រឿង ជាងប៉ះកង់ ដោយ ឡឹក ជំនោរ, ជ័យលាភីលេខ៣ ពាន​រង្វាន់អក្សរសីល្ប៍នូហាចឆ្នាំ២០១១

Captureកន្លង​មក សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស បាន​សហការ​ជាមួយ​នឹង​សមាគម​អក្សរ​សិល្ប៍​នូហាច សមាគម​អ្នក​សាបព្រោះ រៀប​ចំ​ការ​​ប្រកួត​ពាន​រង្វាន់​អក្សរសិល្ប៍​រៀង​រាល់​ឆ្នាំ។

ក្នុង​វេលា​នេះដោយ​បាន​ក្តីអនុញ្ញាត​ពី​អ្នកនិពន្ធ​​វណ្ណកម្ម សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​បរទេស​សូម​ផ្សាយ​រឿង​នេះ​ក្នុង​ទំព័រ​របស់​ខ្លួន ដើម្បី​ជា​គតិ​ពិចារណា​រឿង​ស្រុក​ទេស និង​ជា​ប្រយោជន៍​លើក​ស្ទួយ​អក្សរ​សាស្ត្រ​អក្សរ​សិល្ប៍​ខ្មែរ​យើង។

រឿង ជាងប៉ះកង់

ជ័យលាភីលេខ៣ ពាន​រង្វាន់អក្សរសីល្ប៍នូហាចឆ្នាំ២០១១

រក្សាសិទ្ធិគ្រប់យ៉ាង

          ក្រោយពីទទួលបានការណាត់ជួបពិភាក្សាការងារមួយនៅឯរាជធានីភ្នំពេញ ខ្ញុំសង្ឃឹមទុកថា ខ្ញុំប្រាកដជាបានទទួលនូវបទពិសោធន៍ និងគំនិតល្អៗពីសំណាក់រៀមច្បងជាមិនខាន។ ខ្ញុំត្រូវធ្វើដំណើរដោយរថយន្តជិតមួយពាន់គីឡូចេញពីប្រទេសទីពីរដើម្បីទៅភ្នំពេញ រួចបង្ហូសទៅស្រុកកំណើតខេត្តស្វាយរៀង។

ថ្ងៃណាត់ជួបក៏បានមកដល់។ ខ្ញុំធ្វើដំណើរចេញផ្ទះតាំងពី​ព្រលឹម​សំដៅរាជធានី​ដើម្បីជួបប្រជុំនៅពេល​    រសៀល។  ​មកដល់កំពង់ត្របែក​ផ្លូវជាតិលេខ១ ចៃដន្យ​ម៉ូតូ​របស់ខ្ញុំ​បែកកង់ ​ខ្ញុំក៏ឈប់រកជាងជួយប៉ះ។  ​​​​

កណ្តាលវាលក្តៅស្ទើរឆេះ ខ្ញុំអូសម៉ូតូរកជាងប៉ះ។ រំលងស្ពានមួយនោះខ្ញុំបានឃើញស្លាកសរសេរអក្សរព័ណ៌ស ថា៖ “ប៉ះកង់ម៉ូតូ” ហើយមាន​បុរសពិការជើងស្តាំម្នាក់កំពង់អង្គុយអានសៀវភៅលើគ្រែរនាបឫស្សី​ក្នុងខ្ទមប្រក់ស្លឹកត្នោត ក្រោមដើមក្រខុបជាប់ចិញ្ចើមថ្នល់។ ឃើញខ្ញុំភ្លាមគាត់កិលមករកខ្ញុំ។ ខ្ញុំឃើញសភាពគាត់នៅពេលនោះ ខ្ញុំខ្លោចផ្សាក្នុងចិត្តពេកប្រមាណ។ បុរសប៉ះកង់ម្នាក់នោះមិនត្រឹមតែពិការជើងស្តាំប៉ុណ្ណោះទេ ថែមទាំងពិការដាច់បាត់ប្រអប់ដៃឆ្វេងទៀតផង។  ខ្ញុំមិនទាន់ចេញស្តីអ្វីទេ ពូប៉ះកង់សួរខ្ញុំ៖

“ម៉ូតូរបស់ក្មួយកើតអីដែរ? អូបែកកង់!” ខ្ញុំតបទៅវិញ៖

“មែនហើយលោកពូជិះសុខៗក៏បែកកង់តែម្តង លោកពូជួយបានទេហ្នឹង” បុរសប៉ះកង់សម្លឹងមុខខ្ញុំក្នុងលក្ខណៈមួយចម្លែក ហើយញញឹមជាមួយដៃឆ្វេងគាបសោដោះគាស់សំបកម៉ូតូចេញមកប៉ះ។ គាត់ចាប់ផ្តើមប៉ះបណ្តើរសួរនាំខ្ញុំបណ្តើរ។ គាត់និយាយរៀបរាប់ពីនេះពីនោះរអ៊ូៗ។ ខ្ញុំអង្គុយលើគ្រែឫស្សីហើយចោលភ្នែកទៅក្នុងកូនខ្ទមរបស់គាត់។ ឆ្នាំងបាយ និងឆ្នាំងសម្លរបស់គាត់នៅព្យួរនៅឡើយលើជញ្ជាំងស្លឹកត្នោតដែលរហែកដោយកន្លែង ចានក៏នៅផ្កាប់ក្នុងកញ្ច្រែងឫស្សី។ “សម្រាប់ថ្ងៃនេះខ្ញុំប្រហែលជាអតិថិជនទី១របស់គាត់ហើយមើល៍ទៅ” ខ្ញុំគិតក្នុងចិត្ត។

អាវទាហានចាស់ក្អែលជាប់ដោយកន្លែង និងខោខ្លីរួញស្ទើរដល់ក្រលៀនជាសម្លៀកបំពាក់របស់គាត់នៅពេលនោះ។ ពូប៉ះកង់បែកញើសជោកខ្នង។ មើលសកម្មភាពការងារគាត់លំបាកខ្លាំង។ ខ្ញុំសូមជួយគាត់ប៉ុន្តែ​ គាត់មិនឲ្យខ្ញុំធ្វើទេព្រោះខ្លាចប្រឡាក់ខោអាវរបស់ខ្ញុំ។ តាមពិតទៅការងារប៉ះកង់នេះជាអាជីពរបស់ខ្ញុំកាលរៀននៅវិទ្យាល័យ។

“ក្មួយអើយ! សព្វថ្ងៃនេះអាកាសធាតុមិនយល់ចិត្តមនុស្សទៀតទេ ចង់ភ្លៀងក៏ភ្លៀងភ្លាម ចង់ព្យុះក៏ព្យុះ​  ភ្លាម​ រដូវកាលបានផ្លាស់ប្តូរ មិនទៀងទាត់…” គាត់ឈ្ងោកគាស់សំបកម៉ូតូផងនិយាយផង។  ខ្ញុំចាប់អារម្មណ៍

នឹងគំនិតគាត់ ហើយតបដើម្បីជាកម្លាំងចិត្តដល់គាត់។

“មែន​ហើយពូ ​រឿងរ៉ាវ​ទាំងអស់វា​កើតមកពី​មនុស្ស​ហ្នឹងឯង ជាអ្នកបំផ្លាញវា ហើយ​ក្រោយមកមនុស្សនេះឯង​ដែលជា​អ្នក​ទទួល​ស្នង​នូវទណ្ឌកម្មនេះ។” ខ្ញុំមមៃក្នុងចិត្ត “ហេតុអ្វី​បានជា​គាត់​ចាប់​អារម្មណ៍​លើការនេះខ្លាំង​ម្លេះ គ្រាន់តែជាជាងប៉ះកង់សោះ?”

គាត់​ក៏កាត់​ចង្វាក់​របស់ខ្ញុំ “អ្ហូ!…ក្មួយ! និយាយអ៊ីចឹង​គួរឲ្យ​អាណិត​ជនជាតិ​នូវែល​សេឡង់​ណាស់​…! ធម្មជាតិ​បានបំផ្លាញ​ជីវិត​ពួកគេ​រាប់សិប​ពាន់​នាក់ បើសិ​ន​ជាកើត​លើស្រុក​យើង​វិញប្រហែល​ជាគ្មាន​សង្ឃឹមរស់ទេ! ស្រាប់​តែមិនបានប៉ុន្មាន​ផង ពូក៏ឮរ៉ាដយោ​ផ្សាយ​ថា ប្រទេស​ជប៉ុន​ឯណោះ​ក៏ត្រូវ​រញ្ចួយដី​បំផ្លាញ​ជីវិតមនុស្ស​រាប់ម៉ឺន​នាក់ទៀត​”

ប្រយោគ​នេះ​បាន​ធ្វើខ្ញុំ​គិត​ដល់ប្រទេស​ជប៉ុន​ភ្លាម។​ សោកនា​ដកម្មនៅ​ឯប្រទេស​ជប៉ុន​ជាមេរៀន​មួយដែលធម្មជាតិ​ព្រមានលើ​មនុស្សលោក​ ជាពិសេសប្រទេស​មហាអំណាច​ដែលគិត​តែបំផ្លាញ​ គិតតែ​ចង់បាន ចង់កេង​ចំណេញ​លើ​ធម្មជាតិ​ ពិសេសសម្បត្តធម្មជាតិប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងកម្ពុជា។  ខ្ញុំក៏ទាញចំណាប់អារម្មណ៍​របស់គាត់​ឲ្យមក​មើល​អ្វីៗជុំវិញខ្លួនវិញ ហើយដាក់ជាសំនួរទៅគាត់។

“ពូមិនចាំបាច់ទៅគិតដល់ប្រទេសជប៉ុន ឬនូវែលសេឡង់ទេ ពូក្រឡេកមើលទៅវាលស្រែនៅម្ខាងនោះ ពូក៏យល់ដែរ មូលហេតុអ្វីបានជាវាលធំល្វឹងល្វើយនៅម្ខាងថ្នល់ក្តៅស្ងួតបែកក្រហែងយ៉ាងនេះ​? ទាំងអស់នេះ បានកើតមកពីបញ្ហាប្រែប្រួលអាកាសធាតុ។”

ពូពិការប៉ះកង់ដែលមិនស្គាល់ឈ្មោះបានទម្លាក់សោ​ចុះរួច​​បង្វែរ​ខ្លួនងាកមក​ខ្ញុំហើយស្រដីឡើងដោយភាពងឿងឆ្ងល់។

“អ្វីទៅជាការ​ប្រែប្រួល​អាកាសធាតុ​នោះក្មួយ… ពូធ្លាប់​ឮតែ​គេផ្សាយ​មិនយល់​ទាល់តែសោះ វាកើតពីស្អី​វិញ?” ខ្ញុំញញឹមហើយចុះពីលើគ្រែរួចអង្គុយលើដុំឈើក្បែរគាត់វិញ។

“អាកាសធាតុប្រែប្រួល ឬការឡើងកម្តៅផែនដីនេះគឺមកពីសកម្មភាពរបស់មនុស្សហ្នឹងឯង។ មនុស្សមិនបានគិតពីអនាគតម្តងណាទេ ភាពលោភលន់របស់មនុស្សគ្មានព្រំដែនទេពូ គេបំផ្លាញគ្រប់យ៉ាងជា​មធ្យោបាយដើម្បីធ្វើយ៉ាងណាឲ្យជីវិតរស់ម៉្ងៃៗប៉ុណ្ណោះ។”

“បើនិយាយពីភាពលោភលន់ពិតជាគ្មានព្រំដែនមែន។ កាលពូនៅអាយុសម្បាក្មួយ ត្រង់នេះជាកន្លែងដែលសម្បូរ​ទៅដោយព្រៃឈើ ​សត្វព្រៃ ព្រែកបឹងជាប់ៗ​ថ្នល់នេះសំបូរត្រីមិនចេះ​ខ្វះ ចង់ហូបទាញសន្ទូចទៅមួយស្របក់ហូបបានព្រឹកល្ងាច… ឥឡូវទៅរកមួយថ្ងៃកុំថាឡើយត្រីធំ សូម្បីតែ​កូនត្រី​មួយ​រកស្ទើរ​មិនបាន។ មនុស្សគេចេះ គេឆ្លាតរិះរក​វីធីគ្រប់យ៉ាង​ធ្វើយ៉ាងណា​ឲ្យតែបានចំណេញ គេប្រកាសក្តែងៗ​​ទន្លេសាប​សម្បូរ​ត្រី ព្រៃសម្បូ​រ​​​សត្វ ប៉ុន្តែខ្មែរនៅតែហូបត្រីមកពីបរទេស​ដដែល  នៅលើផ្ទៃបឹងទៀតសោត​មានផ្ទះ​មនុស្សទៀតផង។ ពូនៅតែមិនយល់ ហេតុអ្វីបានជាទៅជាបែបនេះ អ្វីៗវាប្រែប្រួលអស់ហើយក្មួយ​។”  ខ្ញុំដាក់​ចំណោទ​ក្នុងចិត្ត៖ “ខ្ញុំចាប់ផ្តើមនាំពូប៉ះកង់​ទៅកាន់តែ​ជ្រៅហើយ​ហ្តើ” រួចក៏ចាប់និយាយពីរឿងផ្សេងវិញ ហើយពន្យល់គាត់ឲ្យដឹងពីគោលការរបស់​រដ្ឋអំណាច​ដែលចង់កែប្រែ​មុ​ខមាត់​ជាតិឲ្យទាន់​ប្រទេសរីកចំរើន​ដ៏ទៃទៀត។ គាត់​មិន​ស្តាប់​ខ្ញុំទេ ​ហើយ​កិល​ទៅ​រៀប​​ចំសម្បក​ម៉ូតូ​វិញ។

“អភិវឌ្ឍន៍ ​អភិបាលកិច្ច​ស្អី​គេ​នោះ​ ពូស្តាប់​មិនយល់​ទេក្មួយ​អើយ… កូន​អ្នក​ស្រែ​ដូចយើង​គ្មាន​សំណាងនឹងឃើញអ្វីៗទាំង​នោះទេ គេគិត​គួរក្រពះ​គេសិន​ទើបគិត​ដល់ការ​អភិវឌ្ឍ អភិវឌ្ឍយូរៗ​ទៅ​គេ​លែង​ស្គាល់​​កម្ពុជា ​ឬខ្មែរ​ជានរណា​ហើយ ព្រោះ​តែការអភិវឌ្ឍន៍​នោះ បរទេស​គេ​កងទាំង​គ្រួសារ​មក​រស់នៅ​កម្ពុជា…។ ​​​​​​​     ឱកាសការងារ​របស់ខ្មែរ​ចាប់ផ្តើម​បាត់បង់​ជាដរាប មកដល់​ពេលនេះ​គេមិន​ទាន់ទទួល​ស្គាល់​សមត្ថភាពកូនខ្មែរ​នៅឡើយទេ​។ អភិវឌ្ឍ​ពីកាប់ព្រៃ​ដាំឈើ ​តើ​វាខុសគ្នាត្រង់ណា…?​ អ្នក​មាន​រកវិធីគ្រប់យ៉ាង​ដើម្បី​កេងចំណេញ​ពីអ្នកក្រ។ ម្ង៉ៃៗ​លោកអ្នកមាន​ សេដ្ឋី​ គេប្រជុំ​គ្នា​តាម​ហាងគុយ​ទាវ ហាងកា​ហ្វេ ដើម្បីរិះរកមធ្យោបាយទាញចំណេញ​​ពីជាតិ ពីប្រជាជន​ក្រីក្រ អ្នក​រៀន​ខ្ពស់ៗ​មួយចំនួនយ​កចំណេះ​មកប្រើ​លើផ្លូវ​មិនត្រូវ រៀន​កាន់​តែខ្ពស់គំនិត​បោកប្រាស់​កាន់តែ​ច្រើនទៅៗ​” មកដល់ត្រង់​ចំណុច​នេះ ខ្ញុំ​ដូច​ជាស្រងាក​ចិត្តនឹងគាត់ ហើយចាប់សង្ស័យនឹងជនពិការម្នាក់នោះ “ហេតុអ្វីបានជាគាត់​មាន​ទស្សនគតិ​ទៅលើ​រឿងនេះ​ខ្លាំង​ម្លេះ?​” ខ្ញុំនឹកខ្មាស​ខ្លួនឯង “ហេតុអ្វីបានជាខ្លួនឯងរៀនបានខ្ពស់ មានចំណេះដឹង​ពេញខ្លួន​បែរជា​មើលរំលង​ទៅវិញ​ ឬមួយ​មនសិកា​បាន​បង្វែរ​ខ្ញុំឲ្យ​ងាក​ទៅ​តាម​ផ្នត់គំនិត​ដែល​ខុសឆ្គង​?” ​ខ្ញុំសួរ​ទៅពូ​ប៉ះ​កង់​បន្ត​ដោយ​ចង់ដឹង​ពីពិការភាព​របស់​គាត់។

“លោក​​ពូជា​អតីត​យុទ្ធជន​មែនទេ?​” សំនួរ​នេះ​បានពញាក់​គាត់​ឲ្យ​ងាក​មក​ខ្ញុំ​ម្តង​ទៀត​។

“ក្មួយ​គិត​ថា ពូជា​អ្នក​បោក​គ្រាប់​បែក​យក​ត្រីមែន​ទេ បាន​ជាសួរ​បែរ​នេះ? ពូជា​ទាហាន​ម្នាក់​កាល​ពីស្រុក​យើង​ធ្លាក់​ក្នុង​ភ្លើង​សង្រ្គាម​… ​សង្គ្រាម​បាន​ធ្វើ​ឲ្យពូមាន​វិប្បដិ​សារី​រហូត​មក​ដល់ពេល​នេះ ពូមិនសោក​ស្តាយ​​ការបាត់​បង់ទៅ​របស់ពូ​នោះទេ។ ពូជា​កូនខ្មែរ ពូមាន​ភារកិច្ច​ការពារ​ជាតិ ការពារ​ទឹកដី ស្វែង​រកសុខ​សន្តិភាព​ជូនខេមរា។ ឥឡូវ​ស្រុក​សាន្ត​​ត្រាណ​ហើយ រាស្ត្រ​មាន​សេចក្តី​សុខមាន​សន្តិភាព​​ហើយ ពូញញឹម​បាន ញញឹម​នៅ​ក្នុងកូនខ្ទម​កម្សត់​ដំបូល​បីបួន​កណ្តប​ជាប់​ចិញ្ចើម​ថ្នល់​ដូច​ក្មួយ​បានឃើញស្រាប់។​ ជីវិត​ពូដូច​ជាគល់​ឧសដែល​គេដុតឆេះ​មិនអស់​អីចឹង ចង់យក​ទៅធ្វើគ្រឿងសង្ហារិម​ក៏ច្នៃ​មិនកើត​ដែរ។ ពូ​គ្មាន​របរ​អ្វីក្រៅពីប៉ះកង់ទេ ពូមិនអាចទៅរែកដី លីសែងនៅទីក្រុងដូចជាមនុស្សមានអវយវៈឡើយ។​ ជីវិតម្ង៉ៃកាត់ម្ង៉ៃកោរនេះជាជីវិតតាមចិញ្ចើមផ្លូវរបស់ពូ  ហើយក្តីសុខក៏ជាក្តីសុខបែបជនពិការ ពេលខ្លះពូដេកអត់បាយក៏មានដែរ។” ជនពិការបានបង្ហូរអារម្មណ៍បកស្រាយជីវិតពិតមួយដែលគាត់កំពុងឆ្លងកាត់។

“ហេតុអ្វីពូមិនទៅរកមណ្ឌលយុទ្ធជនពិការនៃក្រសួងសង្គមកិច្ចទៅក្រែងគេជួយបានខ្លះ?” ខ្ញុំសួរបន្ថែមទៀត។

ពូប៉ះកង់ងើបមើលមុខខ្ញុំហើយលេបទឹកមាត់ចូលក្នុងបំពង់ករួចតប “គ្មានសង្ឃឹមទេក្មួយ! បានដូចជាមិនបានអីចឹង សុខចិត្តរកមួយពោះរស់មួយខ្លួនល្អជាង។ ពូមិនអាចឲ្យមនុស្សគេមើលងាយព្រោះតែការលើកដៃសំពះសុំគេតាមទីប្រជុំជនទេ។ ភ្នែកពូនៅមើលឃើញពន្លឺព្រះអាទិត្យ ដង្ហើមនៅតែដក ពូមិនអាចសំពះសុំនរណាជាដាច់ខាត។ ពូបានបូជាអស់ហើយ មិនថាឡើយរាងកាយទឹកចិត្ត ជាតិនេះពូស្លាប់ទៅក៏បិទភ្នែកជិតដែរ…” ពូប៉ះកង់បានបង្ហើរវិប្បយោគដួងចិត្តគួរឲ្យស្រណោះ ស្រណោះអាណិតរហូតខ្ញុំគ្មានអ្វីនឹងឆ្លើយតបទៅគាត់វិញ។

ទោះបីគាត់ជាជនពិការក៏ពិតមែនប៉ុន្តែទឹកចិត្តរបស់គាត់មិនបានពិការនោះទេ។ គ្រាប់ប្រយោគរបស់គាត់បានបង្កប់នូវន័យយ៉ាងជ្រាលជ្រៅ​ ហើយសាកលវិទ្យាល័យដែលខ្ញុំបានសិក្សាកន្លងមកមិនបានបង្ហាញពី   ​ទស្សនៈ​គតិអស់​ទាំង​នេះ។ ខ្ញុំនឹ​កខ្មាសគាត់ ខ្មាសខ្លួនឯងដែលមនុស្សទាំងឡាយចាត់ទុកថា ជាបញ្ញាជនមួយ​រូប ប៉ុន្តែមិនអាចស្មើពូប៉ះកង់បាន។ សាកលវិទ្យាល័យលោកពូប៉ះកង់បានបង្រៀនខ្ញុំនូវវិទ្យាសាស្ត្រសង្គមមួយ ដែលជាបទពិសោធន៍ជីវិតរបស់គាត់ និងសង្គមខ្មែរ។ “ជនពិការម្នាក់នេះគួរណាស់តែត្រូវបានទទួលកម្លាំងចិត្ត និងការឧបត្ថម្ភ លើកកម្ពស់ទើបត្រឹមត្រូវ” ខ្ញុំនឹកគិតក្នុងចិត្ត។  ថ្វីបើគាត់កិលលើដីប៉ះកង់ក៏ពិតមែនក៏គាត់មិនបានគិតច្រណែនឈ្នានីសនរណា គាត់រស់លើកម្លាំងញើសឈាមរបស់គាត់យ៉ាងប្រត្យក្ស។​  ម្រាមដៃខ្លីក្រិនរកមើលមិនយល់ ជើងស្តាំពិការលើជង្គង់ក្រាំងព្រោះតែការទ្រទម្ងន់ដងខ្លួន និងការងាររបស់គាត់ ជាសញ្ញាបញ្ជាក់ថា គាត់បានពុះពារគ្រប់ឧបស័គ្គដើម្បីជីវិតបានរស់  រស់ដើម្បីមើលភ័ព្វវាសនារបស់កម្ពុជា មើលការរីកចម្រើនរបស់រាជាណាចក្រអច្ឆរិយៈ ខណៈដែលជីវិតចុងក្រោយរបស់គាត់ស្ថិតនៅក្នុងខ្ទមស្លឹកត្នោតដ៏តូចចង្អៀត។

ក្រោយពេលគាត់បានរៀបចំប៉ះកង់ម៉ូតូរួចរាល់ ខ្ញុំហុចប្រាក់ឲ្យគាត់ចំនួនប្រាំដុល្លារអាមេរិក។ គាត់ក្រវីក្បាលដាច់ខាតមិនទទួលប្រាក់នោះ ហើយនិយាយតិចៗ “សុំទោសចុះក្មួយ ពូមិនស្គាល់ក្រដាសប្រាក់នេះទេ ហើយមិនដឹងជាចាយវាយយ៉ាងម៉េចផងដែរ ក្មួយជាខ្មែរគួរតែប្រើលុយរបស់ខ្មែរ” ខ្ញុំមើលទៅគាត់ដោយអារម្មណ៍ផ្សេងៗ ហើយវែកកាបូលុយរកមើលលុយខ្មែរ រួចហុចឲ្យគាត់ក្រដាសប្រាក់មួយម៉ឺនរៀលវិញ។

“ប្រាក់នេះវាលើសពីតម្លៃដែលពូត្រូវបាន ឲ្យពូមួយពាន់រៀលបានហើយ។” ជាងប៉ះកង់គ្រវីក្បាលរាដៃ។  ខ្ញុំព្យាយាមឲ្យប្រាក់ទៅគាត់។

“ក្មួយឲ្យក្រដាសរាយមកពូក៏បាន” គាត់ដាក់សំណូមពរដោយភ្នែករបស់គាត់មិនមើលមកខ្ញុំ។

គាត់ប្រហែលជាគ្មានលុយអាប់ទេ តាមខ្ញុំស្មាន។ ខ្ញុំក៏ប្រាប់ទៅគាត់វិញថា “ថ្លៃប៉ះម៉ូតូមួយពាន់រៀល ហើយប្រាំបួនពាន់រៀលទៀតខ្ញុំជូនពូ ពូយកទុកប្រើប្រាស់ចុះ!” ពូប៉ះកង់ទទួលយកប្រាក់នោះទាំងអល់អែកហើយតបមកខ្ញុំ “អរគុណក្មួយច្រើនណាស់ ប្រាក់នេះស្មើនឹងកំរៃដែលពូរកមួយអាទិត្យ​ឯណោះ”។

ពូប៉ះកង់ក៏សួរនាំពីការធ្វើដំណើររបស់ខ្ញុំ។ “ខ្ញុំធ្វើដំណើរទៅជួបអ្នកគ្រូរបស់ខ្ញុំនៅឯភ្នំពេញ ប៉ុន្តែឥឡូវមិនបន្តទៅមុខទៀតទេ” ខ្ញុំញញឹមហើយខ្ញុំតបទៅគាត់។

“ហេតុអ្វីបានជាក្មួយមិនទៅអីចឹង លោកមិនរង់ចាំទេឬ?” ខ្ញុំគិតភាំងមួយសន្ទុះទើបតប

“មិនមែនក្មួយមិនចង់ទៅរកគាត់ទេ ប៉ុន្តែពេលនេះវាជ្រុលពេលទៅហើយ ហើយម្យ៉ាងទៀតមេរៀនដែលអ្នកគ្រូត្រូវណែនាំពីបញ្ហាសង្គមថ្ងៃនេះ​ លោកពូបានបង្ហាញខ្ញុំរួចទៅហើយ មិនចាំបាច់ទៅក៏បានដែរ”

ពូប៉ះកង់គ្រវីក្បាលរួចសម្លឹងមកខ្ញុំដោយភាពងឿងឆ្ងល់

“អូហ៍! គំនិតជនពិការ របរប៉ះកង់តាមចិញ្ចើមថ្នល់ដូចជាពូ មានមនុស្សយកទៅគិតពិចារណាដែរ?”

ខ្ញុំញញឹមទទួលជាមួយនឹងចម្លើយក្នុងចិត្ត “គាត់ប្រហែល​ជាមិនដឹងថាគាត់ក៏ជាគ្រូម្នាក់ដែលបង្រៀន​មេរៀនជីវិតដ៏សំខាន់ដល់ខ្ញុំនោះទេមើលទៅ៕”

និពន្ធដោយ ឡឹក ជំនោរ

ប្រទេសថៃ ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០១១

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s