អ្នកនិពន្ធ កវី​ស្រី​ខ្មែរ៖ អបអរ​ទិវា​សិទ្ធិ៨មីនា​នារី​អន្តរជាតិ

ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ០៨មីនា​ សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស​ប្រចាំប្រទេស​បារាំង មាន​កិត្តិយស​ដោយ​បាន​ក្តីអនុញ្ញាត​ផ្សាយ​ឡើង​វិញ​នូវ​កាព្យ​មួយចំណង​ជើង​​របស់​យុវកវី​ក្នុង​ស្រុក​មួយ​រូប។ កាព្យ​នេះ បាន​ជួយ​បំផុស​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នកនិពន្ធ កវី​ស្រី​ខ្មែរ​ ជា​ច្រើន​សម័យ​កាល​ ទោះ​បី​កវី​ពុំ​បាន​លើក​ឡើង​អស់​នាម​អ្នកនិពន្ធ​នារី​​ខ្មែរក្តី ក៏​ជា​សក្ខី​កម្ម​មួយ​ចំពោះ​នារី​ខ្មែរ​គ្រប់​រូប​ដែល​មាន​ជំនក់​ចិត្ត​នឹង​សំណេរ។

ពីឆ្វេងទៅស្តាំ ៖​ អ៊ុំ សុផានី * ស៊ិម ចាន់យ៉ា*  ប៉ិច ​សង្វាវ៉ាន * ទឺង​សុខា (ថតក្នុងឆ្នាំ២០១១​នៅភ្នំពេញ)

ពីឆ្វេងទៅស្តាំ ៖​ អ៊ុំ សុផានី * ស៊ិម ចាន់យ៉ា* ប៉ិច ​សង្វាវ៉ាន * ទឺង​សុខា (ថតក្នុងឆ្នាំ២០១១​នៅភ្នំពេញ)

អ្នកនិពន្ធ កវី​ស្រី​ខ្មែរ

បទប្រាំពីរព្យាង្គ

រក្សាសិទ្ធិគ្រប់យ៉ាងដោយកវី

ស្រី​ខ្មែរ​មិន​អន់​មាន​ប្រាជ្ញា

ចំណេះ​ក្លៀវក្លា​មិន​ចាញ់​ប្រុស

កវី​និពន្ធ​ចិត្ត​សន្ដោស

អភ័យ​អត់​ទោស​ចិត្ត​មាតា ។

ទ្រង់​ព្រះនាងឥន្ទ្រទេវី

ក្សត្រ​ខំ​សម្ភី​រៀន​សាស្ត្រា

បាលី សំស្ក្រឹត សិលាចារ

ប្រាសាទ​([១])កត់​ត្រា​ទុក​រៀបរៀង ។

អ្នក​ស្រីសិទ្ធិ កវី​ថ្វី​មាត់

រៀន​ចេះ​ចាំ​ស្ទាត់​កាព្យ​ចម្រៀង

ដេញ​កាព្យ​ផ្ទាល់​មាត់​ជា​សូរ​សៀង

ហើយ​ជា​អ្នក​ច្រៀង​ក្នុង​ហ្លួង​វាំង ។

សង្វាវ៉ាន([២]ព្រហ្មសុទ្ធធីតា

ឈ្មោះ​តែ​មួយ​ណា​នៅ​បារាំង

ស្នាដៃ​ល្អ​ឆើត​ពីរោះ​ខ្លាំង

សមរភូមិ​តាំង​ស្លាប​ប៉ាកកា ។

ពាន់-ភួងបុប្ផា, ប៉ុលពិសី

រឿង​ល្ខោន​និយាយ កុន​អស្ចារ្យ

ប៉ែនសេដ្ឋារិន, ស៊ិមចាន់យ៉ា

យឹមនីមូឡា, ម៉ៅសំណាង

ទឹង-សុខា, អ៊ុំសុផានី

កវី​នារី​ចាប់​ផ្ដើម​សាង

តាក់តែង​និពន្ធ​ដោយ​សំអាង

កំណត់​ហេតុ​តាង​រាល់​ថ្ងៃ​ខែ ។

អ្នក​គ្រូ នន់, កែវច័ន្ទបូរណ៍

ទឹក​ខ្មៅ​ហៀរហូរ​ដល់​ស្រុក​ខ្មែរ

ទោះ​នៅ​ស្រុក​គេ​មិន​ចោល​ដែរ

ប្រឹង​ខិត​ខំ​ថែ គិត​​រិះ​រេ ។

អ្នក​គ្រូ​ ប៉ាល់វណ្ណារីរក្ស

ស៊ុយហៀង ​ជាក់​លាក់​អ្នក​សរសេរ

តស៊ូ​ទម្រាំក្លាយ​ជា​ស្មេរ

មិន​តិច​ឆ្នាំ​ទេ​ទើប​បាន​ថ្កើង ។

ដោយ​សារ​កវី​ជំនាន់​មុន

តាក់​តែង​ទុក​ទុន([៣]) ​លើក​តម្កើង

អក្សរសាស្ត្រ វប្បធម៌​ឱ្យ​ខ្ពស់​ឡើង

ច្នេះ​ជន​ខ្មែរ​យើង​ត្រូវ​រក្សា ។

យុវកវីនិពន្ធ​ថ្មី([៤])

ក៏​មានស្ត្រី​ខ្លាំង​ផង​ណា

និមល, រចនា, កន្និដ្ឋា

ខិត​ខំ​អស្ចារ្យ​ខាង​សរសេរ។

បក្សីស, សំណាង, លីម ផាន់ណា

សន្តិភាព​ ប្រឹង​ចារ​ទុក​ជា​កេរ

ស្រី​ខ្មែរ​មិន​ភ្លេច​ប្រហែសទេ

ប្រឹង​ប្រែង​ខំ​ថែ​ខ្មែរ​បុរី ។

ស្រី​ខ្មែរ​ជាន់​ក្រោយ​ខំ​បន្ត

វប្បធម៌​បវរ​ល្អ​ប្រពៃ

កវី​ខ្ញុំ​សូម​ប្រោស​ប្រណី

សូម​បញ្ចប់​ខ្លី​តែ​ត្រឹម​នេះ ។

បើ​មាន​ខុស​ឆ្គង​កាព្យ​យ៉ាង​ណា

អស់​លោក​មេត្តា​ជួយ​រេរិះ

តម្រែ​តម្រង់​ប្រាប់​ឱ្យ​​ចេះ

ដ្បិត​អី​ចំណេះ​កវី​ក្មេង ៕

ដោយ ហេងឧត្តម

ឆ្នាំ​២០១០


[១២ ប្រាសាទ​ភិមាន​អាកាស

[2] លោក​ស្រី​ ប៉ិច សង្វាវ៉ាន អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ ផ្សាយ​ជា​ខេមរភាសា​ និង​ជា​ប្រធាន​ស្ថាបនិក​សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅប្រទេស[AEKE. Association des Ecrivains Khmer à L’Etranger, France] ​ប្រចាំ​ប្រទេស​បារាំង។

[៣] ទុន​ជីវិត ទុន​វប្បធម៌ ទុន​ពិសោធន៍ ទុន​ចំណេះ​ដឹង…

[៤] កវីអ្នកនិពន្ធនារីជំនាន់​ថ្មី៖ ប៊ុន ចាន់និមល, ម៉េង សិរីរចនា, អ៊ឹម រចនា, នួន ពេជ្រស៊ូដេនី ហៅបក្សីស, ចាន់ សំណាង, ស៊ិន ធារី,​ លឹម ផាន់​ណា, ​លឹម សន្តិភាព, កែម លីហៀង, ហ៊ីង ស្រីរ័ត្ន, ឡុង លីណា, ភូ ចរិយា… និង​មាន​កវីអ្នកនិពន្ធនារីខ្មែរជា​ច្រើន​រូប​ទៀត ទាំង​ជើង​ចាស់ និង​សម័យ​ថ្មី​ ដែលយើង​ខ្ញុំ​​ពុំ​អាច​លើក​ឈ្មោះ​មក​បង្ហាញ​អស់​នៅទីនេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s