ​រីកដាល​ធំឡើងៗ​ជាលំដាប់​ពេញ​បេះ​ដូង​ខ្ញុំ​។ ម្តងៗ ខ្ញុំ​ហាក់​ដូច​ជា​ចង់​ស្គាល់​មាតា​​នាង​វាសនា​ណាស់។ តើ​ជា​នារី​បែបណា​? មាន​មុខ​មាត់ និង​ចិត្ត​គំនិត​ដូច​ម្តេច​បាន​​ជា​ដាច់​ចិត្ត​បោះបង់​ឈាម​ដ៏​ល្អ​របស់​ខ្លួន​ដោយ​គ្មាន​នឹក​នា​សោះ​យ៉ាង​នេះ?។

*         *

*

មួយ​ឆ្នាំ​ក្រោយ​មក​ វាសនាលែង​ជា​សិស្ស​ខ្ញុំ​ទៀត​ហើយ។ នាង​បាន​ឡើង​ថ្នាក់​ទី​៥ទំនើបជាតិ (ថ្នាក់ទី៨បច្ចុប្បន្ន Classe de Cinquième) តែ​ខ្ញុំ​នៅតែ​មាន​ចិត្ត​រាប់​អាន​ក្មេង​ស្រី​នេះ​ដូច​ពី​មុន​ដដែល។ ជា​ច្រើន​ដង​ណាស់​មក​ហើយ ដែល​វាសនាតែង​តែទទូច​អញ្ជើញ​ខ្ញុំ​ឱ្យ​ទៅ​លេង​ផ្ទះ​នាង។ តែកន្លងមក ខ្ញុំ​​រក​លេស​ដោះស្រាយ​មិន​ព្រម​ទៅ​ឡើយ។ តាម​ពិត​ទៅ​ ខ្ញុំ​ប្រកាន់​បន្តិច​ផង​ ព្រោះខ្ញុំ​ជា​ស្រីក្រមុំ។ ខ្ញុំ​មិន​ចូល​ចិត្ត​ទៅទីកន្លែង​ណា​ដែល​មាន​ប្រុស​កំលោះ ឬ​បុរសពោះ​ម៉ាយទេ។ ជាពិសេស​ទៅទៀត ខ្ញុំ​ខ្លាច​បិតា​នាង​វាសនាយល់​ច្រឡំ​លើ​ចិត្ត​មេត្តា​ធម៌​ដ៏ស្មោះ​របស់​ខ្ញុំ​ចំពោះ​បុត្រីលោក​ផង។ ប៉ុន្តែ​ មិន​ដឹង​ចៃ​ដន្យ​អ្វី​ នៅថ្ងៃ​មួយ​នោះ រថយន្ត​ខ្ញុំ​ខូច ត្រូវដាក់ឱ្យ​យានដ្ឋានជួសជុល។ ​នៅពេល​ចេញពី​សាលា ខ្ញុំ​ប្រុ​ង​ឡើងជិះ​ត្រី​ចក្រ​យាន​ (ស៊ីក្លូ) ស្រាប់តែ​ វាសនារត់​ចេញ​មក​កាត់ពីមុខ ​ហើយ​ឃាត់​ខ្ញុំ។

-អ្នកគ្រូ ខ្ញុំ​សូម​អញ្ជើញ​អ្នក​គ្រូ​ជិះ​ឡាន​ជាមួយ​ខ្ញុំ​វិញ។

ខ្ញុំ​ហារ​មាត់​​ប្រុងប្រកែក​ ស្រាប់តែ​ខ្ញុំ​ឮ​វាចា​បុរស​ម្នាក់​ពោល​មក​ខ្ញុំ​យ៉ាង​ពិរោះស្រទន់។

-បាទ! សូម​អ្នក​គ្រូ​អញ្ជើញ​ជិះ​ឡាន​ជាមួយ​យើង​វិញ ទាន!

-អ្នក​គ្រូ​ នេះ​លោក​ប៉ា​ខ្ញុំ។

-អូហ៍! ច៎ា! ជម្រាបសួរ​លោក!

-បាទ! ជម្រាប​សួរ​អ្នក​គ្រូ​! បើ​អ្នក​គ្រូ​​មិន​យល់​ទាស់​ទេ ខ្ញុំ​និង​កូនស្រី​សូម​ជូន​អ្នក​គ្រូ​​ទៅ​ផ្ទះ​ម្តង​។

​ខ្ញុំ​ប្រកែក​យ៉ាងណា ក៏​បិតា​និង​បុត្រី​នេះនៅតែ​ទទូច​ហៅ​ខ្ញុំ​ឱ្យ​ជិះ​រថយន្ត​ជាមួយ​ទាល់តែ​បាន​។ ខ្ញុំ​លំបាក​និងរំខាន​ក្នុង​ចិត្ត​ជា​ពន់​ពេក។

មួយ​ស្របក់​បន្ទាប់​មក រថយន្ត​បា​នមក​ដល់​ផ្ទះ​ខ្ញុំ។ ​ជាការគួរសម​ ខ្ញុំ​​អញ្ជើញ​អ្នក​ទាំង​ពីរ​ឡើង​ផ្ទះ​ខ្ញុំ​។ នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ នាង​វាសនា​ដើរ​មើល​រូបភាព​ផ្សេងៗ​ដែល​តាំង​នៅលើ​ជញ្ជាំង ជាឱកាស​ឱ្យ​បិតា​នាង​ចាប់​ផ្តើម​និយាយ​ឡើង៖

-ថ្ងៃ​នេះ ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​ស្គាល់​អ្នក​គ្រូ។​ វាសនា​កូន​ស្រី​ខ្ញុំ​ តាំងពី​បាន​ចូលរៀនថ្នាក់​​អ្នក​គ្រូ​​មក ​នាង​ហាក់​ដូច​ជា​មាន​ការ​ប្រែប្រួល​ច្រើន​ ទាំង​ចម្រើន​ក្នុង​ការ​សិក្សា​ ទាំង​រីក​រាយ​ ទាំង​ផ្លូវ​ចិត្ត។ នាង​ឧស្សាហ៍​និយាយសរសើរ​អ្នក​គ្រូ​ប្រាប់​ខ្ញុំ​ញឹក​ញយ​។

-លោកដឹង​ទេ វាសនា​ជា​ក្មេង​ម្នាក់​គួរ​ឱ្យ​អាណិត​ណាស់។ នាង​ថ្លែង​ទុក្ខ​សោក​របស់​នាង​ប្រាប់​ខ្ញុំ​គ្មានចន្លោះទេ។

-បាទ ពិត​មែន​ កូន​នេះ​អភ័ព្វ​ណាស់។ នាង​ព្រាត់​ម្តាយ​តាំង​ពី​អាយុ​មួយ​ឆ្នាំ​។ ចំណែក​ខ្ញុំ​ ជា​អ្នក​កាសែត​តែងតែ​មាន​បេសកកម្ម​ចេញទៅ​ខេត្ត​ញឹក​ញាប់​។ ម្ល៉ោះ​ហើយ កូន​ស្រី​ខ្ញុំ​រស់​នៅ​ជាមួយ​មេដោះ​ច្រើន​ជាងនៅ​ជាមួយ​ខ្ញុំ​។ ឥឡូវ​នាងកាន់តែ​ធំ​ឡើង​ហើយ។ ខ្ញុំ​តែងតែ​គិត​ដល់​អនាគត​នាង​គិតដល់​ពេល​នាង​ពេញ​រូប​រាង​ឡើង។ វាសនា​ទាម​ទារឱ្យ​ខ្ញុំ​រក​មាតា​ដ៏​ល្អ​ម្នាក់​​ឱ្យ​នាង​។ នេះ​ជា​វ័យ​ដែល​នាង​ត្រូវ​ការវត្តមាន​នរណា​ម្នាក់​ដែល​មាន​ភេទ​ដូច​គ្នា​ គ្រាន់នឹង​អាច​ពិភាក្សា​បញ្ហាផ្សេងៗដែល​នាងមិនអាចនិយាយជាមួយខ្ញុំកើត។

ពេល​នោះ វាសនា​ស្ទុះ​សំដៅ​មក​រក​បិតា​នាង​។ ​នាង​ចាប់​ទាញ​ដៃ​បិតា​បណ្តើរ​មក​ឈរ​នៅចំពី​មុខ​កន្លែង​ព្យួរ​រូប​ថត​ខ្ញុំ ហើយនិយាយ៖

-លោកប៉ា មើលនេះ រូប​ថត​អ្នក​គ្រូ​ខ្ញុំ​ស្អាតណាស់ ​មែន​ទេលោកប៉ា? រូប​ថត​អ្នក​គ្រូ​ដូច​រូប​ម៉ាក់​ខ្ញុំ​ឬ​ទេ?

សែន​ហួស​ចិត្ត បិតា​នាង​គ្រវី​ក្បាល​មួយ​ៗ ហើយ​សម្លឹង​មុខ​ខ្ញុំ​យ៉ាងយូរ។ ខ្ញុំ​អៀន​ស្ទើរ​តែ​រត់​ចេញ​ពី​ទីនេះ ហើយ​នឹក​ក្នុង​ចិត្ត​ថា រូប​ខ្ញុំ​ឯណា​អាច​ប្រដូច​ស្មើ​នឹងតារា​ភាព​យន្ត​ដែល​ជាមាតា​នាង​វាសនា​បាន​នោះ?។

*

*         *

ខ្ញុំ​បាន​សម្រេច​ថា​ទៅ​រួប​រួម​ក្នុង​ពិធី​បុណ្យ​ខួប​កំណើត​របស់​នាង​វាសនា​ ព្រោះ​ខ្ញុំ​ជឿ​​ថា​ វត្តមាន​របស់​ខ្ញុំ​នឹង​អាចផ្តល់​សេចក្តី​រីក​រាយ​ពិត​ប្រាកដ​ចំពោះ​ក្មេង​កំព្រា​មាតា​នេះ។

បន្ទាប់​ពី​ការ​ស្រស់​ស្រូប​ម្ហូប​អាហារ មាន​ការ​រាំ​កម្សាន្ត​តាម​សង្វាក់​ទំនើប​បរទេស​ផ្សេងៗ។ គូ​រាំ​ប្រុស​ស្រី​​រាំ​លេង​សប្បាយ​​​គ្រប់​គ្នា។ ចំណែក​ខ្ញុំ​ដែល​មិន​និយម​សង្វាក់​ញ័រ​ញាក់​លោត​កន្ត្រាក់​អស់​ទាំង​នេះ ខ្ញុំ​រីក​រាយ​នឹង​អង្គុយ​មើល​គេរាំ​​វិញ។ រីឯ​បិតា​នាង​វាសនា​ក៏​យ៉ាង​ដូច្នេះ​ដែរ លោក​មិន​រាំ​លេង​នឹង​គេ​ឡើយ​បែរ​ជា​នៅ​តែអង្គុយ​ក្បែរ​ខ្ញុំ។ ឃើញ​​ដូច្នោះ​ ខ្ញុំ​ក៏​និយាយ​ជំរុញ៖

-សូម​លោក​អញ្ជើញ​ទៅ​រាំ​លេង​នឹង​គេចុះ។

-បាទទេ ខ្ញុំ​ចង់​នៅ​កំដរអ្នកគ្រូ​ កុំ​ឱ្យ​អ្នកគ្រូអផ្សុក។

ឮពាក្យ​អផ្សុក​ ខ្ញុំ​ចង់​តែ​ផ្ទុះ​សំណើច​។ ពាក្យ​អផ្សុក​ចំពោះ​ខ្ញុំ​ដូច​ជា​យ៉ាងណា​យ៉ាង​ណីទេ។ ខ្ញុំ​មិន​ដែល​ចេះ​អផ្សុក​ផង​តាំងតែ​ពី​ដឹង​ក្តី​មក។ តើ​មាន​អ្វី​ដែល​នាំខ្ញុំ​អផ្សុក​កើត បើ​គ្រួសារ​បងប្អូន​ខ្ញុំចុះ​សម្រុង​គ្នា។ ផ្ទះ​ខ្ញុំ​មាន​គ្រប់​ផាសុកភាព​។ ខ្ញុំ​រស់​នៅ​សប្បាយ​ក្សេមក្សាន្ត​មិន​ចង់​ទៅ​លេង​ទីណា​ផង។ ជាពិសេស​ទៅទៀត ខ្ញុំ​មិន​ដែល​ទំនេរ​ឡើយ គឺ​ខ្ញុំ​មើល​សៀវភៅ ខ្ញុំ​ស្រាវ​ជ្រាវ​បំពេញ​ចំណេះ​ដឹង​របស់​ខ្ញុំ​។ ខ្ញុំ​ក៏​កំពុង​បន្ត​វិជ្ជា​ថែម​ទៀត​ផង​ដែរ។ ពេល​សម្រាក​ឬ​ធុញ​ថប់​ ខ្ញុំ​គេង​ស្តាប់​ចម្រៀង​ខ្មែរ។ ខ្ញុំ​ដេរប៉ាក់​និង​រៀប​ចំ​ផ្ទះ​សម្បែង​ជា​ដើម​។ ដូច្នេះ ​ពេល​វេលា​របស់​ខ្ញុំ​ពេញ​អស់​ដោយ​កិច្ច​ការ​គ្រប់​ជំពូក​។ ពេល​នេះ​ ខ្ញុំ​មិន​រាំ​ មក​ពី​ខ្ញុំ​មិន​ចូល​ចិត្ត​រាំ តែ​ខ្ញុំ​ក៏​បាន​សប្បាយ​ព្រោះបាន​អង្គុយ​​មើល​គេរាំ​ដែរ​ទេ​តើ។ ខ្ញុំ​ក៏​​ឆ្លើយ​តបទៅបិតា​នាង​វាសនា​ត្រង់ៗ៖

-ច៎ា! សូម​លោក​កុំ​បារម្ភ ខ្ញុំ​មិន​ចេះអផ្សុក​ទេ។

-សូម​អ្នកគ្រូ អភ័យ​ទោស​ឱ្យ​ខ្ញុំ​ផង ប្រហែល​ជា​ពាក្យ​អម្បាញ់​មិញបណ្តាល​អ្នកគ្រូអាក់អន់ស្រពន់​ចិត្ត​ទេ​ដឹង​ បាន​ជា​អ្នកគ្រូ​នៅ​​ស្ងៀម​…

-ច៎ាទេ! លោកកុំ​យក​ចិត្ត​ទុក​ដាក់​ពេក​។​ តាម​ពិត​ ខ្ញុំ​មិន​ដែល​ប្រកាន់​ខឹង​ផ្តេស​ផ្តាស​ ឥត​ពិចារណាឡើយ។ យប់​ជ្រៅ​ហើយ ខ្ញុំ​សូម​ជម្រាប​លា​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ។

-អ្នកគ្រូ ចង់​អញ្ជើញ​ទៅវិញ​ហើយ​ឬ? (​វាសនា​សួរ​កាត់​ភ្លាម​) ខ្ញុំ​ជូន​អ្នក​គ្រូ​ទៅ​ផ្ទះវិញ​។​ តោះ​ លោកប៉ា​យើង​ជូន​អ្នកគ្រូ​ទៅ។ ខ្ញុំ​មិន​ឱ្យ​អ្នកគ្រូ​ខ្ញុំ​ទៅ​ផ្ទះ​វិញ​ម្នាក់​ឯង​ទេ។

-មិន​អី​ទេវាសនា អ្នកគ្រូ​យក​ឡាន​មក​ដែរ​ទេតើ!

-វាសនា​និយាយ​ត្រូវ។ ខ្ញុំ​មិន​ហ៊ាន​បណ្តោយ​ឱ្យ​អ្នកគ្រូ​បើក​ឡាន​ត្រឡប់​ទៅវិ​ញក្នុងកណ្តាល​យប់​ស្ងាត់​បែប​នេះ​ទេ។ ស្រុក​យើង​កំពុងមាន​អសន្តិសុខ​ផង​ គ្រោះ​ថ្នាក់​មើល​ពុំ​ឃើញ​ទេណ៎ា។

-ច៎ាមែន! គួរ​ឱ្យ​ខ្លាច​ដែរ តែ​ខ្ញុំ​ជឿថា គ្មា​នរណា​អាច​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​មក​លើយើង​បាន​ទេ​ បើ​យើង​ពុំ​ធ្លាប់​មាន​រឿង​រ៉ាវ​ជាមួយ​គេ​នោះ។ ខ្ញុំ​តែង​តែ​មាន​ជំនឿ​ថា ធ្វើ​ល្អបា​ន​​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់​ណ៎ា​លោក។ អរគុណ​លោក​ណាស់ដែល​យក​ចិត្តទុក​ដាក់​ជួយ​ការពារ​ខ្ញុំ។ គួរតែ​លោក​ទៅ​កំដរ​ភ្ញៀវ​ចុះ។ លោក​ទៅ​ចោល​គេ​ឯទៀត​ដែល​នៅពេញ​ផ្ទះម៉េច​នឹងកើត?

-មិន​អីទេ! គេសុទ្ធ​សឹង​តែ​ជា​បងប្អូន​និង​មិត្ត​មភ្តិ​ជិត​ដិត​ទាំង​អស់​។ យើង​ស្គាល់​ចិត្ត​គ្នាណាស់​ មិន​អាច​មាន​រឿង​អាក្រក់​ទេ។ ពួក​គេ​កំពុង​ជក់​រាំ​លេងណាស់។

បិតា​នាង​វាសនា​ក៏​បើ​ក​ឡាន​លោក​ ពីក្រោយ​រថយន្ត​ខ្ញុំ​ជូន​ខ្ញុំ​រហូត​ដល់​មុខ​ភូមិគ្រឹះ។ លោក​ជួយ​បើ​ក​ទ្វា​រ​របង​ឱ្យ​ឡាន​ខ្ញុំ​ចូល​ទៅ​ខាងក្នុងរបង​ទៀត។

ខ្ញុំ​ចេញ​មក​សម្តែង​អំណរ​គុណ​។ ខ្ញុំ​សម្លឹង​មើល​ទៅ​ក្នុង​ឡាន ឃើញ​វាសនា​គេង​ផ្អៀង​ក រងាក​​ចំហ​មាត់​លង់​លក់​យ៉ាង​ស្រួល។ ខ្ញុំលើក​ដៃ​ប្រណម្យ​សំពះ​លា​បិតា​នាង។ លោកពុំ​បាន​​លើក​ដៃ​តប​មក​ខ្ញុំ​វិញទេ បែរ​ជា​ឈរ​ទ្រឹង​​សម្លឹង​ភក្ត្រ​ខ្ញុំ ហើយ​បន្លឺ​វាចា​តិចៗស្ទាក់​ស្ទើរ​​បែប​ញញើត​ញញើម​មកកាន់​ខ្ញុំ៖

-អ្នកគ្រូ! អ្នកគ្រូ​នៅចាំ​សម្តី​កូន​ស្រី​ខ្ញុំ​ដែល​សួរ​ខ្ញុំ​ថា តើរូប​អ្នកគ្រូ​ដូច​ម្តាយ​នាងឬទេ? ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​នៅពេល​នោះ ព្រោះ​ខ្ញុំ​សែន​សង្វេគអាណិត​កូន​ស្រី​ខ្ញុំ។ នាង​ពិត​ជា​ស្រឡាញ់​អ្នកគ្រូ​រហូត​ស្រមៃ​​និង​ចង់​ដឹងថាមុខ​មាត់​អ្នកគ្រូដូច​មាតានាង​ឬទេ? នេះ​ប្រហែល​ជា​ចង់​​បាន​អ្នកគ្រូ​ជា​មាតា​ហើយ។ វាសនា​ចង់​បាន​មាតា​ម្នាក់​ដែល​មាន​ចិត្ត​ទូលំទូលាយ​សប្បុរស​ និងស្រឡាញ់​នាង។ ច្រើន​ឆ្នាំ​ហើយ​ខ្ញុំ​សុខ​ចិត្ត​រស់​នៅ​ជា​បុរស​ពោះម៉ាយ​ ព្រោះ​ខ្ញុំ​ខ្លាច​​ស្រីៗ​ដែល​អាង​រូប​​សម្បត្តិ​ បោក​ចិត្ត​ខ្ញុំ​ឱ្យ​វង្វេង​។ ខ្ញុំ​មិន​ហ៊ាន​រក​ប្រពន្ធ​ទៀតតែ ​តាំងតែ​ពី​នោះ​មក​ ព្រោះ​ខ្ញុំ​ខ្លាច​ប៉ះ​ចំស្រី​ដែល​ចិត្ត​មិន​បាន​ចំពោះ​បុត្រី​ខ្ញុំ។ ឥឡូវនេះ​ វាសនាបាន​រើស​មាតា​ខ្លួន​ឯង។ ខ្ញុំ​យល់ថា ប្រសើរ​បំផុត។ ចំណែកខ្លួន​​ខ្ញុំ​វិញ តាំងពី​ថ្ងៃ​ដំបូង​ដែល​វាសនា​ដំណាល​ពី​អ្នក​គ្រូប្រាប់ខ្ញុំ​ ទោះ​ជាកាលណោះ ខ្ញុំ​មិន​ទាន់​យល់​និង​ស្គាល់​អ្នកគ្រូ​ ខ្ញុំ​ដឹង​ថា ​ខ្លួន​ខ្ញុំ​បាន​លួច​ស្រឡាញ់​​អ្នកគ្រូ។ ខ្ញុំបាន​ច្នៃ​រូប​រាង​អ្នកគ្រូទុក​ក្នុង​ដួង​ចិត្ត​ជា​ស្រេច​ទៅហើយ។ ពេល​ខ្ញុំ​បាន​យល់​បាន​ស្គាល់អ្នកគ្រូ ទោះបីជាការស្គាល់នេះមានរយៈពេលខ្លីមែន​ ប៉ុន្តែ ខ្ញុំ​រឹត​តែ​ពិបាក​ទ្រាំ​នៅ​ក្នុង​ចិត្ត​… ខ្ញុំ​សូម​អ្នកគ្រូ​អត់ទោស… មេត្តា​សន្តោស​ប្រណី​ជីវិត​ឥត​ន័យ​​របស់​ខ្ញុំ​និង​ស្រោច​ស្រង់​វាសនា​អនាគត​កូន​ស្រី​អភ័ព្វ​របស់​ខ្ញុំ​ផង… ​អ្នកគ្រូ​យល់​យ៉ាង​ណា​ដែរ?

ខ្ញុំ​ភ្លេច​អស់​ពី​ការ​ខ្មាស​អៀន​ដែល​ហ៊ាន​ឈរ​តែ​ពីរនាក់​កណ្តាល​យប់​ស្ងាត់ ដោយ​សារ​តែ​ឥទ្ធិពលវាចា​របស់បិតារបស់សិស្សខ្ញុំ។ អារម្មណ៍​កម្សត់​នេះ​ហាក់​ដូចជាបណ្តាល​ឱ្យ​ខ្ញុំ​ចង់​ស្តាប់​​និង​ចង់​ឮតទៅ​ទៀត​។ ថ្វី​បើ​ខ្ញុំ​ពុំ​ដែល​នឹក​គិត​ថា រឿង​នេះ​អាច​បណ្តាល​ឱ្យ​ដល់​ដំណាក់​នៃ​សេចក្តី​ស្នេហា​ក្តី។ ខ្ញុំ​ឥត​វាចា​នឹង​ថ្លែង​ ព្រោះ​ពិស​មន្ត​នៃ​វាចា​ទាំង​នេះ​ចង​ខ្ទាស់​អណ្តាត​ខ្ញុំ​ឱ្យ​រឹង​គាំង​។ ខ្ញុំ​ឈរ​ទ្រឹង​ទាំង​ដើម​ទ្រូង​ញាប់​ញ័រ​ខ្លាំង លុះត្រា​តែ​ប្រយោគ​ថ្មី​នៃ​បិតា​នាង​វាសនា​បន្លឺ​បន្ត​៖

-ខ្ញុំ! ខ្ញុំ! ចង់​ស្នើចិត្ត​អ្នក​គ្រូ​ជាមុន​សិន… មុន​នឹង​ចូល​តាម​ទំនៀម​ទម្លាប់… តើ​អ្នក​គ្រូ​មេត្តា​យើង​ទាំងពីរ​ឬទេ?

សតិសម្បជញ្ញៈ​ខ្ញុំ​ដាស់​តឿន​ហើយ​បញ្ជា​ឱ្យ​ខ្ញុំ​និយាយ៖

-សូម​លោកអភ័យ​ទោស ខ្ញុំ​ពុំ​អាច​ឆ្លើយ​បា​នភ្លាម​ទេ។ នៅ​កណ្តាល​រាត្រី​ដូច្នេះ ការ​នៅ​ឈរ​និយាយ​គ្នា​តែ​ពីរ​នាក់​បែបនេះ ពុំ​សមរម្យ​ចំពោះ​ភ្នែក​អ្នក​ផង​ទាំងពួង​ទេ។ បើ​គេ​ឃើញ​ គេ​មុខ​ជា​ដៀល​ត្មះ​ខ្ញុំ នោះ​កិត្តិយស​ជាស្រី​របស់​ខ្ញុំ​និង​កិត្តិ​យស​របស់​គ្រួសារ​ខ្ញុំច្បាស់​ជា​ត្រូវគេ​និន្ទា​ជា​ដាច់​ខាត។ សូម​លោក​ទុក​ពេល​ឱ្យ​ខ្ញុំ​គិត​សិន។ ខ្ញុំ​ជម្រាប​លា​សិន​ហើយ​។

ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ាង​លឿន។ នៅ​ពេល​ដែល​ខ្ញុំ​ចូល​ដល់​បន្ទប់​ខ្ញុំ​ ខ្ញុំ​ពុំ​ទាន់​ឮ​សំឡេង​រថយន្ត​បិតា​នាងវាសនាបរ​ចេញ​ពី​មុខ​ផ្ទះ​ខ្ញុំ​នៅ​ឡើយ។

មួយ​ស្របក់​ក្រោយ​មក​ ទើប​ខ្ញុំ​ឮ​សូរ​រថយន្ត​លោក​បញ្ឆេះ​ម៉ាស៊ីន​បរ​ចេញ​ទៅ។ ដូច​ដក​បន្លា​ចេញ​ពី​ទ្រូង​ដែល​កំពុង​តែ​លោត​ក្តុក​ក្តាក់។រាត្រី​នោះ​ឯង​ ខ្ញុំ​ពិបាក​ធ្មេច​ភ្នែក​គេង​ម្ល៉េះ​! ព្រះ​អើយ!ខ្ញុំ​មានមហា​វិប្បដិសារៈ​។ ប្រសិន​បើ​ខ្ញុំ​មិន​ទៅ​ចូលរួ​មក្នុង​បុណ្យ​ខួប​កំណើត​នេះ ខ្ញុំ​មិន​បាន​ឮ​ពាក្យ​អស់​ទាំង​ហ្នឹង​ឡើយ។ គឺ​ជា​រឿង​មួយ​ដែលនាំ​ឱ្យ​ខ្ញុំ​ពិបាក​ដោះ​ស្រាយ​ជាពន់​ពេក។ ម្យ៉ាង​ទៀត ​ខ្ញុំ​សែន​ស្តាយ​នឹង​អំពើ​របស់​ខ្ញុំ​ដែល​មិន​សម​អី​នឹង​នៅ​ឈរ​និយាយ​សាសង​ជាមួយ​នឹង​បុរស​នារាត្រី​ស្ងាត់​។ តាំង​ពី​ខ្ញុំ​ពេញ​រូប​ពេញ​រាង​មក ខ្ញុំ​មិន​ដែល​ប្រព្រឹត្ត​បែបនេះ​ទេ។

ឱ! ប្រសិន​បើ​មាន​គេ​ឃើញ​ខ្ញុំ តើ​គេ​នឹង​ដៀល​ត្មះ​រិះ​គន់​បក​ស្រាយ​អំពី​ខ្ញុំ​យ៉ាងណា​។ ជា​ពិសេស​ក្នុងនាទី​ខ្លួ​នជាអប់រំ​គេ​ផង តើ​សម​យ៉ាង​ណា​ទៅ?ខ្ញុំ​ស្រឡាញ់​និង​រក្សា​សេចក្តី​ថ្លៃ​ថ្នូរ​ក្នុង​នាម​ជានារី​ក្រមុំ។ ខ្ញុំ​ការពារ​កិត្តិ​យស​ក្រមុំ​របស់​ខ្ញុំ ដែល​ជា​កិត្តិ​យស​ទាំង​មូល​នៃ​កេរ្តិ៍​ឈ្មោះ​គ្រួសារ​ខ្ញុំ​។ កើត​មក​ជាតិ​នេះ ខ្ញុំ​មិន​ចង់​ឱ្យ​មាន​ឈ្មោះ​អាក្រក់​ឡើយ។ ខ្ញុំ​នឹក​ក្នុង​ចិត្ត​៖

-លោកប៉ា! លោកម៉ាក់​! សូម​លោក​អ្នក​មាន​គុណអភ័យ​ទោស​ឱ្យ​កូន​ផង កូន​បាន​ធ្វើ​អំពើ​មួយ​ពុំ​សមរម្យ​សោះ។ តាំង​ពី​កើត​មក​ កូន​ពុំ​ដែល​នាំ​រឿង​អី​ឱ្យ​លោក​បារម្ភ និងធ្វើឲ្យលោក​ខ្វះ​សេចក្តី​ទុក​ចិត្ត​លើរូប​កូន​ទេ។ គំរូ​ដ៏​ល្អ ដំបូន្មាន​ដ៏​ប្រពៃ​ ពូជពង្ស​ដ៏​ថ្លៃ​ថ្នូរ​របស់​យើង កូន​តែ​ង​​តែ​យកតម្រាប់​តាម​ឥត​ល្អៀង​ និង​ចង់​រក្សា​តទៅ​ដើម្បី​ជា​គំរូ​ដល់​ប្អូន​ៗ​។ កូន​សែន​ស្តាយ​និង​ការ​ដែល​កូន​ឈរ​និយាយ​ជាមួយ​បុរស​ម្នាក់​ដែល​កូន​យល់​ថា ជា​អំពើ​មួយ​មិន​សម​រម្យនិង​គួរ​ឱ្យ​មាន​ក្តី​អាម៉ាស់។ ​កូន​មាន​ការ​សោក​ស្តាយ​​ណាស់​។

*

*         *

ទិវារាត្រី​ផ្លាស់​វេន​គ្នា​ឥត​ឈប់​ឈរ។ ​ ខ្នើត​ហើយ​រនោច មួយ​ខែ​ ពីរ​ខែ​ បី​ខែ​ កន្លះ​ឆ្នាំ មួយ​ឆ្នាំ​ក៏​កន្លង​ទៅ ខ្ញុំ​នៅ​តែពុំ​អាច​ដោះ​ស្រាយ​បាន ខ្ញុំ​នៅតែ​គ្មាន​ចម្លើយ​។ មិន​ត្រឹម​តែ​សាក​សួរ​ចិត្ត​ខ្ញុំ​ផ្ទាល់​ប៉ុណ្ណេះ​ទេ បិតា​នាង​វាសនា​បាន​ទាំង​រក​ចាស់​ទុំ​មាន​មុខ​មាន​មាត់​ចូល​មក​ស្តី​ដណ្តឹង​ខ្ញុំ​តាម​ទំនៀម​ទម្លាប់​ តែ​ខ្ញុំ​នៅ​តែ​ពុំ​អាច​ ទោះ​ជា​ខ្ញុំ​អាណិត​គេ​យ៉ាង​ណា​ក្តី ក៏ខ្ញុំ​ត្រូវតែ​គិត​អនាគត​ខ្ញុំ​ដែរ ព្រោះ​វ័យ​បិតា​នាង​វាសនា​​និង​វ័យ​ខ្ញុំខុស​គ្នា​ច្រើនណាស់​ ហើយ​ថែម​ទាំង​មាន​​បុត្រី​ធំ​សឹង​កម្ពស់​ខ្ញុំទៅ​ហើយ​។​ តាម​ពិត​​ ខ្ញុំ​ពុំ​ដែល​ចេះ​មាន​ចិត្ត​អាណិត​​បុរស​ណា​ ដូច​អាណិត​លោក​នេះ​ឡើយ។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ខ្ញុំ​តាំង​ចិត្ត​ថា ខ្ញុំ​ពុំ​អាច​ទទួល​ពាក្យ​ស្នើ​នេះបាន​ជា​ដាច់​ខាត។ ខ្ញុំ​យល់​ថា ខ្ញុំ​នៅ​តែ​មាន​មធ្យោបាយ​ផ្សេងៗ​សម្រាប់​ផ្តល់​ការ​សប្បាយ​ដល់​នាង​វាសនា​ក្មេង​កំព្រា​ម្តាយ​ដ៏​កម្សត់​នេះ ក្រៅ​ពី​មធ្យោបាយ​ធ្វើ​ជា​ភរិយា​របស់​បិតា​នាងវាសនា។

ខ្ញុំ​សែន​​ខ្វាយ​ខ្វល់​ពេក​កន្លង​។ ខ្ញុំ​ពុំ​ដែល​​ចង់​ឱ្យ​ជីវិត​ពី​រ​នេះ​កើត​ទុក្ខ​ដោយសារ​រូប​ខ្ញុំ​ឡើយ។ កំពុងតែ​អង្គុយ​គិត​ពិចារណា​ ស្រាប់តែ​ទូរសព្ទ​រោទិ៍​ឡើង​។ ខ្ញុំ​លើក​ស្តាប់។ គឺ​នាង​វាសនា។ ម្តង​នេះ​ នាង​ដាច់​ចិត្ត​សាក​សួរ​ខ្ញុំ​ផ្ទាល់​ខ្លួន​ឯង​។ ខ្ញុំ​ឆ្លើយ​ថា៖

-វាសនា ដូច​វាសនា​ស្គាល់​ចិត្ត​អ្នក​គ្រូ​យូរ​ឆ្នាំ​មក​ហើយ អ្នក​គ្រូ​​អាណិត​ស្រឡាញ់​និង​គិត​វាសនា​យ៉ាងណា​ពី​មុន គឺ​នៅតែ​យ៉ាង​នោះ​ដដែល។ អ្នក​គ្រូ​ស្តាយ​ណាស់​ អ្នក​គ្រូ​ពុំ​អាច​ធ្វើ​អ្វី​ឱ្យ​ហួស​ពី​សន្តាន​ចិត្ត​ពី​មុន​របស់​អ្នក​គ្រូ​ទេ។ អ្នក​គ្រូ​អរគុណ​ដែល​នាង​ស្រឡាញ់​អ្នក​គ្រូ​។ អ្នក​គ្រូ​នៅ​តែ​អាណិត​ហើយស្រឡាញ់​នាង​ដូចពី​មុន ជឿ​អ្នក​គ្រូ​ចុះ។ អ្នក​គ្រូ​សង្ឃឹម​ទៀត​ថា ការ​បដិសេធ​របស់​អ្នក​គ្រូ​​ពុំ​មែន​ជា​ឧបសគ្គ​នាំ​ឱ្យ​ការ​រាប់​អាន​រវាង​យើង​ទាំង​ពីរ​​មាន​ការ​ប្រេះ​ឆា​ឡើយ​មែន​ទេវាសនា?

នាង​វាសនា​ឥត​បាន​ឆ្លើយ​តប​និង​ពាក្យ​ចុង​ក្រោ​យរបស់​ខ្ញុំ​នេះផង តែបែរ​ជា​សួរ​ខ្ញុំ៖

-តើ​ប៉ា​ខ្ញុំ​អាច​និយាយ​ជាមួយ​នឹង​អ្នក​គ្រូ​​បាន​ទេ អ្នក​គ្រូ​?

-ហ៊ឺ! វាសនា អ្នក​គ្រូ​គ្មាន​ពាក្យ​អ្វី​ឆ្លើយ​តប​ជូន​ប៉ា​នាង​ទេ។

ស្ងាត់​ឈឹង មួយ​នាទី​ក្រោយ​មក ខ្ញុំ​ឮ​សូរ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ល្វើយៗ​រវាង​បិតា​និង​បុត្រី​ពីចុង​ទូរសព្ទ​ម្ខាង។ ខ្ញុំ​ស្តាប់​ឮ​ការសន្ទនា​នេះ​គ្មា​ន​សល់៖

-ប៉ា! សូម​ប៉ា​អត់​ទោស​ឱ្យ​កូន​ផង។ នេះ​មក​ពីកូន​ទេ​បាន​ជា​ប៉ា​ត្រូវ​កើត​ទុក្ខ​ ត្រូវ​ទទួល​កា​រ​អាម៉ាស់​។ សូម​ប៉ា​កុំ​ខឹង​នឹងកូន​ណ៎ាប៉ាណ៎ា។

-វាសនា​កូន​សម្លាញ់ប៉ា! កូន​ស្រី​គ្មា​ន​កំហុស​ទេ។ គឺ​រូបប៉ា និង​ម្តាយ​បង្កើត​របស់​ឯង​ទេ ដែល​ជា​អ្នក​មាន​កំហុស​យ៉ាង​ធ្ងន់​។ កំហុស​អត់​ទាំង​នេះហើយ​ដែល​ជាកត្តា​នាំ​មក​នូវ​ទុក្ខ​សោក​ផ្តល់​ឱ្យ​កូន​ស្រី​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ប៉ា​សោក​ស្តាយ​ណាស់! ប៉ា​អាណិត​កូន​ណាស់។ ណ្ហើយ​ចុះ! យើង​ខំ​កាត់​ចិត្ត​ទៅ​កូន​។ បើ​អ្នក​គ្រូ​​កូន​ គេ​ស្អប់​យើង​ហើយ យើងទ្រាំ​ទៅ ធ្វើ​ម្តេច…

-ប៉ា! អ្នក​គ្រូ​មិន​ស្អប់​យើង​ទេ។ ទាំង​នេះ បណ្តាល​មក​តែ​ពី​សំណាង​អាក្រក់​របស់​កូន​ទេ ប៉ា​អើយ!​ បាន​ជា​កូន​ឥត​មាន​ម្តាយ​នឹង​គេ… ហ៊ឹក.. ហ៊ឹក… កូន​ឃើញ​គេ​មានម្តាយ​គ្រប់​គ្នា… ម្តាយ​គេ​ថ្នាក់​​ថ្នម​​គេ គិត​គេ​ តុប​តែង​ឱ្យ​គេ… គេ​សប្បាយ​ណាស់ អភ័ព្វ​អ្វីតែ​រូប​កូន​…

-កូន​ស្រី​បណូល​ចិត្ត​ប៉ា​! កុំ​តូច​ចិត្ត​ពេក​កូន។ វាសនា​មនុស្ស​យើង​មិន​ដូច​គ្នា​ទេ។ កូន​ស្រី​ប៉ា​ឆ្នាំ​នេះ​កាន់​តែ​ធំ​ហើយ។ ពី​ថ្ងៃ​នេះ​ទៅ ​ប៉ាឈប់​ទៅ​ធ្វើ​ការ​ឆ្ងាយ​ចោល​កូន​ដូច​ពី​មុន​ទៀត​ហើយណ៎ា។ ប៉ា​និង​នៅ​​មើលកូន​ជំនួស​ម្តាយ​ឯង។ ឈប់​ព្រួយ​ចិត្ត​ទៅ​កូន​សម្លាញ់​ ប្រាប់​ប៉ា​មើល ​តើ​កូន​ចង់​បាន​អ្វី?

-កូន​ឥត​ចង់​បាន​ធ្វើ​ទេ ចង់​តែ​ឱ្យ​ប៉ា​ស្រឡាញ់​កូន​ គិតដល់​កូន នៅ​ជិត​កូន​ណ៎ា​ប៉ាណ៎ា​។

ខ្ញុំ​ស្តាប់​ឮ​ការ​សន្ទានា​រវាង​បិតា​និង​បុត្រី​អភ័ព្វ​នេះ​ទាំង​ឧរាក្តុកក្តួល​ពន់​ពេក។

ទោះ​ជាអ្វី​ក៏​ដោយ​ បើ​ខ្ញុំ​សម្រេច​យ៉ាង​ណា​ហើយ ខ្ញុំ​ទៅ​តែ​រក្សា​ការ​ប្តេជ្ញា​នោះ​ឥត​ប្រែ​ក្រឡាស់ឡើយ​។ សេចក្តីខ្លោច​ផ្សា​ដែល​កើត​ចេញ​ពី​មេត្តា​ធម៌​នេះ​នៅ​តែ​ដិត​ជាប់ក្នុងសន្តាន​​ចិត្ត​ខ្ញុំ​រហូតដល់​ឥឡូវ។

តាំង​ពីនោះ​មក ឱ្យ​តែ​ឃើញ​ក្មេង​កំព្រា​ មិន​ថា ជាតិ​សាសន៍​អ្វីទេ ខ្ញុំ​តែង​មាន​ចិត្ត​អាណិត​ចង់​ជួយ​ស្រោច​ស្រង់​ ចង់​យក​មក​ចិញ្ចឹម​អប់រំ​បីបាច់​ថែរក្សា។

ដូចក្នុង​បច្ចុប្បន្ន​កាលនេះ ខ្ញុំ​សូម​បង្អោន​កាយ​គោរព​ ហើយ​ស្ងើច​សរសើរ​យ៉ាង​ស្មោះ​ដល់​មនុស្ស​​គ្រប់រូប​ដែល​មាន​មនុស្ស​ធម៌​ សប្បុរសធ​ម៌​ទូលំ​ទូលាយ​ជួយ​ចិញ្ចឹម​ផ្គត់​ផ្គង់​ព្យាបាល​ក្មេងកំព្រា​ខ្មែរ​ដែល​ឪពុក​ម្តាយ​នាង​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​អស់​ដើម្បី​ឱ្យ​កុមារាកុមារី​អភ័ព្វ​ទាំង​នោះ​បាន​ស្គាល់​ បាន​ទទួល​ការ​គ្រប់​គ្រង​យ៉ាង​កក់​ក្តៅ ស្គាល់​ជីវិត​គ្រួសារ​ បាន​រៀន​សូត្រ​ជា​ក្មេង​ដែល​មាន​ភ័ព្វ​មាន​មាតា​បិតា​នៅមូល​គ្នា​សុខ​ដុម​រម្យ​នា​ប្រកប​ទៅ​ដោយ​សុភមង្គល។

តែ​អនិច្ចា​អើយ! ខ្ញុំ​ខ្លោច​ផ្សា​អីម្ល៉េះ! កាល​បើ​ខ្ញុំ​គិត​ដល់​វាសនា​អនាគត​នៃ​ក្មេង​កំព្រា​ក្នុង​ប្រទេស​កម្ពុជា។ តើ​វាសនា​អនាគត​នៃ​កុមារ​កំព្រា​ទាំង​នោះ​ និង​ទៅ​ជា​យ៉ាង​​ណា​ដែរ?

-ចប់-

ស្ត្រាស់បួរ ថ្ងៃទី​១៣ មេសា ១៩៨៣

កែ​សម្រួល​នៅ ម៉ុងទីញី ថ្ងៃទី​​២៨ មេសា ២០១៣

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s