ដំណើរផ្សងព្រេងនៃគ្រួសារខ្ញុំចេញពីវាលពិឃាត (វគ្គទី២) និពន្ធដោយ ប៉ិច សង្វាវ៉ាន


រក្សាសិទ្ទិគ្រប់យ៉ាង

វគ្គទី២

ថ្ងៃសៅរ៍ ១៨ ​មេសា ១៩៧៥

ការកៀរប្រជាជនចេញពីក្រុងភ្នំពេញ

ដូចជារៀងរាល់ព្រឹក នាងតាក់ដាំបបរ​ និងចំអិនម្ហូបពេលព្រឹករួចរៀបដាក់នៅលើតុបាយជាស្រេច ។

នាងតឿនខ្ញុំឲ្យបរិភោគច្រើនដង តែខ្ញុំមិនអាចលេបអ្វីចូលទេប្រៀបដូចជាដេរភ្ជិតមាត់និងក្រពះខ្ញុំ។

ថ្ងៃនេះ ពេលភ្ញាក់បើកភ្នែកកាលណា ក្តីទុក្ខព្រួយ ក្តីកង្វល់ ក្តីបារម្ភ និង ការភ័យខ្លាចបានទន្ទា្រនដួង

ចិត្តខ្ញុំជាថ្មីឥតល្ហែ។  ខ្ញុំហាក់ដូចជាជ្រួលច្របល់ក្នុងចិត្ត​ ហេលហាល ស្រាលខ្លួនថ្ងើក រកថាមិនត្រូវ

ធ្វើនេះមិនបាន ធ្វើនោះក៏មិនកើត។ ខ្ញុំដើរចុះដើរឡើង ចេញពីបន្ទប់មួយទៅបន្ទប់មួយនៅក្នុងផ្ទះដ៏

ធំទូលាយ និងបិទទ្វារបង្អួចខាងមុខជិត។ យើងហាមគ្នាមិនឲ្យចេញទៅមុខផ្ទះ មិនឲ្យនិយាយខ្លំាង

កុំឲ្យឮសម្លេងចេញទៅខាងក្រៅ ដើម្បីកុំឲ្យពួកខ្មែរក្រហមសង្ស័យថាមានមនុស្សក្នុងផ្ទះនៅឡើយ។

ជណ្តើរនៅខាងក្រៅផ្ទះ ទាល់តែដើរកាត់រានហាលទើបចុះទៅបន្ទប់ខាងក្រោមបាន។ ដូច្នេះបើត្រូវ

ចុះឡើងទាល់តែអើតមើលទៅផ្លូវសិន កាលណាគ្មានមនុស្សដើរកាត់លើវិថីមុខផ្ទះទើបយើងហ៊ាន

ចុះឡើង។ ហេតុតែខ្លាចសេចក្តីស្លាប់។  អីក៏ពិបាកម៉្លេះតាំងពីថ្ងៃ១៧មេសាមក! ​ចុះហេតុអីក៏របប

កុម្មុយនីស្តខ្មែរនេះបង្ករការភ័យខ្លាច ព្រលឹងនៅចុងសក់តាំងពីថ្ងៃដំបូងដល់ម្លឹង?

 

ការចង់ដឹងហេតុការណ៍កាលពីយប់មិញក្នុងពេលពួកខ្មែរបដិវត្តន៍ចូលក្នុងផ្ទះយើងពុំអាចឲ្យខ្ញុំទ្រាំត

ទៅទៀតបានទេ។ ខ្ញុំក៏ដាច់ចិត្តចុះទៅបន្ទប់ជាន់ផ្ទាល់ដីដើម្បីស្តាប់រឿងដែលលោកប៉ា អ្នកម្តាយនិង

ប្អូនៗខ្ញុំនៅខាងក្រោមបានជួបប្រទះ។ វិជ្ជីឡា ប្អូនស្រីខ្ញុំបានកត់ទុកក្នុងសៀវភៅកំណត់ហេតុថា​យប់

នោះ  អ្នកដែលនៅក្នុងបន្ទប់ខាងក្រោមបានពន្លត់ភ្លើងទៀន។  អ្នកខ្លះទាញវាំងននបង្ហើបលបមើល

តាមបង្អួចកញ្ចក់។ អ្នកខ្លះទៀតក្រាបលើកាំជណ្តើរអើតក្បាលតែបន្តិចលបមើល។ ម្នាក់ៗចង់យំភ័យ

ស្វាយមុខអស់ រត់ខ្វែងដៃខ្វែងជើងក្នុងយប់នោះ ព្រោះផ្ទះយើងមានកាំភ្លើងវែងខ្លី និងគ្រាប់កាំភ្លើង

ពេញៗធុង។ ម្នាក់លាក់ឯនេះ ម្នាក់ទៀតលាក់ឯនោះ។ ចំណែកឯលោកប៉ាលួចបង្ហើបទ្វារក្រោយ

បន្តិចល្មមចេញខ្លួនរួច យកកាំភ្លើងទៅកប់ក្នុងដីសួនច្បារខាងកើតផ្ទះ។ កិច្ចការនេះធ្វើហើយស្រេច

បាច់ទាំងរញីរញ័រក្នុងរយៈពេល១០​ឫ១៥នាទី។ និយាយពីអ៊ំប្រុសខ្ញុំ ដែលជាអ្នកប្រឈមមុខជួបខ្មែរ

ក្រហមមុនគេរៀបរាប់ព្រឹត្តការណ៍ក្នុងរាត្រីកន្លងទៅថា ៖ «ពេលយោធាខ្មែរក្រហមចូលមកក្នុងផ្ទះ

យើង  វាសួរពីឡាន ពីម៉ូតូ ហើយទារសោរឡាន និងសួរមុខងាររបស់ម្ចាស់ផ្ទះ។ តែអ៊ំបានកុហកថា

យានជំនិះទាំងអស់នេះជារបស់ដែលគេផ្ញើ។ ចំណែកឯម្ចាស់ផ្ទះជាអ្នករកស៊ី»។ លុះដឹងថា អ្នករកស៊ី

ពួកវាក៏ចេញទៅវិញ ហើយប្រាប់ឲ្យរៀបឥវ៉ាន់ចេញទៅ។ សូមជ្រាបថា  អ៊ំប្រុសខ្ញុំជាអ្នកខេត្តស្វាយ

រៀង។ ពេលច្បាំងគ្នាខ្លាំង គាត់បាននាំក្រុមគ្រួសារទាំងមូលដែលមានទាំងកូនបង្កើត កូនប្រសារនិង

ចៅតូចចំនួនទាំងអស់១៤នាក់ភៀសខ្លួនគេចពីគ្រាប់ផ្លោងមកសុំស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិ

គ្រឹះមាតាបិតាខ្ញុំនៅបឹងកេងកង។ លោកប៉ាបានរៀបឲ្យគ្រួសាអ៊ំប្រុសនៅជាន់ផ្ទាល់ដីនៅក្នុងល្វែង

កណ្តាល គឺនៅខាងក្រោយកន្លែងដាក់រថយន្តនិងម៉ូតូ(សូមមើលរូបគំនូរខាងក្រោម)

<ទិដ្ឋភាពភូមិគ្រឹះយើងលេខ៣៩ វិថីល្វីឯម នៅសង្កាត់លេខ៤ ភូមិ​បឹងកេងកង

      ក្រុងភ្នំពេញ នៅមុនភ្នំពេញធ្លាក់ក្នុងការកាន់កាប់របស់ខ្មែរក្រហម។ បច្ចុប្បន្ន

      វីឡានេះប្តូរពីសភាពដើមសឹងតែអស់  សូម្បីតែលេខក៏ប្តូរមកលេខ២៥E0-E1

      វិថីល្វីឯមដដែលឬផ្លូវលេខ២៨២ នៅបឹងកេងកងទី១ហើយក៏មានម្ចាស់ច្រើន

      ដែលទិញតពីគ្នាដែរ (រូបនេះគូរដោយប្អូនស្រីខ្ញុំ ព្រហ្ម វិជ្ជីឡា ហៅ Irène)>

ភូមិគ្រឹះយើងមុនភ្នំពេញធ្លាក់ក្នុងការកាន់កាប់ របស់ខ្មែរក្រហម គូរដោយ ប្អូនស្រីខ្ញុំ ព្រហ្ម វិជ្ជីឡា ហៅ Irène

 

​​ថ្ងៃនេះ យើងពិគ្រោះគ្នាជាថ្មី ព្រោះយើងដឹងច្បាស់ថាខ្មែរមិនក្រហមបណ្តេញបណ្តាជនភ្នំពេញទាំង

អស់ឲ្យចេញពីផ្ទះ។  សេចក្តីសម្រេចថា«​ចេញ ឬ​ មិនចេញ»ចេះតែប្រទាញប្រទង់ក្នុងគំនិតយើងមិន

ដាច់ស្រេចសោះ។ ម្តាយក្មេកខ្ញុំដែលដឹង និងយល់ច្បាស់អំពី ការអល់អែករារែករបស់យើង ក៏ស្ម័គ្រ

ចិត្តដើរចេញទៅសួរស្ទង់មតិអ្នកជិតខាង។ ចម្លើយម្ចាស់ផ្ទះមួយណាក៏មិនខុសគ្នាទេ គឺគេនិងចេញពី

ផ្ទះក្រោយគេបង្អស់​។  យើងបែកចេញពីគ្នាទៅរៀបចំឥវ៉ាន់រៀងខ្លួន។ ម្តាយក្មេកខ្ញុំក៏បានលាទៅផ្ទះ

គាត់នៅឯច្បារអំពៅវិញ។ មុននឹងឃ្លាតទៅ គាត់បានជួយយកប្រហុក ម៉ាំដែលមានក្នុងផ្ទះស្រាប់មក

ញាត់ដាក់ពេញឆ្នាំងនិងក្រឡតូចៗ។ គាត់ផ្តាំថា បើយើងមិនដឹងទៅនៅកន្លែងណាទេនាំគ្នាទៅស្នាក់

នៅផ្ទះគាត់ម្តង ព្រោះផ្ទះគាត់នៅមាត់ទន្លេ យើងមានក្មេងតូចៗត្រូវតែទៅនៅទីណាដែលមានទឹក។

ប្រហែលជាបួនប្រាំថ្ងៃមុន ពេលដែលយោធាខ្មែរក្រហមទន្ទា្រនចូលបាញ់ និងដុតផ្ទះសម្បែងអ្នក

ស្រុកច្បារអំពៅ ម្តាយក្មេកខ្ញុំ និងកូនចៅតូចៗរបស់គាត់ក៏បានរត់មកស្នាក់នៅក្នុងវីឡារបស់លោក

ប៉ាអ្នកម្តាយខ្ញុំដែរ។ ថ្ងៃដែលអង្គការកៀរអ្នកភ្នំពេញចេញពីគេហដ្ឋាននៅថ្ងៃ១៨មេសា១៩៧៥នេះ

យើងគ្មានគោលដៅទេ ច្បាស់ជាទៅស្នាក់នៅច្បារអំពៅម្តងហើយ។

***

ខ្ញុំបានបង្គាប់ឲ្យនាងតាក់រៀបចានឆ្នាំងសមស្លាបព្រាកាំបិតជ្រុញ និង ម្ហូបក្រៀមក្រោះសម្រាប់

បរិភោគតាមផ្លូវពេលធ្វើដំណើរ និងប្រាប់នាងតាក់ឲ្យដាំទឹកពីរកំសៀវធំៗដើម្បីយកទៅតាមទុក

លាយទឹកដៅគោម្សៅឲ្យប្រុសធំផងនិងទុកបំបាត់ការស្រេកក្នុងពេលធ្វើដំណើរផង។ រួចខ្ញុំឡើង

មកកាន់បន្ទប់ខ្ញុំនៅជាន់ខាងលើវិញ។ ខ្ញុំយកសម្លៀកបំពាក់កូនទាំងពីរច្រើនជាងគេ មានតាំងពី

អាវរងានិងមួកធ្វើពីអំបោះឡែន ជាពិសេសថ្នាំពេទ្យសម្រាប់កូន និង មនុស្សចាស់ជាច្រើនមុខ

មានតាំងពីថ្នាំអង់ទីប៊ីយូទិច(Antibiotique) សំឡី អាល់កុល​ ថ្នាំក្រហមជាដើម សឹងតែយកអស់

ពីក្នុងទូកញ្ចក់ដាក់ថ្នំារបស់ខ្ញុំ។ ខ្ញុំក៏មិនភ្លេចដែរម្ជុលដេរ អំបោះ កន្តៃ្រ ប្រដាប់កាត់ក្រចកទុកបង្ការ

ពេលណាខោអាវកូនរហែក ឬ​ ដាច់ឡេវ ។​ ស្វាមីខ្ញុំយកខោបារាំង អាវសឺមីសតែបួនប្រាំបន្លាស់។

ចំណែកខ្លួនខ្ញុំវិញ ខ្ញុំយកតែសារុងជំនំៗពណ៌ស្រគាំៗនិងអាវយឺតវាលក វាលក្លៀកដែលខ្ញុំចូលចិត្ត

ពាក់នៅផ្ទះ​ ហើយដាក់ខោបារាំងពីរបី និងអាវដែលអាចពាក់ចេញដើរក្រៅផ្ទះទៅណាមកណាបាន។

ថ្វីត្បិតតែខ្មែរក្រហមបានប្រាប់យើងថាចេញតែពីរបីថ្ងៃ តែហាក់ដូចជាមានអ្វីមកប្រាប់ឲ្យខ្ញុំប្រមូល

យកសញ្ញាប័ត្ររបស់យើងទាំងពីរនាក់ប្តីប្រពន្ធ និងរូបថតខ្នាតតូចៗសម្រាប់អត្តសញ្ញាណប័ណ្ណតាម

ខ្លួនដែរ។ ខ្ញុំគិតថា  បើសិនជាដើរហួសឆ្ងាយទៅដល់ប្រទេសជិតខាងណាមួយដោយចៃដន្យហើយ

កាលៈទេសៈតម្រូវឲ្យរកការងារធ្វើ វាងាយស្រួលនឹងមានអ្វីបញ្ជាក់និងបង្ហាញគេដែរ។ ចិត្តខ្ញុំគ្មាន

សង្ឃឹមវិលត្រឡប់មករស់នៅក្នុងភូមិគ្រឹះរបស់យើងវិញសោះ។ ពិតមែនតែយើងបានរៀបចំឥវ៉ាន់

រួចហើយ តែមានចិត្តមួយគិតថា សុខចិត្តស្លាប់ក្នុងវីឡាដ៏មនោរម្យដែលធ្លាប់ផ្តល់សេចក្តីសុខសាន្ត

ដល់យើងចុះ។​ ខ្ញុំក៏បានវេចខ្ចប់ និងលាក់ទុកមួយកន្លែងនូវគ្រឿងប្រាក់ដ៏មានតម្លៃមនោសញ្ចេតនា

ទាំងប៉ុន្មានដែលមិត្តភក្តិធ្វើអំណោយជាចំណងដៃអពាហ៍ពិពាហ៍ស្វាមីខ្ញុំនិងខ្ញុំដែរ។

សូមស្លេសសិន

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s