រឿងសម្រាប់កុមារ ៖ ធារី និង វិសាល និពន្ធ ដោយ ទី ធាវី

@រក្សាសិទ្ធិ@

ម៉ឺងៗៗៗៗ…….

កុមារា កុមារី បាននាំគ្នាចូលថ្នាក់រៀនវិញ បន្ទាប់ពីបានសំរាកបី​ដងរួចហើយ។​ ក្នុងថ្នាក់ទី៥​នៃ​សាលា​​បឋមសិក្សា រុងផ្លាមកេសន​ ត្រពាំងរូង ស្រុកកោះកុង​​ ខេត្តកោះកុង។ សិស្សានុសិស្ស​បាន​អង្គុយ​យ៉ាងស្ងៀមស្ងាត់ តាមតុរៀងៗខ្លួន។ អ្នកគ្រូចាប់ផ្តើមបើកសៀវភៅ​ ហើយនិយាយទៅកាន់សិស្ស​ទាំង​អស់ថា “ ប្អូនៗ ថ្ងៃនេះ ក្នុងមុខវិជ្ជាបំណិនជីវិតរបស់យើង អ្នកគ្រូ នឹងលើកយកមេរៀនខាង​ក្រៅមក​បង្ហាត់ប្អូនៗ។ ជាពិសេស អំពីបញ្ហាជាក់ស្តែងដែលភូមិយើងមាន។​ ដូចនេះ មុននឹងអ្នកគ្រូ ពន្យល់អំពី​មូល​ហេតុ​ដែលអ្នកភូមិត្រពាំងរូងនេះ ប្រមូលសំរាម និងចែកធុង សំរាមនៅ តាមផ្ទះមួយ​ចំនួន ​តើប្អូនណាអាចឆ្លើយនឹងសំណូរអ្នកគ្រូបាន? “

ឮដូច្នេះ វិសាល យកដៃជ្រងសក់ ធ្វើមុខជ្រួញចិញ្ចើម ព្រមទាំងរអ៊ូរទាំខ្សឹបៗថា “ ជើ!, ធុញណាស់ ម៉ោងមុនទើបតែរៀនគណិតវិទ្យា ធ្វើលំហាត់មិនទាំងចេញផង មក៏សួរអ្វីពីសំរាមទៀត​ហើយ។”

វិសាល គឺជាកុមារា មានសំលៀកបំពាក់មិនសូវស្អាតបាតដូចគេទេ។ ព្រោះកុមារារូបនេះ មិនសូវ​ខ្វល់​ខ្វាយអំពីអនាម័យ និងការសំអាតកាយឡើយ។ រាល់ពេលញ៉ាំអាហារម្តងៗ វិសាល​ មិនដែល​លាង​ដៃ​នឹងសាប៊ូ​ឡើយ។ ជាងនេះទៅទៀត នៅរាល់ពេលដែលឪពុកម្តាយរបស់វាប្រើឲ្យយក សំរាមទៅដាក់​ក្នុង​ធុង​​សំរាម វាតែងតែយកសំរាមនោះ​ទៅបោះចោលនៅក្នុងស្រះមួយក្បែរ ផ្ទះជានិច្ច។ វាតែង​តែគិត​​ថា បើ​វា​​ដាក់សំរាមក្នុងធុង នោះធុងសំរាម នឹងឆាប់ពេញ ហើយអ្នក​ប្រមូលសំរាម​នឹងដឹកយក​សំរាមរបស់វាទៅ​ចោល​ក្នុងរណ្តៅនៅឆ្ងាយពីភូមិ ដែលនាំអោយម៉ែ ឪ វា ខាត​ប្រាក់​បង់​ប្រចាំ​ខែទៀតផង។​ តែ​បើវា យក​សំរាម​នោះទៅដាក់ក្នុងស្រះវិញ ពីមួយថ្ងៃទៅមួយថ្ងៃ ស្រះនោះ និងពេញ។ វានឹងមានទីធ្លារត់លេង។

រីឯ ធារី វិញ កាលដែលអ្នកគ្រូផ្តើមលើកយកឧទាហរណ៍ជាក់ស្តែង ក្នុងមេរៀនទាក់ទងបរិស្ថាន​បែបនេះ កុមារី ហាក់បីដូចមានអារម្មណ៍សប្បាយ និងចាប់អារម្មណ៍ជាខ្លាំង។ ធារី ថ្វីត្បិតតែនាង​មានអាយុប្រហែល១០ឆ្នាំក៏ពិតមែន ប៉ុន្តែនាងមានគំនិត ខុសពីក្មេងដទៃ។ ក្រៅពី​ការរៀន​នៅ​សាលា​ នាង​ចូល​ចិត្ត​អានសៀវភៅ និងគូររូបភាពផ្សេងៗចេញពីការស្រមៃរបស់នាង។ នាងតែងតែរៀន សរសេរ​រឿង និងសូត្រ​កំណាព្យផងដែរ។ ធារី មុននេះ នាងមិនធ្លាប់យកសំរាមទៅចោលក្នុង​ទឹក​ស្ទឹងដូចគេ​ទេ។ ផ្ទុយទៅវិញ នាងតែងតែ គូររូបពន្យល់ពីផលប៉ះពាល់បរិស្ថាន ដូចជាទឹកមិន ស្អាត​បណ្តាល​អោយអ្នកប្រើប្រាស់ មានជំងឺ។ ការកាប់ព្រៃឈឺបណ្តាលអោយមានព្យុះភ្លៀង មានទឹក​ជំនន់​ជាដើម។

ភ្លាមនោះអ្នកគ្រូបានសួរទៅកាន់ប្អូនៗកុមារ​ “ តើមូលហេតុអ្វីបានជាភូមិយើងមានការ​គ្រប់​គ្រង​សំរាម ដោយ​ប្រមូល នឹងដឹក​យក​ចេញពីភូមិ។

“ព្រោះ​គេចង់បានលុយថ្លៃដឹកជញ្ជូនពីម៉ែឪខ្ញុំនោះអី។” វិសាលក្រោកឈរ​ឆ្លើយ យ៉ាង​ឈ្លើយ​​​ទៅ​កាន់​​អ្នក​គ្រូ រីណា។

“ មិនមែនអញ្ចឹងទេ អ្នកគ្រូ!  ការគ្រប់គ្រងសំរាមបានល្អ នាំអោយភូមិ យើងស្អាត និងប្រជាជន​មានសុខភាពល្អ។ ការយកសំរាមទៅចោលក្នុងស្ទឹង នឹងបង្ករអោយមានជាតិពុល។ ត្រី បង្កង និង​ជីវ​ចំរុះ​​ផ្សេងទៀតនៅក្នុងស្ទឹង ត្រូវបានសំលាប់។ ណាមួយបើយើងបានហូបត្រី បង្កង បានពីស្ទឹងនេះ យើងនឹងឈឺ ដោយមិនដឹងខ្លួន។” ធារី ឈរយ៉ាងរមទម្យឆ្លើយ ប្រាប់អ្នកគ្រូ បន្ទាប់ពី វិសាលឆ្លើយរួច។
“ល្អណាស់ ធារី! “ អ្នកគ្រូសរសើរ ធារី ដោយចំហរ ធ្វើអោយ វិសាល អន់ចិត្តយ៉ាងខ្លាំង។

អ្នកគ្រូបានសួរបន្ត “ ចុះហេតុអ្វី បានជាសំរាមគេតម្រូវអោយមានការបែងចែកជាបីប្រភេទ?​ តើ​សំរាមក្រៅពីបង្កផលប៉ះពាល់សុខភាព និងកើនកំដៅថ្ងៃ តើយើងគិតថា សំរាម​មាន​ប្រយោជន៍​ខ្លះទេ?”

គ្មានសិស្សណាម្នាក់លើកដៃឆ្លើយនឹងសំណួរនេះឡើយ។ អ្នកគ្រូក៏ចាប់ផ្តើមចង្អុលហៅ “ មើល៍​វិសាល ឯងឆ្លើយម្តងទៀតមកមើល។”

វិសាលបានក្រោកឈរទាំងមានអារម្មណ៍ខឹង។ វាឆ្លើយទាំងកំបត់ៗទៅកាន់អ្នកគ្រូ” ពាក្យថា​សំរាម​គ្មានប្រយោជន៍អ្វីទាំងអស់ ក្រៅពីវាជួយលុបស្រះខ្ញុំ។ រីឯការបែងចែកសំរាម គ្រាន់តែគេ​រំខាន​យើង​ប៉ុណ្ណោះ។​” ឆ្លើយដូច្នេះធ្វើអោយសិស្សផ្សេងទៀតផ្ទុះសំណើចឡើង។

បើទោះបីសិស្សផ្សេងៗសើច ប៉ុន្តែគេមិនអាចឆ្លើយអ្វីដែរ។ នេះជាហេតុធ្វើអោយ​ វិសាល ខឹង​កាន់​​តែខ្លាំង។ អ្នកគ្រូបែរមុខទៅ ធារី មិនទាន់ទាំងចង្អុលផង ធារី ក្រោកឈរឡើងលើកដៃ សំពះអ្នកគ្រូ ដោយ​ឆ្លើយថា “ ច៎ា អ្នកគ្រូ បើតាមខ្ញុំយល់ សំរាម អាចបែងចែក ជាពីរប្រភេទប៉ុណ្ណោះ គឺប្រភេទសំរាមរលួយ និងសំរាមស្ងួតឬសំរាមមិនរលួយ។ សំរាមរលួយ​​មានប្រយោជន៍ ព្រោះ​យើង​អាចយកវាមកធ្វើជាជីសារីរាង្គ មកជំនួយ​ដល់ដំណាំ​ដែលប្រជាជនដាំដុះ។ រីឯ​សំរាមស្ងួត ត្រូវ​បែង​ចែកជាពីរទៀត គឺសំបកកំប៉ុង ឬដបទឹកសុទ្ធដែលគេអាច​យកទៅកែច្នៃបាន ហើយក្រៅពីនេះ​គឺជាសំរាមស្ងួតដែរតែវាមិនមានប្រយោជន៍ទេ។ ផ្ទុយទៅវិញវា​អាចប៉ះ​ពាល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ។ ដូច​នេះគេត្រូវកប់វាចោលក្នុងរណ្តៅដែលមានជម្រៅជ្រៅទើបមានមាន​សុវត្ថភាព។​នេះ​ជាមូល​ហេតុដែលសំរាម​តម្រូវឲ្យមានការបែងចែក ​និងមានសារៈសំខាន់ផងដែរ។”

អ្នកគ្រូទះដៃរូចនិយាយ “ សូមប្អូនទះដៃទាំងអស់គ្នាឡើង អបអរសារទរ ចំលើយដ៏ត្រឹមត្រូវរបស់ ធារី។

ម៉ោង​១១​.០០ព្រឹក ដល់ម៉ោងចេញទៅផ្ទះល្មម ស្នូរជួងចុងក្រោយបានឮកងរំពង។ រីឯ កុមារា វិសាលបានខឹង ច្រណែន នឹងធារី ឡើងហឹងត្រចៀកមិនខុសពីសំឡេងជួង។​ នៅក្រៅ អាគារសាលា ក្នុង​ហ្វូងសិស្ស ជាច្រើនចេញប្រសេចប្រសាចដើរ​ទៅផ្ទះវិញ វិសាល បានរត់ទៅវាយ ធារី ដោយ​មិន​ដឹង​ខ្លួនធ្វើអោយធារី យំទៀតហើយ។

ថ្ងៃមួយ នៅសាលា វិសាល មិនឃើញមករៀនឡើយ។ មួយថ្ងៃបន្ទាប់មក​ទើប​ដឹងដំណឹងថា វិសាល​ត្រូវបានឪពុកម្តាយបញ្ជូន ទៅមន្ទីរពេទ្យ ព្រោះវាមានឡើងពងៗ នៅលើស្បែក និង រាគ​យ៉ាង​ខ្លាំង។ នេះមកពីម្តាយរបស់វា បានទៅបះត្រកួន ដែលដាំក្នុងស្រះក្បែរផ្ទះគាត់មកស្លហូប។ រីឯ វិសាល តែង​តែហែលក្នុងទឹកសំអុយនោះផងដែរ។

នៅឯមន្ទីរពេទ្យកុមារ វិ​សាល បានធូរស្រាលហើយ។ ប៉ុន្តែនៅមានអាការៈ ស្លេកស្លាំង។ ដៃ​ខាង​​ឆ្វេង​របស់កុមារារូបនេះ កំពុងព្យូរសារ៉ូមនៅឡើយ។ ម្តាយរបស់វា បានយកកន្សែងដែលជ្រលក់ ទឹក​រួចពួតយ៉ាងស្ងួតមកជូតលើ ខ្លួន លើមុខ វិសាលថ្នមៗ ដើម្បីជូយអោយឆាប់ថយកំដៅខ្លួន។ មីង សយ បាននិយាយទៅកាន់កូនថា “ វិសាល កូនផុតគ្រោះថ្នាក់ហើយ។ ប៉ុន្តែ អ្នកគ្រូពេទ្យបានប្រាប់ម៉ែ​ថា នេះមកពីកូនងូតទឹកកខ្វក់ និង ញ៉ាំអ្វីមួយមិនចេះលាងដៃ។”

កំពុងដេកលើកគ្រែ បើកភ្នែករឹមៗ វិសាល បានសំលឹងមុខម្តាយ។ “ម៉ែ កូនខុស​ហើយ។ នេះ​​មក​ពីកូន មិនចេះស្តាប់ម៉ែនិងមិត្តភក្តិ។ កូនសោកស្តាយណាស់ដែលកូនតែងតែវៃធារី អោយយំ”

ធារីនៅរាល់ពេលដែល វិសាលវាយធ្វើបាប កុមារីបានតែត្រឹមស្រក់ទឹកភ្នែកប៉ុណ្ណោះ។ មាន​ថ្ងៃ​មួយ​នោះ វិ​សាល បានច្រាន នាងអោយដូល រួចកញ្ឆក់យកក្រដាសគំនូររបស់នាងទៅបាត់។ កុមារី យំ យ៉ាងខ្លាំងបន្ទាប់មកទើបសំរេច ចិត្តទៅប្តឹងអ្នកគ្រូ។ ប៉ុន្តែថ្ងៃនេះ ក្រោយពីដឹងថា វិសាល​ ឈឺខ្លាំង​ កំពុង​សំរាក​នៅមន្ទឺរពេទ្យ។ នាងមិនមានអារម្មណ៍សាទរក្នុងរឿងនេះទេ។ តែផ្ទុយទៅវិញ នាង មាន​អារម្មណ៍​អាណិត វិសាល​ណាស់។ ក្រោយពេលអ្នកគ្រូបានប្រាប់ពីព៌តមានអំពីកុមារា វិសាល​ចប់។​ កុមារី ធារី បានបើកសំពាធ របស់នាង រួចទាញប្រាក់ ១០០០ រៀល ដើរសំដៅទៅអ្នកគ្រូ” អ្នកគ្រូ! ប្រាក់នេះ ខ្ញុំជូនអ្នកគ្រូទុកជូន​​ដល់មីងសយ និងពូ សា សំរាប់ការចូលរួមចំណែកបន្ថយការ​ចំណាយព្យា​បាលដល់វិសាល។”

អ្នកគ្រូរំភើបយ៉ាងខ្លាំងកាលដែលឃើញ ធារី មានគំនិតផ្តើមយ៉ាងនេះ ហើយសិស្ស​ដទៃ​ទៀតក៏បានធ្វើតាម ធារីដើម្បី ជូយជាកំលាំងចិត្តដល់វិ សាល។

ស្អែកឡើង អ្នកគ្រូបាននាំសិស្សថ្នាក់ទី ៥​របស់អ្នកគ្រូទៅលេងផ្ទះ វិ សាល ដើម្បី សួរសុខទុក្ខ។ ព្រោះដឹងថា វិ សាល បានត្រឡប់មកពីមន្ទីរទេព្យគន្ធបុប្ឆាវិញហើយ។  អ្នកគ្រូបាន​យកប្រាក់សប្បុរស​របស់សិស្សទាំងអស់ទិញផ្លែក្រូច និងទឹក​ដោះគោឆៅខ្លះសំរាប់វិសាល។ ” ជំរាប សួរមីង ជំរាប សួរពួ! តើ វិសាល យ៉ាងម៉េចហើយ។”

-អូហ៍អ្នកគ្រូទេឬ! អើឡើងមកក្មួយៗ! វិ សាល អ្នកគ្រូនាំមិត្តរួមថ្នាក់ឯងមកលេង។

-វិ​សាល ដែលកំពុងដេកសំឡឹង​ផ្ទាំងក្រដាស​រូបភាពមួយសន្លឹកលើ​ជញ្ជាំងផ្ទះដែលមិនទាន់​ផាត់ព៌ណ​សព្ទ​ផង​ បានក្រោកភ្លាមឡើង។​” ជំរាបសួរ អ្នកគ្រូ!” ភ្លាមនោះដែរ ក្នុងចំណោមប្រហែល​២០នាក់ វិ សាល បានងាក់ទៅរកធារី រួចនិយាយភ្លាមថា” ធារី នោះគឺជាផ្ទាំងគំនូររបស់ឯង។ អោយខ្ញុំសុំ​ទោស​ធារី​ផង។ ខ្ញុំខុសហើយ។ ទើបតែថ្ងៃនេះទេ ដែលខ្ញុំដឹងថា ធារី និយាយ​ត្រូវ​គ្រប់​យ៉ាង។

ធារី កាលដែលឃើញក្រដាសគំនួររបស់ខ្លួន មិនរហែក ថែមទាំងនៅល្អស្អាត មានអារម្មណ៍​ត្រេក​អរណាស់។ រួចឆ្លើយទាំងញញឹមទៅ កាន់ វិ សាលថា “ ផ្ទាំង គំនូរខ្ញុំ មិនយកវិញទេ។ ខ្ញុំទុក​អោយ​មិត្ត​បានមើលវាជារៀងរហូត និងអាលបានជួយប្រាប់តៗគ្នាថា ភូមិយើងមិនត្រូវ​ការយក​សំរាមទៅ​ចោល​​ក្នុងស្ទឹងទៀតទេ។ ភូមិ ស្អាត ទឹកស្អាត គឺសុភាពរបស់យើង។

ចាប់ពីពេលនោះមក វិ សាល និងធារី ក្លាយជាមិត្តល្អនឹងគ្នាជារៀងដរាបមក។ មិត្តល្អចេះជួយ​គ្នា​ក្នុងពេល​មានអាសន្ន និងចេះយោគយល់គ្នាទៅវិញទៅមក។

ត្រពាំងរូង ថ្ងៃទី ៦ សីហា​ ឆ្នាំ២០១២

និពន្ធ ដោយ ទី ធាវី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s