រឿង​ខ្លី៖ ខ្យល់សមុទ្រ​ និពន្ធដោយ ប៉ិច​ សង្វាវ៉ាន

(មាត់សមុទ្រ នៅ​ទីក្រុង​នីសក្នុងប្រទេសបារាំង)

@រក្សាសិទ្ធិគ្រប់យ៉ាង

«វិស្សមកាល» ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ ប្រៀប​បាន​នឹង​គុលិកា​ទិព្វ​អាច​បន្សាបបាន​នូ​វ​ការ​នឿយ​ហត់ ភាព​​ល្វីង​ជូរ​ចត់​គ្រោត​គ្រាត​ក្នុង​ការងារប្រចាំថ្ងៃ ​។

ឱ ! វិស្សមកាល ​ពាក្យ​នេះបាន​ខាត់​អារម្មណ៍​អួរ​អាប់​របស់​ខ្ញុំ​ឲ្យ​ភ្លឺ​ថ្លា ញ៉ាំង​ឱរា​ខ្ញុំ​ឲ្យ​ធូរ​ស្បើយ​មួយ​គ្រា និង​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំភើប​អណ្តែត​ទៅ​រក​ភ​ព​មួយ​ទៀតគឺ «ភព​សេរីភាព»។

ចំពោះ​ខ្ញុំ​ដែល​នៅលីវ សេរីភាព​របស់​ខ្ញុំ​នោះ​ គឺ​ការ​មិនពុំ​ទាន់​​​ចំណង​គ្រួសារ។ ប៉ុន្តែ ​ម្តងៗ​ការ​អផ្សុក​រមែង​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​បាន​ភរិយា​ម្នាក់​នឹង​គេ។ ខ្ញុំ​គិត​ថា ការ​មាន​គូ​គ្រង​ប្រចាំ​ជីវិត​អាច​កំចាត់​ភាព​ត្រម៉ង់​ត្រម៉ោច​តប់​ប្រម៉ល់​បាន។ ជួន​កាល ខ្ញុំ​ធ្លាប់​ស្រមៃ​ថា បើ​ខ្ញុំ​មាន​ភរិយា​ជា​នារី​ខ្មែរ​ម្នាក់​ដែល​ប្រកប​ដោយ​ឧត្តម​គតិ​ និង​មានគោលបំណង​ប្រហាក់​ប្រហែល​ខ្ញុំ ​នោះ​ ​ខ្សែ​ជីវិត​របស់​ខ្ញុំ​នឹង​ពោរ​ពេញ​ទៅ​ដោយ​សុភមង្គល​ពិតៗ។​ ក៏​ប៉ុន្តែ​ ការ​ស្វែង​រក​នារី​ក្នុង​ឧត្តមគតិដូច​ខ្ញុំ​នេះ មិនមែន​​ជា​ការ​ងាយ​ប៉ុន្មាន​ឡើយ។ រឿង​វិបត្តិ​ស្នេហា ការ​លែងលះ​ប្តីគ្នាដែលមិត្ត​ភក្តិបានជួបប្រទះបាន​ស្ទះនិងស្ទាក់​បំណង​ខ្ញុំ​ជា​រឿយៗ​។ បញ្ហាទាំងនេះ ជាមូលហេតុបណ្តាលឲ្យខ្ញុំ​នៅ​​កំលោះ​រហូត​​មក​ដល់ថ្ងៃ​នេះ ។ មិត្ត​ភក្តិ​ខ្ញុំ​ខ្លះតែងតែ​ចំអន់​ថា ខ្ញុំ​ជា​បុរស​បេះ​ដូង​ដែក។ គេ​ដឹង​ថា ចិត្ត​ខ្ញុំ​ហាក់​បីដូចជា​ស្លាប់​ ​មុន​រូប​កាយ​ខ្ញុំ​ទៅ​ទៀត។

ទោះ​បីជា​យ៉ាង​នេះ​ក៏​ដោយ ក៏​ខ្ញុំ​រមែង​ខំ​ទម្លាប់និងសម្រប​ខ្លួន​ឲ្យ​ចេះ​រស់​នៅដូច​ជន​ជាតិ​គេ​ខ្លះៗ ដូច​ជា​ចេញ​ដើរ​កម្សាន្ត​លំហែ​កាយ​ពេល​វិស្សមកាល​រៀងរាល់​ឆ្នាំជាដើម។

ព្រះ​សុរិយាក្នុងខែ​សីហា​ជះ​កាំរស្មីក្តៅ​ស្ងួត​លើ​ផែន​ពសុធា​ និង​សត្តនិករ​ទាំង​ឡាយ។ ខ្ញុំកំពុងតែ​​បើក​ឡាន​​តែម្នាក់​ឯង​សំដៅ​ទៅទីក្រុង​នីស(NICE)។ នៅ​ក្រោយ​​ចង្កួត​រថយន្ត​​ម្នាក់​ឯង​យូរៗ​ទៅ ​ ​​ខ្ញុំ​កាន់​តែ​ស្រណោះ​ខ្លួន​ឡើងៗ ព្រោះ​នៅ​ក្បែរ​ខ្លួន គ្មាន​អ្នក​ណា​សាសង​ជាមួយ​ដូច​អស់​នឹង​គេ។ ​ ឆ្នាំ​នេះ ​ ​ខ្ញុំដឹង​ខ្លួន​ថា ​កាន់​តែ​ត្រម៉ង​ត្រម៉ោច​មែន​ទែន​។ ខ្ញុំ​ស្រមៃ​ឮ​វាចា​អ្នក​ម្តាយ​ខ្ញុំ​មានប្រសាសន៍​រងំ​ក្នុង​ត្រចៀក​ខ្ញុំ​៖

–      «ឧត្តម! ម៉ាក់​ចង់​ឲ្យ​កូន​ឯង​គិត​គូរ​រក​ប្រពន្ធ​នឹង​គេ​ទៅ កុំ​នៅយូរ​ពេក។ នាង​កល្យាណីនោះ​ជា​អ្នក​ណា? ម៉ាក់​ដឹងថាឯង​កោត​សរសើរ​ និង​លើក​តម្លៃ​នាង​ណាស់។ បើ​កូន​ស្រឡាញ់​គេ​មែន​ ​ចាំ​ដល់​ណាទៀត ម៉េច​ក៏​មិន​សារភាពប្រាប់នាង​ភ្លាម​ទៅ?…»

ខ្ញុំ​ផ្ទះ​សំណើច​ដោយ​មិន​ដឹង​ខ្លួន​។ ខ្ញុំគិត​ថា អ្ន​ក​ម្តាយ​ខ្ញុំ​យល់​ច្រឡំ​ទៅលើ​មិត្តភាព​រវាង​អ្នក​បង​កល្យាណី​និង​ខ្ញុំ​មែន​។ នេះ​​មក​ពីអ្នក​ម្តាយពុំ​ដែល​ឃើញ​ខ្ញុំ​ទាក់​ទង​​នារី​ណាសោះ។ អ្នក​ម្តាយ​ឃើញ​ខ្ញុំ​និង​អ្នក​បង​កល្យាណី​មាន​ចិត្ត​គំនិត​ស្រដៀង​គ្នា។ ប៉ុន្តែ​ តាម​ពិត អ្នកស្រីកល្យាណី​មាន​គ្រួសារនិង​មាន​កូន​ធំៗ​ទៅហើយ។ ខ្ញុំ​ចាត់ទុក​អ្នក​ស្រីកល្យាណី​ដូចជា​បង​ស្រីបង្កើត​របស់​ខ្ញុំ​។ អ្នកស្រីជា​មិត្ត​នារី​ល្អ​ម្នាក់​ដែលមាន​គុណសម្បត្តិ​គួរ​ឲ្យ​សង្ឃឹម​និង​ទុក​ចិត្ត​ ។ គាត់​ជាមនុស្ស​ត្រឹម​ត្រូវ​ មិន​យក​គុណ​ជា​ទោស មិន​យក​ស​ជា​ខ្មៅ ខុស​ហើយ​និង​ត្រូវ គាត់​ចែក​​ដាច់​ស្រឡះ។ មិន​តែប៉ុណ្ណោះ​ អ្នក​ស្រី​កល្យាណី​ជា​មនុស្ស​សាច់​ការ មាន​ប្រសិទ្ធ​ភាពក្នុងការងារ​ និងក្នុង​ទំនាក់​ទំនងផ្សេងៗ។ បើ​គាត់​សន្យា​ថា ធ្វើ​អ្វី​ គាត់​ត្រូវតែ​ធ្វើ​ជា​ដាច់​ខាត​ទោះ​ជាយូរ​ឬឆាប់​ក្តី។ ​ក្នុង​ការងារ​ដែល​មាន​កម្រៃ​ក៏​ដូច​ជា​គ្មាន​កម្រៃ គាត់​មាន​មនសិការ និង​សតិ​សម្បជញ្ញៈ មិន​ដែល​បោះ​បង់​កិច្ចការ​​ចោល​កណ្តាល​ទី​ឡើយ។ ចំណង​មិត្ត​ភាព​រវាងអ្នកស្រីកល្យាណី​និងរូបខ្ញុំ​​កាន់​តែរឹង​មាំ​ឡើង​ ដោយសារ​យើង​ទាំងពីរ​មាន​និស្ស័យ​ស្រដៀង​គ្នា​ ។

រថយន្តខ្ញុំបរ​លឿន​ទៅមុខកាត់​ក្រុង​មួយ​ទៅ​ដល់​ក្រុង​មួយ។ ហួស​ពី​ក្រុង​លីយ៉ុង (Lyon) ចូល​​ទៅដល់​ក្រុង​​ម៉ាក​សី(Marseille)… ទីបំផុត​ ខ្ញុំ​​បានទៅ​ដល់​គោរដៅ គឺទីក្រុង​នីស(Nice)។

យប់​បន្តិច​ទៅ​ហើយ ខ្ញុំ​​មក​ដល់​ផ្ទះ​មួយ​ដែល​ខ្ញុំ​បានជួល​ទុក​ជាទីសំណាក់។ គឺ​ជា​បន្ទប់​តូច​មួយ​ដែល​ប្រកប​ដោយ​ការ​តុប​តែង​​យ៉ាង​ប្រណិត​គួរ​ជា​ទី​មនោរម្យ។

បន្ទាប់​ពី​ជញ្ជូនអីវ៉ាន់ពី​ក្នុង​ឡាន​ទៅ​ដាក់​ក្នុង​បន្ទប់​រួច ដោយ​ហេវ​ហត់​អស់​កម្លាំង​ខ្លាំង​ពេក ខ្ញុំ​ក៏​ទម្រេត​កាយ​សម្រាកនៅ​លើ​ពូ​ក​ដ៏​ទន់​ល្មើយ​មួយ​រំពេច។​ ត្រូវ​វាយោបក់​មក​រំភើយៗ​តាម​​មាត់​បង្អួច​ ខ្ញុំ​ក៏​លង់​លក់​អស់​មួយ​ស្រឡេត​ធំ។ លុះ​ភ្ងារ​ខ្លួន​ឡើង​កាល​ណា ទ្រនិច​នាឡិកាចង្អុល​ម៉ោង​២១​ទៅ​ហើយ។

ក្រោយ​ពី​បរិភោគ​បាយ​ និង​ម្ហូប​ចំណី​ដែល​មាតា​ខ្ញុំ​បាន​រៀប​ចំ​ដាក់​មក​ឲ្យ​នោះ​រួច ខ្ញុំ​ក៏​យក​ផែន​ទី​ក្រុង​​នីស​មក​មើល​មួយ​ត្រួស​ពី​ត្រួស​ដើម្បី​រក​ផ្លូវ​ផ្ទះ លោក​ពូ​កុសល​ ដែល​ត្រូវ​ជា​មិត្ត​ភក្តិ​របស់​មាតា​បិតា​ខ្ញុំ​។

តាម​ប្រសាសន៍​របស់​មាតា​ខ្ញុំ លោកពូ​កុសល បា​នអញ្ជើញ​មក​រស់​នៅ​ប្រទេស​បារាំង​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ ប៉ុន្តែ​ ខ្ញុំ​ពុំ​ទាន់​មាន​ឱកាស​ស្គាល់​គាត់ឡើយ។ អ្នក​ម្តាយ​ខ្ញុំ​តែង​តែ​​សរសើរ​អំពី​លក្ខណៈសម្បត្តិ​ និង ​ចិត្ត​គំនិត​​រ​បស់លោកពូ​កុសល​ជា​រឿយៗ ដែ​លជា​ហេតុ​បណ្តាល​ឲ្យ​ខ្ញុំ​ចង់​ស្គាល់​លោកពូ​ជា​ពន់​ពេក។

—————————————————————–

រាត្រី​​នោះ​ឯង ខ្ញុំ​បើក​រថយន្ត​ទស្សនា​ទីក្រុង​នីស​។ «នីស» ជា​ទីក្រុង​មួយ​ល្អ​ប្រណិត ។ ក្រុង​នីស​មាន​សមុទ្រ​ធំ​ល្វឹង​ល្វើយ​ដាច់​កន្ទុយ​ភ្នែក។ គួរ​ឲ្យ​សប្បាយ​មែន! ជន​ទេសចរ​គ្រប់​គ្នា​ដែល​បាន​មក​ឃើញ​ទីនេះ​ហើយ គេ​ប្រាកដ​ជាដូច​​ខ្ញុំ ​មិន​អាច​អត់​ទ្រាំ​សរសើរ​ ​។ ដួង​ចិត្ត​ខ្ញុំ​ដែល​លែង​ចេះ​រំភើប​ត្រេក​ត្រអាល​នឹង​សម្រស់​ធម្មជាតិ​ជាយូរ​ឆ្នាំ​មក​ហើយ​នោះ ក៏​ស្រាប់តែ ​រំជើប​រំជួល​ស្រើប​ស្រាល​រក​ថ្លា​ថ្លែង​ពុំ​បាន​។ នៅ​តាម​បណ្តោយ​វិថីមួយ​ដែល​​មា​នឈ្មោះថា «ការ​ដើរ​កម្សាន្ត​នៃ​ជន​ជាតិ​​អង់គ្លេស Promenade des Anglais» ខ្ញុំ​​ឃើញ​ដើម​ដូង​ ដើម​ត្នោត​ និង​បុប្ជជាតិ​នានា​ដែល​ខ្ញុំ​កម្រ​​បាន​ឃើញ​នៅ​ក្នុង​តំបន់​ផ្សេង​ៗ។ ​ខ្ញុំ​ញាប់​​ញ័រ​រន្ធត់​មួយ​រំពេច ​នឹក​ស្រណោះ​​សម្រស់​​ក្រុង​កែប​ និង​ ក្រុង​កំពង់​សោម​ នឹកសមុទ្រ​ខ្មែរ​ដ៏​ល្អ​ដែល​ខ្ញុំ​ខាន​​បាន​ឃើញ​ជា​យូរ​ខែឆ្នាំ​មក​ហើយ។

នៅតាម​ផ្លូវ​មាត់​សមុទ្រ​ គេហដ្ឋាន​ខ្ពស់ៗ និង​សណ្ឋា​គារ​ទំនើប​ៗ ស្ថិត​នៅ​ជ្រងោ​ក្រោម​រស្មី​អគ្គីសនី​ភ្លឺ​ព្រោង​ព្រាត។ ចំពោះខ្ញុំ ​ទីនេះក្លាយ​ជា​ស្ថាន​សួគ៌លោកិយ៍​ពិត​ប្រាកដ។ ក្រុងនីសពិតជាមានសម្រស់មែនក្នុងរាត្រីកាល។! ទីក្រុង​នីស​អើយ! កាល​បើ​ខ្ញុំ​បាន​យល់ បាន​ស្គាល់អ្នកហើយ ខ្ញុំ​មិន​អា​ច​បរិយាយ​ប្រាប់​អ្នក​ថា ទ្រូង​ខ្ញុំ​រំភើបមិនអាចនៅស្ងៀមមិន​សរសើរ​លំអ​របស់​អ្នក​ឡើយ។ អ្នក​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​នឹក​អាល័យ​ដល់​មាតុភូមិ​កម្ពុជា​ជា​ទីស្នេហា​របស់​​ខ្ញុំ​ ព្រោះ​រុក្ខ​ជាតិ​និង​បុប្ជជាតិភាគ​ច្រើន​ដែល​ដុះ​នៅ​ទីនេះ​ជាប្រភេទ​រុក្ខ​ជាតិ បុប្ជ​ជាតិ​ដែល​ដុះ​នៅ​លើ​ទឹក​ដីខ្មែរ។

ខ្ញុំ​ចុះ​ចាក​រថយន្ត​ហើយឈរ​សម្លឹងមើល​សមុទ្រ​​ធំធេងដាច់កន្ទុយភ្នែក ហើយ​ខំ​ស្រូប​យក​ខ្យល់​សមុទ្រ​ដាក់​ពេញ​សួត។ រំពេច​​នោះ​ ខ្ញុំ​ឃើញ​គូ​សង្សារ​បារាំង​មួយ​គូ​ដើរ​កៀក​កើយ​គ្នា​យ៉ាង​សប្បាយ​កាត់​មុខ​ខ្ញុំ។ ចិត្ត​ខ្ញុំ​នឹក​ព្រួច​កម្សត់​ខ្លួន​ដែល​​មក​ស្គាល់​សមុទ្រ​«នីស»​តែម្នាក់​ឯង។​ឳ! ទេពធីតា​របស់​ខ្ញុំ​អើយ! តើ​កែវ​ស្ថិត​នៅ​ទីណា? តើ​ខ្ញុំ​មា​នវាសនា​បា​នត្រឹមតែ​ឃើញ​នាង​ក្នុង​សុបិន​និមិត្ត​ប៉ុណ្ណោះ ​ឬ​យ៉ាង​ណា? ពេលនេះ ប្រសិន​បើ​ខ្ញុំ​មាន​គូ​កៀក​កើយ​ដូច​គេ​ ពុំ​ដឹង​ជា​ទីក្រុង​នីស​កាន់​តែ​មាន​សម្រស់​និង​មាន​ន័យ​ចំពោះ​ខ្ញុំ​ដល់កម្រិត​​ណា​ទៅ?

(​មាត់សមុទ្រនៅក្រុងនីស​ ត្រង់ម្តុំដែលគេហៅថា​ការដើរកំសាន្តនៃជនជាតិអង់គ្លេសនៅក្រុងនីស
Promenade-des-Anglais)

ថ្ងៃ​បន្ទាប់​មក​ទៀត ខ្ញុំ​បរ​រថយន្ត​កាត់ម្តុំ​វិថី«​ដើរ​កម្សាន្ត​នៃ​ជន​ជាតិ​អង់គ្លេស» រួច​បង្ហួស​ទៅផ្លូវសហរដ្ឋអាមេរិក (Quai des Etats-Unis) នៅជួរមាត់សមុទ្រពីរបី​ត្រួស​ទម្រាំ​រក​កន្លែង​ចត​ឡាន​បាន។

(មាត់សមុទ្រនីស នៅត្រង់ម្តុំQuai des ETATS UNIS)

  មនុស្សម្នាមីរដេដាស​នាំ​គ្នា​មក​សំដិល​ហាល​ថ្ងៃ​នៅ​មាត់​សមុទ្រ។​ស្រ្តី​ភាគ​ច្រើន​ៗ​ប្រដាប់​ដោយ​សម្លៀក​បំពាក់​ងូត​ទឹក។  ស្រ្តី​ខ្លះ​ទៀត​លែង​ខ្លួន​ននល​ឥត​ខ្មាស​អៀន ដេក​សំដិល​ហាល​កាយ​បញ្ចេញ​កេរ្តិ៍​ខ្មាស​ក្រោម​កម្តៅ​ថ្ងៃ ​     ហាក់​ដូច​ជា​គ្មាន​រំខាន​​ ឬ    ​ទើស​ទាល់​បន្តិច​សោះ​ក្រោម​ការ​គយ​គន់​ពីរូប​ខ្ញុំ។ ឱ! ហេតុតែអ្នក​ទាំង​នេះ​រស់​នៅ​ក្នុង​ប្រទេសជឿនលឿន​ស៊ីវិល័យ! ខ្ញុំ​គ្មាន​បំណង​ដើរ​មើល​ភាព​អាក្រាត​ទាំង​នេះ​ទេ។ ប៉ុន្តែ​ខ្ញុំ​រក​កន្លែង​តូច​មួយ​ពុំ​ទាន់បាន។

ចៃ​ដន្យ​អ្វី ស្រាប់​តែ​ជំហាន​ខ្ញុំ​បាន​ឈប់​នៅ​ជិត​នារី​ម្នាក់​ដែល​កំពុង​អង្គុយ​លើ​កៅ​អី​ទម្រេត​មួយ​​។ ស្រស់ស្រីស្លៀក​ខោ​ខ្លី​ស្នាប់​ភ្លៅ​ពណ៌ស​ ពាក់​អាវ​ស​ផ្កាតូចៗ​ពណ៌​បៃ​តង​និង​ស៊ី​ជម្ពូ ចងក្របួច​ជាយ​អាវ​នៅ​ត្រង់​ចង្កេះ។    នាង​ពាក់​វែន​តា​ការពារ​ពន្លឺ​ព្រះ​អាទិត្យ​យ៉ាង​ទំនើប​សក្តិសម​នឹង​វង្វង់​ភក្ត្រ​រាង​ពង​ក្រពើ​បង្ហាញ​​សម្រស់​មួយ​​ល្អ​ឥត​ខ្ចោះ។    សម្បុរ​របស់​នាង​ស​ជ្រះ​មិន​ចាញ់​សម្បុររ​នារី​អឺរ៉ុប​ប៉ុន្មាន​ឡើយ។ បើ​កុំ​តែ​ខ្ញុំ​បាន​ឃើញ​នាង​កាន់​សៀវភៅ​រឿង​«មាលាដួង​ចិត្ត»អាន​ ម្ល៉េះសមខ្ញុំ​មិន​ជឿ​ថា កញ្ញា​ដ៏​ស្រស់​ប្រឹម​ប្រិយនេះជានារី​ខ្មែរ​ឡើយ។ សម្រស់​នារី​ចម្លែក​នេះ​ទាក់​ទាញ​នេត្រា​ខ្ញុំ​ឲ្យ​បាញ់​ឆ្ពោះ​ទៅ​លួច​គយ​គន់​រូប​នាង​ស្ទើរ​តែ​រក​ដក​នេត្រា​ចេញ​ពុំ​បាន។  ស្រស់​នារី​មាន​កេសា​ខ្មៅ​រលោង​ធ្លាក់​ប្រាស​ស្មា​លម្អ​វង់​ភក្រ្តា​នេះ​មួយ​កម្រិត​ទៀត។   គ្រាន់តែ​បាន​យល់​ភ្លាម​ ខ្ញុំ​ស្រយុត​អស់​អង្គ​កាយ ចិន្តា​សែន​រន្ធត់​ប្រៀប​បី​ដូច​ជាត្រូវ​សរ​កាម​ទេព។ កត្តា​ដែល​នំាឲ្យ​​ខ្ញុំ​ចាប់​អារម្មណ៍​បន្ថែម​ទៅ​លើសម្រស់ប្រិម​​ប្រិយ៍​​របស់​នាង​នោះ គឺ​ការ​ ​ឃើញ​នាង​អាន​សៀវភៅ​ខ្មែរ​នៅ​ក្នុង​ចំណោម​ជន​ជាតិ​​គេ​​ឥត​​ខ្លាច​នរណា​សើច​ពេប​ជ្រាយ​។ តាំងពី​ខ្ញុំ​មករស់​នៅ​ប្រទេស​បារាំង​   ខ្ញុំ​កម្រ​ប្រទះ​ឃើញ​របៀប​នេះណាស់។     ត្រង់នេះហើយ ​បណ្តាល​ឲ្យ​ខ្ញុំ​លួច​កោត​សរសើរ​នាង​នៅ​ក្នុ​ងចិត្ត។       គួបផ្សំ​និង​រូប​សម្រស់​ឆោម​លោម​ដ៏​បវរ​របស់​នាង​ទៀត  ​ ខ្ញុំ​ហាក់​ដូច​ជា​គេ​ត្រូវ​ចង់​ភ្ជាប់​នៅ​ទីនេះ​តែម្តង។ ខ្ញុំ​ក៏​ដាក់​អីវ៉ាន​ខ្ញុំ​នៅ​ក្បែរ​នាង​​ថ្នមៗ​ រួច​ក៏​​នៅ​អង្គុយ​លើ​កន្លែង​ពោះ​គោរង់​ចាំឱកាស​​ក្រែង​លោក​មាន​វាសនា​បា​នស្គាល់​ឈ្មោះ​នាង​ ឬ​ក៏​បាន​សាសង​ជា​មួយ​​នាង។     ចិត្ត​ខ្ញុំ​អន្ទះសា​ចង់​ដឹង​ថា​    តើ​ស្រស់​កល្យាណី​មាន​គូឬ​នៅ​បាន​ជា​មក​លេង​មាត់​សមុទ្រ​តែឯក​ឯង​ដូច្នេះ​?

ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​តែ​រវើរវាយ​នោះ ស្រាប់​តែ​ខ្ញុំ​ឃើញ​​នារី​ជំទង់​ម្នាក់ និងកុមារពីរ​នាក់ដែលមាន​អាយុ​ប្រហែល​ជា​ប្រាំបី​ឆ្នាំ និង​ប្រាំបួន​ឆ្នាំ ​រត់​សំដៅ​មក​រក​នាងសើច​​ក្អាក​ក្អាយ​សប្បាយ​អស់​ពីដួង​ចិត្ត។ ខ្ញុំ​ឮនារី​ជំទង់​ផ្តើម​វាចា​។

–      ម៉ោះ! អ្នក​បង​! មក​ងូត​ទឹក​លេង​ជាមួយពួក​យើង។

និយាយ​បណ្តើរ​ នាង​ចាប់​​ទាញ​ដៃ​បង​ស្រី​នាង​បណ្តើរ​។ នារី​ឆោម​ស្រស់​ ​បន្លឺ​វាចា​ដ៏​ស្រទន់​ទៅ​កាន់​ប្អូន​ស្រីវិញ៖

–      ថ្ងៃនេះ បង​មិន​ចង់មុជ​ទឹក​ទេ អូន​ផា។

គ្រាន់​តែបន្លឺវា​ចាភ្លាម កុមារ​ពីរនាក់​ទៀត​ក៏​ចូល​មក​ចាប់​ទាញ​ដៃ​បងស្រី​គេ​ម្នាក់​​ម្ខាង ហើយ​និយាយ។

–      ងើបឡើង​អ្នក​បង ​ស្លៀក maillot ភ្លាមទៅ!

–      យីស! ​កុំ​នាំ​គ្នា​ទាញ​ដៃ​បង​អ៊ីចឹង​ខ្មាសគេ (ស្រស់​នារី​ហាម​ប្អូនៗ)។

ខ្ញុំ​លួច​មើល​នាង ឃើញ​មុខ​នាង​អៀន​ឡើង​ក្រហម​ព្រឿងៗ។ គ្រាន់​តែ​ឮពាក្យ​ “ខ្មាសគេ” ប្អូន​ៗ​ទាំង​បី​នាក់​​របស់​នាង​ក៏​ងាក​មើលជុំវិញ​ខ្លួន។ នារី​ជំទង់​​ប្រទះ​ភ្នែក​ឃើញ​ខ្ញុំ​អង្គុយ​នៅក្បែរ​នោះ​។ នាង​តូច​ដែល​មាន​​ចរិយា​ក្លៀវ​ក្លា​​​ចំអន់​បង​ស្រី​របស់​គេ​ ៖

–      អូ! អ្នក​បង ខ្មាស​ពូ​ម្នាក់​ដែល​អង្គុយ​នៅជិត​អ្នក​បង​ហ្នឹង​ឬ? ខ្ញុំ​ដឹង​រឿង​ហើយ ហ៎ា ហ៎ា ហ៎ា…

–      ដឹង​រឿង​អីបុប្ជា? ថា​ទៅមើល៍!

កុមារី​ជំទង់​ឈ្មោះ​បុប្ជា​ ឥត​ឆ្លើយ​តបទេ។ នាងបែរ​ជា​ឱន​ខ្សិប​ដាក់​ត្រចៀក​​បង​ស្រី​​វិញ។ យុវតី​ទាំង​ពីរ​នាំគ្នា​ចោល​ភ្នែកសម្លឹង​មើល​ខ្ញុំ​។ នាង​បុប្ជា​​ឆ្លៀត​ឱកាស​នោះ​និយាយ​ចំអន់​​បង​ស្រី​នាង​ ​។

–      មក​ពី​អ្នក​បងមាន​ពួក​ម៉ាក​នៅ​អង្គុយ​ជិត​អីចឹង​ទេតើ បាន​ជា​អ្នក​បង​លែង​ចង់មុជ​ទឹក​។

–      បុប្ជា! អូន​ថា​អ្នកណា​ជា​ពួក​ម៉ាក​បង​?

–      នុះ! ពូ​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​ឆ្វេង​ដៃ​អ្នក​បង​ហ្នឹង​ណ៎ា។

និយាយ​ផង នាង​បុប្ជា​លើក​ម្រាម​ដៃ​ចង្អុល​មក​ចំ​រូប​ខ្ញុំ​ផង។ បង​ស្រី​នាង​ក៏​មើល​តាម​ការ​ចង្អុល​របស់​​ប្អូន​ស្រី​ រួច​បន្ទោស​តិចៗ​ដែល​ខ្ញុំ​អាច​ស្តាប់​ឮទាំង​អស់​។

–      បុប្ជា ផ្តេស​ផ្តាសណាស់ នៅ​សុខៗ​ហៅ​បង​ឲ្យ​មើល​គេ។ ចុះបើ​គេ​ឃើញ​យើង​មើល​ទៅចំ​គេ ធ្វើ​ដូច​ម្តេច​ទៅ?

–      ចុះ​ក្រែង​យើង​មាន​ភ្នែក​សម្រាប់​មើល​ឬ​អ្នក​បង?

–      យើង​មាន​ភ្នែក​សម្រាប់​មើល​មែន​ហើយ។ ប៉ុន្តែ ​យើង​មិនត្រូវ​មើល​អ្វី​ដែល​មិន​គួរ​មើល​នោះ​ទេ។

–      យើង​មិនត្រូវ​មើល​អ្វី​ដែល​មិន​គួរ​មើល​នោះ​ទេ។ បើ​អីចឹង ពេល​មក​ងូត​ទឹក​សមុទ្រ​ អ្នក​បង​មិន​ត្រូវ​ជក់​មើល​​សៀវភៅ​រឿងទេ ត្រូ​វ​តែ​ចុះ​ទៅ​មុជ​ទឹក​ជាមួយ​បុប្ជា និរក្ស និង​និរិទ្ធ​។

និយាយ​រួច​ពីមាត់​ភ្លាម​ នាង​បុប្ជា​ក៏​កញ្ឆក់​សៀវ​ភៅ​ប្រលោម​លោក​ពី​ដៃ​បង​ស្រី​។ ​បង​ស្រី​នាង​បន្ទោស​។

–      បុប្ជា! ចំមែន​ហ៎្ន! ច្រឡំ​ទំព័រ​អស់​។ ហុច​សៀវភៅ​មក​ឲ្យ​បងភ្លាម រួច​នាំ​ប្អូន​ៗ​ទៅ​លេង​ទឹក​ទៀត​ទៅ កុំ​នៅ​រំខាន​បង​។

បុប្ជា​ឃើញ​បង​ស្រី​អន់​ចិត្ត​ ក៏​សើច​កខិប​កខុប​លួង​ចិត្ត​បង​ស្រី រួច​ក៏​និយាយ​ថា៖

–      អីចឹងក៏បាន! អ្នក​បង​នៅ​តែ​ម្នាក់​ឯង ​ប្រយ័ត្ន​គ្រោះថ្នាក់​ណ៎ា! ណេះ​យក​សៀវភៅ​រឿង​អ្នក​បង​វិញ​ចុះ ហ៎ា… ហ៎ា… ហ៎ាស… ខ្ញុំ​ទៅ​មុជ​ទឹក​វិញ​ហើយ។

បុប្ជា​បញ្ចប់​វាចា​កាលណា​ក៏​បោះ​សៀវភៅ​ទៅ ​ពូន​បង​ស្រី​នាងវិញ។ ​ភ្លាត់​ចំណាប់​ សៀវ​ភៅ​​នោះ ក៏​ធ្លាក់​ខ្ពោក​ចំពី​មុខ​ខ្ញុំ។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ខ្ញុំ​ក៏​ស្ទុះ​​ទៅរើស​សៀវភៅ​​ហុច​ជូន​កញ្ញា​ឆោម​ស្រស់ ហើយ​ទាក់​ទង​សាក​សួរ​នាងជា​ភាសា​បារាំងដែលមានសេចក្តីថា ៖

–      អ្នក​នាង​​នៅ​ក្នុង​ទីក្រុងនីស «Nice» ​ឬ?

ស្រស់​កន្និដ្ឋា​ឆ្លើយ​តប​មក​ខ្ញុំ​ជាភាសា​បារាំង​វិញ។

–      ច៎ាៈទេ! ខ្ញុំ​មក​លេង​វិស្សមកាល​នៅ​ទីនេះ​ទេ​តើ! ចុះលោក​ លោកជាទេសចរថៃឬ?

ឮសំណួរ​នេះ ខ្ញុំ​​អស់​សំណើច​ក៏​សើច​ខឹកៗ​ ហើយ​ឆ្លើយ​ដោ​យញញឹម​។

–      អូ! បាទទេ! ខ្ញុំជា​ខ្មែរ​ដូច​ជា​អ្នក​នាង​ដែរ។

គ្រាន់​តែ​ដឹងថា ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​ភ្លាម ស្រស់​ស្រី​ធ្វើ​ភ្នែក​ឡឺន​ឡង់ៗ​ រួច​បញ្ចេញ​សំនៀង​ដ៏​ក្រអៅ​ក្រអួនថា៖

–      ចុះ​បើ​យើង​ជា​ខ្មែរ​ដូច​គ្នា ម្តេច​ក៏លោក​មិន​និយាយ​ខ្មែរ​រក​ខ្ញុំ។ លោក​ប្រហែល​ជា​លែង​ចង់​ប្រើ​ភាសា​ជាតិ​យើង​ហើយ​មើលទៅ?

កាល​បើ​មាន​ភ័ព្វ​បា​នសាសង​ជាមួយ​កញ្ញា​រូប​ស្រស់​ដូច្នេះ ខ្ញុំ​មា​នចិត្ត​រំភើប​ញាប់​ញ័រ​ ហើយ​ប្រញាប់​និយាយ​សម្រួល​ ៖

–      មិន​មែន​ទេ​អ្នកនាង។​ នេះ​មក​ពីខ្ញុំ​ខ្លាច​អ្នក​នាង​មិន​និយាយ​រក​ខ្ញុំ។ ​ខ្ញុំ​គិត​ច្រឡំ​ថា នារីខ្មែរ​ដែល​មាន​រូប​សម្បត្តិ​​ល្អ​ប្រិម​ប្រិយ៍​ដូច​អ្នក​នាង​អីចឹង ​ច្រើន​តែ​លែង​ចង់​និយាយ​ភាសា​ខ្មែរ​យើង​ហើយ។ ​បើ​ខ្ញុំ​និយាយ​ខ្មែរជាមួយ​អ្នក​នាង ​ប្រហែល​ជាអ្នក​នាង​មិន​និយាយ​រក​ខ្ញុំ​ទេ មើល​ទៅ អ្នក​នាង​ដូចជាប្រកាន់​ណាស់។

–      ខ្ញុំ​ប្រកាន់?

–      បាទ! ខ្ញុំ​ឮអ្នក​នាង​មាន​ប្រសាសន៍​ហាម​ប្អូន​ស្រី​អ្នក​នាងអម្បាញ់​មិញ​ថា មិន​ត្រូវ​មើ​ល​អ្វី​ដែល​មិន​គួរ​មើល​នោះ​ទេ។ ​អ្នកនាងប្រហែលជានាង​ចង់ថា​ រូប​ខ្ញុំនេះហើយដែលអ្នកនាងមិនគួរមើល។ បើ​គ្រាន់​តែមើល​ខ្ញុំ​ អ្នក​នាង​មិន​ចង់​មើលទៅ​ហើយ​ ទម្រាំ​និយាយ​រក​ទៀត​ ​ធ្វើ​ដូច​ម្តេច​ឡើយ​អ្នក​នាង​​និយាយ​រក ស្រួលមិន​ស្រួល​អ្នកនាង​គិត​ថា ខ្ញុំ​នេះជាមនុស្ស​ច្រឡឹម​ផង​ក៏មិន​ដឹង?

–      លោក​ចេះ​តែនឹក​ឃើញ​ហើយ។

នាងនិយាយបណ្តើរ​ ​ឈ្ងោក​មុខ​មើល​សៀវភៅ​ប្រលោម​លោក​ដែល​បិទ​ដាក់​លើ​ភ្លៅ​របស់​នាងបណ្តើរ។ យល់​ឃើញ​នាង​អៀន ខ្ញុំ​​រក​នឹក​ពាក្យ​និយាយ​ឆ្លើយ​ឆ្លង​ឲ្យ​បាន​យូរ​ត​ទៅទៀត។

–      អ្នក​នាង​ចូល​ចិត្ត​សមុទ្រឬទេ?

–      ច៎ាៈ! ខ្ញុំ​ចូល​ចិត្ត​ណាស់! លោក​សួរ​ខ្ញុំ​យ៉ាង​នេះ?

–      ព្រោះ​មក​ពី​ខ្ញុំ​ឃើញ​អ្នក​នាង​ជក់​មើល​សៀវភៅ​រឿង​ មិន​ព្រម​ចុះ​ទៅ​ងូតទឹក​ជាមួយ​ប្អូន​ៗ​។

–      ឱ! ប្រហែល​ជា​លោក​ចង់​រិះ​គន់​ខ្ញុំ​ដែល​មកមើល​សៀវភៅ​រឿង​ខ្មែរនៅ​មាត់​សមុទ្រ​​ហើយ។

–      ផ្ទុយ​​​ស្រឡះ​ទៅវិញ។ ខ្ញុំ​មាន​តែស្ងើច​សរសើរ​អ្នក​នាង​ កាល​បើ​ឃើញ​អ្នក​នាង​យក​ចិត្ត​ទុក​ដាក់​​អាន​សៀវភៅ​ខ្មែរ​​។ ខ្ញុំ​ដឹងថា ខ្មែរ​យើង​ភាគ​ច្រើន​នៅស្រុក​គេ​នេះ​លែង​រវីរវល់​នឹក​នា​អាន​អក្សរ​យើងអស់​ទៅ​ហើយ។ អ្នក​ចេះ​ដឹង​ភាគ​ច្រើន​ៗ​តែអាន​កាសែត ឬ​សៀវភៅ​បរទេស។

–      ចំណែក​អ្នក​មិន​សូវ​ចេះដឹង​វិញ គ្នា​គិត​តែខំ​សង្វាត​រៀន​ភាសា​គេ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​​ជីវភាព ព្រោះ​ថា បើ​មិន​ចេះ​ភាសា​គេ​ទេ រកការ​ធ្វើ​ការ​ក៏មិនបានដែរ…

–      ប៉ុន្តែ​ ខ្ញុំ​ជឿជាក់​ដោ​យសង្ឃឹមថា កាលណា​យើង​ទាំងអស់​គ្នា​អាច​ដោះ​ស្រាយ​បញ្ហា​ជីវភាព​នៅ​លើ​ទឹក​ដី​គេ​ស្រួល​បួល​ខ្លះ​ហើយ យើង​​មុ​ខ​ជា​នាំ​គ្នា​ងាក​មក​រក​ឫស​គល់​កំណើត​របស់​យើង​វិញ​ ហើយ​ជួយ​ចូក​ជួយ​ចែវបន្តិច​ម្នាក់​​មិន​ខាន។

–      ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ថា គ្មាន​ភាសា​ណា​ពីរោះ​រណ្តំ​ជាង​ភាសា​កំណើត​របស់​យើង​រាល់​គ្នា​ទេ។ ភាសា​​បរទេស​ ​ទោះ​ជា​យើង​ចេះ​និយាយ​ ឬ​ចេះ​សរសេរ​ក៏​វា​មិន​ចេញ​មក​ពីធម្មជាតិ​​ ដែរ​។ ខ្ញុំ​ធ្លាប់​បាន​អាន​រឿង​​បរទេស​ច្រើន​ណាស់​។ អ្នកនិពន្ធគេសរសេរពីរោះ​មែន។ សិល្ប៍​វិធី​នៃ​ការនិពន្ធក៏​ល្អ តែអត្ថន័យមិនត្រូវចំឧត្តមគតិខ្ញុំទេ។ ​​ចំពោះ​ខ្ញុំ​ៗ​នៅតែ​ចូល​ចិត្ត​អាន​សៀវភៅ​ខ្មែរ​យើង​ជាងសៀវភៅបារំាង ព្រោះ​អក្សរសិល្ប៍ខ្មែរមាន​​ឃ្លាប្រយោគ​ពីរោះផ្អែម​ធ្វើឲ្យជក់​ជាប់​ចិត្ត​ដូច​ជា​នៅ​ក្នុងសាច់​រឿង មាលាដួងចិត្ត ដែលនិពន្ធដោយលោកនូហាចនេះ។  ​អារម្មណ៍​ខ្ញុំ​ទាំង​មូលអណ្តែត​អណ្តូង​ទៅ​តាម​ទឹក​ដៃ​របស់​អ្ន​កនិពន្ធ​ដែ​លប៉ិន​ប្រសប់ប្រើ​សំនួន​វោហារ​​ប្រលោម​អ្នក​អាន​ឲ្យ​ស្លុងទៅ​តាម​ដំណើរ​​រឿង​ និង​ពាក្យ​ពេចន៍របស់​ខ្លួន​។ អស្ចារ្យ​ណាស់! ខ្ញុំ​​កោត​សរសើរ​មែន​ទែន!

–      ខ្ញុំ​កោត​តែ​អ្នកនាង​អាច​ផ្ចង់អារម្មណ៍​អាន​សៀវភៅកើត​ក្នុង​បរិយា​កាស​អ៊ូអរ​ដូច​ជា​នៅ​មាត់​សមុទ្រ​នេះ ។ លាក់​បាំង​អី​អ្នក​នាង ពីបារីស៍ ខ្ញុំ​ស្វែង​រក​ទីកន្លែង​ស្ងាត់ ​ ប៉ុន្តែ​បែរ​ជា​មក​ស្ថិត​នៅ​ក្នុង​សភាពនេះ​ទៅវិញ។

–      បាន​សេចក្តីថា លោក​អញ្ជើញ​មក​ទីនេះទាំង​បង្ខំឬ?

–      វត្តមាន​របស់​ខ្ញុំ​នៅទីនេះ​អាច​ចាត់​ទុក​ជា​ការ​ចៃ​ដន្យ​ក៏​បាន​ដែរ។ លើស​ពី​នេះ​ទៅទៀត ខ្ញុំ​ចង់​​និយាយថា ​ប្រហែល​ជា​មក​ពីនិស្ស័យ​ពី​ព្រេង​នាយ​របស់​ខ្ញុំ​​តម្រូវ​ឲ្យ​ខ្ញុំ​​មក​ជួប​អ្នក​នាង​នៅ​មាត់​សមុទ្រ​នេះ។

–      លោក​ជឿ​ទៅលើ​និស្ស័យ​ពីព្រេង​នាយ​ដែរ?

–      បាទ ខ្ញុំ​ជឿ​ណាស់​អ្នក​នាង។

–      ច៎ាៈ ខ្ញុំ​ក៏​អីចឹង​ដែរ។

យើង​ទាំងពីរនាក់​នៅស្ងៀម​មួយ​ស្របក់​ ទើប​ខ្ញុំ​ចាប់​បន្ត​វាចា ៖

–      ខ្យល់​សមុទ្រ ក្លិន​សមុទ្រ សម្រស់​នារីខ្មែរ វាចា​ដ៏​ទន់ពីរោះ​មាន​ទឹក​ដម និង​​មាន​ន័យ​ខ្លឹម​សារ​​របស់​អ្នក​នាងកំពុងតែ​បណ្តុះ​មនោសញ្ចេតនាខ្ញុំឲ្យ​ប្លែក។ ​ ខ្ញុំ​បែក​គំនិត​ថ្មី​លែង​យល់​ខ្លួន​ឯង​​អស់។  សូម​ទោស​អ្នក​នាង​ ​  អ្នក​នាង​បាន​អញ្ជើញ​មក​ដល់ក្រុង NICE ប៉ុន្មាន​ថ្ងៃ​​ហើយ​?

–      ច៎ាៈ ទើបតែ​បាន​បីថ្ងៃ​ប៉ុណ្ណោះ។ ចុះលោក?

–      យី! អីក៏​ដូចគ្នា​ម្ល៉េះ​ហ្ន៎! ខ្ញុំ​ក៏​ទើប​តែ​បាន​មក​ដល់​ទីនេះ​បី​ថ្ងៃដែរ។ សូម​អ្នក​នាង​ឈប់​ហៅ​ខ្ញុំ​ថា «លោកៗ»​​ទៀត​ទៅ។ ខ្ញុំ​ឈ្មោះ ឧត្តម ។ សូម​មេត្តា​ហៅឈ្មោះ​ខ្ញុំ​ចំៗ​តែ​ម្តង​ទៅបានហើយ។ ខ្ញុំអាចសុំស្គាល់ឈ្មោះ​អ្នក​នាង​ឈ្មោះបានទេ?

–      ច៎ាៈ ខ្ញុំ​ឈ្មោះ​ ទេវីវណ្ណ។ អ្នក​ផង​ច្រើន​ហៅ​កាត់​យ៉ាង​ខ្លីថា ទេវី! ទេ​វី។

–      ទេវី! ទេវីវណ្ណ! ឈ្មោះ​អ្នក​នាង​ពីរោះ​ណាស់។ ឈ្មោះ​នេះ​សក្តិសម​នឹង​រូប​សម្បត្តិ​ដ៏ប្រិម​ប្រិយ៍​​របស់​អ្នកនាង​មែន!

–      ច៎ាៈ អរគុណ! លោកដូច​ជា​បញ្ជោ​រខ្ញុំ​បន្តិ​ច​ហើយ។

ទេវីវណ្ណ​និយាយ​ទាំង​បញ្ចេញ​ស្នាម​ញញឹម​ដ៏​ស្រស់​ញ៉ាំង​ឲ្យ​ឱរា​ខ្ញុំ​រឹត​តែ​ជ្រួល​ច្របល់។ ខ្ញុំ​សម្លឹង​ភក្រ្ត​នាង​ហាក់​បី​ដូច​ជា​ចង់​ថត​យក​រូប​នាង​ និង​វង្វង់​ភក្រ្តា​ដ៏​បវរ​នេះ​មក​ទុក​​យ៉ាង​ស្ងាត់​ក្នុង​បេះ​ដូង​ខ្ញុំ។ ស្រស់​ទេវីវណ្ណហាក់​យល់​ពី​រស្មី​កែវ​ភ្នែក​របស់​ខ្ញុំ​ដែល​លួច​ផ្ញើ​សារ​សម្ងាត់​ទៅនាង។   ឆោម​ស្រស់​អៀន​​ឡើង​ក្រហម​ថ្ពាល់​ទាំង​សង្ខាង​។ ​  ស្ថិត​នៅ​ក្រោម​កម្តៅ​ថ្ងៃ​ចែស​យ៉ាង​ដូច្នេះ​ សាច់​​ស​របស់​នាង​​ឡើង​ពណ៌​ក្រហម​ព្រឿង​ៗ​។ ​សម្រស់​ស្រស់​ស្រី​កាន់​តែ​ល្អ​ឡើង។ ដើម្បីបន្លប់​ការ​ខ្មាស​អៀន ទេវីវណ្ណ​ចោល​ភ្នែក​ទៅ​ឯ​មាត់​សមុទ្រ​សម្លឹង​រក​មើល​ប្អូន​ៗ​ដែល​កំពុងមុជ​ទឹក។ ខ្ញុំ​​ប្រញាប់​​​សួរ​ផ្គាប់​ចិត្ត​ចរណៃ​មួយ​រំពេច។

–      អ្នក​នាងចង់​ឲ្យ​ខ្ញុំ​ទៅតាម​រក​ប្អូន​ៗ​របស់​អ្នក​នាង​ឬទេ?

–      ច៎ាៈ អរគុណ​លោក​ មិន​ចាំ​បាច់​ទេ។ ប្អូន​ៗ​ខ្ញុំ​ចេះ​ប្រយ័ត្ន​ប្រយែង​ខ្លួន​ហើយ។ កាលណា​ គេ​មុជ​​ទឹក​អស់​ចិត្ត ​គេ​នឹង​ឡើង​មក​រក​ខ្ញុំ​​មិន​ខាន។

មិន​ខុស​ពី​វាចា​របស់​ទេវីវណ្ណ​មែន។ ​ប្រហែល​ជាប្រាំ​នាទី​បន្ទាប់​មក កុមារាកុមារី​ទាំង​បី​រូត​រះ​ឡើង​ពី​ទឹកសមុទ្រ​ហើយរត់ស្រ​សំដៅ​មក​រក​រៀម​ច្បង។ ម្នាក់​ៗ​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ ហើយ​នាំ​គ្នា​រៀប​អីវ៉ាន់​ដាក់​ស្បោង​យួរ​រៀង​ៗ​ខ្លួន មិនឲ្យ​ទេវីវណ្ណ​ពិបាក​​ជួយ។ ទេវីវណ្ណ​បញ្ជា​ទៅ​នាង​បុប្ជា។

–      ប្រមូល​អីវ៉ាន​ទៅ យើង​​ទៅផ្ទះ​វិញ ក្រែង​លោ​​ប៉ាអ៊ំ ម៉ាក់​អ៊ំ និង​ប៉ាម៉ាក់​យើង​ចាំយូរ​ណ៎ា។ ប្អូន​ទាំង​បី​ជម្រាប​លា​លោក​ឧត្តម​ទៅ។

ទាំង​បី​នាក់​​លើក​ហត្ថា​ផ្គុំ​ឡើង​យ៉ាង​សូភាព​រាប​សារ​ជម្រាបលា​ខ្ញុំ​សក្តិ​សម​ជា​ «កូន​ខ្មែរ​មាន​ពូជ»មែន​ រួច​ហើយ ទេវីវណ្ណលា​ខ្ញុំ​ក្រោយ​គេ​។ សូម្បី​តែ​នាង​សំពះ​ក៏​សម​ឥត​ខ្ចោះ។ ខ្ញុំ​ក៏​លើក​ដៃ​ប្រណម្យ​​តប​នៅ​នាង​វិញ​។

ស្រស់​កល្យាណ​បណ្តើរ​ប្អូន​ទាំង​បី​នាក់​ចាកចោល​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​រថយន្ត​ម៉ាក (Ford Escord)​ធុន​ថ្មី​ពណ៌ក្រហម​ឆេះ​ ។ រថយន្ត​បរ​ចេញ​ពីខ្សែ​នេត្រា​ខ្ញុំ​ទៅ​ក្រោម​បញ្ជា​ម្ចាស់ស្រី​រូប​ស្រស់​ទង​វង។   ខ្ញុំ​ឈរ​មើល​រថយន្ត​ទាំង​សោក​ស្តាយ​ ទាំង​លួច​លាក់​ស្នេហ៍​ពេញ​ដួង​ហឫទ័យ។

ខ្ញុំ​ក៏​ត្រឡប់​ទៅ​កាន់បន្ទប់​សំណាក់​របស់​ខ្ញុំ​វិញ។

ទៅ​ដល់​ភ្លាម​ ខ្ញុំ​ប្រាសខ្លួន​គេង​លើ​ពូក​ទាំង​ស្បែក​ជើង​។ ដៃ​គង​ថ្ងាស ​ភ្នែក​សម្លឹង​ពិតាន​បន្ទប់​ភ្លៀកៗ លួច​គិត​ក្នុង​ចិត្ត​ម្នាក់​ឯង​ថា ឱ! ទីក្រុង​NICEអើយ! នីស​បាន​ធ្វើ​បាប​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់។ តើ​ថ្ងៃ​ស្អែក​ ទេវីវណ្ណនាង​នាំ​ប្អូនៗ​មក​លេង​សមុទ្រ​ទៀត​ឬ​ទេ​ហ្ន៎? ចុះ​បើ​មនុស្ស​មក​មុជ​ទឹក​ច្រើន​ម្លឹងៗ​ តើ​ធ្វើ​ដូចម្តេច​ ខ្ញុំ​នឹង​បាន​ជួប​នាងទេវីវណ្ណ​ទៀត​ទៅ?

*                  *

*

ខ្ញុំ​ឈរ​រេរា​បន្តិច​នៅមុខ​ផ្ទះ​ទម្រាំ​ដាច់​ចិត្ត​ចុច​កណ្តឹង​ ស្រាប់​តែ​លេច​បុរសម្នាក់​មាន​ចំណាស់​ប្រហែល៦៩ឆ្នាំ រាង​ស្គម ​ទឹក​មុខស្លូតបូតតែមានអំណាច​​ដើរ​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​សំដៅ​មក​រក​ខ្ញុំ។ លោក​មានប្រសាសន៍សួរ​ខ្ញុំ​ ដោយ​ញញឹម ៖

–      ក្មួយ ​ ចិត្ត ឧត្តម មែនទេ?

–      បាទ! ខ្ញុំ​បាទ​ហ្នឹង​ហើយ ​ជម្រាប​សួរ​លោកពូ!

ខ្ញុំ​ឆ្លើយ​ទាំង​ឱន​លំទោន​គោរព​គេហជន។ លោកពូ​កុសល​លើក​ដៃ​ស្តាំ​មក​កៀក​ស្មា​ខ្ញុំ ហើយ​បណ្តើរ​ចូល​​​ទៅ​ក្នុង​លំនៅ​របស់​លោក​ទំនង​ដូច​ជារីក​រាយ​ខ្លាំង​ណាស់នៅពេលជួបខ្ញុំ។ ខ្ញុំ​សប្បាយ​ចិត្តនិងរំភើប​ កាលបើ​បាន​ទទួល​​ការ​រាប់​អាន​យ៉ាង​កក់​ក្តៅ​នេះ។ លោកពូកុសល​បាន​នាំ​ខ្ញុំ​មក​កាន់​បន្ទប់​ទទួល​ភ្ញៀវ​ដែល​តុប​តែង​ឡើង​ជា​របៀប​ខ្មែរ​យើង។ ​ខ្ញុំឃើញតាំង​វត្ថុ​តូច​ៗ​គួរ​ឲ្យ​ចាប់​ចិត្ត ​ដូច​ជា​ក្រុម​ភ្លេង​បូរាណ​ខ្មែរ  រូប​ល្ខោនរាំ រូបអប្សរា  រូប​នាង​សុវណ្ណ​មច្ឆា​ដែល​ធ្វើ​អំពី​ស្ពាន់​  ឬពី​សំរឹទ្ធ  ​ព្រះ​កេស​លោក​កេស្វរៈ​ ​រលើប​រលោង​ជា​ដើម។  លុះឃើញ​ខ្ញុំ​ហាក់​ដូច​ជា​ចាប់​អារម្មណ៍ នឹង​គ្រឿង​ចម្លាក់​ទាំង​អស់​នេះ    លោក​ពូ​កុសល​មាន​ប្រសាសន៍​ថា៖

–      ខ្ញុំ​​នៅ​សល់​តែ​វត្ថុ​បន្តិច​បន្តួច​នេះ​ប៉ុណ្ណោះ គ្រាន់​ទុក​ជា​កេរ្តិ៍​ដំណែល​​វប្ប​ធម៌​ខ្មែរ​យើង។ កាលខ្ញុំ​ចេញ​ពី​ស្រុក​​ខ្មែរ ​ខ្ញុំ​មាន​គំនិត​យក​វត្ថុ​ទាំងនេះ​មក​តាម​ខ្លះ​។ ពេល​ទៅ​លេង​ស្រុក​យើង​ម្តងៗ ជើង​ណា​ក៏​ដូច​ជា​ជើង​ណា​ ខ្ញុំ​តែង​តែ​ទិញ​​គ្រឿង​ប្រាក់​ទាំង​នេះយក​មក​មិន​ដែ​លខានទេ​ ដូច​ជា​ ​ប្រអប់​ស្លា​ ក្រញ៉ម​បារី ស្លាប​ព្រាសម​ កាំ​បិត​ប្រាក់ ដប​ទឹក​អប់​ស្រោប​ប្រាក់​ដែល​ក្មួយ​ឃើញតាំង​នៅ​ក្នុង​ទូ​កញ្ចក់​នេះ ។

–      លោក​ពូ! ខ្ញុំមិន​ដែល​ឃើញ​ផ្ទះ​ខ្មែរ​យើង​ណា​​​មាន​គ្រឿង​អស់​ទាំង​នេះ​ច្រើន​ម្លឹង​ទេ។ ខ្ញុំ​បាទ​ចូល​ចិត្ត​ការ​តុប​តែង​ផ្ទះ​របៀប​ខ្មែរ​ដូច​ផ្ទះ​លោក​ពូ​ណាស់។

–      តើ​ម៉ាក់​ក្មួយ​សុខ​សប្បាយ​ជា​ធម្មតា​ទេ​ឬ? ម្តេច​ក៏​ក្មួយ​មិន​នាំ​គាត់​មក​លេង​ខ្ញុំ​ផង។

–      បាទ! ម៉ាក់​ពុំ​សូវ​ស្រួល​ខ្លួន។ ម៉ាក់​ខ្ញុំ​ផ្តាំជម្រាបលោកពូថា ​នឹក​លោកពូ​ខ្លាំង​ណាស់ ហើយ​ស្តាយ​​មិន​បាន​មក​ជា​មួយ​ក្មួយ​ក្នុង​ពេល​នេះ។

លោក​ពូ​កុសល​​មានប្រសាសន៍ដំណាល​ពី​ខ្មោច​លោក​ប៉ាខ្ញុំ​ដែល​បាន​ស្លាប់​ក្នុង​របប​ប៉ុល​ពត​ ទាំង​រលីង​រលោង​ទឹក​ភ្នែក។ លោកពូបាន​រំលឹក​អនុស្សាវរីយ៍​ចាស់ៗ​ពី​ដើម​ឲ្យ​ខ្ញុំ​ស្តាប់​យ៉ាង​ជក់​ចិត្ត​។ គាត់​សរសើរ​លោក​ប៉ាប្រាប់ខ្ញុំ​៖

–      ប៉ារបស់​ក្មួយ ​ជា​មនុស្ស​សុចរិត​ទៀត​ត្រង់​ណាស់ មិន​គួរ​ត្រូវ​ពួក​ទមិឡឥត​សាសនា​សម្លាប់​គ្មាន​រើស​មុខ​​សោះ។

–      បាទ! លោក​ប៉ា​ស្លាប់ ព្រោះ​​មាន​អ្នក​ជិត​ខាង​​ប្តឹង​អង្គការ​ថា លោក​ប៉ា​ជា​អ្នក​អន្ទ្រើស​មាន​បុណ្យ​មាន​សក្តិ!

–      ហ៊ឹះ!   ពូស្អប់​ណាស់  អាមនុស្ស​ពូកែ​អេប​អប ​រណេប​រណប​យក​គាប់​យក​គួរ​ខុស​ទំនង​បែប​បទ​របៀប​នេះ។    ​ពួក​មនុស្ស​ប្រភេទ​នេះ​មិន​ចោល​របៀបហ្នឹង​សោះ។ ​ក្នុង​សភាព​វេទនា​អត់​ឃ្លាន​គ្មាន​លិទ្ធម៉្លឹង​​ហើយ​​នៅ​មិន​ចោល​ទម្លាប់​អាក្រក់​គួរ​ឲ្យ​ស្អប់​ខ្ពើម​នេះទៀត​។  និយាយអ៊ីចឹង ក្មួយ​អាយុ​ប៉ុន្មាន? ទំនង​មិន​ទាន់​មាន​គ្រួសារ​ទេ​មើល​ទៅ?។

–      បាទ! ខ្ញុំ​បាទ​អាយុ​ម្ភៃ​ប្រាំ​ពីរ​ឆ្នាំ​ហើយ​លោកពូ។ ខ្ញុំ​បាទ​នៅ​លីវ​​។

–      ម៉ាក់វា ក្មួយ​ឧត្តម​ កូនលោក​ចិត្តវិទ្យា និង​អ្នក​ស្រី​កេសរ មក​ពី​បារីស​មក​លេង​យើង​ណ៎ា។

លោក​ពូ​កុសល​មានប្រសាសន៍​ទៅ​កាន់​ស្ត្រីចំណាស់​ម្នាក់​ដែល​កំពុងតែដើរ​ចេញ​ពី​ក្នុង​បន្ទប់​ផ្សេង​មក​ នៅនឹង​ដៃ​​កាន់​ថាសដាក់​កែវ​ទឹក​ក្រូច​​ផង។ លោកពូ​ណែនាំ​បង្ហាញ​ឲ្យ​ខ្ញុំ​ស្គាល់​ ៖

–      នេះ​ជា​ប្រពន្ធ​​ពូ​ណ៎ា​ក្មួយ​ឧត្តម។

ខ្ញុំ​ក្រោក​ឈរ​ឡើង​ដោយ​ឱន​លំទោន លើក​ដៃ​ផ្គុំ​ប្រណម្យ​ទាំងញញឹម។

–      ខ្ញុំ​បាទសូម​ក្រាបប្រណិប័តន៍លោក​មីង។

–      ច៎ា! លើក​ដៃ​ថ្វាយ​ព្រះ។  ថ្ងៃនេះ ​ក្តៅ​ខ្លាំង​ណាស់ ​បែប​ស្រេក​ទឹក​ហើយ! អញ្ជើញ​ពិសារ​ទឹក​ក្រូច​បន្តិច​សិន​ទៅ​ក្មួយ។

–      បាទ! អរគុណលោកមីង!

–      យប់​នេះ ក្មួយ​ឧត្តម​នៅ​ញ៉ាំបាយ​រួមគ្នា​ជាមួយ​គ្រួសា​រអ្នកមីង​ណ៎ា។ អ្នកមីង​ក៏មាន​ក្មួយៗ​មក​ពីបារីស៍មក​លេង​ដែរ។ បើ​បាន​ស្គាល់រាប់អាន​គ្នា​តែ​ម្តង​ក៏​ល្អ​ដែរ។

–      បាទ! ខ្ញុំ​បាទ​ ​រំខាន​លោក​មីង​ទេ​ដឹង!

–      ទេ! ទេ! គ្មានរំខាន​អី​ទេ។

រំពេច​នោះ ស្រាប់តែ​លេច​មនុស្ស​ចំនួន​ប្រាំ​នាក់​ទៀត​ដើរ​ចូល​មក​។ ម្ចាស់​ថ្លៃ​អើយ! បេះ​ដូង​ខ្ញុំ​លោត​ឌឹប​ឌាក់ៗ។ ខ្ញុំ​លើកដៃ​ញី​ភ្នែក​​ ហាក់បី​ដូចជា​មិន​ជឿ​ភ្នែ​ក​ខ្លួន​ឯង​    កាល​បើ​ឃើញ​នៅក្នុង​ចំណោម​ជន​ទាំង​ប្រាំ​នាក់​នោះ  ខ្ញុំ​បាន​ស្គាល់​មនុស្ស​បួន​នាក់​ស្រេច​ទៅហើយ។ លោក​ពូ​កុសល​ចាប់ផ្តើម​ណែ​នាំ​បង្ហាញ​ឲ្យ​ស្គាល់​គ្នា​។ ទេវីវណ្ណឈរ​អៀនប្រៀន​ជិត​នាងបុប្ជា។ លោក​ស្រី​​ភរិយា​លោក​ពូកុសល ចង្អុលទៅ​បុរស​ស្ត្រី​ពីររូប​ដែល​មាន​វ័យ​​ប្រហែល​​ហាសិប​ឆ្នាំ ហើយ​មាន​ប្រសាសន៍​ថា៖

–      ​លោក​ សម្បត្តិ ត្រូវ​ជា​ប្អូន​បង្កើត​របស់​លោកមីង។ ​ កូលាប​ ត្រូវជា​ប្រពន្ធលោក​សម្បត្តិ។ អ្នក​ទាំង​ពីរ​ជា​ឪពុកម្តាយ​របស់​ក្មេងៗ​ទាំង​បួន​នាក់​នេះ​ ។

–      ខ្ញុំ​បាទ ជម្រាប​សួរ​លោក​ពូ អ្នកមីង។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ស្គាល់​លោក​ពូ ​អ្នក​មីង​។

​ខ្ញុំ​និយាយ​ចប់​ ​លោក​មីង​ដែល​ជាគេហស្សាមិកាងាក​ទៅ​រក​លោក​ និង​លោកស្រី​សម្បត្តិ​ រួច​​មាន​ប្រសាសន៍​៖

–      ប្អូន​សម្បត្តិ​ និ​ង​អូន​កូលាប នេះ​ក្មួយ​ ​ ឧត្តម។ គេ​ត្រូវ​ជា​កូនរបស់លោក​ និង​លោក​ស្រី​ចិត្ត​ វិទ្យា ​នៅ​ក្បែរ​ផ្ទះ​យើ​ង​ឯ​ជ្រោយ​ចង្វារ សង្កាត់​លេខ​៧​ នោះ​ណ៎ា ​នឹក​ឃើញ​ឬ​ទេ?

–      ច៎ាៈ! នឹក​ឃើញ​អ្នក​​បង។ យី! អ្នក​បង​កេសរ​ និង​លោក​វិទ្យា បាន​កូន​ធំ​ប៉ុណ្ណេះ​ទៅ​ហើយ (វាចា​​លោកស្រី​កូលាប)។

–      មែន​ហើយ! ពេល​វេលា​កន្លង​ទៅ​រហ័ស​ណាស់។ ម្នាក់​ៗ​មាន​កូន​ក្រមុំ​កូនកំលោះ​អស់​ទៅហើយ​។ ឯណា​មិន​ឃើញទេវីវណ្ណ បុប្ជា​រដ្ឋ និរក្ស ​និរិទ្ធ ចេញ​មក​សាឡុង​បន្តិ​ច​មក​ក្មួយ។

–      ច៎ាៈ! ម៉ាក់​អ៊ំ!

ខ្ញុំ​ឮសំឡេង​ដ៏ពីរោះ​របស់​ទេវីវណ្ណ​ឆ្លើយ​ពី​ខាង​ក្នុង​បន្ទប់នៅ​​ក្បែរ​នោះ​។ ​នាង​​ដើរ​ចេញ​មក​ជា​មួយ​​​ប្អូន​ៗ​ទាំង​បី​នាក់។

ឱ! ទេវតា​អើយ! ខ្ញុំ​ពុំ​ដែ​លនឹក​ស្មា​នថា ​មក​ជួបទេវីវណ្ណនៅ​កន្លែងនេះ​សោះ។ ខ្ញុំ​ខំ​ប្រកាន់​​​ឥរិយាបថ​​ដូច​ជា​មិន​ធ្លាប់​ស្គាល់​គ្នា។ លោក​ស្រី​ភរិយា​លោក​កុសល​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​ និង​អ្នក​ទាំងបួន​។

–      គួរតែ ​ក្មួយ​ឧត្តម​ ក្មួយទេវីវណ្ណ​ បុប្ជារដ្ឋ ​និរិទ្ធ  និងនិរក្ស ចេះ​រាប់​អាន​គ្នា​ឡើង​។ យើងមាន​​ស្រុកកំណើត​ជា​មួយ​គ្នា​ទាំង​អស់​។ គិត​ទៅ​ផែន​ដី​នេះ​មូល​ហើយ​តូច​មែន​ វិលចុះ​វិល​ឡើង​បាន​ជួប​គ្នា​វិញ​ដដែល​។ គួរ​ឲ្យ​អស្ចារ្យ​ណាស់​មែន​ទេ?

ឮពាក្យ​ថា ​អស្ចារ្យ​ នារី​ជំទង់​ដែល​មាន​នាម​ថា​ បុប្ជារដ្ឋ​ បញ្ចេញ​វាចាត្រង់ៗ​ឥត​លាក់​លៀម៖

–      ម៉ាក់​អ៊ំ! ពួក​ខ្ញុំ​ទាំង​បួន​នាក់​បាន​ស្គាល់លោក​ពូ​ឧត្តម​នៅ​មាត់​សមុទ្រ​មុ​នប៉ាអ៊ំ​ម៉ាក់​អ៊ំ​ទៅទៀត។ បើ​មិន​ជឿ​បុប្ជា​ទេ ​ម៉ាក់​អ៊ំ​សួរ​អ្នក​បង​ទេវីចុះ  ​មែន​ទេ​អ្នក​បង​ទេវី? មែន​ទេ លោក​ពូ​ឧត្តម? អ្នក​បង​ទេវី​អៀន​ហើយ​ម៉ាក់​អ៊ំ…

វាចា​ដ៏​ក្លៀវក្លា និង​ឫកពា​ម្ញិក​ម្ញក់​របស់​បុប្ជា​រដ្ឋ​បាន​បណ្តាល​ឲ្យអ្នក​ទាំង​អស់​ផ្ទុះ​សំណើច​គិល​។ ខ្ញុំ​លួច​ចោល​កន្ទុយ​ភ្នែក​ទៅប៉ះ​ចំ​ខ្សែ​នេត្រា​ដ៏​ស្រទន់​របស់​កញ្ញា​​ទេវីវណ្ណ​ទាំង​ដើម​ទ្រូវ​ញ័រ​ចំប្រប់។ ទេវី​រឹត​​តែអៀន កាលបើ​ប្រទះ​​ខ្សែភ្នែក​ខ្ញុំ។ ស្រស់ស្រីពន្លកប្រញាប់​ដក​ខ្លួន​ចេញពី​បន្ទប់​ទទួល​ភ្ញៀវ​បាត់​ទៅ។

ចំណែកកុមារ​និរក្ស និង​និរិទ្ធ ​នាំ​គ្នា​ចេញ​ទៅលេង​ក្នុង​សួន​ច្បារ​។ ខ្ញុំ​ក៏​ដើរ​ចេញ​តាម​កុមារ​ទាំង​ពីរ​ដែរ។ យើង​នាំ​គ្នា​អង្គុយលើ​ជើង​ម៉ា​ក្នុង​សួន​ច្បារ​កៀន​ភូមិគ្រិះ។ វាយោ​បក់​មក​ត្រសៀកៗ​ផាត់​គន្ធ​ពិដោរ​​ក្រអូបឈ្ងុយឈ្ងប់​​នៃផ្កា​កូលាប​​មក​ប៉ះ​នាសា​ខ្ញុំ។ អារម្មណ៍​​ខ្ញុំ​ហោះ​ហើរ​ទៅឆ្ងាយ​ចាក​ចោល​រាង​កាយ​​​ខ្ញុំ​ម្តងៗ     តែសំណើច​ក្អាក​ក្អាយ​របស់​និរក្ស​ និង​និរិទ្ធ​បា​នកន្ទ្រាក់​ប្រមូល​អារម្មណ៍​រវើរវាយ​របស់​ខ្ញុំ​ឲ្យ​រត់​ចូល​រាង​កាយ​​ខ្ញុំ​វិញ។ ខ្ញុំ​ក្រឡេក​ឃើញ​នាង​បុប្ជារដ្ឋ​អង្គុយ​យោ​ល​អង្រឹង​ធ្វើ​ព្រងើយ​។ នាង​សម្លឹង​មើល​​ខ្ញុំ​ ​បញ្ចេញ​ស្នាម​ញញឹម​ពព្រាយ​យ៉ាង​ស្រស់​ ។  ខ្ញុំ​បក់​ដៃ​ហៅ​បុប្ជា​មក​ជិត ​ហើយ​និយាយ​លេង​ស្ទង់​ចិត្ត​បុប្ជា។

–      បុប្ផា ស្អប់​បង​ណាស់​ទៅឬ? អម្បាញ់​មិញ ដាក់​បង​កំពិត​មុខ​រ​ក​តែ​ឆ្លើយ​មិន​ទាន់។

–      មក​ពី​ខ្ញុំ​ខ្នាញ់​ពេក។ ​នៅ​មាត់​សមុទ្រ ពូ​និយាយ​លេង​ជាមួយ​​អ្នក​បង​ទេវី​រាប់​ម៉ោង។ ពូ​ឯង​​​នេះខូច​​ណាស់។ ជួប​គេ​នៅ​ផ្ទះ​ប៉ាអ៊ំ ពូ​ធ្វើ​ឫ​ក​​មិនស្គាល់​ ហើយ​ខំ​ធ្វើ​ឫក​ពា​សូភាព​​រម្យ​ទម…

–      ​មក​ពី​បង​អរ​ពេក។ បង​មិន​នឹក​ស្មានថា ​មក​ជួ​ប​បុប្ផា​និងទេវីវណ្ណនៅទីនេះ​ឯណា។ បើ​មិន​ជឿ​ យក​ដៃស្ទាប​ដើម​ទ្រូង​បងទៅមើល ​នៅ​ភ័យ​នៅ​​ញ័រ​មិន​ទាន់​បាត់​នៅ​ឡើយ។

–      ​ប៉ុណ្ណឹង​ក៏​ភ័យ​ដែរ។ ខ្ញុំ​មិន​យល់​សោះ។

–      បុប្ផា​មិន​ទាន់​យល់ មក​ពី​បុប្ផា​នៅ​ក្មេង​ពេក។ ​ធំ​បន្តិច​ទៀត​ ​ច្បាស់​ជា​យល់​ឯង មិន​ចាំ​បាច់​អ្នក​ណាពន្យល់ទេ។  បង​សូម​អង្វរ​បុប្ផា ​​ឈប់​ហៅ​បង​ថា «ពូ» អីចឹង​ទៀត​ទៅ ចាស់​បង​អស់​ហើយ។ បង​នៅកំលោះ​ចែស មិន​ទាន់​មាន​ប្រពន្ធ​កូន​ទេណ៎ា!

លុះដឹង​ថា ខ្ញុំ​នៅ​កំលោះ បុប្ផា​ក៏​ដើរ​ក្រឡឹង​ខ្ញុំ​មួយ​ជុំ។

–      ម៉េច ដើរ​ត្រួត​ និងសង្កេតមើល​បង​អស់​ចិត្ត​​ឬ​នៅ? បុប្ផា! បង​សួរ​មួយ​បាន​ទេ?

–      សួរ​រឿង​អី​ ពូ?

–      អ្នក​បង​ទេវីវណ្ណរបស់បុប្ផា​មាន​គូ​ឬនៅ?

–      ចុះ​ពូ​ចង់​ដឹង​អីច្រើន​ម្ល៉េះ? មាន​គូ​ឬ​ក៏​គ្មាន​ ​ទើស​អីពូទៅ?

–      យី! កុំ​និយាយ​ខ្លាំងៗ​ពេក តិ​ច​លោ​ឮទៅ​ដល់​ក្នុង។ បង​ចង់​ដឹង​ខ្លាំង​ណាស់ ខំៗ​ដាច់​ខ្យល់​ស្លាប់​ឥឡូវ​ហើយ!

–      បើ​ពូ​ចង់​ដឹង​ពេក! ពូ​ទៅ​សួរ​អ្នក​បង​ទេវី​ខ្លួន​ឯង​ទៅ​ ទើប​ដឹង​ច្បាស់។ ខ្ញុំ​ក៏មិនដឹងដូចពូដែរ។

នាង​និយាយធ្វើ​ឫ​ក​ពា​ម្ញិកម្ញក់​ទៅ​តាម​លក្ខណៈ​ចរិត​ធម្មជាតិ​របស់​នាង។ ​ឃើញ​កាល​ណា ​គួរឲ្យ​​ខ្នាញ់​ណាស់ ចង់​តែ​ចាប់​ថើប​ ទាស់​តែ​បុប្ផា​ធំ​បន្តិច កុំ​អី​ខ្ញុំ​ចាប់​ក្រញិច​ឲ្យ​សមចិត្ត​ខ្នាញ់។

បុប្ផារដ្ឋ និងទេវីវណ្ណជាប​ងប្អូន​បង្កើត​មែន តែមានអត្តៈ​ចរិត​ខុសពីគ្នា​ស្រឡះ​។ បុប្ផា​មាន​ឫ​ក​ពា​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ប្រឡែង​ជាមួយ​។ រីឯទេវីវណ្ណ​វិញ នាង​មាន​ឫក​ពា​ស្រគត់​ស្រគុំ​ថ្លៃ​ថ្នូរ​ណាស់។  មិន​តែប៉ុណ្ណោះ​   នាង​បាន​សម្តី​រួស​រាយ​រាក់​ទាក់។  ទឹក​មុខនាងមាន​ធ្នាក់​​ទាក់​ចិត្តអ្នក​ផង​ឲ្យ​ចូល​ចិត្ត​ស្រឡាញ់រាប់អាន និង​ចង់​ពិភាក្សា​សារសង​ជាមួយ។   សម្តី​ម៉ឹង​ម៉ាត់តែ​មាន​ខ្លឹម​សារ។ ចរិយា​គត់​មត់​គួរ​ឲ្យ​គោរព​ និង​​សរសើរ។ នារី​ដែល​មាន​លក្ខណៈ បែប​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​បាន​ជាគូរួម​ជីវិត។

ចំណែក​និរក្ស និង​និរិទ្ធ​វិញ ក៏​ជា​ក្មេងគួរ​ឲ្យ​ស្រឡាញ់​ណាស់​ដែរ។ សរុបសេចក្តីទៅ សមាជិក​ទាំង​អស់​នៃ​គ្រួសារ​ទេវីវណ្ណ សុទ្ធ​សឹង​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្រឡាញ់ចូល​ចិត្ត​។​

–      ពូ! ស្អែក​ពួក​ខ្ញុំ​ទៅលេង ម៉ូណាកូ (MONACO)។ នៅ​ម៉ូណា​កូ មា​នហ្សាដាំង​ អិច​សូទិច (Jardin extique) មាន​កាស៊ីណូ។ ពូ​ចង់​ទៅ​លេង​កាស៊ីណូ​ទេ? (កុមារ​ឈ្មោះ​រិទ្ធ​និយាយ​រក​ខ្ញុំ)

–      ទេ! ពូ​មិន​ចូល​ចិត្ត​លេង​ល្បែង​ទេ។

–      ម៉េច​អីចឹង​ពូ?

–      ព្រោះ​ល្បែង​តែ​ងនាំ​ឲ្យ​វិនាស។   កាលណា​យើងលេង យើងត្រូវ​តែដាក់​លុយ។   ពេល​លេង​ តែង​មាន​ចាញ់ និងឈ្នះ​ជាធម្មតា។ កាលណា​ចាញ់​យើង​អស់​ប្រាក់​រលីង។ ដល់​អស់​ប្រាក់​ចាយ​ក៏​តាំង​ដើរ​ខ្ចី​គេ។ កាលណា​ជំពាក់​គេ​ៗ​មើល​ងាយ​យើង!

–      ចុះ​បើ​ឈ្នះ គេ​បា​នលុយ​ច្រើន​មែ​នទេ?

–      កាលណា​ឈ្នះ​បា​នលុយ​ច្រើនមែន តែ​ចាញ់​ច្រើន​ជាងឈ្នះ កុំ​លេង​វិញ​ល្អ​ជាង!

–      អូ! បើ​អីចឹង កុំ​លេង​ល្បែង​ប្រសើរ​ជាង​មែន​ទេ​ពូ?

–      ហ្នឹងហើយ! រិទ្ធ​ប្រាប់​ពូ​បាន​ទេ? អ្នកបង​ទេវីកាចឬ​ស្លូត?

–      កាច!

–      ដែល​វា​យរិទ្ធ​ទេ?

–      ថី​មិន​ដែល!

–      ថី​បាន​ជា​អ្នក​បង​ទេវីវាយ?

–      មក​ពី​រិទ្ធ​ចេះតែ​ពង្រាយ​ពេញ​ផ្ទះ។ អ្នក​បង​ទេវី​រៀប​មិន​ឈ្នះ។ អ្នក​បង​ខឹង​ក៏​វាយ​រិទ្ធ​ខ្លះ​ទៅ…

–      អូ! អីចឹង?

–      ពូ! ​ពូ​នៅ​ឯណា?

–      ពូ​នៅ​បារីស៍។ ចុះរិទ្ធ​នៅ​ឯណា​ដែរ?

–      រិទ្ធ​នៅ​អាក​ហ្សង់​ទើយ (Argenteuil)

–      រិទ្ធ​និង​ពូ​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ទេ។ អាក​ហ្សង់​ទើយ ជាជាយក្រុងប៉ារីសប៉ែកខាងជើងឆៀងខាងលិច។ ប៉ារីសជារដ្ឋធានីនៃប្រទេសបារាំង ក្មួយរិទ្ធដឹងទេ?

–      អត់ដឹងផង។

*               *

*

នេះ​គឺ​ជា​ចំណារ​ព្រហ្មលិខិត  ​ ដែល​បាន​កម្រិត​វាសនា​ខ្ញុំ​ឲ្យ​ជួប​ស្គាល់​គ្រួសារ​កញ្ញាទេវីវណ្ណ       ហើយ​ថែម​ទាំង​បាន​រួម​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ​​នាង​​ទៀត។ ខ្ញុំ​ធ្លាប់​តែ​ដើរ​ម្នាក់​ឯង​ ដល់​បាន​​ដើរ​ជាមួយ​គ្រួសារ​នាង ខ្ញុំ​មាន​អារម្មណ៍​ប្លែក​ខុស​ពី​ធម្មតា​រក​ថ្លា​ថ្លែង​ពុំត្រូវ។ ជាពិសេស នៅ​​ជិត​នារី​ម្នាក់​ដែល​ស្រស់​ទាំង​រូបកាយ ស្រស់​ទាំង​ចិត្ត​គំនិត​បែបនេះ ខ្ញុំ​ស្លាប់​ចិត្ត​ស្តូក​តែ​ម្តង។ ខ្ញុំ​ពុំ​ចង់​ឲ្យ​ឱកាស​ដ៏​ប្រសើរ​នេះ​កន្លង​ផុត​ទាល់តែ​សោះ។

យើង​បាន​នាំ​គ្នា​ទៅលេង​ម៉ូណាកូ ម៉ុង​តេកាឡូ (MONTÉ  CARLO) រួច​បង្ហួស​ចូលទៅ​​ក្នុង​ប្រទេស​​អ៊ីតា​លី​ទៀត។

ទេសភាព​នៅ​ទីនោះ​ ​ស្រដៀង​​ទេសភាព​នៅ​ទីក្រុង​នីស​ដែរ គឺ​សម្បូរណ៌​ដើម​ដូង​ និង​ដើម​ត្នោតណាស់។ មាន​តែ​ទេសភាពបែបនេះ​ទេ ដែល​អាច​បណ្តាល​ឲ្យ​ដួង​ចិត្ត​ខ្ញុំ​ត្រេក​ត្រអាល​រីក​រាយ​។

———————————————–

យើងត្រឡប់​មក​ទីក្រុង​នីសវិញ​ហើយ។ នីស​នៅ​តែ​ជា​ទីក្រុងមួយ​ដែ​ល​មាន​ន័យបំផុត​ចំពោះ​ខ្ញុំ​ដដែល។ នៅឆ្នេរ​មាត់​សមុទ្រ ត្រង់​វិថី​«ការ​ដើរ​កម្សាន្ត​នៃ​ជន​ជាតិ​អង់​គ្លេស» ទេវីវណ្ណ​ និង​ខ្ញុំ​បាន​ណាត់​ជួប​គ្នា​ជា​ថ្មី។ ឆ្នេរសមុទ្រ​នីស​ពុំ​មែន​ជា​ឆ្នេរ​ខ្សាច់​ដូច​ជា​សមុទ្រ​ដទៃ​ទៀត​ទេ គឺ​ជា​ឆ្នេរ​គ្រួស។

យើង​កាន់​ដៃគ្នា​រត់​លេង​លើ​គ្រាប់​គ្រួស​រដិប​រដុប​យ៉ាង​សប្បាយ​រីក​រាយ។ ក្នុង​វេលា​ដ៏​វិសេស​នេះ ខ្ញុំ​នឹក​តែ​ម្យ៉ាងគត់​​ គឺ​នៅ​ក្នុង​លោក​នេះ​មាន​តែ​អូន​ទេវី​ និង​ខ្ញុំ​ពីរនាក់​ ។ យើង​បាន​ប្រើ​សេរីភាព​របស់​យើង​ឥត​ទើស​ទាល់​។

–      ទេវីអូន! ​នៅ​ជិតអូន បង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ​។

–      ច៎ាះ អូន​ក៏អីចឹង​ដែរ​បង​ឧត្តម​។ អុះ យី!…

ទេវីវណ្ណ​ភ្លាត់​មាត់ នាង​ដើរ​ជំពប់​ជើង​​រៀប​នឹង​ដួល​ទាំង​ជំហរ។ ខ្ញុំ​ស្រវា​ចាប់​កាយ​ស្រី​ជាប់​ ហើយ​​ឱប​ផ្ទាប់​នឹង​ផែន​ឱរា​របស់​ខ្ញុំ។ កែវ​ភ្នែក​​យើងទាំង​ពីរ​ត្របាញ់​រក​គ្នា​   ប្រៀប​ដូចជា​ត្រូវ​ចរន្ត​អគ្គី​សនីឆក់​​ដូច្នោះ។   ​ចរន្ត​​ស្នេហាចាំង​ភ្លឺ​ផ្លេក​ចេញពី​កែវភ្នែកដូចត្រូវ​មេដែកស្រូប​រក​គ្នា ​ធ្វើ​ឲ្យ​ទ្រូង​ខ្ញុំ​ស្រើប​ស្រាល​លោត​ញាប់​ខុស​ពី​ធម្មតា​​។ ស្រស់​ពិសី​អៀនដាក់​ភ្នែក​ចុះ​សម្លឹង​ទៅលើគ្រួស។ ខ្ញុំលូក​ដៃ​អង្អែល​ខ្នង​នាង​​ថ្នមៗ ហើយ​ស្រ​ដី​ ៖

–      មាស​ស្នេហ៍​បង! អូន​ខឹង​នឹង​បង​ឱបអូនមែនទេ?

ស្រស់​ពន្លក​នៅ​ស្ងៀម​ឥត​វាចាមួយម៉ាត់ឡើយ។   ខ្ញុំ​ទាញ​កេសា​ស្រី​ថ្នមៗមក​ដាក់​កើយ​លើ​ស្មា​ខ្ញុំ។  ខ្ញុំ​ងាក​ថើប​សក់​ស្រី​ថើៗ។ ​ពៅឆោម​ស្រស់សម្ងំ​ស្ងៀម​ក្នុង​រង្វង់ហត្ថា​ខ្ញុំ​។ ចរណៃ​បិទ​ភ្នែ​កប្រឹមៗ​យ៉ាង​សែន​សុខ។ ខ្ញុំ​ថ្លែងវាចា​ផ្អែម​ល្ហែម​ខ្សឹបៗ​ដាក់​ត្រចៀក​នាងុំ

–      ពៅ​ពន្លក បង​ស្រឡាញ់​អូន​ម្ល៉េះ​ទេ!។ អូ​នស្រឡាញ់​បង​ដែរ​ឬទេ? ឆ្លើយ​ប្រាប់​បង​មក​ ឲ្យ​បង​អស់​ចិត្ត​ណ៎ា។ បើ​អូន​មិន​ឆ្លើយ​ទេ​ បង​មិន​ព្រម​លែងកាយ​អូន​ទេ។ បង​នៅ​តែ​ឱប​អូន​រហូត​ដល់​យប់​អធ្រាត្រ ដល់​ព្រឹក​ ឱប​រហូត មិន​ព្រម​លែង​ឲ្យ​អូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ…

ឮវាចា​នេះ​កាលណា ទេវីវណ្ណខំ​បម្រះ​ចេញពីរង្វង់ហត្ថា​ទាំងទ្វេ​របស់​ខ្ញុំ​។ នាង​រត់​ចេញ​ពី​ខ្ញុំ​ទៅ។ ប្រហែលជា​នាង​អៀន​ឬខឹង​បា​នជា​នាង​មិន​និយាយ​រក​ខ្ញុំ។

ទេវីដើរ​ទៅអង្គុយ​លើ​ដុំ​សិលា​មួយ​​បែរខ្នង​​ឲ្យ​ខ្ញុំ​។ ខ្ញុំ​ដើរ​លបៗ​ទៅតាម​ក្រោយ ហើយ​លប​ទៅអង្គុយ​ជិត​នាង​ ។ ឆោម​យង់​កំពុង​គិត​បណ្តែ​ត​អារម្មណ៍ទៅឆ្ងាយ។ ម្ល៉ោះ​ហើយ​ នាង​ពុំ​បាន​ដឹង​​ថា  ខ្ញុំ​នៅ​អង្គុយជិ​តនាង​ទេ។ ​  នាង​ដក​ដង្ហើម​ធំ​ម្តងៗ។  បេះដូង​ខ្ញុំ​ញាប់​ញ័រ​ដដែល​។ អារម្មណ៍ខ្ញុំ​ច្របូក​ច្របល់​ ​ ​សែន​ភ័យ សែន​អរ សែន​ព្រួយ សែន​រន្ធត់​ សែន​ស្រឡាញ់… ! ! !។ ឱ!  តើ​បេះដូង​ទេវី​មាន​សភាព​នេះដូច​ខ្ញុំ​ដែរ​ឬ​ទេ?

ទេវីវណ្ណ​នៅ​តែ​មិន​ដឹង​ថា ខ្ញុំ​អង្គុយ​ជិត​នាង។ ស្រស់​កន្និដ្ឋា​អង្គុយ​មើលទឹក​សមុទ្រ​ពណ៌​ខៀវ​ខ្ចី​ដែល​កំពុង​តែ​បោក​ខ្លួន​មក​ផ្ទប់​នឹង​ផ្ទាំង​សិលា​ឮសូរ​គ្រាំៗ។ ខ្ញុំ​មិន​ហ៊ាន​ធ្វើ​ឲ្យ​ស្រី​ខឹង​ទៀត​ឡើយ។  នេត្រា​​​ខ្ញុំ​​សម្លឹង​ទៅ​​ត្រើយសមុទ្រ​ម្ខាង​ដែលនៅ​ជាប់​នឹង​ភ្នំ​វែង​គួរ​ឲ្យ​គយ​គន់។ ពេលនោះ ដួង​អារម្មណ៍​របស់​ខ្ញុំ​ហាក់​បី​ដូច​ជា​កំពុង​តែ​អណ្តែត​ត្រសែត​លើ​វេហាស៍។ ខ្ញុំ​ហាក់​ដូច​ជា​ស្រមៃ​ឃើញ ទេវី​ស្រី​ស្នេហ៍​និង​ខ្ញុំ​កាន់​ដៃ​គ្នាកៀក​កើយ​លើ​នភាល័យ។ រំពេច​នោះ​ ឥន្ទ្រី​មាស​មួយ​ដែល​តែង​លំអ​ទៅ​ដោយ​ផ្កា​ភ្ញី​ចម្រុះ​ពណ៌​យ៉ាង​ល្អ​ហើរ​សំដៅ​មក​រក​យើង​ទាំង​ពីរ​ ហើយ​បន្ទាប​ខ្លួន​ចុះ​ក្បែរ​រូប​យើង។ យើង​ក៏​នាំ​គ្នា​ឡើង​ទៅ​អង្គុយ​លើ​ឥន្ទ្រី​កាម​ទេព​ប្រកៀក​ប្រ​កើយ​ថ្នាក់​ថ្នម​គ្នាគ្មាន​ជិន​ណាយ​។

នៅ​លើ​នភាល័យ ព្រះទិនករ​មូល​ក្រឡង់​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​កំពុង​បន្ទាបខ្លួន​សន្សឹម​ៗ​យាង​ចូល​​​ក្រឡា​ព្រះ​​បន្ទំ​ឯ​នាយ​សមុទ្រ។ ផ្ទៃ​មេឃ​ចោល​រស្មី​ក្រហម​ព្រឿងៗ​គ្របដណ្តប់​លើ​ទេសភាព​ទូទៅ និង​សត្តនិករ​ទាំង​ពួង។ នៅលើ​ផ្ទៃ​ជលសា ស្រមោល​ព្រះអាទិត្យ​រៀប​អស្តង្គត​ជះ​ពន្លឺ​ព្រាតៗ​លើ​ដុំ​រលក​ដែល​​កំពុង​តែ​កញ្ជ្រោល​បក់​បោក​ទៅមក​តាម​កម្លាំង​រុញ​ច្រាន​នៃ​ព្រះ​វាយោ។ ខ្យល់​សមុទ្រ​បក់​មក​ត្រ​សៀក​​ៗ​អង្អែល​រូប​កាយ​យើង​ទាំង​ពីរ​ឲ្យ​រងា​ស្រៀវ​ស្រើប​ពេក​កន្លង។ ជល​សារ​ឥត​ខ្ជិល​នឹង​នាំ​រលក​តូច​ធំ​ៗ​មក​វា​យបោក​ខ្លួន​លើគែម​ថ្ម​ដា​ បង្ករ​ជា​ឥន្ត្រី​ធម្ម​ជាតិ​ដ៏​មនោរម្យ។ ខ្ញុំ​ហាក់​ស្រមៃ​ឮ​សំនៀង​មាស​របស់​លោក​ ស៊ីន ស៊ីសាមុត អធិរាជសម្លេងមានដែលអតីត​​តារា​​ចម្រៀង​ឯក​ខ្មែរ​យើង​ដែល​បានបាត់បង់ជីវិត​ក្នុង​របប​ប្រល័យ​ពូជ​​សាសន៍​ខ្មែរក្រហម ច្រៀងបទ«ខ្យល់សមុទ្រ» រវើយៗ​យ៉ាង​ពីរោះ​រណ្តំ​ដាក់​សោតា​ទាំង​គូ​របស់​ខ្ញុំ​​ចាប់​ពីត្រង់វគ្គ​បន្ទរ (Refrain) រហូតដល់​ចប់​ថា៖

«រងា​ដិត​ដល់​ខ្យល់​សមុទ្រ

ឲ្យ​ខ្ញុំ​រន្ធត់​ទ្រូង​ញាប់​ញ័រ

ព្រឺព្រួច​ថ្ងួច​នឹក​ស្រស់​បវរ

លម្អ​សមុទ្រ​ផុត​និស្ស័យ។

ទោះ​ល្អយ៉ាង​ណាក៏​នៅ​មិន​ធួន​ស្ងួន​វិសុទ្ធ

ទោះខ្យល់​សមុទ្រ​ទេព​សយុត​និង​ចន្ទ​ថ្លៃ

ឥតផ្ទឹម​សម្រស់​ស្រស់​ចរណៃ

ថ្លើម​ថ្លៃ​ឲ្យ​ភ្លេច​ដូច​ម្តេច​បាន។»

 ប្រាកដ​មែន! ចំពោះ​រូប​ខ្ញុំ សម្រស់​សមុទ្រ​ក្រុងនីសល្អ​មែន!​ តែ​នៅ​តែ​ល្អ​ចាញ់​សម្រស់​ទេវីវណ្ណ​របស់​ខ្ញុំ​ ​ មិនខុសពីទំនុកចម្រៀង​នេះទេ។

នៅ​​ឆ្នេរ​សមុទ្រ​  មនុស្ស​ម្នា​ទាំង​ឡាយ​​នាំ​គ្នា​ចាក​ចេញ​ពីទីសំដិល​កាយ​ត្រឡប់​​​​ទៅ​គេហដ្ឋាន​វិញ​អស់។ ​នៅ​​សល់​តែ​ខ្ញុំ​និង​ទេវីវណ្ណពីរ​នាក់​គត់។

ព្រះ​អាទិត្យ​​អស្តង្គតទៅហើយ។ ​​ទេវីវណ្ណងើប​ឈរ​ឡើង​ លើក​ដៃ​ជ្រង​សក់ រួច​ងាក​ខ្លួន​បែរ​ក្រោយ ស្រាប់​តែ​ឆោមស្រស់ភ្ញាក់​ព្រើត ​ដោយ​ប្រទះ​ឃើញ​រូប​ខ្ញុំ​នៅក្បែរ​នាង​បង្កើយ។ ពិសីអៀន​ដាក់​មុខ​ចុះ។ ខ្ញុំ​លួង​លោម​​អង្វរ​ដោយ​វាចា​ស្រទន់​។

–      អភ័យ​ទោស​បង​ផង​ណ៎ា​បណ្តូល​ចិត្ត។ ការ​ជ្រុល​ជ្រួសាលើ​ស​ហួស​លើ​អូន​អម្បាញ់​មិញនេះ​ បណ្តាល​មក​​ពីបង​ស្រឡាញ់​អូន​ខ្លាំង​ពេក។   បង​គ្មាន​បំណង​អាក្រក់​បំពារ​បំពាន​លើ​រូបកាយ​ដ៏​បវរ​របស់អូន​ទេ។ ​​  សូមអូន​មេត្តា​ចាត់​ទុក​ជា​ការថ្លោះ​ធ្លោយ​ដោយ​អចេតនា​របស់​​បង​ទៅ​ចុះ។ ​   ពី​នាទី​នេះ​ទៅ បង​សន្យា មិន​ធ្វើ​ឲ្យទេវី​ថ្នាក់​ថ្នល់ស្រពន់​ចិត្ត​ទៀត​ទេ។   បង​សូម​គោរព​អូន​ទេវីវណ្ណ​ជា​នារី​ខ្មែរ​គំរូ​ម្នាក់។

–      ច៎ាះ! អូន​ចង់​ធ្វើ​ជា​នារី​គំរូ​សម្រាប់​បុប្ផា​រដ្ឋ​ប្អូន​ស្រី​របស់​អូន។ អូន​អរគុណបង​​ដែល​​បាន​យល់​ពី​សន្តាន​ចិត្ត​អូន។

–      ទេវីវណ្ណ​អូន! ឮពាក្យនេះ​កាលណា បង​រឹត​តែ​ស្រឡាញ់​អូន​ខ្លាំង​ឡើង​ ។ ចុះ​អូន​វិញ​ អូន​មានចិត្ត​អាណិត​ស្រឡាញ់​បង​ខ្លះ​ៗ​ទេ​?

–      ​បងមានមនោសញ្ចេតនា​បែប​ណា​ចំពោះ​អូន​ៗ​ក៏​មាន​មនោសញ្ចេតនា​បែប​នោះ​ចំពោះ​បង​វិញ​ដែរ។

យើង​សម្លឹង​ភក្រ្ត​គ្នា​យ៉ាង​យូរ។ ទ្រាំ​មិន​បាន ខ្ញុំ​ក៏​និយាយ​ដោយ​ស្មោះ​ស​រអស់​ពី​ដួង​ចិត្ត។

–      ​ភ្នែកស្រទន់ល្អ​​អ្វី​ម្ល៉េះ​ទេ! កែវភ្នែក​អូន​​ថ្លាយង់​បញ្ចេញ​រស្មី​ពណ្ណរាយ​ មាន​ទឹក​ដម​ស្នេហ៍​ធ្វើ​ឲ្យ​បងស្លុត​រន្ធត់​កាយ​អស់​ហើយ។

–      កុំ​បញ្ជោរ​អូន​ពេក។ ភ្នែក​បង​ក៏​ល្អ​ដែរ។ ពេល​បង​សម្លឹង​ចំអូន​ម្តងៗ ​អូន​អៀន​បង​ណាស់។ បង​ឧត្តម! តើ​វាសនា​ឬ​ដែល​នាំ​ឲ្យ​យើង​បាន​ជួប​គ្នា​នៅទីនេះ?

–      ប្រាកដ​ណាស់​ពៅ​ពិសី! បង​មិន​ដែល​នឹក​ថា បង​មាន​​វាសនា​បាន​ទទួល​ការ​ប្រោស​ប្រណី​ពី​អូន​យ៉ាងនេះ​សោះ។

និយាយ​រួច​យើង​ស្រវា​ឱប​រឹត​កាយ​គ្នា​យ៉ាង​ណែន។ ខ្ញុំ​ស្រង់​ក្លិន​ដ៏​ក្រអូប​របស់​អូន​ទេវីវណ្ណ​ឥត​ជិន​ណាយ​ឡើយ។ ខ្ញុំ​​ផ្តេក​កាយ​ស្រី​ដាក់​លើ​ផ្ទាំង​សិលា។ ស្រស់​ជីវ៉ា​បិទ​នេត្រា​ព្រឹម​ៗ។ ខ្ញុំ​ឱន​ភក្រ្តា​​ផ្ទាប់​ភក្រ្ត​ស្រី​ហើយ​ស្រដី​ខ្សឹប​ៗ​ដាក់​ត្រចៀក​នាង​៖

–      ម្ចាស់​ស្នេហ៍​បង! បង​ស្រឡាញ់​អូន​ណាស់!

ទេវីលើក​ម្រាម​ដៃ​ដ៏​តូច​ឆ្មារ​របស់​នាង​មក​ខ្ទប់​បបូរមាត់​ខ្ញុំ​ហើយ​មាន​វាចាឃាត់ខ្ញុំ។

–      យើង​ជា​កូន​ខ្មែរ! ត្រូវ​រក្សា​សេចក្តី​ស្នេហា​របស់​យើង​ឲ្យ​ស្ថិត​ក្នុង​របង​ប្រពៃ​ណី។ អូន​ក៏​ស្រឡាញ់​បង​ណាស់​ដែរ។

——————————————————————————————————–

ឱ! ខ្ញុំ​យល់​សប្តិ​ទេ​តើ! អារម្មណ៍​ខ្ញុំ​វិល​វល់​អស់​ហើយ​ដោយ​សារ​តែ​លួច​គួច​ស្នេហ៍​ទេវីវណ្ណ ទេពធីតារបស់ខ្ញុំ។

ឱ! ​ទេវីអើយ! សេចក្តី​ស្នេហា​របស់​បង​​ចំពោះ​អូន​មាន​ទំហំ​ធំធេង​ណាស់។ រូប​កាយ​ចរណៃ​ស្ថិត​ក្នុង​វិញ្ញាណ​បង​គ្រប់​វិនាទី។ តើ​ថ្លៃ​មាន​នឹក​បង​ខ្លះ​ដូច​ប​ង​នឹក​អូន​ឬ​ទេ?

ឱ! ទីក្រុង​នីសអើយ! អ្នក​បាន​ផ្តល់​សេចក្តី​សង្ឃឹម​​ឲ្យ​ខ្ញុំ​យ៉ាង​ច្រើន។ អ្នក​ជួយ​ផ្គល់​ឲ្យ​វិស្សម​កាល​​របស់​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ​ណាស់។

ឱ! សមុទ្រ​ខៀវ​អើយ! ខ្ញុំ​មិន​ភ្លេច​ទិដ្ឋភាព​ដ៏​ប្រណិត​របស់​អ្នក​ទេ។

*               *

*

ខ្ញុំ​ត្រឡប់​ពីទីក្រុង​នីស​វិញ​ដោយ​ស្ពាយ​យក​មក​ជា​មួយ​នូវ​អនុស្សាវរីយ៍​ត្រកាលៗ​ដែល​មិន​អាច​បំភ្លេច​បាន​។

ខ្ញុំ​​ចូល​ធ្វើ​ការ​វិញ​ហើយ។ ចិត្ត​គំនិត​ខ្ញុំ​ទាំង​មូល​បាញ់​ឆ្ពោះ​ទៅលើ​ទេវីវណ្ណ​ឥត​រសាយ​ឡើយ​។ ចិត្ត​ខ្ញុំ​ហេល​ហាល​ដូច​ជា​ខ្វះ​លំនឹង​អ្វី​មួយ។

រៀង​រាល់​រាត្រី ដើម្បីបំបាត់​នូវក្តី​នឹក​រលឹកចំពោះរូប​ឆោម​ពិសី​ស្រី​ទេវីវណ្ណ​ ខ្ញុំ​ឆ្លៀត​គូរ​រូប​អូន​ទេវី​ទៅ​តាម​​​ការ​​ស្រមៃ​របស់​ខ្ញុំ  គឺ​រូប​នាង​អង្គុយ​លើ​ផ្ទាំង​សិលា​មួយ​ដុំ​នៅ​មាត់​សមុទ្រ។ ឱ! ចិត្តឥត​អ្វី​ចង! ចិត្ត​ខ្ញុំ​រវើរវាយ​ឥត​ព្រំ​ដែន​ទៅរក​ទេវី​ដែល​នាង​មិន​ទាន់​ដឹង​ខ្លួន​សោះថាខ្ញុំស្រឡាញ់នាង។  មិន​ថា​ពេល​ព្រលឹម​ ឬ​ ពេល​ព្រលប់  មិន​ថា​យប់ ​ឬ ​ថ្ងៃ​ឡើយ  ខ្ញុំ​​នឹក​​នាង​ឥត​ល្ហែ។ បេះ​ដូង​ខ្ញុំ​ស្រែក​ដង្ហោយ​រក​ទេវី​គ្រប់​ពេល​វេលា​ទាំង​អស់។ នេះ​ហើយ​ឬអនុភាព​នៃ​សេចក្តីស្នេហា?

នឹក​នាងខ្លាំង​ពេក ខ្ញុំ​​​ទូរសព្ទ​ទៅ​​នាង។   ខ្ញុំ​ហៅ​ទៅ​ម្តង​ណា​ក៏​បុប្ផា​រដ្ឋ​លើក​ទូរសព្ទ​ដែរ។    បុប្ផារដ្ឋ​ចេះ​មែន នៅក្មេង​សោះ​ចេះ​ការពារ​បង​ស្រី​ដល់​ម្លឹង។ វាចា​ច្រែតៗរបស់​នាង​ធ្វើ​ឲ្យ​ខ្ញុំ​សែន​ខ្នាញ់​។ បុប្ផា​រដ្ឋ​សម្តី​បា​នណាស់។ ខ្ញុំ​ឆ្លៀត​និយាយ​លេង​ជាមួយ​បុប្ផា​បន្តិច។

–      បង​ខាន​ឃើញ​បុប្ផា​យូរ​ហើយ ​បែប​កាន់​តែ​ស្អាត​សម្បើម​ណាស់។ ​សម្តីច្រែតៗ​គ្មាន​ប្តូរបន្តិច​សោះ។ ចិត្ត​​​កាច​ហាក់​​នៅ​តែ​កាច តែ​ចិត្ត​ល្អ​ហាក់​នៅ​តែ​ល្អ។ បង​នឹក​បុប្ផា​និង​គ្រួសារ​ទាំង​អស់​គ្នា​ណាស់​។ តើ​បុប្ផា​នឹក​មក​បង​ខ្លះទេ?

–      អត់​នឹកទេ។

–     អូយ! ស្លាប់​បង​ហើយ! ណ្ហើយ! ​ទោះ​ជា​បុប្ផា​ស្អប់​បង​ម្តេចម្តា​ក៏បង​នៅតែ​​ចង់​ជួប​ ចង់​និយាយ​លេង​ជាមួយ​បុប្ផាជានិច្ច។

–      …………. .(ស្ងាត់)

–      មែន​ណ៎ា! បង​ថា​មែន​ណ៎ា! បុប្ផា​ឯងនេះ​នៅ​ក្មេង​ណាស់… អៃយូយ! ចាក់​បារាំង​ឲ្យ​រូ​តែម្តង​ហ្ន៎! ឱ! បើ​ឲ្យ​នៅ​ជា​មួយ​បារាំង​តែ​មួយ​ខែ​ច្បាស់​ជា​ភ្លេច​ខ្មែរ​ខ្ទេច។ ​  ធំឡើង​កុំ​ធ្វើ​ឫកដូចនារី​​បារាំង​ពេក​ណ៎ា ប្រយ័ត្ន​ខាត ហាសហាស…។  ណ្ហើយ! កុំខឹង​ បង​និយាយ​លេង​ទេ។ បង​សុំជួប​អ្នក​បង​ទេវី​របស់​បុប្ផា​ផង​ណ៎ា។

ខ្ញុំ​រង់​ចាំ​បន្តិច​ ស្រាប់​តែ​ទេវីវណ្ណ​ឆ្លើយ​ពីចុង​ទូរសព្ទ​ម្ខាង​មក​។ ខ្ញុំ​បុក​ពោះ​ភឹបៗ។ បេះ​ដូង​ខ្ញុំ​ចាប់​ផ្តើម​លោក​ខុស​ចង្វាក់។ ខ្ញុំ​ខំ​រៀប​ពាក្យសម្តី​និយាយ​ពន្ល​យ​ពី​ចិត្តខ្ញុំ​ឲ្យ​ទេវី​ដឹងពីអារម្មណ៍ខ្ញុំ។

–      អាឡូ! អ្នកនាងទេវីវណ្ណ? អ្នក​នាង​សុខសប្បាយ​ធម្មតា​ទេ​ឬ?  បាទ! ខ្ញុំ​សុខសប្បាយ​ទេ។ ប៉ុន្តែ​ចិត្ត​ខ្ញុំ​​ចេះ​តែ​ហោះ​ហើរចោល​រាង​កាយ​ខ្ញុំ​ទៅ​អាក​ហ្សង់​ទើយ   (Argenteuil) មិន​ទំនេរ​សោះ។  អូហ៍!  អ្នក​នាង​ឮខ្ញុំ​សើច​ ​ ស្មាន​តែ​ខ្ញុំ​មិន​ចេះ​កើត​ទុក្ខ​ឬ?  បាទ! មាន​តែ​ព្រះ​ទេ​​ដឹង​ចិត្ត​ខ្ញុំ…។ លាក់​បាំងអី​អ្នក​នាង​ទេវី! អនុស្សាវរីយ៍​ដ៏​ត្រកាល​របស់​ខ្ញុំ​ជាមួយ​នឹង​គ្រួសារ​របស់​ទេវី​មិន​អាច​ឲ្យ​ខ្ញុំ​បំភ្លេច​បាន​មួយ​វិនាទី​ណា​សោះ។ ចុះ​​ចិត្ត​ទេវី​វិញ​យ៉ាងណា​ដែរ?

–      ——————————————————————————————————–

–      ខ្ញុំ​សុំ​ទៅ​លេង​ផ្ទះ​ទេវី​ផង​បា​នឬទេ? បើ​អ្នក​នាង​អនុញ្ញាត ​ខ្ញុំ​ត្រេក​អរ​ណាស់។ ខ្ញុំ​សុំ​ទៅ​លេង​ថ្ងៃ​សៅរ៍​នេះ​ហើយណ៎ា! បាទ! ថ្ងៃ​សៅរ៍​នេះ​ជួប​គ្នា…

ស្រាប់​តែខ្ញុំឮបុប្ផានិយាយ​​រក​ខ្ញុំ​វិញ​ម្តង។  ខ្ញុំ​ឮបុប្ផា​និយាយ​ថា  ចង់​និយាយ​ជាមួយ​ខ្ញុំ​វិញ។    មុន​នឹង​លា​នាង  ​ខ្ញុំ​ក៏​និយាយថា៖

–      បុប្ផាជួយ​ថើប​រិទ្ធ​និង​រក្ស​ជំនួស​បង​ផងណ៎ា ហើយ​កុំ​ភ្លេច​ថ្នម​ចិត្ត​អ្នកបង​ទេវី​របស់​បុប្ផា​ជំនួស​បង​​ផង​ដែរ។ បង​សូម​ថើប​លា​ទាំង​អស់​គ្នា​ពី​ចម្ងាយ​សិន​ហើយ​ណ៎ា… ជឹប! ជឹប! ជឹប! (ខ្ញុំ​ធ្វើ​សំឡេង​ថើបបែប​បរទេស​ផ្ញើ​តាម​ទូរសព្ទ)។

បុប្ផា​សើច​ក្អាក​ក្អាយ​ក្នុង​ទូរសព្ទ​ កាល​បើ​ស្តាប់​ឮ​ខ្ញុំ​លេង​ដាក់​នាង​ដូច្នេះ។

រាត្រី​នេះ ខ្ញុំ​គេង​ញញឹម​តែ​ម្នាក់​ឯង ញញឹម​ដោយ​លួច​សង្ឃឹម​​ក្នុង​ដួង​ចិត្ត។ខ្ញុំ​រង់​ចាំ​ថ្ងៃ​សៅរ៍​ទាំង​អន្ទះសាក្រៃ​លែង។

*             *

*

រសៀល​ថ្ងៃ​សៅរ៍វេលា​ម៉ោង​ពីរគត់​ ខ្ញុំ​បាន​ទៅ​ដល់​គេហដ្ឋាន​របស់ទេវីវណ្ណ។ បុប្ផា​រដ្ឋ​ចេញ​មក​បើក​ទ្វារទទួល​ខ្ញុំ​យ៉ាង​រាក់​ទាក់​ញញឹម​ញញែម។

នាង​ស្លៀក​រ៉ូប​យ៉ាងស្អាត​អស់​ពីចិត្ត។ នាង​និយាយ​រក​ខ្ញុំ​យ៉ាង​ម្ញិក​ម្ញក់៖

–      ជម្រាប​សួរ​ពូ!

–      សួស្តីបុប្ផា! ថ្ងៃ​នេះ​តែង​តួ​ស្អាត​បាត​ណាស់ ​រៀប​ចំ​ចេញ​ទៅ​ណា​?

–      ខ្ញុំ​ត្រូវ​ទៅថត​កុនណ៎ា​ពូ!

–      បុប្ផា​នៅ​តែហៅ​បង​ថា «ពូ» អីចឹង​មួយ​ជាតិ​ហើយ​មើ​ល​ទៅ?

–      ​បុប្ផា​មិន​ដឹងហៅ​ថា ម៉េច​សម​ទេ បើ​បុប្ផា​ធ្លាប់​មាត់​អីចឹង​ទៅហើយ!

–      បុប្ផា​ទៅ​ថតកុន​ខ្មែរ​ ឬ​កុន​បារាំង?

–      កុន​ខ្មែរ

–      អូហ៍! កុន​ខ្មែរ​រឿង​អី?

–      ច៎ាះ! រឿង HORIZON

–      រឿង HORIZON ប្រែ​ថា ជើងមេឃ ហ្នឹងឬ?

–      ខ្ញុំ​អត់​ដឹង​ទេ ស្រេច​តែ​ពូ​ប្រែ​ម៉េច​ប្រែ​ទៅ​ឲ្យ​តែ​ស្រួល​ស្តាប់។

និយាយ​ដល់​ត្រឹម​ណេះ ទេវីវណ្ណក៏​ចេញ​មក​ទទួល​ខ្ញុំ​។ បន្ទាប់​ពី​សម្តែង​គាវរកិច្ច​ចំពោះ​គ្នា​និង​គ្នា​រួច នាង​ទេវីវណ្ណបញ្ជាក់៖

–      ច៎ាះ បុប្ផា​រដ្ឋ​ត្រូវ​ទៅ​ថត​កុន​មែន។ គឺថត​រឿង ជើងមេឃថ្មី។ នាង​ដើរ​តួ​ជា​កូន​សិស្ស​ណា៎លោក។

–      អីចឹង​ផង! តើ​នាង​ត្រូវ​ទៅ​ថត​កន្លែង​ណាដែរ?

–      ច៎ាះ នៅCEDORECK ​ប៉ារីសសង្កាត់ទី៥ ប៉ុន្តែ​កាល​ដែល​លោក​ទូរសព្ទ​សុំ​ណាត់​មក​ផ្ទះ​ខ្ញុំ​ៗ​ភ្លេច​ជម្រាប​លោកឲ្យ​ឈឹង​។

–      មិន​ទាស់​ខុស​អ្វី​ទេបាទ។ បើ​អ្នក​នាង​ចង់​ទៅ​មើលបុប្ផា ខ្ញុំ​ធានា​ជូន ។ ខ្ញុំក៏​ចង់​ទៅ​មើល​គេ​ថត​កុ​នដែរ។ ខ្ញុំ​ឮ​គេ​និយាយ​ដែរ តែ​ខ្ញុំ​មិន​ជឿសោះ។

–      ច៎ាះ! ជួន​កាល​ពាក្យ​ចចាម​អារាម​ខ្លះ​ជា​ពាក្យ​ប្រឌិត​គ្មាន​ការ​ពិត​ទេ។ តែ​រឿង​ថត​កុន​នេះ​ជា​រឿង​ពិត​មែន។

–      បើ​អ្នក​នាង​ពិត​ជា​ចង់​អញ្ជើញ​ទៅ​មើល​គេ​មែន ខ្ញុំ​រីក​រាយ​នឹង​ជូនអ្នក​នាង​​ស្មោះអស់ពីដួងចិត្ត។

–      ច៎ាះ! ក្រែង​រំខាន​ដល់​លោក​ទេ​ដឹង?

–      បាទទេ! ឥត​រំខានសោះ។

–      បុប្ផា​ថត​តែ​ម្តង​នេះទៀត​ចប់​ហើយ។ ខ្ញុំ​សូមទៅប្តូរ​សម្លៀក​បំពាក់​សិន​… អញ្ជើញ​អង្គុយ​លេង​ជាមួយ​បុប្ផា​មួយ​ភ្លែត​សិន​ណ៎ា​លោក។

———————————————————–

លុះ​ទៅ​ដល់មជ្ឈមណ្ឌលស្រាវជ្រាវអរិយធម៌ខ្មែរ CEDORECK ខ្ញុំ​បាន​ឃើញ​មនុស្សម្នា​ប្រមាណ​ជា​ម្ភៃ​នាក់។ ​ក្នុង​នោះ​មាន​ក្មេងៗ​ប្រហែល​ជា​ង​ដប់​នាក់​ផង។ ខ្ញុំ​និង​ទេវីវណ្ណ​ទៅ​ឈរ​ចាំ​ក្នុង​ទីធ្លា​ខាង​ក្រៅ។ បុប្ផា​ត្រូវ​​គេ​ហៅ​ឲ្យ​ចូល​ទៅ​ខាង​ក្នុង​បន្ទប់​បណ្ណាល័យ​ដែល​គេ​យក​មក​ធ្វើ​ជា​ថ្នាក់​រៀន សម្រាប់​ថត​កុន​រឿង ជើងមេឃថ្មី និពន្ធដោយប៉ិច ​សង្វាវ៉ានហើយ ដឹកនាំដោយលោកឡុង ឡេវ  ហៅឡុង ដារា។

ប្រហែល​ជា​ង​មួយ​ម៉ោង​ក្រោយ​មក ការ​ថត​ភាពយន្ត​ក៏​បាន​ចប់​រួច​រាល់។ ខ្ញុំ​ឃើញកុមារាកុមារី​ដើរ​ចេញ​ពី​ក្នុង​បន្ទប់​មក​ព្រូ។ បុប្ផា​ក៏​ចេញ​មក​ជាមួយ​គេ​ដែរ នាង​ដើរ​លោតៗ​សើច​ញញឹម​ញញែម​ដាក់​ខ្ញុំ​ និង​បង​ស្រី​នាង  រួច​ក៏​ស្រដី​ឡើង​ថា៖

–      ខ្ញុំ​ចង់​ណែ​នាំ​ពូ​និង​អ្នក​បង​ទេវីវណ្ណ​ឲ្យ​ស្គាល់​អ្នក​គ្រូ​របស់​ខ្ញុំ​ម្តង។ នុះ អ្នក​គ្រូ​ខ្ញុំ​ដើរ​ចេញ​មក​ហើយ​។

ខ្ញុំខំ​សម្លឹង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​នារី​ម្នាក់​ដែល​ដើរ​តម្រង់​មក។ ​អ្នកគ្រូរបស់បុប្ផា ខ្ញុំ​ស្គាល់​ច្បាស់​គឺ​អ្នក​​បង​កល្យាណី​ទេ​តើ។ ខ្ញុំ​ក៏​ដើរ​ទៅ​ជិត​ ហើយ​ឧទាន​ទាំង​ភ្ញាក់​ផ្អើលថា៖

–      អ្នក​​បង​កល្យាណី​! ជម្រាប​សួរ! ខ្ញុំ​មើលសឹង​តែ​មិន​ស្គាល់។ អ្នក​បង​ស្គម​ច្រើន​ណាស់។ អ្នក​បងឈឺ​អី​ហ្នឹង?

–      ខ្ញុំ​គ្មានជំងឺ​​ធ្ងន់​ទេ។ ខ្ញុំ​គេង​មិន​លក់ និង​ចេះ​តែ​អស់​កម្លាំង​ល្ហិត​ល្ហៃ។ ចាស់​ទុំ​ហើយ កម្លាំង​មិន​​ខ្លាំង​ក្លា​ដូច​ពី​ក្មេង​ទេ។ ប៉ុន្មាន​ខែ​ហើយមែនទេ យើងហាក់​ដូច​ជា​ដាច់​ទំនាក់ទំនង​​ឈឹង។ ខ្ញុំ​ហៅ​ទូរសព្ទ​ទៅ​លេង​បាន​ជួ​ប​អ្នកមីង។ គាត់​មាន​ប្រសាសន៍​ថា ឧត្តម​រវល់​ខ្លាំង​ណាស់ ហើយ​បាន​ប្តូរ​ផ្លាស់ពេល​ម៉ោង​ធ្វើ​ការ​ទៀត​ផង។ ឧត្តម​មក​ទីនេះ​ធ្វើ​អ្វី​ដែរ?

–      បាទ! ខ្ញុំ​មក​តាម​មើល​បុប្ផា​រដ្ឋ​ថត​កុន។ នាង​ត្រូវ​ជា​ប្អូន​បង្កើត​របស់​អ្នក​នាង​ទេវីវណ្ណ។ យី! គិត​ទៅ​គ្រាន់​តែ​បាត់​ដំណឹង​ពីគ្នា​ប៉ុន្មាន​ខែ​សោះ ស្រាប់តែ​អ្នក​បង​ក្លាយ​ជាចាងហ្វាង​កុន​ទៅ​ហើយ។

–      ទេ! ខ្ញុំ​មិន​មែន​ជា​ថៅ​កែ​កុន​ទេ។ មិត្តភក្តិ​សុំ​ឲ្យ​ជួយ​ក៏​ជួយ​ចូក​ជួយ​ចែវ​គេ​ខ្លះ​ទៅណ៎ា!

–      ហេតុតែអ្នក​បង​ទំនេរ ​ធ្វើ​អ្វីក៏បានទាំង​អស់។

–      បើ​និយាយ​ពី​រឿង​ទំនេរ​នោះ អ្នក​ណា​ក៏​ដូច​ជា​អ្នកណា​ដែរ គ្មាន​ទំនេរ​ទេ។ ​តែខ្ញុំ​ចេះ​តែ​ឆ្លៀត​ឈ្លក​រក​ពេល​ទៅ។ ណាមួយ ​ខ្ញុំ​ក៏​មាន​ចិត្ត​ស្រឡាញ់​សិល្បៈ​តាំង​តែពី​ក្មេង​មក​ផង។ ម្ល៉ោះ​ហើយ​ក៏រួម​សាមគ្គិ​ពួត​ដៃ​គ្នា​បន្តិចម្នាក់​ៗ​។ បើ​ធ្វើ​អ្វី​បាន​ក៏​ចេះ​តែនាំ​គ្នា​ធ្វើ​អីចឹង​ទៅ។ ​ដល់​ពេ​ល​នេះ​ទៅហើយ បើ​រវល់​តែ​គេង​ចាំ​មើល​បំណាំ​គ្នា​ក៏​វា​មិនកើត​ដែរ​ណ៎ា ដូច​ឧត្តម​ស្គាល់​ចិត្ត​ខ្ញុំ​ស្រាប់​ហើយ​។ ខ្ញុំ​មិន​មែន​ជា​អ្នក​ធ្វើ​នយោបាយ​មាន​បក្ស​មាន​ពួក​នឹង​គេទេ ។ ខ្ញុំក៏​ឆ្លៀត​បម្រើ​វប្បធម៌​ខ្លះ​ៗ ឲ្យ​បាន​ស្ងប់​ចិត្ ត​ស្ងប់​អារម្មណ៍​បំណាច់​មាន​ចិត្ត​ស្រឡាញ់​ស្រាប់​ទៅហើយ។

–      ខ្ញុំ​សូម​គាំទ្រ​គោលគំនិត​អ្នក​បង​ទាំង​ស្រុង។

–      ចំណែក​ខ្ញុំ​​ក៏​អីចឹង​ដែរ​។ (ទេវីវណ្ណបន្ថែម)។

–      ច៎ាះ! អរគុណ! ខ្ញុំ​ក៏​សូម​សរសើរ​អូន​ដែល​បានអនុញ្ញាត​ឲ្យ​បុប្ផា​រដ្ឋ​​ចូល​រួម​ថត​កុន​នឹង​គេ។ ខ្មែរ​យើង​ខ្លះ​ទៅ​ប្រកាន់​ណាស់។ គេ​នៅ​តែ​យល់​ថា អ្នក​ណា​ចូលក្នុ​ង​រង្វង់​សិល្បៈ​​សុទ្ធ​តែ​ជា​មនុស្ស​ថោក​ទាប​ដោយ​បន្ថោកបន្ទាប​តម្លៃ​គ្នា​សម្បើម​ណាស់។

–      ទាំង​នេះបណ្តាល​មក​ពីសិល្បករ​យើង​ខ្លះ​ខ្វះ​សេចក្តី​ថ្លៃថ្នូរ ហើយមានខ្សែ​ជីវិ​ត​មិន​ល្អ ប្រឡូក​ប្រឡាក​គ្នា​មិន​ចេះ​រក្សា​តម្លៃខ្លួន​ឯង​ ទើប​អូសទាញ​ឲ្យ​សិល្បៈ​ខ្មែរដែលខ្លួនបម្រើឲ្យគ្មាន​តម្លៃ​។ នេះ​បើ​តាម​ការ​សង្កេត​ខ្លះ​របស់​ខ្ញុំ។

ខ្ញុំ​ស្តាប់​ឮ​យោបល់​របស់​ទេវីវណ្ណ​យ៉ាង​ពេញ​ចិត្ត​។ ​ជា​ឱកាស​អាច​ឲ្យ​ខ្ញុំ​បាន​ស្គាល​ចិត្ត​គំនិត​របស់​នាង​មួយ​កម្រិត​ទៀត។ អ្នក​បង​កល្យាណី​មាន​ប្រសាសន៍​បបួលយើង។

–      បើ​មិន​ប្រញាប់​ទេ​ ខ្ញុំ​ចង់​អញ្ជើញ​ឧត្តម និង​អូន​….

–      ច៎ាះ!​ ខ្ញុំឈ្មោះ​ទេវីវណ្ណ (ទេវីនិយាយ​កាត់​ដើម្បី​ជម្រាប​ឈ្មោះ​នាង​ទៅ​អ្នក​បង​កល្យាណី)។

–      ខ្ញុំ​ចង់​អញ្ជើញ​ អូន​ទេវីវណ្ណ បុប្ផា​រដ្ឋ និង​ ឧត្តម​ទៅ​ភោជនីយដ្ឋាន ព្រោះ ខ្ញុំ​មាន​រឿង​មួយ​ចង់​ជជែក​ពីគ្រោះ​ពិភាក្សា​ជាមួយ​ឧត្តម​ចាំបាច់។ តើ​អ្នក​ទាំង​អស់​គ្នា​យល់​យ៉ាង​ណា​ដែរ​?។

–    ខ្ញុំ​មិន​ហ៊ានសម្រេច​ទេ​។ នេះ​អាស្រ័យ​ទៅ​លើទេវីវណ្ណ​ទាំង​ស្រុង។ ខ្ញុំ​លួច​មើល​មុខ​ទេវី​វណ្ណ​ឃើញ​​នាង​មាន​ទឹក​មុខ​បែប​រា​រែក​បន្តិច។ នេះជា​ការ​ធម្មតា​ទេ ព្រោះ​នាង​មិន​ធ្លាប់​ដើរ​ជាមួយ​ខ្ញុំដែលនាងទើបនឹងស្គាល់​។ នាង​​​ត្រូវ​តែ​​ទើស​ទាល់​ ថ្វីត្បិតតែយើងបានដើរកំសាន្តម្តងគត់នៅក្នុងពេលវិស្សមកាលក្នុងពេលជួបស្គាល់គ្នានីក្រុងនីស។

–      យ៉ាង​ម៉េច​អូន​ទេវីវណ្ណ? យល់​ព្រម​ទេ? (អ្នក​បង​កល្យាណី​សួរ​បញ្ជាក់)

–      ​អីចឹង​ យើង​ទៅ​ជាមួយ​អ្នក​គ្រូខ្ញុំ​​តែម្តង​ទៅ​អ្នក​បង!

បុប្ផា​ជំរុញ​បងស្រី​នាង ទើប​ទេវីវណ្ណ​​យល់​ព្រម​តាមសំណើ​របស់​អ្នក​បង​កល្យាណី​។

យើង​នាំ​គ្នា​ឆ្ពោះ​ទៅ​រក​ភោជនីយដ្ឋានMY THO ដែលស្ថិត​នៅ​លេខ​១៨ ​ផ្លូវ​Flatters បារីស៍​ទី​៥ ។ភោជនីយដ្ឋាននេះ​ធ្វើ​មី​គោគ​ពិសេស​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ខុស​ប្លែក​ពី​ភោជនីយដ្ឋាន​នានា។

នៅពេល​យើង​រង់​ចាំ​ម្ហូប​ដែល​យើង​បញ្ជា​ អ្នក​បង​កល្យាណី​​រ៉ាយ​រ៉ាប់​ប្រាប់​យើង​ពី​គោល​បំណង​របស់អ្នកបង​ដែល​ចង់​បង្កើត​ទស្សនាវដ្តី​ខ្មែរ​ និង​បោះពុម្ព​ផ្សាយ​សៀវ​ភៅ​ផ្សេង​ៗ​ ដែលមាន​ជា​អាទិ៍សៀវ​ភៅ​​ប្រលោម​លោក​ខ្មែរ​ជា​ដើម​ អ្នក​បង​បញ្ជាក់​ថា៖

–      នេះ​ជា​ការមួយ​ពិបាក​ខ្លាំង​ណាស់​។ បើ​ឧត្តម​ឯង​មិន​ជួយ​ខ្ញុំ​នោះ ខ្ញុំ​ប្រាកដ​ជា​ធ្វើ​មិន​ចេញ​ទេ។ បើ​មាន​អត្ថបទ​ហើយ តោង​យើង​រក​មនុស្ស​វាយ​អក្សរនិង​​ធ្វើ​ការ​ផ្សាយ​​លក់​ទៀត។ ខ្ញុំ​មិន​ដឹង ​ខ្មែរ​យើង​សព្វ​ថ្ងៃ​មាន​ចំណូល​ចិត្ត​អាន​សៀវភៅ​ខ្មែរឬ​ទេ?

–      រឿង​នេះ​ពិបាក​ដឹង​មុន​ណាស់។ យើង​ប្រថុយ​សាក​មើល​ទើប​ដឹង​ច្បាស់។ បើ​អ្នក​បង​មាន​គោល​បំណង​មុត​មាំ​ហើយ ខ្ញុំ​សន្យា​​ជួយ​ពុះ​ពារ​កិច្ច​កា​នេះ​លុះ​ត្រាតែ បាន​សម្រេច​រូប​រាង​ពិត​ប្រាកដ។

–      ខ្មែរ​យើង​ចូល​ចិត្ត​ស្តាប់​វិទ្យុ​សំឡេង​ខ្មែរ។  ខ្ញុំ​សង្ឃឹម​ថា គេច្បាស់​ជា​ចូល​ចិត្ត​អាន​អក្សរ​ខ្មែរ​ឡើង​វិញ​ដែរ។ បើ​សិន​ជា​ដូច​ការ​ស្រមៃ​របស់​ខ្ញុំ​មែន នោះ​អក្សរសាស្រ្ត​ខ្មែរ​យើង​នឹង​បានងើបត្រដែត​​ឡើង​វិញ​មិន​ខាន​។

–      បើ​អក្សរ​សាស្ត្រ​ខ្មែរ​ចម្រើន អ្នក​និពន្ធ​ខ្មែរ​ក៏​មាន​សង្ឃឹម​ដែរ​មែន​ទេ​អ្នក​បង?

–      មែន​ហើយ​ឧត្តម!

–      ចំណែក ទេវីវណ្ណខ្ញុំ​វិញ​ក៏​សូម​សន្យា​ជួយ​កម្លាំង​អ្នក​បង​ទៅតាម​លទ្ធភាព​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​បង​មា​នការ​អ្វី​ ទោះ​តូច​ក្តី​ធំ​ក្តី​ សូមកុំ​ញញើត​ពឹង​រក​ខ្ញុំ​ឲ្យ​សោះ។

–      ខ្ញុំ​អរគុណ​ និង​រំភើប​ចំពោះ​សន្តាន​ចិត្ត​ដ៏​វិសេសរបស់​​អូន​ទេវីវណ្ណណាស់។ ទាំងអស់​នេះ​ពិត​ជា​កម្លាំង​ក្រៅ​ជួយ​ជំរុញ​ឲ្យ​គោល​ដៅ​របស់​ខ្ញុំ​ក្នុង​ផ្នែក​អក្សរ​សាស្ត្រ​ឈាន​ទៅ​រក​ជើង​មេឃ​ថ្មី​នៃក្តី​សង្ឃឹម​ថ្មី​យ៉ាង​ជាក់​ច្បាស់។

យើង​មើល​មុខ​គ្នា​ដោយ​បញ្ចេញ​រស្មី​សង្ឃឹម​តាម​រយៈភាសា​នៃ​កែ​វភ្នែក។ បុប្ផារដ្ឋ​មិន​សូវ​​យល់​ពី​ការ​ពិភាក្សា​​របស់​យើង​ទេ។ នាង​​នៅ​ក្មេង​ណាស់​មិន​ទាន់​មាន​សមត្ថភាព​យល់ការ​នេះ​បាន​ឡើយ​​។ ប៉ុន្តែ​ខ្ញុំ​លួច​ប​ណ្តុះ​សេចក្តីសង្ឃឹម​នៅ​ក្នុងចិត្ត​ខ្ញុំថា ទេវីវណ្ណ​និង​បង្ហាញ​គំរូ​នេះ​ដល់​ប្អូ​នស្រី​នាង​មួយ​ថ្ងៃ​បន្តិច​ៗ​​។

អ្នក​បម្រើ​ក្នុងភោជនី​យដ្ឋាន​បាន​លើ​ចាន​ម្ហូប​យក​មក​ដាក់​ឲ្យ​យើង​ល្មម។ ក្លិន​ម្ហូប​ឈ្ងុយ​ឈ្ងប់​ហុយ​ផ្សែង​ទ្រលោម​នាំ​ឲ្យ​យើង​ស្រក់​ទឹក​មាត់។ យើង​នាំ​គ្នា​បរិភោគ​យ៉ាង​ស្ងៀម​ស្ងាត់។ ខ្ញុំ​លួច​ចោល​ភ្នែក​​សម្លឹង​មើល​ទេវីវណ្ណ​ដែល​កំពុង​បរិភោគ​យ៉ាង​សូភាព​រាបសារ​ញ៉ាំង​ឲ្យ​ហឫទ័យ​ខ្ញុំ​រឹត​តែ​គួច​ស្នេហ៍​មួយ​កម្រិត​ទៀត​ ពីព្រោះ​ឧត្តម​គតិ​របស់​នាង​ដែល​ខ្ញុំ​បាន​ស្គាល់​តាម​រយៈ​ការ​ឆ្លើយ​ឆ្លងជាមួយ​អ្នក​បង​កល្យាណី​រឹត​តែ​ចងចិត្ត​ខ្ញុំ​ឲ្យ​ប៉ងប្រាថ្នា​លើ​រូប​ឆោម​ពិសី​ឥត​ព្រំ​ដែន។

រាត្រី​នោះ​ឯង  ។    ខ្ញុំចេះតែឮពាក្យឆ្លើយឆ្លងរវាងទេវីវណ្ណនិងអ្នកបងកល្យាណី។   គំនិត​គាំទ្រ​​គោល​បំណង​របស់​អ្នក​បង​កល្យាណី​នេះ​ស​ឲ្យ​ខ្ញុំ​យល់​ឧត្តមគតិ​របស់​ទេវីវណ្ណ។ នាង​និយាយ​ចេញ​មក​ទាំង​ប៉ុន្មាន​ទៅ​តាម​សន្ទុះ​ចិត្តពិត​របស់​នាង​ ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​អក្សរសាស្ត្រមួយរូប។ នាង​ពុំ​ដែល​ដឹង​សោះ​ថា ខ្ញុំ​ជា​អ្នក​និពន្ធ​ដ៏​សំគម​មួយ​រូបទេ។ ខ្ញុំ​ចាត់​ទុក​ខ្លួន​ខ្ញុំ​ថា «អ្នកនិពន្ធ​សំគម» ព្រោះ​អ្នក​និពន្ធ​ខ្មែរ​គ្មាន​សង្ឃឹម​នឹង​ទាញ​យក​ផល​កម្រៃ​ពី​សៀវភៅ​របស់​ខ្លួន​យក​មក​ចិញ្ចឹម​ជីវិត​ដូច​ជា​អ្នក​និពន្ធ​សាសន៍​គេ​ទេ។ នេះ​មក​ពីសៀវភៅ​ខ្មែរ​ខ្វះ​ខ្មែរអ្នកជួយ​អាន​ ឬ​ជួយ​ជាវ។ ការ​ព្រងើយ​កន្តើយ​ និងការ​មិន​ចូល​ចិត្ត​អាន​នៃ​ជន​ជាតិ​យើង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​និពន្ធ​ខ្មែរ​យើងធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។

(អំណោយពីសារព័ត៌មាន នគរធំ នៅសហរដ្ឋអាមេរិក)
(@រក្សាសិទ្ធិ ដោយ​ ប៉ិច​ សង្វាវ៉ាន)

ចំណង​ស្នេហា​រវាង​ខ្ញុំ​និង​អូន​ទេវីវណ្ណកាន់តែ​មាំ​ឡើង​មួយ​ថ្ងៃ​បន្តិច​ៗ​។ សេចក្តី​ស្នេហា​របស់​យើងចម្រើន​ធំធាត់​លូត​លាស់​​រហ័ស​ទៅ​បាន​អាស្រ័យ​មក​ពី​យើង​មាន​សន្តាន​ចិត្ត និង​គោល​បំណង​… ពោល​​ឲ្យ​ចំ​គឺ​ឧត្តម​គតិ​ដូច​គ្នា​ច្រើន។

រដូវ​នីមួយ​ៗ​​កន្លង​ផុត​ទៅ​…

រដូវ​រងា​ចូល​មកហើយ។ ថ្ងៃ​អពាហ៍​ពិពាហ៍​របស់​យើង​ដែល​យើង​ទាំង​ពីរ​សន្មតជា​ «មហាទិវា» ​បោះជំហ៊ានមក​ដល់។

ទេវីវណ្ណ តែ​ង​កាយ​យ៉ាង​ល្អ​ឥត​ខ្ចោះ។ នាង​ផ្ទាស់​ប្តូរ​គ្រឿង​សម្លៀក​បំពាក់​ទៅតាម​ពិធី​នី​មួយ​ៗ។ ទេវីស្រី​ស្លៀកពាក់ឈុត​របៀប​ណា​ក៏​សម​ទាំង​អស់។ ជា​ពិសេស​នៅ​ពេល​សំពះផ្ទឹម​សែន​ចង​ដៃ អូន​ទេវីវណ្ណ​ប្រដាប់​ដោយ​គ្រឿង​បូរាណ។ ទេវី​រឹតតែស្រស់ស្អាតក្នុងឈុតបូរាណពណ៌​មាស​ចាំ​ងចិញ្ចាច សមម៉្លេះ​នឹង​​ដង​ខ្លួន​ស្តើង​ ខ្ពស់​មិន​ខ្ពស់ ទាប​មិន​ទាប។ កេសា​បួង​​​ភ្នួងម៉ូដអង់​គ្លេស លម្អដោយ​បុប្ផា​ស្រស់​លើក​សម្រស់រង្វង់​ភក្ត្រ​រាង​ពង​ក្រពើ​សាច់ម៉ដ្ឋ​ខៃដែលត្រូវ​​​​គ្រឿង​សំអាងបន្ថែម។ ទេវីវណ្ណបណ្តូល​ចិត្ត​ខ្ញុំ​​ប្រែ​ក្លាយ​ ​ជា​ទេពធីតា​​ពិត​ប្រាកដ​ក្នុង​ទិវា​នោះ​ ។

នៅ​លើ​កម្រាល​ពណ៌​មាស យើង​អង្គុយ​ផ្ទឹម​កៀក​កិត​ជិត​គ្នា​រង់​ចាំ​មាតា​បិតា​ និង​ញាតិ​មិត្ត​ចង​ដៃ​ជូន​ពរ​ជ័យ​សេរី​មង្គល​ជា​បន្ត​បន្ទាប់​គ្នា។ អ្នក​ម្តាយ​ខ្ញុំ​មាន​ប្រសាសន៍​ឲ្យ​ពរ ៖

–      កូន​ទាំង​ពីរ​​រក្សា​ និង​ស្រឡាញ់​គ្នា​រហូត​ដល់​ចាស់​កោង​ខ្នង​ ​ខាំ​​ចេក​របូត​ ខាំ​ពោត​របេះរៀង​ៗ​ខ្លួន​ណ៎ាកូនណ៎ា។

ចំណែក​លោកពូ​កុសល​ ​នៅ​ឯ​ទីក្រុង​នីស​ក៏​បានអញ្ជើញ​ចូល​រួម​ដែរ។ លោក​ពូ​មាន​ប្រ​សាសន៍​​​​​ ៖

–      ពូសប្បាយ​ចិត្ត​ណាស់ ដែល​ក្មួយ​ឧត្តម​ និង​ក្មួយ​ស្រី​ទេវីវណ្ណ​មានចិត្ត​ស្មគ្រស្មោះ​ចំពោះ​គ្នា​និង​គ្នា ហើយ​​រៀប​ការតាម​គន្លង​ប្រពៃ​ណី​ខ្មែរ​យើង។ សូម​ឲ្យ​ក្មួយប្រុស​ស្រី​​មាន​សេរី​សួស្តី​ សុភមង្គល​ សុខ​ក្សេម​ក្សាន្ត ​ត្រជាក់​ត្រជុំ​ដូច​ទឹក​អប់​បំពង់​ខ្ចី​ ។

អ្នក​មីង​ភរិយា​លោក​ពូ​កុសលដែលអង្គុយទន្ទឹមស្វាមី​ឲ្យ​ពរយើង​បន្ត៖​

–      អ្នក​មីង សូម​ឲ្យ​ក្មួយ​សម្លាញ់​ទាំង​ពីរ​ចេះ​ស្រឡាញ់ ​ចេះ​អត់​ឱន​គ្នា។ បើ​ប្តី​ខឹង​ឲ្យ​ប្រពន្ធ​ខំ​អត់។ បើ​ប្តី​ខ្សត់​ឲ្យ​ប្រពន្ធ​ខំ​រក។ ​ទៅ​ណាមក​ណា​​មានគេស្រឡាញ់​រាប់​​អាន​យក​ជា​គ្នាជានិច្ច។​ សូម​ឲ្យ​ក្មួយ​មាន​ជោគ​ជ័យគ្រប់ជំហ៊ានជីវិត ​ឈ្នះ​អស់​មារសត្រូវ​គ្រប់​ទិស​ទី​ ​សម្បូរណ៍​ទ្រព្យ​សម្បត្តិ​ហូរ​ហៀណ៎ា!។

ខ្ញុំ​និង​អូន​ទេវី​ ​ឆ្លើយ​ទទួល​ព្រម​គ្នា ៖

–      សាធុ! សាធុ!

ភ្ញៀវ​ទាំង​ឡាយ​​​បាចស្រទាប់ផ្កា​កូលាបដែលប្រើ​ជំនួស​ផ្កា​ស្លា​​លើ​យើង​ទាំង​ពីរ​នាក់។ ​​ខណៈនោះ ចិន្តា​​​ខ្ញុំ​រំភើប​​ស្រាល​ឥត​ឧបមា។

ខ្ញុំ​លួច​សម្លឹង​មើល​អូន​ទេវីវណ្ណ។ ស្រី​ស្អាត​សែន​ស្អាតម៉្លេះទេ!។​ ​ចិត្ត​ខ្ញុំ​ជ្រួល​ច្របល់​ចង់​ស្ទុះ​ទៅ​​លួង​លោម​ថ្នាក់​ថ្នម​មួយ​រំពេច។

មង្គល​ការ​របស់​យើង​បាន​ចប់​សព្វ​គ្រប់​ដោយពិធី​ជប់​លៀង​​ក្នុងភោជនីយដ្ឋាន។

រាត្រី​នោះ​ឯង​ជា​រាត្រី​សុភមង្គល​របស់​យើង។

នៅក្នុង​បន្ទប់​ដំណេក​រ​បស់​អូន​ទេវី ដែល​រៀបចំ​យ៉ាងមានរបៀប​​រៀប​រយ​គួរ​ឲ្យទាក់​ភ្នែកនិងចិត្ត​ បេះ​ដូង​ខ្ញុំ​ញាប់​ញ័រ​រំភើប។ ​ ​ខ្លួន​ខ្ញុំហាក់​បី​ដូច​ជា​កំពុង​ស្ថិត​ក្នុងឋាន​​សួគ៌ា​ល័យ។

នៅ​​ពីមុខ​ទូ​សំអាង ភរិយាខ្ញុំ​អង្គុយដក​ផ្កា​ចេញពីសក់នាង ហើយ​ចាប់​រុះភ្នួង​សក់​ចេញ។ ខ្ញុំ​ឈរ​ពី​ក្រោយ​ខ្នង​ភរិយា​ ​ដាក់​ដៃ​លើ​ស្មា​កន្និដ្ឋា​ទាំង​ចិត្ត​ស្រឡាញ់​ខ្នាញ់​ស្ទើរ​លេប។

–      កុំអាល​រុះ​សក់​ចេញ​ ទុក​អីចឹង​សិន​ហើយ​។ មាសស្នេហ៍​បង​ល្អ​អ្វី​ម៉្លេះ​ទេ! ល្អដូច​ជា​រាជនី​ក្នុង​រឿង​ព្រេង​និទាន​។

ធីតា​សើច​បញ្ចេញ​ធ្មេញ​សស្គុស​រៀប​ស្មើ​ត្រឹម​។ កាល​ណានាង​សើច នាង​រឹត​តែ​ល្អ។ ទេវី​យក​ដៃ​ស្តាំ​អង្អែល​​ខ្នង​ដៃ​ខ្ញុំ​ថើៗ ហើ​យពោ​ល​ពាក្យ​យ៉ាង​ពីរោះ ៖

–      បង​ចូល​ចិត្ត​បញ្ចោរ​អូន​ម្ល៉េះទេ។

ខ្ញុំ​លើកបី​កាយ​ស្រី​បង្វិល​មួយ​ជុំ​យ៉ាង​ថ្នម​ៗ ហើយដាក់​លើ​សយនា។

–      ទេវី​មាស​បង! យើង​មាន​សេរីភាព​ពេញ​លេញ​ហើយអូន។ យើង​ជា​ភរិយា​ស្វាមី​ពេញ​លក្ខណៈ​ច្បាប់​ហើយ។ ចាប់​តាំងពី​ថ្ងៃ​នេះ​តទៅ គ្មាន​អ្វីជាឧបសគ្គធ្វើ​ឲ្យ​យើង​បារម្ភ​​ទៀត​ទេ។

ខ្ញុំ​​និទានសុបិន​​ខ្ញុំ​ជាមួយ​ទេវីវណ្ណ​នៅ​មាត់​សមុទ្រ​ទីក្រុង​​ NICE ឲ្យ​នាង​ស្តាប់។​ កែវ​​​​ពិសី​ស្រី​ឆោម​យង់បិទនេត្រា​ស្តាប់​ខ្ញុំ​និទាន​ការ​យល់​សប្តិ​ដោយ​ញញឹម​ពេញចិត្ត។ នាង​រឹត​តែ​ជឿ​លើ​សេចក្តី​ស្នេហា​ដ៏​មុះ​មុត​របស់​ខ្ញុំ​លើរូប​នាង។ ស្រីងើបពីពូកហើយស្រវា​ឱប.ក​ខ្ញុំ រួច​និយាយពាក្យផ្អែមល្ហែមថា ៖

–      បង​ឧត្តម! ម្ចាស់​ជីវិត​អូន​តែ​មួយ…

គ្រាប់​ព្រិល​​សាច​តាម​កម្លាំង​វាយោ​ប៉ះ​កញ្ចក់​បង្អួច​លាន់​ឮ​ប្រស់ៗ។ សត្តនិករ​ទូទៅ​និទ្រា​លក់​អស់​ទៅ​ហើយ។

តើ​នឹង​មាន​រាត្រី​​ណា ​ដែល​ត្រកាល​ស្មើ​នឹង​រាត្រី​ចន្ទ​ទឹក​ឃ្មុំ ​ដែល​ជា​រាត្រី​សុភមង្គល​របស់​យើង​នោះ​​? ខ្ញុំ​​ច្រៀងច​ម្រៀង​ បទ​«ទ្រព្យគាប់ចិន្តា»​ ​របស់​លោក​ស៊ីន ស៊ី​​សា​មុត

រហ៊ឹមៗ​បំពេរ​ឆោម​ពិសី​ភរិយា​ថ្មោង​ថ្មី​ថ្លៃ​វរលក្ខណ៍​របស់ខ្ញុំ​ ដែល​មាន​ទំនុក​ច្រៀងដូចតទៅ៖

«បើ​សិន​អូន​ឲ្យ​របស់​អ្វី​ប្រគល់​មក​បង

ស្រស់​ពៅ​នួន​ល្អង​បង​សូម​ទទួល​តែ​មួយ​ប៉ុណ្ណោះ

ទោះ​អូន​ឲ្យ​ច្រើន​ស្ទើរ​តែ​រាប់​មិន​អស់

ក៏​បង​ទទួល​ដោយស្មោះ​

តែ​បង​ទទួល​យក​តែ​មួយ​ប៉ុណ្ណោះ​ជាទ្រព្យ​គាប់​ចិន្តា​ប្រចាំ​ជីវិត

ស្លាប់​រស់​មិន​គិត​រក្សា​ឲ្យ​គង់ ​គឺ​ស្នេហា​ដែល​អូន​ប្រគល់​ទុក​ឲ្យប្រុសបង។

អ្វី​ក្រៅ​ពីនោះ​ដែល​ពៅ​ស្រី​ស្រស់​ឲ្យ​ប្រុស​បង​ដែរ

ពេញចិត្ត​ទាំងអស់​ឥត​ខ្វះ​ទេ​ស្នេហ៍​ធ្លាប់​តែត្រកង

ទោះ​នៅ​ពេល​អូន​ឃ្លាត​កាយ​ឆ្ងាយ​ពី​បង​ច្រើន​ខែ​ច្រើន​ថ្ងៃ​កន្លង

បង​ក៏​នៅ​ចាំ​នួន​ល្អង​ឥត​ប្រែ​ក្រឡាស់​ផ្លាស់​ពី​ស្នេហ៍ៗ​យើង​ទេ​អូន

រឿង​រ៉ាវ​អភ័ព្វ​អណ្តែត​ចោល​តាម​ក្បូន​ ចោល​ឱឆ្ងាយ​រ៉ាយ​រ៉ាប់​

ជាថ្មី​រឿង​ស្រី​និង​បង។» 

ទេវីវណ្ណ​ស្ថិត​ក្នុង​រង្វង់​ហត្ថា​ខ្ញុំ​យ៉ាង​សែន​សុខ។

*               *

*

ភរិយាបណ្តូលចិត្ត​ខ្ញុំ​បា​ន​ចាក​ចេញពី​គេហដ្ឋានមាតាបិតា​នាង​នៅ​អាកហ្សង់​ទើយARGENTEUIL មក​តាម​ខ្ញុំ​នៅ​ទីក្រុង​បារីស រដ្ឋធានីនៃប្រទេសបារាំង។

ផ្ទះ​ខ្ញុំមិន​សូវ​មាន​របៀប​រៀប​រយ​ប៉ុន្មានទេ តែត្រូវ​ទេវីវណ្ណ​រៀប​ចំ​តាក់​តែង​ឲ្យ​មាន​សណ្តាប់​ធ្នាប់​គាប់​ភ្នែក​ប្រកប​​ដោយ​ផាសុកភាព។ ផាសុកភាពដ៏មនោរម្យក្នុងផ្ទះនិង

លក្ខណៈស្រ្តីមេផ្ទះដ៏ល្អដែរបស់ភរិយាខ្ញុំជាធ្នាក់ទាក់ចិត្តខ្ញុំមិនចង់ចេញទៅណាទេ គឺចង់តែនៅជិតភរិយាបណ្តូលចិត្តខ្ញុំឥតនឿយណាយ។

នៅ​ក្នុង​បន្ទប់​ដំណេក​របស់​ខ្ញុំ ទេវី​វណ្ណភ្ញាក់​ផ្អើល​ ​នៅពេល​ឃើញ​ផ្ទាំង​គំនូរ​រូប​នាង​អង្គុយ​​លើ​ដុំ​សិលា​មួយ​ផ្ទាំង​យ៉ាង​ធំ​ដែល​ខ្ញុំ​បានគូរ​រចនា​ឡើងទៅ​តាមទំហំ​ក្តី​ស្នេហ៍​ និង​ទំហំ​ក្តី​នឹក​រលឹក​របស់​ខ្ញុំ​ចំពោះ​រូប​នាង។  កល្យាណីស្ទុះ​ឱប​.ក​ខ្ញុំ​ ហើយ​ឧទាន​ទាំង​រំភើប​រីក​រាយ​ ៖

–      បង​ជាវិចិត្រ​ករ​ផង​ហ្ន! ម្តេច​ក៏​បង​មិន​ប្រាប់​ឲ្យ​អូន​ដឹង​ពី​មុន?។ បងលា​ក់​អូ​នរឿងមួយទៀត ​នេះ​នែ៎​ ស្អីហ្នឹង​បង?

ស្រី​លើក​សំណុំ​ក្រដាស​ច្រើន​ដុំ​បង្ហាញ​ខ្ញុំ​។ ​គ្មាន​អ្វីក្រៅ​ពី​សំណុំ​ស្នាដៃ​និពន្ធ​របស់​ខ្ញុំ​ឡើយ។

–      បង​មិន​ត្រឹម​តែ​ជា​វិចិត្រករ​ប៉ុណ្ណោះ​ទេ បង​ជា​អ្នក​និពន្ធ​ទៀតផង។ អូន​សប្បាយ​ចិត្ត​ណាស់។ ប្តី​សម្លាញ់ អូន​រឹត​​តែ​ស្រឡាញ់​បង​ទ្វេឡើង។

យើង​ឱប​រឹត​គ្នា​យ៉ាងណែន​ហាក់​បី​ដូច​ជា​ចង់​ឲ្យ​រូប​កាយ​យើង​ទាំង​ពីរ​អង្គារលាយ​ចូល​គ្នា​តែ​មួយ​គត់​​។

ចាប់​តាំងពី​ថ្ងៃ​នោះមក ទេវីវណ្ណ​បា​នស្វះ​ស្វែង​រក​ជាវ​សៀវភៅ​ខ្មែរដែល​មាន​នៅ​សេស​សល់​​​​ខ្លះ ​ហើយ​ដែល​បានបោះ​ពុម្ព​ផ្សាយ​លក់​ជា​ថ្មី​នៅក្រុង​បារីស​មកដំកល់​ទុកប្រចាំ​បណ្ណាល័យ​គ្រួសារ ព្រម​ទំាង​ជួយ​ផ្សព្វ​ផ្សាយ​ដល់​មិត្ត​ភក្តិ​នាង​ឲ្យ​គេ​ដឹង​ និង​​យក​ចិត្ត​ទុក​ដាក់​ផង។ ជាពិសេស​ នាង​​ជួយជ្រោមជ្រែង​អ្នក​បង​កល្យាណី​ពេញ​ទំហឹង​ក្នុង​ការ​ផ្សាយ​លក់​ទស្សនាវដ្តី​ និង​សៀវភៅខ្មែរ​ផ្សេងៗ ថែម​ទាំង​ជួយ​ជាវ​ទុកធ្វើ​អំណោយ​អនុស្សាវរីយ៍ជូនចំពោះ​បង​ប្អូន​ញាតិ​មិត្ត​ ដើម្បី​ជួយ​ការ​ពារ​លើក​តម្កើង​ ទ្រទ្រង់​អក្សរ​សាស្ត្រ​ជាតិ​ជាតិយើង​ឲ្យ​ងើប​ស្គាល់​ពន្លឺ និង​ចម្រើន​ឡើង​វិញ។

មិន​តែប៉ុណ្ណោះ ឧត្តមភរិយា​សម្លាញ់​តែ​មួយ​របស់​ខ្ញុំ​​ឆ្លៀត​ពេល​ទំនេរ​​ នៅ​ចុង​សប្តាហ៍​ចែក​ចាយ​​ចំណេះ​ស្តួច​ស្តើង​ខាង​ផ្នែក​សិល្បៈ​របាំ​ខ្មែរ​ដោ​យបង្ហាត់​បុត្រ​ធីតា​ខ្មែរយើង​ ដើម្បី​​បំផុស​បំផុល​ព្រលឹង​ខ្មែរឲ្យ​រស់​រវើក​ឡើងវិញ និងដើម្បី​ទាក់​ទាញ​ចិត្ត​បរទេស​ឲ្យ​ជួយ​ឈឺ​ឆ្អាល ​​ជួយ​ការ​ពារ​វប្ប​ធម៌​អារ្យ​ធម៌​ខ្មែរ​ក្នុង​គ្រាដែលជនជាតិខ្មែ​មួយចំនួនវេទនា​ចិត្តព្រាត់​ស្រុក​ទេសមកជ្រកកោនស្រុកបារាំងនេះ។

នៅទីណា​ក៏​ដោយ​ ឲ្យ​តែ​មាន​ខ្មែរ​ដែល​មាន​ឧត្តម​គតិ​និងស្មារតីជា​តិនិយម ភរិយា​ខ្ញុំ​តែង​តែ​ស្មគ្រ​ចិត្ត​ជួយ​ចូកជួយ​​​ចែវជួយ​ជា​កម្លាំង​ ជាគំនិត​ទៅ​តាមសមត្ថភាពរបស់​នាង​ពុំ​ដែលរុញរាឬ​អាក់​ខាន​ទេ។ បើ​​គេ​រាប់​រក​នាង ត្រូវ​ការ​ពឹង​ពាក់​នាង​ៗ​ក៏​រាប់​រក​ នឹង​ជួយ​គេ​ស្មោះ​អស់​ពី​ដួង​ចិត្តវិញត​ឥត​ខ្លាច​នឿយ​ហត់បន្តិចឡើយ​​។

ប៉ុន្តែ​ ផ្ទុយ​ទៅវិញ នាង​ស្អប់ខ្ពើម​បំផុត​មនុស្ស​ខ្មែរ​ ឬ ជន​បរទេស​ណា​ដែល​រាក់ទាក់រាប់រក​នាង​ដើម្បីស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។ នាង​តែ​ង​តែចៀ​​ស​ចេញ​ឆ្ងាយ​ពី​ក្រុម​ជន​ប្រភេទ​នេះ ឬជំពូក​ជន​ ​ដែល​មាន​បំណង​ចង់​ទាក់​ទាញ​ចិត្ត​គំនិត​នាង​ឲ្យ​ភ្លេច​ដើម​កំណើត​ខ្មែរ​ ហើ​យយក​នាង​ជាឈ្នាន់ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួននិងមហិច្ឆតា​របស់​ពួកគេ។

ថ្ងៃ​មួយ ​ភរិយា​និយាយ​​មក​កាន់​ខ្ញុំយ៉ាងម៉ត់ចត់។

–      បង! ឱកាស​ល្អ​មក​ដល់​ហើយ។ អូន​សូម​រួម​ចំណែក ​ ​សូម​គាំទ្រ​សកម្ម​ភាព​​បង​ និង​អ្នក​បង​កល្យាណី​ពេញ​ទំហឹង។ អូន​ត្រៀម​ខ្លួន​ចាំ​ជួយ​បង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់។ បង​ដឹង​ទេ? អូន​ចូល​ចិត្ត​អាន​សៀវភៅ​ខ្មែរ​យើង​ណាស់។ កាល​អូន​ជាប់​ក្នុង​របប​កុម្មុយ​នីស​ខ្មែរ​ក្រហម​នៅឃុំ​ត្រើយ​ស្លា ​​ស្រុកកោះធំ​ អូន​បាន​ឃើញ​ពួកខ្មែរក្រហម​ប្រមូល​សៀវភៅ​​ដុត​ចោល​ទាំង​គំនរៗ។ កាល​​​ណោះ ​អូនឈឺចាប់អួលផ្សារណាស់ ស្រក់​ទឹក​ភ្នែក​តក់​ៗ ​ព្រោះអូនស្តាយ​សៀវភៅ​ទាំង​នោះ​ពេក។ អូននឹកថា ពពួកជន នខ្វាក់ទាំងនេះឥតស្គាល់តម្លៃសៀវភៅទេ។ វាហែកវចនានុក្រមបារាំងខ្មែរយកទៅមូរបារីជក់ គួរឲ្យក្តៅក្រហាយណាស់។ ​ក្នុងអតីតកាល ពីមួយ​ជំនាន់​ទៅ​មួយ​​ជំនាន់​ ពេល​ដែល​ប្រទេស​យើងផ្លាស់​ប្តូរ​របប​នយោបាយ​ម្តងៗ ស្រុក​យើង​ធ្លាក់​ចុះ​ដុន​ដាប។ សៀវភៅ គម្ពីរ ឯកសារ​នានា​ត្រូវ​គេ​ដុត​បំផ្លាញចោលខ្ទេចខ្ទីរ​អស់​ ឬបើពុំនោះទេ​ក៏​ត្រូវ​សត្រូវ​ជិង​ខាង​​ចូល​លុក​លុយ​ក្នុង​ប្រទេស​យើង ​រួចនាំ​គ្នា​ដឹក​ជញ្ជូន​ឯកសារផ្សេងៗយក​ទៅទុក​ក្នុង​ប្រទេស​គេ​អស់​រលីង។ វប្បធម៌​អក្សរ​សាស្រ្ត​ខ្មែរ​ត្រូវ​អាប់​ឱន​អស់​រស្មី​បន្តិច​ម្តង​ៗ។ ហេតុនេះ សូម​បង​ខំ​សរសេរ​ទៅ ទោះ​ជាសរសេរពីអ្វីឬ​រឿង​អ្វី​ក៏​ដោយ គ្រាន់​នឹង​ចងសំណេរទាំងនោះទុក​ជា​ទំព័រ​សាក្សី​នៃ​ជីវិត​ខ្មែរ ទោះ​បី​ជាបងមិនទាន់​បាន​បោះ​ពុម្ព​ភ្លាម​ៗ​ក៏​ដោយ​។

–       ត្រូវ​ហើ​យទេវីវណ្ណអូន! បងពេញចិត្តសម្តីអូនណាស់ បង​ក៏​យល់​ដូច​អូន​ដែរ។ ក្នុង​រយៈ​ពេល​ដែល​ខ្មែរយើង​និរាស​ស្រុកមកជ្រកកោនលើទឺកដីបរទេសនេះ យើង​ត្រូវ​សរសេរ​អត្ថបទ​ផ្សេង​ៗ​ទោះ​ជា​រឿង​ប្រលោម​លោក​ក្តី ​កំណាព្យ​ក្តី​ រឿងពិតក្នុងរបបសាហាវយង់ឃ្នងប្រល័យពូជសាសន៍ ដើម្បី​បោះ​គោល​ព្រលឹង​​​​ខ្មែរ​ដែល​កាន់​ទុក្ខ​សោក។ បើ​សិនជាថ្ងៃល្អ​ណា​មួយ​​មក​ដល់​ យើង​នឹង​ប្រមូល​អត្ថបទ​ផ្សេង​ៗមក​ចង​ក្រង​ឡើង​ ដើម្បី​​ចង​ភ្ជាប់​ទំព័រ​អក្សរសាស្ត្រខ្មែរ​ចាប់​ពី​ឆ្នាំ​១៩៧៥ ត​ទៅ​អនា​គត​។ បើ​មិន​ដូច្នោះ​ទេ អក្សរ​សាស្ត្រ​​យើង​ នឹង​មាន​ប្រហោង​ខ្មៅ​មួយយ៉ាងធំ​ដែល​កូន​ចៅ​យើង​មិនដឹងមិន​យល់នៅ​ថ្ងៃ​ក្រោយឡើយ។

–      ​ក្នុង​បច្ចុប្បន្ន​កាល​នេះ អូន​សោក​ស្តាយ​ណាស់ កាល​ណាដឹងថា​ សារពត៌​មាន​ខ្មែរ និង​ព្រឹត្តិបត្រ​ខ្មែរមួយចំនួន​បញ្ឈប់​សកម្មភាព​ម្តង​មួយ​ៗ​ដោយ​ ​បញ្ហាកង្វះ​ថវិកា ដោយហេតុថា​​ពុំ​សូវ​មាន​អ្នក​​ជា​វ​អាន។ តើ​អក្សរសាស្ត្រ​ខ្មែរ​នឹង​ទៅជា​យ៉ាង​ណា​ក្នុង​អនាគតកាល?

–      ​ព្រោះ​តែ​បង​មា​នចិត្ត​អួល​ផ្សា​ដូច​អូន​ហើយ ទើប​បាន​ជា​បង​ចេះ​តែ​ខំ​ឆ្លៀត​ពេលទំនេរពីការងារចិញ្ចឹមជីវិត​បន្ត​សកម្មភាព​អក្សរសាស្រ្ត​ខ្មែរ​ និង​ខំ​ជម្នះ​ឧបសគ្គ​គ្រប់​​បែប​យ៉ាង​ជាមួយ​អ្នក​បង​កល្យាណី​ ដើម្បី​បង្កើត​ស្នា​ដៃ​ថ្មីៗ។ បង​លួច​ផ្សង​និងសន្សំក្តី​សង្ឃឹម​លាក់​ទុក​ក្នុង​ចិត្ត​ថា បើ​បងប្អូន​ខ្មែរចូល​ចិត្តស្តាប់​ភាសាខ្មែរ​តា​ម​វិទ្យុអាស៊ី (RADIO ASIE) និង វិទ្យុ​បារាំងអន្តរជាតRFI (RADIO FRANCE INTERNATIONALE) បង​ប្អូន​ទាំង​នោះ​មិន​កំណាញ់​ចំណាយ​ប្រាក់​កាស​បន្តិច​បន្តួចដើម្បីជួយ​ជាវ​លើក​ទឹក​ចិត្ត​អ្នក​ធ្វើសកម្មភាពអក្សរសាស្ត្រ​ ឬ​អ្នក​និពន្ធ​នោះ​ទេ។ តើ​អូន​ជឿ​ដូច​បង​ខ្លះ​​ទេ​អូន?

–      ច៎ាះ! អូន​ជឿទៀត​ថា បង​​ប្អូន​ខ្មែរដែល​ហ៊ាន​ចំណាយ​លុយ​ទិញ​សំបុត្រ​រាំ​លេង ​ស្តាប់​ភ្លេង​កំសាន្តសប្បាយ​តែ​មួយ​រាត្រី​ គេក៏​ប្រហែល​មិន​ស្តាយប្រាក់​ជួយ​ជាវសៀវភៅ​ខ្មែរមួយដែល​គេ​អាច​រក្សា​ទុក​មួយ​ជីវិត​នោះ​ដែរ។ អូន​យល់ថា ​គេ​នាំ​គ្នា​ជួយ​លើកទឹកចិត្ត​អ្នក​ចម្រៀង​ឲ្យ​រស់​បាន គេ​គួរតែ​ជួយចូក​ចែវ​អ្នក​និពន្ធ​ឲ្យ​មាន​កម្លាំងបម្រើ​អក្សរសាស្ត្រ​ជាតិ​ផងដែរ។ អក្សរ​សាស្ត្រ​ និង​សិល្បៈ​​ជា​មែក​ធាង​នៃ​វប្បធម៌ជាតិយើង។ ​វប្បធម៌ជាព្រលឹងជាតិមែនទេបង?

ពេល​វេលា​ចេះតែ​ដើរ​លឿន​ទៅមុ​ខឥត​រង់​ចាំ​យើង​រាល់​គ្នាឡើយ។ អូនទេវីវណ្ណ ​និង​ខ្ញុំ​មិនបណ្តោយ​ឲ្យ​ពេល​វេលារសាត់​ចោល​យើង​ឥត​ប្រយោជន៍​ទេ។ យើង​តែង​តែខំ​ឆ្លៀត​ពេល​ ​បម្រើ​អក្សរ​សាស្រ្ត​និង​សិល្បៈ​ខ្មែរ​ដោយ​​រីករាយ​សុទ្ធ​ចិត្ត ទោះ​បី​ជា​មិនបាន​ទទួល​កម្រៃក៏​ដោយ​។  យើង​ចង់​រក្សា​ទំនៀម​ទម្លា​ប់​ វប្បធម៌​ អក្សរ​សាស្ត្រ​ និង​ជួយ​ថែ​ឫសកែវខ្មែរ​ឲ្យ​រឹង​មាំ​ឡើង​​ជា​ស្ថាពរ។

បើ​ទោះ​ណា​សកម្មភាព​របស់​យើង​បា​ន​ត្រូវ​ជន​មួយ​ក្តាប់​តូច​យក​ជើង​រាទឹក បង្ខូច​បង្កាច់ ពេប​ជ្រាយ​និន្ទាឈ្នានីស​ ជាន់​ពន្លិច​យើង​ ឬលាបពណ៌​យើង​ទៅ​តាម​គំនិត​រវើរវាយ​របស់ពួក​គេ ​ក៏​យើង​ខំ​ខាំ​មាត់​សង្កត់​ចិត្ត​ឥត​តូចចិត្ត​សោះ។ យើង​គិត​ថា ក្នុង​ជីវិត​ យើង​ជៀស​មិន​ផុត​ពី​ការ​ប៉ះ​ទង្គិចឡើយ។

មិន​យូរ​ប៉ុន្មាន អ្ន​កដែល​បាន​យល់​ខុស​លើ​រូប​យើង ​មុខ​ជា​​ភ្ញាក់​រលឹកនិងខ្មាសខ្លួនឯងមិន​ខាន។ សំខាន់​បំផុត​  ឲ្យ​តែ​យើង​មាន​ជំហរ​នឹងនរ​ត្រង់​ផ្លូវ​ល្អ យើង​ច្បាស់​ជា​ទទួល​បាន​ជោគជ័យ​​ពិត​ប្រាកដនៅថ្ងៃណាមួយ។ ឧត្តម​គតិ​របស់​យើង​ គឺខិត​ខំ​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​ដួង​ព្រលឹង​ ពូជ​អម្បូរ​ខ្មែរ​ ថែ​រក្សា​កេរ្តិ៍​មរតក​ដ៏​ឆ្នើម​របស់​ដូន​តា​យើង​ឲ្យ​ស្ថិត​ស្ថេរ​ជា​ស្ថាពរ​…។

ក្នុងពេល​​អួរ​អាប់និងហត់នឿយ​ម្តងៗ ខ្ញុំ​ចាប់​ហ្គីតា​មក​ដេញ​លេង​ជា​បទភ្លេង​ផ្សេងៗ​ មាន«បទខ្យល់សមុទ្រ» និង​«​បទទ្រព្យគាប់ចិន្តា» ដែល​បកស្រាយដោយ ​លោក ស៊ីន ស៊ីសាមុត ​តារាចម្រៀងឯកខ្មែរយើង ដែលគេប្រសិទ្ធនាមជូនថាអធិរាជសម្លេងមាស។ខ្ញុំដេញហ្គីតាផងច្រៀង​បំពេរ​ទេវីម្ចាស់ជិវិតខ្ញុំផងដើម្បី​រំឮក​អនុស្សាវីរីយ៍​ដ៏ត្រកាលរបស់យើង​នៅក្រុង NICE ។ ទេវី​វណ្ណចូលចិត្ត​ស្តាប់តន្រ្តីនិងចម្រៀងខ្មែរណាស់។ ធីតាតែង​តែ​ច្រៀង​លេង​ជាមួយ​ខ្ញុំ។ នេះ​ហើយ​ជាពេល​សម្រាក​​របស់យើង​។ ចិត្ត​យើង​ទាំង​ពីរ​ដូចគ្នា។​ សូមចុចស្តាប់និងទស្សនាបទទាំងនេះលើខ្សែដំណខាងក្រោម៖

ខ្យល់សមុទ្រ រៀបរៀងដោយ​កុលាបស៖ http://www.youtube.com/watch?v=lXs7fTc1ZJI

(ដកស្រង់ចេញពីផលិតកម្មផ្កាយព្រឹក)

*             *

*

កន្លង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​និង​ទេវីវណ្ណបាន​បុត្រី​មួយ​រូប​ដែលយើងដាក់នាមឲ្យ​ថា ខេមរាវតី។

សព្វ​ថ្ងៃ ខេមរាវតី កូន​ស្រី​បណ្តូល​ចិត្ត​របស់​យើង អាយុ​ប្រាំ​បី​ឆ្នាំ​ហើយ។ ​វតី​មាន​នេត្រា​ធំៗ ។ សម្បុរ​​​នាង​ស្រអែម។ ទម្រង់​មុខ​មាត់​របស់​នាង​កាត់មក​រក​ខ្ញុំ។ ប៉ុន្តែ ​ចរិយា​ឫក​ពា ​កាត់​រក​ទេវី​វណ្ណ​ជា​មាតា។ បុត្រីយើង​មា​នចរិយាសុភាព​ស្រគត់​ស្រគំ ។ នាង​ចូល​ចិត្ត​អាន​សៀវភៅ​ដូច​​​មាតា​ដែរ។

នៅ​សាលា​រៀន វតីរៀន​ពូកែ។ ជាសិស្សដ៏​ជាទីពេញចិត្ត​របស់លោកគ្រូអ្នកគ្រូ​។ ​ ​អ្នកគ្រូ និង​មាតា​នៃសិស្ស​ខ្លះ​ ​ចង់​ស្គាល់​យើងដែល​ជា​មាតា​បិតារបស់ខេមរាវតី។  ​ឪពុ​ក

ម្តាយកូន​​បារាំង​ម្នាក់​បាន​មក​ដល់​ទីលំនៅ​យើង​ ហើយ​សុំអនុញ្ញាត​ ​នាំ​យក​ខេម​រាវតី​​ទៅ​លេង​ផ្ទះ​គេ​រាល់​រសៀល​ថ្ងៃពុធ​ក្នុង​គោល​បំណង​ចង់​ឲ្យ​បុត្រី​របស់​គេ​យក​តម្រាប់​តាម​ខេមរាវតី។

នៅផ្ទះ ទេវីវណ្ណ​និង​ខ្ញុំ​និយាយ​តែ​ភាសា​ខ្មែរ​ជាមួយ​បុត្រី​សម្លាញ់។ ចំណែកខេមរា​វតីវិញ នាង​និយាយ​តែ​ភាសា​ខ្មែរដែលជាភាសា​កំណើតរបស់​យើង​​ពីរោះ។ យើង​​រីក​រាយ​ឥត​ឧបមា។

សរុប​សេចក្តីទៅ អ្វីៗ​ដែល​យើង​បានត្រួស​ត្រាយ និង​ខំ​បូ​ជា​ពលិកម្ម​​អស់​រយៈ​ពេល​ច្រើន​ឆ្នាំកន្លងមក​ ក្លាយជា​គំរូសម្រាប់​បុត្រី​របស់​យើង។ ខេមរាវតី​ជ្រួត​ជ្រាប​ស្មារតី​ជាតិបន្តិច​ម្តងៗ​ដោយ​មិន​ដឹង​ខ្លួន​ ដូច​ជា​ចូល​ចិត្ត​អ្វីៗ​ដែល​ជា​លក្ខណៈ​ខ្មែរ​ពេញ​ក្រអៅ​បេះ​ដូងនាង។

យើង​សង្ឃឹមយ៉ាង​មុត​មាំ​​ថា ក្នុងអនាគតកាល ខេមរាវតី ​បុត្រី​បណ្តូលបណ្តាច់ដែលជាដួង​ព្រលឹង​របស់​យើង​នឹង​​ចេះ​ស្រឡាញ់​ប្រពៃ​ណី​ទំនៀម​ទម្លាប់​ជាតិ និង​ជួយ​ថែ​ពន្លឺ​ចង្កៀងវប្បធម៌​អារ្យ​ធម៌​ខ្មែរ​មិន​ឲ្យ​រលត់​ឡើយ៕

ស្ត្រាស់បួរ ថ្ងៃទី ២១ សីហា ១៩៨៣

កែសម្រួលឡើងវិញ នៅ

ម៉ុងទីញីឡេគ័រម៉េយ​ ប្រទេសបារាំងនៅ ថ្ងៃ ខែសីហា ឆ្នាំ២០១២

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s