ស្ត្រីខ្មែរ ប៉ិច សង្វាវ៉ាន អ្នកនិពន្ធដែលកំពុងល្បីល្បាញ!

សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស ​មាន​ទីស្នាក់​ការ​នៅ​ប្រទេស​បារាំង​ យល់​ឃើញថា អត្ថបទ«ស្ត្រីខ្មែរ ប៉ិច សង្វាវ៉ាន​  អ្នកនិពន្ធដែល​កំពុង​ល្បីល្បាញពេញ​ទ្វី​អឺរ៉ុប និង​អាមេរិក​» ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ចំពោះ​លោកស្រី​ប្រធាន​ស្ថាបនិក​ដែល​បាន​ខិត​ខំ​លះបង់​មួយ​ផ្នែក​ធំនៃ​ដំណើរ​ជីវិត​ក្នុង​ការ​ចូលរួម​ចំណែក​លើក​ស្តួយ​វិស័យ​អក្សរសាស្ត្រ អក្សរសិល្ប៍ និង​វប្បធម៌​សិល្បៈ​ខ្មែរ។

នៅ​ក្នុង​ទិវាសិទ្ធិនារី​អន្តរជាតិ៨មីនា នេះ សមាគម​សូម​ផ្សាយ​អត្ថបទ​នៃទស្សនាវដ្តី ជីវិតកំសាន្ត-ជីវិតតារា​លេខ១៨ ចុះ​ផ្សាយ​នៅ​ភ្នំពេញឆ្នាំ១៩៩៥ ឡើង​វិញ ជា​កិច្ច​អបអរ​ចំពោះ​លោកស្រី​ប្រធានស្ថាបនិក និង​ជា​ចំណែក​មួយ​នៃ​ការ​ជំរុញ​ទឹក​ចិត្ត​ដល់​កវី អ្នកនិពន្ធ​ស្រីខ្មែរ​ជំនាន់​ក្រោយ​ផ្សេង​ទៀតឆ្លៀត​យក​បទពិសោធ​តាម​វីរភាព​នេះ។

សេចក្តី​ដែល​បាន​សរសេរ​ក្នុង​អត្ថបទ​នេះ សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស សូម​រក្សា​អត្ថន័យ​ខ្លឹម​សារ​ដើម​ទាំង​ស្រុង ដោយ​គ្រាន់តែ​កែ​សម្រួល​អក្ខរាវិរុទ្ធ​ឱ្យ​ឯកភាព​តាម​សំណេរ​បច្ចុប្បន្ន​តែប៉ុណ្ណោះ។

កញ្ញា ព្រហ្ម សុទ្ធធីតា ក្នុង​វ័យ​១៧ឆ្នាំកាត់​សក់​ខ្លី។

កញ្ញា ព្រហ្ម សុទ្ធធីតា ក្នុង​វ័យ​១៧ឆ្នាំ
កាត់​សក់​ខ្លី។

ស្ត្រីខ្មែរ ប៉ិច សង្វាវ៉ាន​

អ្នកនិពន្ធដែល​កំពុង​ល្បីល្បាញ​ពេញ​ទ្វីប​អឺរ៉ុប និង អាមេរិក

ទំព័រ «​អ្នកនិពន្ធ​ល្បី» នៃទស្សនាវដ្តី ជីវិតកំសាន្ត-ជីវិតតារា

លេខ១៨ ចុះ​ផ្សាយ​នៅ​ភ្នំពេញ ថ្ងៃទី១២ – ២៧  ខែមីនា ឆ្នាំ១៩៩៥

 

នាទសវត្សរ៍​១៩៦០ ទន្ទឹម​នឹង​ជំហាន​អភិវឌ្ឍ​ប្រទេស​ ឈាន​ឡើង​គ្រប់​វិស័យ​ នារីខ្មែរ​មួយ​រូប​ឈ្មោះ ព្រហ្ម​ សង្វាវ៉ាន បាន​លេច​ធ្លោ​ក្នុង​សង្គម​ខ្មែរ តាម​រយៈ​អក្សរ​សាស្ត្រ​ជាតិ។ ស្នាដៃ​រឿង​ខ្លីៗ និង​រឿង«នេះ​ឬ​ចិត្ត​ប្រុស» របស់​កញ្ញា ព្រហ្ម​ សង្វាវ៉ាន ដែល​ផ្សាយ​តាម​វិទ្យុ​ជាតិ ផ្តល់​នូវ​ការ​ចាប់​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​សម្រាប់​អ្នក​ស្តាប់​វិទ្យុ​ខ្មែរ កាល​ជំនាន់​នោះ។

ជា ​ការ​ពិត​ណាស់ នា​ពាក់​កណ្តាល​ទសវត្សរ៍​១៩៦០  ពេល​ដែល​អក្សរ​សាស្ត្រ​បរទេស​ ពុំ​ទាន់​ហូរ​ចូល​ខ្លាំង​ក្លា ហើយ​ក៏​ពុំ​ទាន់​មាន​អ្នកនិពន្ធ​ខ្មែរ​ជា​នារីភេទ​ច្រើន​ផង បទ​និពន្ធ​របស់​កញ្ញា ព្រហ្ម​ សង្វាវ៉ាន មិន​ខុស​ពី​ស្នូរ​ជួង​ពញ្ញាក់​អារម្មណ៍​ឡើយ។

កញ្ញា ព្រហ្ម​ សង្វាវ៉ាន កើត​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​១៩៤៧ នៅ​សង្កាត់​លេខ​៤ ក្រុង​ភ្នំពេញ​។ ជា​កូន​លោក ចៅ យីស៊ុម ចាង​ហ្វាង​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ និង​លោកស្រី ឌីវណ្ណ ដឺឡូប៉េស។ នាង​ជា​កូន​ច្បង​ក្នុង​ចំណោម​បងប្អូន​១២នាក់ ស្រី៨ ប្រុស៤​។ ឆ្នាំ​១៩៧០បន្ទាប់​ពីប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ភាគ២[BaccII] កញ្ញា ព្រហ្ម​ សង្វា​វ៉ាន​ បា​នបន្ត​ការ​សិក្សា​ក្នុង​មហា​វិទ្យាល័យ​នីតីសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ផ្នែក​សេដ្ឋកិច្ច ហើយ​ឆ្លៀត​សិក្សា​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ ផ្នែក​អក្សរសាស្រ្ត​ខ្មែរទៀត។ ក្រោយ​ពេល​ប្រឡង​ជាប់​ចូល​មហាវិទ្យាល័យ​គរុកោសល្យ​ នាង​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ ពី​មហា​វិទ្យាល័យ​នីតីសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច តែ​រក្សា​ការ​សិក្សា​នៅ​​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រដដែល។ នាង​តស៊ូ​សិក្សានៅ​មហាវិទ្យាល័យ​គរុកោសល្យផង​​ ​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រផង រហូត​ទាល់​តែ​សម្រេច​ជោគជ័យ។

ជីវិត​តែង​និពន្ធ​

តាំងពី​អាយុ១៨ឆ្នាំ កញ្ញា ព្រហ្ម​ សង្វាវ៉ាន ចាប់​ផ្តើម​ស្រមៃ​ចង់​ក្លាយ​ជា​អ្នកនិពន្ធ​ខ្មែរមួយ​រូប​ ហើយ​បាន​ផ្សា​រ​ភ្ជាប់​និស្ស័យ​ ជាមួយ​អក្សរសាស្ត្រ​និង​ការ​តែងនិពន្ធ​ជានិច្ច។ ដោយ​មាន​ចរិត​ពី​កំណើត ធុញ​ទ្រាន់​រាល់​ការ​ឈ្លោះ​ប្រកែក ​មិនថាតូចឬធំ នាង​តែងតែ​អន់​ធ្មត់ចំពោះ​មុខ​អំពើ​រំលោភ​បំពានពី​មិត្ត​ភក្តិខ្វះ​ វិចារណញ្ញាណ​ខ្លះ​ ក៏​ដូច​ជា​ប្រភេទ​មនុស្ស​ខ្លះ​ ដែល​ធ្វើ​អ្វី​មិន​ចេះ​ថ្លឹងថ្លែង ប៉ុន្តែ​បាន​ផ្សារភ្ជាប់​ហេតុ​ការណ៍​ទាំង​នោះ ទៅ​រក​វិធី​អប់រំ​តាម​រយៈ​រឿង​ខ្លី​ៗ​ដែល​នាង​សរសេរ​ផ្ញើ​ទៅ​វិទ្យុ​ជាតិ។ ទឹក​ដៃ​របស់​នាង​​ត្រូវ​បាន​លោក ម៉ៅ ប៊ុនថន ធ្វើ​ការនៅ​វិទ្យុ​ជាតិ​ ចាប់​អារម្មណ៍​ខ្លាំងណាស់។ គាត់​កែ​សម្រួល​បញ្ចូល​ក្នុង​រឿង​ប្រលោម​លោក​ខ្លះ ហើយ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​តាម​វិទ្យុ​ជាតិ។ សម្រាប់​​កញ្ញា​ ព្រហ្ម​ សង្វាវ៉ាន នេះជា​លើក​​ទឹក​ចិត្ត​មួយ​ដ៏​ធំ ធ្វើ​ឱ្យ​នាង​កាន់តែ​ស្វិត​ស្វាញ​ខ្លាំងឡើង ក្នុង​ការ​ងារ​និពន្ធ។ អាយុ​១៩ឆ្នាំ នាង​សម្រេច​បាន​ប្រលោម​លោក​ពេញ​លេញមួយ​រឿងឈ្មោះ «នេះ​ឬ​ចិត្ត​ប្រុស» ហើយ​រឿង​នេះ​ក៏​ត្រូវ​បាន​កែ​សម្រួល​ផ្សាយ​តាម​វិទ្យុ​ជាតិ​ដែរ។ បន្ទាប់​ពី​រឿង​«នេះ​ឬ​ចិត្ត​ប្រុស» ឆ្នាំ១៩៦៨ ឆ្លៀត​ពេល​វិស្សមកាល​ នាង​និពន្ធ​បាន​ប្រលោម​លោក​ពេញ​លេញ​មួយ​រឿង​ទៀត​ចុះ​ក្នុង​កាសែត​«ដំណឹង​ចុង​ក្រោយ​» របស់​លោក ជុំ កែម គឺ​រឿង «ថ្ងៃ​៤កក្កដា»។ តមក​បវេសន​កាល​បាន​មក​ដល់ នាង​បង្ខំ​ចិត្ត​ផ្អាកការ​និពន្ធ​មួយ​អន្លើ​ ដើម្បីបន្ត​ការ​រៀន​សូត្រ​នៅ​មហាវិទ្យាល័យ។

ជីវិត​ការ​ងារ​អក្សរសាស្ត្រ​នៅបរទេស​

ថ្ងៃទី១ ខែ​មករា ឆ្នាំ១៩៧២ កញ្ញា ព្រហ្ម​ សង្វាវ៉ាន បោះជំហាន​ចូល​គន្លង​ជីវិត​គ្រួសារ​ នាង​បាន​រៀប​អាពាហ៍​ពិពាហ៍ជាមួយ​នឹង​លោក ប៉ិច ឈុនជានាយក ​ Chef de service នៅ​ក្រុម​ហ៊ុន​ស៊ែល​កម្ពុជា។ នៅភ្នំពេញ ថ្ងៃ​ទី​១៩ តុលា ១៩៧៣ លោកស្រី​ចូល​ជា​សមាជិកា​សមាគម​អ្នកនិពន្ធ​ខ្មែរ​ដែល​កាល​នោះមាន​លោក លាង ហ័ប​អាន​ ជា​ប្រធាន។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​រឿង​ «ថ្ងៃ​៤កក្កដា» ដំបូង​ឡើយ លោកស្រី​ ប៉ិច សង្វាវ៉ាន ប្រុង​ផ្អាក​ការងារ​និពន្ធមួយ​រយៈ​ប៉ុណ្ណោះ ដើម្បី​ទុក​លទ្ធភាព​ពេលវេលា​សម្រាប់​ការ​រៀន​សូត្រ​ក្នុង​មហាវិទ្យាល័យ​ ប៉ុន្តែ​ដោយ​សង្គ្រាម​ក្នុង​ស្រុក​ កាន់តែ​ឆេះ​សន្ធោ​សន្ធៅ​ខ្លាំង​ឡើង​ ក៏​លែង​មាន​លទ្ធភាព​តាក់​តែង​រឿងណា​មួយ​ទៀត​ រហូត​ដល់​ឆ្នាំ​១៩៧៥ សភាព​ការណ៍​ក្រឡាប់​ចាក់​ទាំង​ស្រុង។

លោកស្រី ប៉ិច សង្វាវ៉ាន បាន​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​ ទៅជ្រក​កោន​នៅប្រទេស​បារាំង​នាថ្ងៃ​២ មករា ​១៩៧៧។ នៅទី​នោះ ដំបូង​ជីវភាព​ហាក់​ដូច​ជា​ប្រែប្រួល​ទាំងស្រុង ព្រោះរស់​នៅ​ទ្វី​បមួយ​ថ្មី អ្វីៗ​ជុំ​វិញ​ខ្លួន​ឃើញ​សុទ្ធតែ​ប្លែក​ ម្ល៉ោះ​ហើយ​ការ​តែងនិពន្ធ​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​បំផុត ក៏​លោកស្រីពុំ​ទាន់​អាច​សម្រេច​ទៅកើត​ សមត្ថភាព​ខាង​អក្សរ​សាស្ត្រ​ខ្មែរនាពេល​នោះ បាន​ត្រឹម​តែ​រក្សា​ទុក​ក្នុង​អារម្មណ៍​សិន។

រហូត​ដល់​ឆ្នាំ​១៩៧៨ ណា​ម្យ៉ាង​នឹក​ស្រុក​ទេស ណា​ម្យ៉ាង​ស្រឡាញ់​វប្បធម៌​អក្សរសាស្ត្រ​ខ្មែរ លោកស្រី ប៉ិច សង្វាវ៉ាន ក៏ ​ចូលបម្រើ​ការ​ងារ​ផ្នែ​កវប្បធម៌​ខ្មែរ​នៅ​ខេត្ត​ស្ត្រាបួរ ប្រទេសបារាំង។ ការងារ​នេះ​ ជួយ​ឱ្យ​លោក​ស្រី​មាន​លទ្ធភាព​ឈោង​ចាប់​ការងារ​និពន្ធ​ឡើង​វិញ​ខ្លះ ។​ក្នុង​ឆ្នាំ​១៩៨២ ប្រលោម​​លោក​ខ្មែរ​ខ្លីៗរបស់​លោកស្រីចាប់​ផ្តើម​បង្ហាញ​ខ្លួនហូរ​ហែៗលើ​ទំព័រ​ ព្រឹត្តិបត្រ និង​សារព័ត៌មាន​ជា​ភាសា​ខ្មែរ«​នគរ​ធំ»-«អង្គរបុរី» នៅ​សហរដ្ឋ​អាមេរិក, «អរិយធម៌​ខ្មែរ»​នៅ​ប្រទេស​អាល្លឺម៉ង់, «ខ្មែរសាមគ្គី»​នៅ​ក្រុង​ឡុង រាជធានី​ប្រទេស​អង់គ្លេស…។

ឆ្នាំ​១៩៨៩ លោកស្រី ប៉ិច សង្វាវ៉ាន បង្កើត​«សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស» ហើយ​បាន​បោះ​ពុម្ព​ផ្សាយ​នូវ​ស្នាដៃ​ប្រលោម​លោក​ពេញ​លេញ​២រឿង​ទៀត​របស់​លោកស្រី គឺ​រឿង«ជើង​មេឃថ្មី» និង«ស្រមោល​ស្នេហ៍»។ រឿង​ទាំងពីរ​នេះ​បោះ​ពុម្ព​លក់​ទូទាំង​ប្រទេស​បារាំង​ និង​សហរដ្ឋ​អាមេរិក​ ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ពេញ​សហគមន៍​ខ្មែរ​ នៅ​បរទេស។ យើង​សូម​ដក​ស្រង់​សម្តី​ខ្លះ​ៗ​របស់​​លោក កែម ណន ដែល​សរសេរ​ពី​លោកស្រី ប៉ិច សង្វាវ៉ានក្នុងសារព័ត៌មាននគរធំ«… ប្រលោម​លោក​ថ្មី​ទី១ ចង​ក្រង​ដោយ​អ្នកនិពន្ធ​ស្រីទី​១ នៃ​សករាជ​ថ្មីទំនើប ដែល​បាន​កន្លង​ទៅអស់​រយៈពេល​ជាង​១០ឆ្នាំ​មក​ហើយ សម្រាប់​បងប្អូន​ខ្មែរ​ អ្នក​រសាត់​អណ្តែត​ទៅ​នៅ​បរទេស​នោះ គឺ​សករាជនៃ​«ជើង​មេឃថ្មី» «ជើង​មេឃថ្មី» ​និពន្ធ​ដោយ​​លោកស្រី ប៉ិច សង្វាវ៉ាន មាន ​រូប​រាង​ពេញ​លេញ​ប្រកប​ដោយ​ក្រប​៤​ពណ៌​… បង្ហាញ​ឱ្យ​ឃើញថា អក្សរសាស្ត្រ​ខ្មែរ​យើង​ ដែល​ស្មាន​តែ​ដាច់​ដង្ហើម​ស្លាប់​បាត់​តាំង​ពីខែ​មេសា ១៩៧៥ ដ៏​ខ្មៅ​ងងឹត​នោះ​កំពុងតែ​ប្រឹង​រើ​ខ្លួន​ចេញ​ពី​ព្រហ្ម​លិខិត​ឥត​មេត្តា ចាប់​ផ្តើម​មាន​ជីវិត​រស់​ឡើងវិញ​ហើយ…»

លើស​ពីនេះ ចាប់​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា ១៩៨៨ ដល់​ ៤ កញ្ញា ១៩៩២ [៣ឆ្នាំ​១១ខែ] ក្នុង​ស្មារតី​ស្នេហា​ជាតិដ៏​ជ្រាល​ជ្រៅ​ លោកស្រី ប៉ិច សង្វាវ៉ាន បាន​ស្មគ្រ​ចិត្ត​ធ្វើ​ការ​បម្រើ​នាទី«សំឡេងខ្មែរ» នៅរៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​វិទ្យុ​សហគមន៍​ឈ្មោះ«វិទ្យុ​អាស៊ី» ដោយ​អត់​យក​កម្រៃ។ នៅទី​នោះ​ សំឡេង​ធម្មជាតិ​ដ៏​ស្រួយ​ស្រទន់​របស់​លោក​ស្រី​តាមរយៈ​ភាគ​ខ្លះ​នៃ​រឿង​ ប្រលោម​លោក​ដែល​លោកស្រី​និពន្ធ​ក៏​ដូច​ជា​រឿង​កំប្លែង​ផ្សេងៗ បាន​ធ្វើ​ឱ្យ​ជន​ជាតិ​ខ្មែរ​នៅ​បរទេស​សប្បាយ​ រសាយ​អារម្មណ៍​នឹក​ស្រុក​ទេស​ខ្លះ ហើយ​ឈ្មោះ​លោកស្រី​ក៏​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ស្រុក​បារាំង។ ចេញពី​«វិទ្យុ​អាស៊ី» លោកស្រី​ប្រឡង​ជាប់​ចូល​ធ្វើ​ការ​ជា​អ្នក​សារព័ត៌​មាន​នៅ​«វិទ្យុ​បារាំងអន្តរជាតិ» ផ្នែកការ​ផ្សាយ​សំឡេង​ខ្មែរ។ វិទ្យុ​នេះ​ផ្សាយ​តាម​រលក​ធាតុ​អាកាសមធ្យម MW… PO738 KHZ និង​ផ្សាយ​ចូល​ប្រទេស​កម្ពុជា​តាមរលក​ធាតុ​អាកាសខ្លី​SZ កម្ពស់៤២ម៉ែត្រ កម្រិត​7305KHZ។

តាម ​ការ​ស្ទាបស្ទង់មតិ​អ្នក​ស្តាប់​ទាំង​នៅ​ប្រទេស​បារាំង ទាំង​នៅ​ប្រទេស​កម្ពុជា សំឡេង​ និង​ការ​ប្រើ​ពាក្យ​ពេចន៍​របស់​លោកស្រីតាំង​ពី​នៅ​«វិទ្យុ​អាស៊ី» រហូត​មកដល់​ «វិទ្យុ​បារាំង​អន្តរជាតិ» នៅតែ​មាន​ប្រជា​ប្រិយភាព​ខ្ពស់​ដដែល​ ថ្វីបើ​មាន​សំឡេង​ថ្មី​ចេញ​មក​ទៀត​យ៉ាង​ច្រើ​នក្តី។

ការ​និយម​ចូល​ចិត្ត​លោកស្រី​ ប៉ិច សង្វាវ៉ាន កាន់តែ១៦មីល្លីម៉ែត្រ​មាន​កម្រិត​ខ្ពស់​ឡើង​រហូត​ដល់​វត្ត​ខ្មែរ​ឈ្មោះ «ធម្មរង្សី» នៅ​ក្រុង​បាញើប្រទេសបារាំង នៅ​ពេល​ប្រារព្ធ​ធ្វើ​បុណ្យ​ឆ្លង​ព្រះ​សារីរិកធាតុ​នា​ឆ្នាំ​១៩៩៤ គណៈ​កម្មការ​វត្តមាន​សំណូម​ពរ​យ៉ាង​ទទូច​ សុំឱ្យ​លោកស្រី​ចូល​រួម​ធ្វើ​បទពណ៌នា ថត​បញ្ចូល​សំឡេង និង​បង្ហាញ​មុខ​ផ្ទាល់​។ នេះ​ជា​លើក​ទី១ដែល​លោកស្រី​ ប៉ិច សង្វាវ៉ាន បង្ហាញ ​មុខ​ជា​សាធារណៈ​តាម​រយៈ​ខ្សែ​វីដេអូ ដែល​ពី​មុន​មក​លោកស្រី​មាន​បំណង​ឱ្យ​គេ​ស្គាល់​ត្រឹម​តែ​សំឡេង​ អត់​ឱ្យ​ស្គាល់​មុខ​មាត់​ឡើយ ព្រោះ​យល់ថា ខ្លួន​អាយុ​កាន់តែ​ច្រើន​ រូប​សម្បត្តិ​កាន់តែ​អន់​ថយ មិន​ដូច​សំឡេង​ដែល​ហាក់​ដូច​ជា​នៅ​ស្រួយ​ស្រទន់​ ដូច្នេះ​សំណាង​នេះ​គួរ​ផ្តល់​ឱ្យ​យុវនារី​ជំនាន់​ក្រោយ​វិញ​។ ប៉ុន្តែ​អ្វី​ដែល​លោកស្រី​ពុំ​អាច​ទប់​ចិត្ត​បាន​ គឺ​ការ​អង្វរ​ករ​របស់​ឧបាសិកា ស៊ុន វួចលី នៃ​វត្ត​ធម្ម​រង្សី​ដែលជា​ឧបាសិកាមាន​សទ្ធា​មោះ​មុត​បំផុត​ក្នុង​ព្រះ​ពុទ្ធ​សាសនា។

ក្រៅពីខ្សែ​វី​ដេអូ​ស្តី​ពី​ធីបុណ្យ​ឆ្លង​​ព្រះ​សារីរិកធាតុក្នុង​វត្ត​ធម្មរង្សី នៅ​ក្រុង​បាញើនោះ ​លោកស្រី​ ប៉ិច សង្វាវ៉ាន ធ្លាប់​បាន​ជ្រោម​ជ្រែង​លោក ឡេវ ឡុង ក្នុង​ការ​រៀប​ចំ​រឿង​ប្រលោម​លោក​ «ជើង​មេឃថ្មី» ​របស់​លោកស្រី​ តាម​ទម្រង់​ភាព​យន្ត​ ហើយ​ថត​ជា​ភាព​យន្ត​ខ្នាត១៦មីល្លីម៉ែត្រ​16mm កាល​ពី​ឆ្នាំ​១៩៨៩ នៅ​ក្រុង​ប៉ារីស៍​​ដែរ។ ដូច្នេះ​រឿង «ជើង​មេឃថ្មី» ​ បន្ទាប់ពី​បាន​បោះ​ពុម្ព​ជា​សៀវភៅ​ហើយ ថតជា​ខ្សែភាព​យន្ត​ខ្មែរ​ទៀត អាច​ចាត់​ទុក​ថា​ នេះ​ជា​ខ្សែ​ភាព​យន្ត​ខ្មែរ​លើកទី១​នៅ​ទ្វីបអឺរ៉ុប ដែល​បាន​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​គ្រប់​មជ្ឈ​ដ្ឋាន​នៃ​សហគមន៍​ខ្មែរ​នៅបរទេស។ តាំង​ពី​នោះ​មក​ហាក់​ដូច​ជា​គ្មាន​នរណា​ដែល​មិន​ចង់​ ស្គាល់ប្រវត្តិ​លោកស្រី ប៉ិច សង្វាវ៉ាន ឡើយ៕

ទស្សនាវដ្តី ជីវិតកំសាន្ត-ជីវិតតារា

លេខ១៨ ចុះ​ផ្សាយ​នៅ​ភ្នំពេញ ថ្ងៃទី១២ – ២៧  ខែមីនា ឆ្នាំ១៩៩៥

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s