សុន្ទរកថា​របស់​ឯកឧត្ដម សុខ អាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ក្នុង​ឱកាស​មហោស្រព​អក្សរសិល្ប៍ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០០១

SOK An @photo: wikipedia image

SOK An @photo: wikipedia image

សុន្ទរកថា​របស់​ឯកឧត្ដម សុខ អាន

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី

ក្នុង​ឱកាស​មហោស្រព​អក្សរសិល្ប៍

នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០០១

ឯកឧត្តម លោក​ជំទាវ អស់លោក លោក​ស្រី​ ជា​ទីរាប់​អាន

ក្មួយៗ​ជា​សិក្ខាកាម​អ្នកនិពន្ធ និង​និស្សិត​នៃ​សកលវិទ្យាល័យ​នានាជា​ទីស្រឡាញ់។

 

ថ្ងៃ​នេះជា​ទិវា​ដ៏​មហាប្រសើរ​ ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ផ្តល់​កិត្តិយស​ចំពោះ​ខ្ញុំ និង​ភរិយាខ្ញុំ ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច និង​លោក​ជំទាវ ដើម្បី​ចូលរួម​ក្នុង​ទិវា​មហោស្រព​អក្សរសិល្ប៍​ពាន​រង្វាន់​៧មករា លើកទី៣របស់​សមាគម​អ្នកនិពន្ធ​ខ្មែរនៅ​ក្នុង​ស្រុក និង​ពាន​រង្វាន់​សន្តិភាព​លើកទី២ របស់សមាគម​អ្នកនិពន្ធ​ខ្មែរបរទេស ប្រចាំ​នៅ​ប្រទេស​បារាំង។

ក្នុង​នាម​សម្តេច​នាយក​រដ្ឋមន្ត្រី ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ស្មោះ​ស្មគ្រ ចំពោះវត្ត​មាន​របស់​ឯកឧត្តម លោក​ជំទាវ អស់លោក លោក​ស្រី​ និង​ក្មួយៗ​ជា​និស្សិត ដែល​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​មហោស្រព​នេះ។ ជាពិសេស​ខ្ញុំ​សូម​សម្តែង​នូវ​ក្តីសោមនស្ស​រីក​រាយ​យ៉ាង​ក្រៃ​លែង​ ចំពោះបងប្អូន​ខ្មែរ​យើង​នៅ​បរទេស ដែល​តែងតែ​នឹក​ដល់​វប្បធម៌​ អារ្យ​ធម៌​ដ៏​រុង​រឿង​របស់​ដូន​តា​យើង ជាក់​ស្តែង​បង​ប្អូន​នៅ​ប្រទេស​បា​រាំង បាន​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​ជា​សមាគម​អ្នក​និពន្ធ​ខ្មែរ​នៅបរទេស ក្នុង​វត្ថុបំណង​ស្តារ​និង​លើក​ស្ទួយ​វប្បធម៌​ អក្សរ​សិល្ប៍​ខ្មែរ​ឱ្យ​រស់​រាន​មាន​ជីវិត​ និង​ស្ថិត​ស្ថេរ​តរៀង​ទៅ។ ក្នុង​នេះ ខ្ញុំ​សូម​កោត​សរសើរ​យ៉ាង​ស្មោះ​ថា បង​ប្អូន​រស់​នៅ​បរទេសពុំ​សូវ​មាន​ជីវភាព​ធូរ​ធារ​ប៉ុន្មាន​ទេ ប៉ុន្តែបងប្អូន​ដែល​ជា​ខ្មែរ​ស្រឡាញ់​អារ្យ​ធម៌​ខ្មែរ​ចង់ឱ្យ​មាន​សន្តិភាព​រឹង​មាំ​នៅ​ប្រទេស​ខ្មែរ​ទើប​បង​ប្អូន​ខិត​ខំ​ប្រមែ​ប្រមូល​គ្នីគ្នា​ បង្កើត​ជា​ពាន​រង្វាន់​សន្តិភាព​ ជា​ពិសេស​ពាន​រង្វាន់​ដែល​បងប្អូន​នាំ​ពី​ប្រទេស​បារាំង​យក​មក​ចែក​ជូន​ដល់​ជ័យលាភី​នៅ​ឱកាស​នេះ គឺ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​សាមគ្គី​ភាព និង​ភាតរភាព​ដោយ​ស្មោះ​ស្មគ្រ​បំផុត​របស់​បងប្អូន​ខ្មែរ​នៅ​បរទេស។

ក្នុង​ន័យ​នេះ ខ្ញុំ​សូម​សន្និដ្ឋាន​ដោយ​មោទនភាព​ថា គោល​បំណង​របស់​បងប្អូន​ខ្មែរ​យើង​គ្រប់​រូប​ទាំង​នៅ​ក្នុង​ប្រទេស ទាំង​នៅ​បរទេស​ដែល​ចង់​បាន​សន្តិភាព​ឱ្យ​ប្រទេស​ជាតិ​នោះ ឥឡូវ​បាន​សម្រេចជាស្ថាពរ​ហើយ។ ព្រោះ​ក្រោមព្រះ​រាជកិច្ច​ដឹក​នាំ​ និង​ព្រះ​ឱវាទ​ប្រកប​ដោយ​ព្រះ​គតិ​បណ្ឌិត​របស់​ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ ជាទី​គោរព​សក្ការៈ​ រាជ​រដ្ឋាភិបាល​យើង ដែល​មាន​សម្តេច​នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​បា​នដឹក​នាំ​នាវា​កម្ពុជា​ឱ្យ​ផុត​គ្រោះ​ទាំង​ឡាយ​ដោយ​មាន​ស្ថេរភាព​ និង​សន្តិភាព​រឹង​មាំ។ ស្រប​ជាមួយ​គ្នា​នេះ​ដែរ បងប្អូន​ខ្មែរ​នៅ​ក្នុង​ស្រុក​ក៏​ខិត​ខំប្រឹងប្រែង​ធ្វើ​ការ​ងារ​វប្បធម៌​ការ​ងារ​អក្សរសិល្ប៍​ដោយ​ពុំ​គិត​ពី​កម្រៃ​អ្វី ឡើយ ពោល​គឺ ​អ្នក​និពន្ធ​ខ្មែរ បាន​កសាង​ទាំង​បាត​ដៃ​ទទេ​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ពាន​រង្វាន់​អក្សរសិល្ប៍​ព្រះ​សីហនុរាជ ចំនួន​៣លើក ក្រោម​ព្រះ​រាជូបត្ថម្ភ ដ៏​ខ្ពង់​ខ្ពស់​ពី​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើត្បូង និង​ពាន​រង្វាន់​អក្សរសិល្ប៍​៧មករា ចំនួន​៣លើក ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សម្តេច​នាយកក​រដ្ឋមន្ត្រី​ ហ៊ុន សែន ។

 

ឯកឧត្តម លោក​ជំទាវ អស់លោក លោក​ស្រី​ ក្មួយៗ​​និស្សិតជា​ទីស្រឡាញ់!

 

អម្បាញ់​មិញ ខ្ញុំ​បាន​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​របាយ​ការណ៍​របស់​សមាគម​អ្នកនិពន្ធ​ខ្មែរនៅ​ក្នុង​ស្រុក និង សមាគម​អ្នកនិពន្ធ​ខ្មែរនៅ​ប្រទេស​បារាំង​ឃើញថា សមាគមទាំង​ពីរ​ មាន​ទិសដៅ​តែមួយ​ដូចគ្នា​ គឺ​យើង​រួម​រស់​ដើម្បី​សន្តិភាព។ នេះ​ជា​ទិស​ដៅ​នៅ​ក្នុង​តំបន់​ដ៏​ដូច​ជា​ក្នុង​សកល​លោក​ គេ​មាន​ទស្សនៈ​ដូចៗគ្នាថា គឺ​ដើម្បី​ជីវិត​មនុស្ស ឬជីវិត​សត្វ​លោក​អាច​រស់​នៅ​បាន​ លុះ​ត្រា​តែ​មាន​សន្តិភាព​ ព្រោះ​ហេតុនេះ​ទើប​ អង្គការ​ UNESCO ក៏​ដូច​ជា​អង្គការ​ដទៃ​ទៀត​ គេ​ខិត​ខំ​ធ្វើ​សាកលភាវូបនីកម្ម​ទាំង​ផ្នែក​សេដ្ឋកិច្ច​ បរិស្ថាន និង​វប្បធម៌​ជា​ដើម សំដៅ​ធ្វើ​ឱ្យ​សន្តិភាព​មាន​​លំនឹង​នៅ​លើ​ពភ​ផែន​ដី។ ព្រោះ​ថា ភព​ផែន​ដីនេះ ជា​ភព​ផែន​ដីសម្រាប់​ការ​រស់​រាន​មាន​ជីវិត​របស់​សត្វ​លោក ពុំមែន​ជា​ភព​ផែន​ដីសម្រាប់​ធ្វើ​សង្រ្គាម​ ឬ​សម្រាប់​ចង​អាឃាត​ព្យាបាទ​គ្នា​ឡើយ។

ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​សូម​សម្តែង​អំណរ​គុណ​ចំពោះសមាគម​អ្នកនិពន្ធ​ខ្មែរ​ទាំង​ពីរ និង​សូម​សម្តែង​អំណរ​គុណ ដ៏​ជ្រាល​ជ្រៅបំផុត ចំពោះ​អ្នកនិពន្ធ​ដែល​បាន​ទទួល​ពាន​រង្វាន់ ក៏​ដូច​ជា​អ្នក​និពន្ធ​ដែល​ពុំ​ទាន់​បាន​ទទួល​ពាន​រង្វាន់ គួរតែ​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​គ្នា ប្តូរ​យោបល់ ដក​ពិសោធន៍​ពី​គ្នា​ទៅវិញ​ទៅមក ដើម្បី​ទទួល​បាន​ពាន​រង្វាន់​នៅ​ក្នុង​មហោស្រព​អក្សរសិល្ប៍​នៅ​ពេល​ក្រោយៗ​ទៀត។ ព្រោះថា អស់​លោក និង​ប្អូន​ៗ​បាន​ដាក់​ទិសដៅ​រួច​មក​ហើយថា «យើងរួម​រស់​ជាមួយ​គ្នាដើម្បីសន្តិភាព»។

នៅ​ទី​បញ្ចប់​ ខ្ញុំ​សូម​ប្រសិទ្ធពរ​ជ័យ​ សិរី​មង្គល​វិបុលសុខ​គ្រប់​បែបយ៉ាង​ ចូល​មាន​ដល់​ឯកឧត្តម លោក​ជំទាវ អស់លោក លោក​ស្រី​ និង​ក្មួយៗ​​ទាំង​អស់​ សូម​ជួប​តែ​នឹង​ពុទ្ធ​ពរ​ទាំង​៥ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s