រឿងខ្លី ៖ ស្រមោលស្នេហ៍ និពន្ធដោយ ប៉ិច សង្វាវ៉ាន

រក្សាសិទ្ធិគ្រប់យ៉ាង

ព្រឹកថ្ងៃចន្ទនេះ នាងវ៉ាសីតា ភ្ញាក់ពីដំណេក មាត់ល្វីងជូរចត់។ នាងហាក់គ្មានកម្លាំងកំហែងសោះ ហើយយល់ថា ដំណេកពីយប់មិញមិនស្កប់ស្កល់ឡើយ។ ស្រីខំរកនឹកពីសុបិននិមិត្តដែលទើបកន្លងទៅ ប៉ុន្តែស្រពិចស្រពិល ច្របូកច្របល់ រកនឹកមិនឃើញ។

នាងគិតថា ប្រហែលជាមានជំងឺអ្វីមួយហើយមើលទៅ ឬ ខួរក្បាលចង់សម្រាកលែងគិតច្រើនម្តងក៏មិនដឹង បានជាខួរនាងលែងចង់ទទួលអ្វីទាំងអស់។

វ៉ាសីតាលើកដៃឆ្វេងមើលនាឡិកា។ ម៉ោងប្រាំមួយប្លាយទៅបន្តិច តែនាងមិនចង់ក្រោកទេ។ ស្រីឈោងដៃយកប្រលោមលោកបារាំងដែលដាក់លើតុក្បាលដំណេក រឿង Le HORLA របស់អ្នកនិពន្ធ Guy de Maupassant មកអានបន្ត ។ រឿងខ្លីៗទាំងនេះធ្វើឲ្យនាងនឹកឃើញយុវវ័យរបស់នាងនៅភ្នំពេញ។ យុវតីនិយមអានរឿងប្រលោមលោកខ្លីៗរបស់អ្នកនិពន្ធ វង់ ផឿងដែលសរសេរចុះផ្សាយក្នុងទស្សនាវដ្តី «កម្សាន្តចិត្ត»យ៉ាងជក់ចិត្ត ។ កាលនោះ កញ្ញាវ៉ាសីតាអន្ទះសាបន់ឲ្យដល់ថ្ងៃសៅរ៍ដើម្បីទិញយកមកមើល  វ៉ាសីតានឹកឃើញអនុស្សាវរីយ៍ទាំងប៉ុន្មានដែលបានបញ្ចាំងរូបភាពរស់រវើកបន្តបន្ទាប់ហូរហែរពេញខួរក្បាល។ ក្នុងចំណោមចៅទាំងអស់ វ៉ាសីតាជាចៅស្រីសំណព្វចិត្តតែមួយរបស់ជីដូន។ នាងនឹកឃើញ រាល់ពេលឈប់សម្រាក ជីដូននាងតែងយកនាងទៅនៅលេងផ្ទះគាត់នៅឯជ្រោយចង្វារ សង្កាត់លេខ៧។ ថ្ងៃមួយ ជីដូនសម្លាញ់ និងបងស្រីជីដូន

មួយរបស់នាងមិននៅផ្ទះ។ វ៉ាសីតា នៅផ្ទះជាមួយអ្នកបម្រើ។ កុមារីវ៉ាសីតា ឆ្ងល់នឹងទូមួយដែលនាងពុំដែលឃើញជីដូននិងបងជីដូនមួយនាងបើកម្តងណាសោះ។ តើមានអ្វីប្លែកក្នុងទូនោះ ? ថ្ងៃនោះ នាងមានសេរីភាពពេញលេញ។ នាងចង់ប្រើសេរីភាពរបស់នាងម្តង។ ភ្នែករំពៃមើលឆ្វេងស្តាំខ្លាចក្រែងលោជីដូន និងបងស្រីជីដូនមួយត្រឡប់មកវិញទាន់។ ទេ! នៅទេ កុមារីអាយុ៨ឆ្នាំក៏ប្រថុយបើកទ្វារទូនោះមើល។ ឱ! សៀវភៅ! ថតទូនោះរពេញទៅដោយសៀវភៅទេតើ។ ធម្មជាតិជាមនុស្សចូលចិត្តចង់ដឹងនិងចង់ចេះ កុមារីវ៉ាសីតាក៏រើសៀវភៅទាំងនោះចេញ។ នាងឃើញសៀវភៅ គំនូរពណ៌រឿងTINTIN និង ប្រលោមលោកខ្មែរជាច្រើន ដូចជារឿង នាងសក់ក្រអូប របស់អ្នកនិពន្ធ ប៊ីវ ឆៃលាង រឿង ចោរភ្នំត្បែងរឿងបែបប៉ូលីសស៊ើបអង្កេតជាច្រើនទៀតដែលនាងភ្លេចឈ្មោះអ្នកនិពន្ធអស់ទៅហើយ ព្រមទាំងទស្សនាវដ្តី «រាត្រីថ្ងៃសៅរ៍»។ វ៉ាសីតា ពុំដែលដឹងថា នាងចូលចិត្តអានឡើយ ក៏ប៉ុន្តែដោយភិនភាគនេះ ទស្សនាវដ្តី «រាត្រីថ្ងៃសៅរ៍»នេះ ទាក់ទាញអារម្មណ៍ កុមារីក៏យកមកអានរៀងរាល់ពេលដែលជីដូននិងបងជីដូនមួយមិននៅផ្ទះ។ ការលបអានដូច្នេះ មកពីនាងដឹងច្បាស់ថា វ័យនាងពុំមែនជាវ័យត្រូវអានអត្ថបទបែបនោះទេ។ កុមារីនេះ ឥតរវល់អានព័ត៌មានទេ ។ នាងជក់ចិត្តអានប្រលោមលោករបស់អ្នកនិពន្ធ រឹម គិន ដូចជារឿង«សមាភាវី»ដែលជារឿងសែនកម្សត់អង្រួនបេះដូងនាងឲ្យខ្លោចផ្សាឥតប្រៀបផ្ទឹមបាន។ នាងក៏ចេះតែតាមដានអានអត្ថបទរបស់អ្នកនិពន្ធនេះដដែល ដូចជារឿង «មើលព្រះចន្ទ្រា» រឿង «ស្រីកំព្រា» យ៉ាងចាប់អារម្មណ៍ជក់ជាប់ចិត្តក្រៃលែង។ លុះអានរួចហើយ នាងយកសៀវភៅទៅទុកចំកន្លែងដើមវិញ មិនឲ្យជីដូន និងបងស្រីជីដូនមួយចាប់ថ្នាក់បានម្តងណាឡើយ។ តាំងពីពេលនោះឯងហើយ ដែលវ៉ាសីតាមានជំនក់ចិត្តអានសៀវភៅប្រលោមលោកខ្មែរដោយមិនទាន់ចេះ និងយល់ន័យថា អ្វីហៅថាអក្សរសាស្ត្រអក្សរសិល្ប៍នៅឡើយ។

អានសៀវភៅខ្មែរចប់អស់គ្មានសល់ វ៉ាសីតាយល់ថា ការលបលួចអានស្ងាត់ៗដូច្នេះ ដូចជាពិបាកខ្លាំងណាស់ ទើបនាងសុំការអនុញ្ញាតពីបងស្រីជីដូនមួយដើម្បីយកសៀវភៅមកអានតាមចំណង់ស្រួលបួល។ បងស្រីនាងក៏យកសៀវភៅបារាំង ដែលខ្សែរឿងគំនូរផាត់ពណ៌ គឺរឿង TINTINមកឲ្យនាងអានកម្សាន្ត។

រៀងរាល់ព្រឹក នៅពេលភ្ញាក់ពីគេង សីតាតែងតែចុះទៅមុខផ្ទះបេះផ្កាម្លិះនៅមាត់ជណ្តើរយកមកដោតនឹងធាងដូងទុកជូនជីដូនសម្លាញ់ថ្វាយព្រះ។ អំពីនេះគ្មាននរណាប្រើនាងទេ។ ប៉ុន្តែ សីតាដឹងច្បាស់ថា ជីដូននាងស្រឡាញ់ថ្នាក់ថ្នមនាងណាស់។ នាងក៏ស្រឡាញ់ជីដូនវិញអស់អំពីដួងចិត្ត។ កុមាររីវ៉ាសីតា ហាក់ដឹងថា នាងស្រឡាញ់ជីដូនជាងមាតាបិតានាងផង។

ពេលរសៀល កុមារីអាយុ៨ឆ្នាំនេះគេងយោលអង្រឹងមើលសៀវភៅរឿង TINTIN ជក់អារម្មណ៍ពីខ្សែមួយទៅខ្សែមួយដោយសេរីឥតទើសទាល់ដូចមុនទៀតឡើយ។  នាងអានអក្សរបារំាងមិនទាន់យល់អស់ទេ តែរូបភាពអាចឲ្យនាងកាត់យល់សាច់រឿងខ្លះៗ។

ភ្លឹកភាន់ភាំងទៅរកអនុស្សាវរីយ៍ពីកុមារភាព វ៉ាសីតា ធ្លាក់សៀវភៅ «Le HORLA»ពីដៃខ្ពោកទៅលើពូក។ ស្រីឥតរវល់រើសសៀវភៅភ្លាមទេ។ នាងបិទភ្នែក ព្រោះចង់ឲ្យស្រមោលអតីតកាលនេះរស់រវើកជាថ្មីឡើងវិញក្រែងអាចលួងលោមចិត្តឲ្យបានសប្បាយរីករាយខ្លះ។ វ៉ាសីតាយល់ថា ការរស់លើទឹកដីគេសព្វថ្ងៃ ហាក់មិនទាន់មានន័យសោះ។ ការនឹកស្រុកក៏កាន់តែនឹកខ្លាំងឡើងៗ។ ការឈឺចាប់កាន់តែឈឺ។ ជីវិតជនភៀសខ្លួន មិនមែនងាយឯណា។ ទោះជានាងនិងគ្រួសារបានមករស់នៅទីនេះយូរឆ្នាំមកហើយក្តី ក៏ប៉ុន្តែការខំកសាងជីវភាពពីសូន្យ នៅលើទឹកគេ ដែលរងាទាំងចិត្តទាំងកាយ ហាក់ដូចជាពុំទាន់ទទួលការកក់ក្តៅនៅឡើយ។

កំពុងតែស្លុងអារម្មណ៍ពិចារណាអំពីបញ្ហាជីវភាពបច្ចុប្បន្ន ស្រាប់តែទូរសព្ទរោទិ៍ញាប់រន្ថើន។ ស្រីមិនចូលចិត្តលើកទូរសព្ទសោះ។ ការធុញទ្រាន់សំឡេងទូរសព្ទនៅកន្លែងធ្វើការបណ្តាលឲ្យនាងឈឺត្រចៀកណាស់ទៅហើយ។ គ្មាននរណាលើកជំនួសបានទេនៅពេលនេះ ព្រោះស្វាមីនិងបុត្រធីតាទៅធ្វើការនិងទៅសាលាទាំងអស់គ្នា។ ចំពោះនាង គឺមានតែថ្ងៃចន្ទនេះមួយ ដែលវ៉ាសីតាស្ងប់ចិត្តស្ងប់គំនិត។ ជាថ្ងៃដែលមិនអ៊ូអរ។ ថ្ងៃដែលអាចឲ្យនាងរស់ក្នុងភាពឯកឯងបាន ពោលឲ្យចំគឺ អាចឲ្យនាងបានសម្រាកពេញលេញទាំងចិត្តទាំងកាយ។ បើពុំនោះទេ នាងអាចមានពេលសរសេរឆ្លើយឆ្លងសំបុត្រទៅមិត្តភក្តិគ្មានសំឡេងអ្វីមករំខានអារម្មណ៍ ។ កល្យាណី ស្រដីរអ៊ូថា៖

–      ឱ! លោកអ្នកណាអើយ! មិនអាណិតមេត្តាខ្ញុំឲ្យខ្ញុំស្គាល់ការសម្រាកខ្លះផង។ ក្នុងមួយសប្តាហ៍ៗ ខ្ញុំមានតែថ្ងៃចន្ទនេះមួយទេ។ ព្រះម្ចាស់ថ្លៃអើយ! ខ្ញុំធុញទ្រាន់នឹងជីវិតខ្ញុំអ្វីម្ល៉េះ!

ទូរសព្ទនៅតែរោទិ៍ដដែល ទ្រាំមិនបាននាងក៏ស្ទុះទៅលើកស្តាប់។

–      អាដាឬ? ជម្រាបសួរ!

ស្រីស្គាល់ជាក់ជាសំឡេងមិត្តនារីនាង នាងក៏ឆ្លើយតប។

–      អូហ៍! សុជាតាទេឬ? សុខសប្បាយទេ សុជាតា?

សុជាតាគឺជាមិត្តនារីនាង ដែលមានហាងជំនួញមួយនៅក្រុងស្រ្តាស់បួរនេះ ។ លោកស្រីសុជាតាបានថ្លែងរៀបរាប់សុំទោស ចំពោះការរំខាននេះ។ លោកស្រីបបួល វ៉ាសីតាទៅដើរលេងនៅប្រទេសអាល្លឺម៉ាញ ព្រោះប្អូនប្រុសរបស់លោកស្រីមកពីបារីសចង់ស្គាល់ប្រទេសអាល្លឺម៉ាញ។ វ៉ាសីតា សួរលោកស្រីសុជាតា។

–      ចុះបើជាតាទៅដើរលេង តើបាននរណាមើលហាង?

មិត្តនារីនាងឆ្លើយ៖

–      ដាឯងអាចជម្រាបសុំពឹងអ្នកម៉ាក់អាដាឯងមើលហាងជំនួសខ្ញុំបានទេ? ធ្វើការយូរៗទៅ ខ្ញុំធុញថប់ណាស់។ ខ្ញុំឆ្លៀតដើរលេងខ្លះ ខំៗតុកស៊ីកងាប់ហើយណ៎ាអាដា។ បើអ្នកមីងសុខចិត្ត អាដាឯងគេងថ្ងៃមួយស្រឡេតសិនទៅ ចាំម៉ោងពីរកន្លះសឹមយើងចេញទៅ។អាដាឯងមកជួបខ្ញុំនៅឯហាងម៉ោងពីរកន្លះណ៎ា។

–             ច៎ា! ហ៊ឺ អីចឹងឬ? វ៉ាសីតាឆ្លើយរៀងស្ទាក់ស្ទើរ ព្រោះនាងមិនអាចឆ្លើយបដិសេដ។

–             វ៉ាសីតា ពុំមែនជាអ្នកចូលចិត្តដើរទាល់តែសោះ។ ចំពោះនាង ការដើរលេងគ្មានបានការអ្វីទាំងអស់។ តើមានអ្វីប្លែក? ស្រុកបារាំងក៏ដូចស្រុកអាល្លឺម៉ាញ គ្មានអ្វីគួរឲ្យចង់គយគន់ទេ។  ដើម្បីបំពេញចិត្តមិត្តនារី ជាពិសេសកុំឲ្យខ្លួនឈ្លើយមិនចុះសម្រុងនឹងជីវិតនៅស្រុកគេ វ៉ាសីតាក៏ព្រមតាមការបបួលរបស់មិត្តនារីដោយគ្មានចិត្តត្រេកត្រអាលបន្តិចសោះ។

………………………………………………………………………………………………………………..

នៅក្នុងរថយន្តតូចម៉ាកតូយូតារបស់ ប្អូនប្រុសរបស់លោកស្រីសុជាតាឈ្មោះសំណាង គេឃើញមាននារីម្នាក់ទៀតដែរឈ្មោះថា កន្និដ្ឋា។ លោកស្រីកន្និដ្ឋាត្រូវជាមិត្តរបស់វ៉ាសីតា និងសុជាតា។ រថយន្តបរលឿនទៅមុខតាមការបើកបរដ៏ប៉ិនប្រសប់របស់យុវជនឈ្មោះ សំណាង។ សំឡេងចម្រៀងសម័យបែបDisco លាន់ឮទ្រហឹងពេញរថយន្ត។ លោកស្រីសុជាតាស្គាល់ចិត្តវ៉ាសីតាច្បាស់ថា នាងមិននិយមចម្រៀងសម័យឆុងឆាំងទាំងនោះទេ ក៏ស្រដីឡើង ៖

–      វ៉ាសីតាអើយ! ប្អូនប្រុសខ្ញុំ ចូលចិត្តស្តាប់ចម្រៀងប្រភេទនេះណាស់។

ឮគេនិយាយប៉ះពាល់ខ្លួន សំណាងសួរភ្លាម ៖

–      អីចឹង ខ្ញុំបិទ?

–      កុំបិទ! បងកំពុងតែពីរោះ (លោកស្រីកន្និដ្ឋាឆ្លើយកាត់ភ្លាម)។ យី! ប្អូនសំណាងប្រសប់ជ្រើសរើសបទចម្រៀងណាស់ ត្រូវចិត្តបងតែម្តង។

សំណាងមិនអស់ចិត្តខ្លាចរំខានវ៉ាសីតា ក៏សួរបញ្ជាក់ម្តងទៀត។

–      តើខ្ញុំឈប់ចាក់ចម្រៀងឬយ៉ាងណាបងជាតា?

លោកស្រីសុជាតាងាកមើលមុខវ៉ាសីតា។ ទោះបីពុំមែនជាការនិយមរបស់នាងក្តី តែវ៉ាសីតាគិតថា បើនាងមិនចូលចិត្តស្តាប់តែម្នាក់ឯង មិនគួរហាមឃាត់អ្នកដទៃ ដែលគេកំពុងតែពីរោះទេ។ ស្រី ក៏ស្រដីដោយចិត្តស្មោះត្រង់ថា៖

–      មិនអីទេ! សូមប្អូនសំណាងកុំព្រួយអី! ជាឱកាសមួយអាចឲ្យបងបានស្តាប់ បានស្គាល់ខ្លះផងចម្រៀងឌីស្កូនោះ។

–      ស្មានមិនដល់ថា សីតាឯង វាសម្រែដល់ម្លឹង។ រូបរាងមុខមាត់ហ្នឹងសមជាអ្នកឆើតឆាយខ្លះដែរ។

–      ឃើញទេ! កុំថាតែអ្នកដែលមិនស្គាល់ខ្ញុំ សូម្បីតែអ្នកបង កន្និដ្ឋា ក៏យល់ច្រឡំមកលើរូបខ្ញុំដែរ។ កាលខ្ញុំនៅក្រមុំ មិត្តភក្តិទាំងអស់គ្នាមិនជឿថា ខ្ញុំមិនចេះរាំបារាំងទេ។ ឥឡូវ ដល់អ្នកបងទៀតហើយ ដែលស្មានខុស ។ និយាយទៅវាកាន់តែបែកវែងឆ្ងាយ។ តាំងពីខ្ញុំមករស់នៅក្នុងខេត្តនេះ ខ្ញុំឮពាក្យចចាមអារាមថា ខ្ញុំនេះប្រកាន់ខ្លួន វាយឫកខ្ពស់ ប្រកាន់វណ្ណៈ គ្រប់បែបយ៉ាងហើយ។

–      រួចចុះ អូនយកចិត្តទុកដាក់ពាក្យមនុស្សធ្វើអី។ ចំណែកបងវិញ បងមិនឈឺក្បាលទេ អ្នកណាថាអីថាទៅ។យើងមិនអាចបិទមាត់គេបានទេ ។ គ្មាននរណាដឹង និងស្គាល់ខ្លួនយើងជាងខ្លួនយើងនោះទេ។ មិនថាអីចឹង?

–      ប្រាកដហើយអ្នកបង! ខ្ញុំគ្រាន់តែហួសចិត្តទេតើ។

–      ជឿបងទៅ កុំខ្វល់ជាមួយមនុស្សមាត់ឥតគម្របនោះ។ ពួកវាទំនេរពេក ដើរតែលេងផ្ទះគេ ហើយនិយាយដើមគេទ្រុល។ និយាយតាមត្រង់ បងមិនដែលទាក់ទងខ្មែរទេអូន។  មានរឿងម្តងនៅមូលូហ៍ (Mulhouse) បងចោះត្រចៀករៀងចាលតែម្តង។ សព្វថ្ងៃ បងនៅសល់មិត្តភាពតែជាមួយគ្រួសារអូនឯង និងអូនសុជាតាតែប៉ុណ្ណឹង។

យុវជន សំណាង ស្តាប់គេនិយាយគ្នាជាយូរមកហើយ ក៏ថ្លែងវាចាម្តង។

–      ខ្ញុំឮតែអ្នកបងនិយាយតែអំពីរឿងមនុស្សមាត់អាក្រក់។ ខ្ញុំៗមិនទាក់ទងខ្មែរទើបស្រួល។ ពួកម៉ាក់ខ្ញុំសុទ្ធតែបារាំងទាំងអស់។ និយាយតាមត្រង់ ខ្ញុំមិនដែលស្គាល់បរិយាកាសនិងរបៀបរបបខ្មែរទេ ថ្វីត្បិតតែខ្ញុំជាខ្មែរ…

–      ណ្ហើយ! សំណាងឯងនេះ បងដឹងហើយ  ញ៉ែតែស្រីបារាំង។

ឮលោកស្រីសុជាតាចំអន់ មុខសំណាងឡើងក្រហមភ្លាម។ គេសងវាចាទៅបងស្រីវិញថា ៖

–      បងជាតា! ម៉េចក៏ហែកកេរ្តិ៍ខ្ញុំកណ្តាលវាលអីចឹង?

–      អុញនុះ! អៀនខ្លួនស្រេច។  គោខ្មៅដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ (លោកស្រីកន្និដ្ឋាបន្ថែម)

–      មិនពិតទេ ខ្ញុំជាប្រុសបានអត់ការអីទេ អ្នកបង កន្និដ្ឋា អើយ!

–      បើអាងតែអត់ការអីទេនោះ ប្អូនសំណាងចេះតែដើរធ្វើបាបគេទៅឬ? (លោកស្រីកន្និដ្ឋាសួរ)

–      ខ្ញុំមិនដែលធ្វើបាបនរណាទេ មានតែគេនាំគ្នាធ្វើបាបខ្ញុំ។

–      អៃយ៉ា អូនជាតានិងអូនដា ជួយស្តាប់ សំណាងកាន់តែបញ្ចេញរឿងគេតិចៗហើយទេតើ។

–      បងកន្និដ្ឋា ច្បាស់ជាចង់ដឹងរឿងខ្ញុំហើយ។ ខ្ញុំនិងនិយាយរឿងខ្ញុំជូនបងស្តាប់ចុះ។

និយាយបានត្រឹមពាក្យនេះ រថយន្តបានមកដល់គោលដៅធ្វើឲ្យសំណាងខាននិយាយរឿងផ្ទាល់ខ្លួន។

s            s

s

ស្អែកឡើង សំណាងស្គាត់មកជួប វ៉ាសីតា នៅក្នុងហាងរបស់បងស្រី។ ឃើញនាងរវល់វក់វីម្នាក់ឯង យុវជននេះមានចិត្តជួយឥតប្រកាន់ខ្លួន។

សំណាង ផ្តើមវាចាសួរនាង វ៉ាសីតា ៖

–      តើបងស្រីខ្ញុំបាននិយាយរឿងខ្ញុំជម្រាបបងឬទេ?

–      អត់ទេ សំណាង!

–      ម្សិលមិញ ខ្ញុំបានជ្រុលមាត់ថា និយាយរឿងខ្ញុំជម្រាបបងៗ។ បើបងចង់ស្តាប់ ខ្ញុំសូមនិទានរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ។

«កាលពីប្រាំឆ្នាំមុន ខ្ញុំអាយុម្ភៃបីឆ្នាំ។ ថ្ងៃមួយនោះជាថ្ងៃបុណ្យខួបអាពាហ៍ពិពាហ៍របស់ប៉ា និងម៉ាក់។ គ្រួសារខ្ញុំបានអញ្ជើញភ្ញៀវប្រហែលសាមសឹបប្លាយនាក់។ ភាគច្រើនជាមិត្តរបស់ប៉ា ។

កាលណោះ ខ្ញុំមិនទាន់ជាប់ជំពាក់ចិត្តលើនារីណាម្នាក់ឡើយ។ ក្នុងថ្ងៃបុណ្យនោះ ខ្ញុំមានភារៈ

ជាអ្នកបម្រើភ្ញៀវ។ ខ្ញុំជួយលើកចានម្ហូបអាហារមកដាក់ជូនភ្ញៀវ ពីតុមួយទៅតុមួយ ។

ស្រាប់តែមកដល់តុមួយដែលស្ថិតនៅក្បែរទ្វារមាត់របងឯណោះ ខ្ញុំស្រឡាំងកាំងឈរភ័ន្តភាំងហាក់ដូចជាមានអ្វីមួយមកឃាត់ទប់រាងកាយខ្ញុំមិនឲ្យកម្រើកបាន។ ពេលនោះ ខ្ញុំបានឃើញនារីស្អាតម្នាក់ដែលពុំអាចរកនរណាមកប្រៀបផ្ទឹមបាន។ ចំពោះភ្នែកខ្ញុំ នាងពិតជាទេពអប្សរម្នាក់ដែលធ្វើឲ្យខ្ញុំស្ទើរតែទន់ជង្គង់។ រ៉ូបវែងប៉ាក់ផ្កាតូចៗពណ៌សរឹតតែធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងថែមទៀត។ ខ្ញុំយល់ថា នារីនេះមានរសនិយមចេះស្លៀកពាក់។ ក្នុងរត្តិកាល រ៉ូបវែងសនេះបានលើកសម្រស់នារីឲ្យល្អផ្តាច់គេ មិនចាញ់នាង Cendrillon ឬ Blanche neige ក្នុងរឿងនិទានបារាំងឡើយ។ នៅត្រង់ត្រចៀកឆ្វេង កល្យាណីសៀតផ្កាកូលាបក្រហមមួយផង។ កេសាខ្មៅរលើបប្រះស្មា លើកវង្វង់ភក្រ្តនេះឲ្យរឹតតែមានរស្មី។ ខ្ញុំឈរភាំងសម្លឹងនាងភាំងភ្លេចខ្លួន។ ឆោមស្រស់ញញឹមដាក់ខ្ញុំយ៉ាងផ្អែមត្រជាក់។ ខ្ញុំហាក់ខ្មាសអៀនពេក ក៏លើកដៃសំពះសួរភ្ញៀវដ៏ប្រឹមប្រិយនេះ។

–      ប្អូនត្រូវជាកូនលោក វង្សាឬ?

ម្ចាស់រូបសម្បត្តិដ៏បវរនេះ បញ្ចេញសំនៀងសួរខ្ញុំជាភាសាបារាំង។ ឮសូរកល្យាណីសួរដល់ឈ្មោះលោកប៉ា ខ្ញុំរឹតតែសង្ស័យ។ តើនាងជាអ្នកណា? ប្រាកដជាភ្ញៀវរបស់ប៉ា ឬម៉ាក់។ ជាភ្ញៀវបែបណា? ខ្ញុំកាន់តែសង្ស័យលើចំណោទរាប់រយបញ្ហាដែលចាប់ឧប្បត្តិកឡើងតាំងពីខ្ញុំបានឃើញនាងភ្ញាម។

ខ្ញុំឆ្លើយ «បាទ» ដោយសំឡេងស្រទន់។ ស្រស់បវរឃើញខ្ញុំមានអាការៈចម្លែក ក៏ហៅខ្ញុំជាភាសាបារាំងដដែល ៖

–      អញ្ជើញប្អូនអង្គុយជាមួយខ្ញុំមក។ តុខ្ញុំនៅទំនេរមិនទាន់ពេញទេ។

ខ្ញុំគោរពតាមសេចក្តីអញ្ជើញរបស់ភ្ញៀវរូបស្រស់។ ដូចគេខ្ទាស់អណ្តាតខ្ញុំជាប់ ខ្ញុំភ័យផងអរផង ព្រោះមិនដឹងរកពាក្យអ្វីនិយាយបាន ក្រៅពីអង្គុយសម្លឹងមុខនាង។ បើតាមខ្ញុំស្មាន បវរនារីនេះមានអាយុប្រហែលសាមសិបប្លាយឆ្នាំ តែពុំដឹងជាសញ្ជាតិអ្វី ថាយួនក៏ពុំមែន ចិនក៏ពុំមែន សាសន៍អឺរ៉ុបក៏ពុំត្រូវ បើថាជាខ្មែរក៏រឹតតែខុស។ នាងមានសម្បុរសជ្រះ។ គេពិបាកស្មានថា នាងសាសន៍អ្វីឲ្យប្រាកដពុំបាន។

បទភ្លេងសម័យលាន់ឮរំពងពីបទមួយទៅបទមួយ។ គូរាំប្រុសស្រីចេះតែឡើងរាំបន្តបន្ទាប់គ្នាយ៉ាងសប្បាយរីករាយ។ ខ្ញុំក៏ប្រថុយអញ្ជើញនារីរូបស្រស់ឡើងរាំនឹងគេដែរ។ កល្យាណីឥតប្រកែកឡើយ។ ចង្វាក់ស្លូវ(Slow)បានបន្លឺឡើងគួរឲ្យព្រឺព្រួច។ កល្យាណីស្ថិតក្នុងហត្ថាខ្ញុំ ហើយយោលយោគទៅតាមបទភ្លេង។ ខ្ញុំឆ្លៀតឱកាសសួរភ្ញៀវចម្លែក។

–      សូមទោស លោកស្រីមានសញ្ជាតិអ្វី ? ឈ្មោះអ្វីដែរបាទ?

–      ច៎ាះ ខ្ញុំជាកូនកាត់សៀមនិងអេស្បាញ៉ុល។ ខ្ញុំឈ្មោះ ប៉ាទីនយ៉ា អង់ស្សេឡា (Patinya Angella)។

–      លោកស្រីនៅទំនេរទេឬ បានជាអញ្ជើញមកតែម្នាក់ឯង?

–      ច៎ាះ! ខ្ញុំមានគ្រួសារហើយ។ ស្វាមីខ្ញុំជាមិត្តភក្តិជិតដិតរបស់លោកវង្សា បិតារបស់ប្អូន។ គាត់នៅឯបាងកកឯណោះ។ ខ្ញុំមកតែម្នាក់ឯង។ ប្អូនមិនដែលឮប៉ាប្អូននិយាយពីគ្រួសារយើងទេឬ?

–      ឱ! ប្រហែលជាធ្លាប់ឮដែរ ប៉ុន្តែខ្ញុំមិនបានយកចិត្តទុកដាក់នឹងរឿងរ៉ាវរបស់ប៉ាខ្ញុំប៉ុន្មានទេ…

ខ្ញុំដឹងថា កាយខ្ញុំញាប់ញ័រនៅពេលដែលខ្ញុំឱបកាយនាងរាំ។ ប្រហែលជាលើកទីមួយក៏ពុំដឹង ដែលខ្ញុំ រាំជាមួយស្រីរូបស្អាតដូច ប៉ាទីនយ៉ា។ បុរសដទៃច្រណែនមិនតិចទេមើលទៅ។

រាត្រីនោះ ខ្ញុំរសាប់រសល់ពេញផ្ទៃពូក។ ក្លិនផ្កាកូលាបក្រហមដែលស្រីសៀតសក់លាយនឹងក្លិនទឹកអប់ម៉ាក Miss DIOR ហាក់ដូចជានៅក្រអូបភាយពេញនាសាខ្ញុំនៅឡើយ។ ប៉ាទីនយ៉ា! ប៉ាទីនយ៉ា! ខ្ញុំទន្ទេញឈ្មោះនាងខ្លាចភ្លេច។



រក្សាសិទ្ធិគ្រប់យ៉ាង

ព្រលឹមឡើង ខ្ញុំឃើញ ប៉ាទីនយ៉ា នៅក្នុងផ្ទះមាតាបិតាខ្ញុំ។ ម្ចាស់ថ្លៃ! ខ្ញុំរាំជាមួយនាងដល់យប់រហូតទាល់តែចប់បុណ្យ ហេតុដូចម្តេចក៏ខ្ញុំពុំដឹងថា នាងស្នាក់នៅផ្ទះយើង?។  នាងឈរនៅមាត់ទ្វារបន្ទប់ខ្ញុំ។ ខ្ញុំលើកដៃឈ្លីភ្នែក ស្មានថា ខ្ញុំយល់សប្តិ ។ ស្រាប់តែឮវាចាដ៏ស្រទន់របស់ប៉ាទីនយ៉ា សួរខ្ញុំយ៉ាងផ្អែមល្ហែម ៖

–      គេងលក់ស្រួលឬទេ សំណាង?

នាងហៅចំឈ្មោះខ្ញុំ។ ខ្ញុំមិនដែលប្រាប់នាងសោះ ម្តេចបានជានាងស្គាល់នាមខ្ញុំហ្ន៎?

–      បាទ!

ខ្ញុំកុហកនាង ។ តាមពិត ខ្ញុំគេងមិនលក់សោះ គឺស្រមៃទៅនាងពេញមួយរាត្រី។

នាងសើចបញ្ចេញធ្មេញសស្គុសស្មើត្រឹមធ្វើឲ្យរង្វង់ភក្ត្រនេះរឹតតែស្រស់ល្អជាងបុប្ផាទើបនឹងរីកទៅទៀត។

–      សំណាង ទំនេរទេថ្ងៃនេះ? ខ្ញុំទើបតែមកលេងប្រទេសបារាំងលើកទីមួយ។ តើសំណាងអាចជូនខ្ញុំទៅទស្សនាទីក្រុងប៉ារីសបានឬទេ?

ឮសំណើរនេះភ្លាម ខ្ញុំស្ទុះពីគ្រែភ្លែត ពីព្រោះមិននឹកសោះថា វាសនាដល់ភ្លាមដូច្នេះ។ ឥតប្រកែក ខ្ញុំស្មគ្រចិត្តមួយរយភាគរយ។

នៅក្នុងរថយន្ត ឆោមស្រស់អង្គុយទន្ទឹមខ្ញុំ។ ព្រឹកនោះឯង ខ្ញុំមានអារម្មណ៍ថា ខ្ញុំក្លាយជាក្សត្រាមួយអង្គដែលទើបនឹងបានឡើងសោយរាជ្យ។ ចិត្តខ្ញុំរំភើបត្រេកអរ  បេះដូងខ្ញុំញាប់ញ័រហួសពីក្តីបរិយាយ។ ក្លិនទឹកអប់រសាត់តាមខ្យល់ជះមកសណ្តំចិត្តខ្ញុំឲ្យកាន់តែឈួលនិងវក់វីក្នុងសេចក្តីប្រាថ្នាឥតព្រំដែន។

ខ្ញុំនាំប៉ាទីនយ៉ា ទស្សនាទីក្រុងប៉ារីស ទួរអេហ្វែល (TOUR EIFFEL) សាក្រេគើរ(Sacré coeur) ម៉ុងម៉ាត្រ(MONTMATRE) ណោតត្រឺដាម ដឺ ប៉ារីស (Notre dame de Paris)…។ល។ តែប៉ាទីនយ៉ា ហាក់ដូចជាមិនយកចិត្តទុកដាក់ចង់ទស្សនារដ្ឋធានីបារីសឲ្យសមនឹងការពឹងខ្ញុំឲ្យជូននាងមកសោះ។ ខ្ញុំឆ្ងល់ដែរ តើនាងពឹងខ្ញុំដើម្បីអ្វី?

–      សំណាង! ប្រាប់ខ្ញុំឲ្យត្រង់មក តើសំណាងធ្លាប់ស្រឡាញ់ស្រីណាទេ?

ឱ! ព្រះម្ចាស់ថ្លៃ! សួរខ្ញុំធ្វើអ្វីយ៉ាងនេះ? ខ្ញុំនឹកក្នុងចិត្ត។ នាងគ្មានសិទ្ធិអ្វីចង់ដឹងរឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេ។ មិនបានឮចម្លើយខ្ញុំភ្លាម នាង ប្តូរសំណួរថ្មី។

–      សំណាង ស្រឡាញ់ចូលចិត្តអ្វីជាងគេ?

ខ្ញុំឆ្លើយភ្លាម មិនបានគិត។

–      ខ្ញុំស្រឡាញ់ផ្កា គឺផ្កាកូលាបក្រហមដែលលោកស្រីសៀតសក់យប់មិញ។

–      ខ្ញុំស្មានមិនខុសមែន។ ស្តាយណាស់ ផ្កានោះស្រពោនទៅហើយ។ ខ្ញុំបានបោះវាចោលយប់មិញ។

ខ្ញុំសើចដោយដឹងថា នាងមានបំណងបំពេញចិត្តខ្ញុំ។ នៅម្តុំ Arc de Triomphe ប៉ាទីនយ៉ាបង្គាប់ខ្ញុំឲ្យថតរូបនាង ។ រួចយើងបណ្តើរគ្នាទៅមុខៗគ្មានគោលដៅ។ លុះមកដល់កន្លែងលក់ផ្កា ប៉ាទីនយ៉ាឈប់។ នាងទិញផ្កាកូលាបក្រហមមួយបាច់កាន់យកមកតាម។ ខ្ញុំសង្កេតឃើញនាងដូចជាមិនសូវចាប់អារម្មណ៍ និងទស្សនាក្រុងបារីសសោះ។

មួយរាត្រីទៀតកន្លងផុតទៅ។ នៅពេលដែលខ្ញុំត្រឡប់មកពីធ្វើការវិញ ខ្ញុំភ្ញាក់ព្រើត កាលបើឃើញផ្កាកូលាបដែលលោកស្រីប៉ាទីនយ៉ាទិញពីម្សិលមិញនៅក្នុងថូលើតុក្បាលដំណេកខ្ញុំ និងសំបុត្រមួយតូចមានសេចក្តីថា៖

«ខ្ញុំចង់ជួបសំណាងនៅកន្លែងដែលយើងបានដើរលេងពីម្សិលមិញ។ សំណាងមកទីនេះកុំខាន។ ខ្ញុំជិតត្រឡប់ទៅបាងកកវិញហើយ។ ប៉ាទីនយ៉ា»

ខ្ញុំបត់សំបុត្រដាក់ក្នុងហោប៉ៅខោ ហើយក៏ប្រញាប់ទៅជួបនាង។  គឺនៅពេលនោះឯងហើយ ដែលប៉ាទីនយ៉ា និងខ្ញុំបានរួមរក្សជាមួយគ្នា។ ជីវិតកំលោះរបស់ខ្ញុំក៏បានជួបនឹង ប៉ាទីនយ៉ា ស្រីកូនកាត់សៀមដែលស៊ីវីល័យក្នុងរឿងស្នេហាមិនចាញ់នារីអឺរ៉ុប ឬស្រីអាមេរិកកាំង។ ខ្ញុំហាក់ដូចជាយល់ថា ប៉ាទីនយ៉ា មិនមែនស្រឡាញ់រូបខ្ញុំទេ តែនាងប្រហែលជាចង់សាកល្បងភ្លក្សរសជាតិស្នេហ៍ជាមួយបុរសក្មេងដែលទើបអាយុបានម្ភៃបីឆ្នាំ ដូចជារូបខ្ញុំមើលទៅ។ ចំណែកខ្ញុំវិញ ខ្ញុំពិតជាស្រឡាញ់នាងយ៉ាងខ្លាំង។ គឺជាសេចក្តីស្នេហាចំពោះនារីម្នាក់ដែលមានម្ចាស់ថែរក្សាឃុំគ្រងរួចទៅហើយ។ ស្វាមីនាងនៅឯបាងកកប្រទេសថៃ ជាមិត្តភក្តិដ៏ជិតស្និទ្ធម្នាក់របស់លោកប៉ាខ្ញុំ ។

            



ខ្ញុំកាន់យកខ្សែកមាសបារាំងមួយខ្សែទៅគ្រវាត់ឲ្យលោកស្រីប៉ាទីនយ៉ាវិញ ដោយបញ្ចេញវាចាទ្រគោះបោះបោកបន្ថែមថា៖

–      សូមលោកស្រីប៉ាទីនយ៉ាយកខ្សែកនេះទៅវិញចុះ។ លោកស្រីមិនអាចយកគ្រឿងទាំងនេះមកទិញចិត្តខ្ញុំទេណ៎ា។ បើទោះជាខ្ញុំបានរួមរក្សជាមួយប៉ាទីនយ៉ា ក៏ព្រោះតែខ្ញុំស្រឡាញ់ មិនមែនខ្ញុំសម្លឹងទ្រព្យសម្បត្តិមាសពេជ្រលោកស្រីទេ សូមកុំច្រឡំ។

ឮពាក្យគ្រោតគ្រាតជាលើកដំបូងរបស់ខ្ញុំ ទឹកភ្នែកលោកស្រីប៉ាទីនយ៉ាហៀរហូរមកច្រោកៗ។ លោកស្រីថ្លែងទាំងអួលអាក់ ៖

–      ម៉េចសំណាងយល់ឃើញអ៊ីចឹងទៅវិញ? ខ្ញុំពិតជាស្រឡាញ់សំណាង… បើខ្ញុំជាមនុស្សអាងទ្រព្យសម្បត្តិ សម្បត្តិប្តីខ្ញុំគគោក… ខ្ញុំអាចទិញសេ្នហាបានយកមិនអស់… ហើយបើខ្ញុំចេះចំណាយប្រាក់សម្រាប់ទិញស្នេហ៍ ឬទិញចិត្តគេនោះ… ខ្ញុំមិនយកត្រឹមខ្សែកមួយខ្សែនោះទៅទិញស្នេហ៍ពីគេទេ…។ ខ្ញុំជូនវាជាអនុស្សាវរីយ៍យ៉ាងស្មោះចំពោះអ្នកទេតើ។

–      បានហើយៗ សូមលោកស្រីកុំបោកបញ្ឆោតចិត្តប្រុសក្មេងដូចយ៉ាងរូបខ្ញុំទៀត។ ស្រឡាញ់? ស្អីហៅថា ស្រឡាញ់? ស្រឡាញ់ម៉េចបានៗត្រឹមដូចលើកមុននោះឬ? បន្តិចទៀតលោកស្រីវិលទៅបាងកកទៅជួបស្វាមីវិញ។ ចុះខ្ញុំដែលជឿពាក្យលោកស្រីថា ស្រឡាញ់ នៅតែដេករង់ចាំសេចក្តីស្នេហាឥតសង្ឃឹមនោះមួយជាតិទៅឬ?

ថារួច ខ្ញុំក៏ចាប់ផ្កាកូលាបពីក្នុងថូបោះចោលទៅលើកម្រាលឥដ្ឋ។ ខ្ញុំឆ្លៀតបោះពាក្យមួយប្រយោគបន្ថែម៖

–      អរគុណលោកស្រី ដែលបានស្រឡាញ់រូបខ្ញុំ!

នាងឥតឆ្លើយតបមកខ្ញុំវិញទេ គឺអង្គុយយំសសឹកយ៉ាងខ្លោចផ្សា។ ខ្ញុំដើរចេញទៅក្រៅឥតរវីរវល់នឹងទឹកភ្នែកស្រីស្រស់ដែល ខ្ញុំយល់ថាជាទឹកភ្នែកមាយារបស់នារីល្មោភតណ្ហា។

ថ្ងៃនេះជាថ្ងៃចុងក្រោយបំផុតនៃការស្នាក់អាស្រ័យរបស់នាងក្នុងផ្ទះមាតាបិតាខ្ញុំ។ ខ្ញុំបណ្តើរនារីក្មេងម្នាក់ដែលមានវ័យស្រប៉ាលខ្ញុំមកផ្ទះដើម្បីបញ្ឈឺចិត្តលោកស្រីប៉ាទីនយ៉ា។ ស៊ីលវេត(Sylvette) ជានាមរបស់យុវមិត្តនារី ខ្ញុំ។ នាងមានរូបស្អាត សក់ពណ៌មាស ភ្នែកខៀវថ្លា រាងស្តើង កម្ពស់ប្រហាក់ប្រហែលខ្ញុំដែរ។

នៅចំពោះមុខលោកស្រី ប៉ាទីនយ៉ា យើងប្រកៀកប្រកើយកៀកកិតគ្នាឥតរំខាន។ ខ្ញុំដឹងថា ប៉ាទីនយ៉ាប្រចណ្ឌ ព្រោះនាងពុំអាចអង្គុយមើលឆាកស្នេហារបស់ខ្ញុំ និង ស៊ីលវេតបានទេ។ ខ្ញុំលួចមៀងកន្ទុយភ្នែកទៅឃើញប៉ាទីនយ៉ាកំពុងតែយំយែក។ មួយនាទីក្រោយមក នាងក៏ដកខ្លួនថយចេញពីទីនោះចូលទៅក្នុងបន្ទប់នាងបាត់ទៅ។

ខ្ញុំប្រើគ្រប់មធ្យោបាយដើម្បីធ្វើឲ្យស្រីឈ្មោះ ប៉ាទីនយ៉ា ឈឺចាប់ខ្លោចផ្សា ។ ខ្ញុំសប្បាយចិត្តនឹងឃើញទឹកភ្នែកនាង ព្រោះតែចង់ជឿថា តើនាងពិតជាស្រឡាញ់ខ្ញុំមែនឬយ៉ាងណាដែរ?

តាំងពីពេលនោះមកយើងមិននិយាយរកគ្នាមួយម៉ាត់ណាទេ។ ទោះបីខ្ញុំដឹងថា ប៉ាទីនយ៉ា ត្រូវត្រឡប់ទៅស្រុកកំណើតនាងវិញក៏ដោយ។ ខ្ញុំនឹកថា ខ្ញុំមុខជាបាត់កើតទុក្ខខ្លះ កាលណានាងចេញបាត់ពីមុខមាត់ខ្ញុំទៅ។ ពីព្រោះការឃើញរូបនាង និងភក្រ្តារបស់នាងរាល់ថ្ងៃ នឹងបណ្តាលឲ្យខ្ញុំវិលវល់ក្រៀមក្រំ ព្រោះតែសេចក្តីស្នេហា ដែលពោរពេញទៅដោយបន្លាច្រូងច្រាងជាឧបសគ្គ។

នៅក្នុងបន្ទប់ ខ្ញុំអង្គុយសញ្ជប់សញ្ជឹងក្តាប់ដៃទាំងពីរវាយគក់លើភ្លៅទាំងសង្ខាងជាច្រើនដង។ ខ្ញុំឮសំឡេងមាតាខ្ញុំនិងប៉ាទីនយ៉ា និយាយឆ្លើយឆ្លងគ្នារងំនៅខាងក្រៅបន្ទប់ខ្ញុំ ។ មាតាខ្ញុំស្រែកហៅខ្ញុំ។

–      សំណាង! កូនត្រូវប្រញាប់រៀបចំខ្លួន ជូនលោកស្រីប៉ាទីនយ៉ាទៅអាកាសយានដ្ឋាន។ លោកស្រីលាយើងត្រឡប់ទៅបាងកកប្រទេសថៃវិញថ្ងៃនេះហើយ។

ខ្ញុំឮ ប៉ាទីនយ៉ា ឆ្លើយទៅមាតាខ្ញុំ។

–      មិនអីទេ លោកស្រី! ខ្ញុំជិះតាក់ស៊ីបានហើយ ។

ខ្ញុំមិននិយាយស្តីអ្វីច្រើនទេ តែស្ទុះចេញពីបន្ទប់សំដៅទៅយួរវ៉ាលីសរបស់ប៉ាទីនយ៉ា ដែលតម្រៀបនៅក្នុងផ្លូវដើរក្នុងផ្ទះ(Couloir) យកមកដាក់ក្នុងរថយន្តខ្ញុំ។ ខ្ញុំជញ្ជូនអស់ហើយ ក៏នៅអង្គុយចាំនាងនៅក្នុងឡានមុនជាស្រេច មិនខ្ចីបញ្ចេញវាចាមួយមាត់។ តើនរណាគេអាចមើលនិងស្មានចិត្តខ្ញុំធ្លុះ? ខ្ញុំនៅស្ងៀមកាច់ចង្កូតរថយន្តយ៉ាងព្រងើយកន្តើយ។

ថ្វីត្បិតតែពេលនេះ ខ្ញុំមិនបានឃើញមុខរបស់នាង ព្រោះខ្ញុំមិនចង់មើល ឬ ចង់មើលដែរតែខំបង្គាប់ចិត្តកុំឲ្យមើលឃើញ ប៉ុន្តែខ្ញុំអាចស្មានបានថា ទឹកមុខនាងស្រពោន។ នាងផ្តើមនិយាយទម្លុះសភាពស្ងប់ស្ងៀម ហើយលូកដៃឆ្វេងរបស់នាងមកកាន់ស្មាស្តាំខ្ញុំ។

–      សំណាង! ខ្ញុំមិនយល់សោះ អ្នកខឹងខ្ញុំពីរឿងអ្វី ឬមួយអ្នកយល់ថា ខ្ញុំបានប្រើរូបសម្ផស្សខ្ញុំសម្រាប់បោកបញ្ឆោតចិត្តអ្នក? ប្រសិនបើអ្នកអាចមកនៅក្នុងដួងចិត្តខ្ញុំវិញ… នោះ អ្នកនឹងដឹងថា ខ្ញុំស្រឡាញ់រូបអ្នកប៉ុណ្ណា? ខ្ញុំដឹងថា សេចក្តីស្នេហារបស់ខ្ញុំចំពោះអ្នកជាស្នេហាដែលមានឧបសគ្គ។ ។ វ័យយើងទាំងពីរក៏ខុសគ្នាឆ្ងាយ… សំណាងអាយុម្ភៃបីឆ្នាំ ខ្ញុំសាមសិបមួយ… សំណាងទំនេរ ខ្ញុំមិនទំនេរ… តែខ្ញុំមិនយល់ចិត្តខ្ញុំ នៅពេលដែលខ្ញុំឃើញអ្នកជាលើកដំបូង មិនខុសគ្នាកាលអ្នកឃើញខ្ញុំដំបូងដែរ។យើងទាំងពីរហាក់ដូចជាមានវត្ថុ ឬមេដែកអ្វីមួយមកស្រូបកាយ និងចិត្តយើងទាំងពីរឲ្យឆក់រកគ្នា….

ខ្ញុំស្តាប់សំនៀងប៉ាទីនយ៉ាដោយស្ងៀមស្ងាត់។ ខ្ញុំគ្រាន់តែនឹកថា នាងជានារីទំនើបមែនហ៊ាននិយាយ ឬប្រព្រឹត្តអំពើនេះឥតខ្មាសអៀន។ ខ្ញុំសួរក្នុងចិត្តថា តើមាននារីខ្មែរណាម្នាក់ហ៊ានធ្វើដូចនាងដែរឬទេ?

នៅពេលជិតបែកគ្នា ប៉ាទីនយ៉ា ឆ្លៀតនិយាយរកខ្ញុំទាំងជលនេត្ររហាម។

–      សំណាង! ខ្ញុំសង្ឃឹមថា រឿងរ៉ាវរវាងយើងទាំងពីរមិនបែកសុសសាយនៅក្នុងគ្រួសារអ្នកទេ។ ខ្ញុំនឹងមកស្រុកបារាំងរៀងរាល់ឆ្នាំ។ បើពុំនោះទេ យើងអស់បានជួបគ្នាហើយ។ តើសំណាងចង់ឲ្យខ្ញុំវិលមកជួបអ្នកឬទេ?

ខ្ញុំនៅតែរក្សាភាពស្ងប់ស្ងៀមដដែល។ ប៉ាទីនយ៉ាស្រដីបន្ត៖

–      នៅនាទីចុងក្រោយនៃការជួបស្គាល់គ្នារបស់យើង ខ្ញុំដូចជាមិនចង់និយាយពាក្យដដែលក្នុងន័យតែមួយប្រាប់សំណាងទៀតទេ។ សូមសំណាងទទួលយកអំពីខ្ញុំ នូវផ្កាកូលាបក្រហមដែលខ្ញុំសៀតសក់កាលយប់បុណ្យខួបលោកប៉ារបស់អ្នកចុះ។ ខ្ញុំបានភរសំណាងថា បានបោះវាចោលហើយ។ តាមពិត ខ្ញុំខំរក្សាទុកជូនសំណាង។ យកទៅចុះសំណាង។ ផ្កានេះ ពុំមែនជាផ្កាក្រពុំមែន គឺជាផ្កា ស្វិតស្រពោនអស់ក្លិន។ ខ្ញុំលាហើយណ៎ា ឆ្នាំក្រោយខ្ញុំនឹងត្រឡប់មកជួបសំណាងជាថ្មី ប្រសិនបើសំណាងឈប់ខឹងខ្ញុំ…

វាចានេះញ៉ាំងឲ្យខ្ញុំរំជួលចិត្តឥតប្រៀបបាន។ ប៉ាទីនយ៉ា ដាក់ផ្កាកូលាបក្រៀមមកលើបាតដៃខ្ញុំ។ ខ្ញុំចាប់ហត្ថាដ៏ស្រឡូនរបស់នាងមកថែថើបយ៉ាងសែនរភើបដោយមិនដឹងខ្លួន។ មួយពព្រិចភ្នែក ស្រីបង្វិលកាយចេញពីភ្នែកខ្ញុំ ហើយក៏ដើរសំដៅឡើងទៅកាន់កន្លែងរង់ចាំឡើងយន្តហោះ ឥតងាកក្រោយមើលមកខ្ញុំដែលកំពុងស្រែកដង្ហោយហៅក្នុងបេះដូងសម្ងាត់ម្នាក់ឯងថា «ប៉ាទីនយ៉ា ខ្ញុំមិនចង់ឲ្យអ្នកឃ្លាតឆ្ងាយពីខ្ញុំទេ… ខ្ញុំពិតជាស្រឡាញ់អ្នក»។ ឱ! នេះឬសេចក្តីស្នេហា!!??

បក្សាយន្តស្លាបដែកបានស្រូបយកអ្នកដំណើរទាំងឡាយ ហើយបញ្ចេញស្នូរខ្ទរខ្ទារ រួចលូនរំកិលខ្លួនបន្តិចម្តងៗនៅលើផ្លូវយន្តហោះ ហើយក៏បណ្តែតខ្លួនសន្សឹមៗហោះពីទីលានឡើងបន្តិចម្តងៗក្នុងលំហវេហាស៍។ ខ្ញុំហាក់ឮប៉ាទីនយ៉ាស្រែកល្វើយៗរសាត់តាមវាយោមកប៉ះសោតាខ្ញុំថា «ខ្ញុំបានយកជាមួយខ្ញុំនូវសេចក្តីស្នេហារបស់អ្នកទៅបាងកក»។

…………………………………………………………………………………………….

ថ្ងៃមួយ មាតាខ្ញុំមានប្រសាសន៍មកកាន់ខ្ញុំ។

–      សំណាង! ម៉ាក់ដឹងថា ឯងបានសប្បាយអស់ចិត្តហើយក្នុងយុវវ័យរបស់ឯង។ តាំងពីកូនតូចមក ឯងធ្លាប់តែសេពគប់ជាមួយមនុស្សបារាំង។ ម៉ាក់ដឹងដែរថា នេះមិនមែនជាកំហុសរបស់ឯងទេ។ គឺមកពីម៉ាក់ និងប៉ាដែលបញ្ចូនឯងឲ្យរៀនសាលាបារាំងតាំងពីតូច។ គ្រួសារយើងក៏និយមតែរបៀបបារាំងដែរ លុះយើងមកដល់ស្រុកបារាំង គ្រួសារយើងមិនសូវមានទំនាក់ទំនងជាមួយ ជនជាតិខ្មែរយើងសោះ…។ តែណ្ហើយ! អ្វីៗក៏មិនទាន់ហួសប៉ុន្មានដែ របើយើងដឹងខ្លួនថាខុសឆ្គងហើយកែប្រែចិត្តគំនិតទាន់។ ម៉ាក់ចង់ដឹង ក្នុងចំណោមមិត្តនារីបារាំងរបស់ឯងទាំងប៉ុន្មាន ដែលកូនឯងធ្លាប់បណ្តើរយកមកបង្ហាញម៉ាក់នោះតើឯងបានគិតចង់

បានអ្នកណាម្នាក់ជាគូអនាគតឬទេ? ម៉ាក់យល់ថា នាង ស៊ីលវេតនៅក្មេងសមនឹងឯង។ នាងជាស្រីបារាំងមែន តែឬកពារសុភាពដូចស្រីខ្មែរយើង។ ចរិយានាងក៏ដូចជាសមរម្យជាងអ្នកឯទៀត។

–      ខ្ញុំឆ្លើយកាត់ផូង ៖

–      ជម្រាបម៉ាក់តាមត្រង់ ស្រីក្មេងៗជាមួយខ្ញុំដូចជាមិនត្រូវគ្នាសោះ!

–      បើមិនត្រូវគ្នា ម៉េចក៏ឯងទាក់ទងគេ។ ឯងនិយាយនេះចំពោះតែស្រីបារាំងទេដឹង? ចុះនារីខ្មែរ កូនរបស់ពួកម៉ាកប៉ាឯង?។ កូនគេស្អាតនិងថ្លៃថ្នូរណាស់។ បើបានភ្ជាប់ជាសាច់ញាតិគ្នាឯងបែបកាន់តែជិតស្និទ្ធឡើង។

–      ហ៊ឺ! គិតទៅ ម៉ាក់និងបងសុជាតាដូចគ្នាដល់ហើយ។ ថ្ងៃណាក៏ដូចថ្ងៃណាដែរ និយាយជាមួយខ្ញុំតែរឿងមួយនេះ ។ ខ្ញុំសុំចិត្តកុំឲ្យម៉ាក់ព្រួយពីខ្ញុំឲ្យសោះ។ កាលណា ខ្ញុំស្រឡាញ់ពេញចិត្តអ្នកណា ម្នាក់ ខ្ញុំមុខជានៅជាប់ជាមួយនាងនោះហើយ។

–      យី! គិតនៅជាមួយគ្នាអត់រៀបការយ៉ាងម៉េចកូននេះ ?

–      ម៉ាក់កុំខ្វល់រឿងរៀបការ វាចង់ហួសសម័យទៅហើយ។ នាងស៊ីលវេត នាងក្លូឌីន នាងប៉ាទីស្យា… គេមិនដែលនិយាយរឿងរៀបការទេ។ ម៉ាក់មិនទាន់ជ្រាបទេ ខ្វះអីស្រីខ្មែរយើងឥឡូវនេះមានគគោក។ គេមានគំនិតជឿនលឿនរហ័សណាស់។ នៅប៉ារីស ខ្ញុំប្រទះខ្លះហើយ ស្រីខ្មែរជក់បារីក្នុងតៀមកាហ្វេ។ ស្រីខ្មែរចូលឌីស្កូរាំរែក ឱបកៀកកើយប្រុស។ ស្រីខ្មែរដើរប្រឱបប្រកៀកប្រុសតាមដងវិថី ឬទីប្រជុំជន…។ ណ្ហើយ! រាប់មិនអស់ទេ ម៉ាក់នៅតែក្នុងផ្ទះ ម៉ាក់មិនឃើញទេ។ សតវត្សរ៍ទី២១ណ៎ាម៉ាក់!

–      ណ្ហើយ! ណ្ហើយ! បានហើយៗ ម៉ាក់មិនចង់ឮទេ ឈឺក្បាលណាស់។ ទោះជាយ៉ាងនេះក៏ដោយ ម៉ាក់ជឿថា នាងៗកូនរបស់ពួកម៉ាក់ប៉ាឯងមិនទាន់ដើរដល់ថ្នាក់ហ្នឹងទេ។

–      ខ្ញុំស្របតាមម៉ាក់។ គ្រួសារដែលមានការអប់រំ ឬមានពូជអម្បូរល្អ មិនងាយធ្វើផ្តេសផ្តាសបានភ្លាមៗទេ។ ប៉ុន្តែដូចម៉ាក់ធ្លាប់ជ្រាបស្រាប់ហើយ ខ្ញុំដូចជាគ្មាននិស្ស័យជាមួយស្រីក្មេងៗសោះ មើលទៅដូចជាពិបាកផ្គាប់ចិត្តណាស់ ងង៉ក់ច្រើន… មិនដឹងចិត្តគេ ចង់ធ្វើអ្វី ចង់បានអ្វីឲ្យពិត ។ ខ្ញុំធុញស្លាប់ហើយ នៅជាមួយស្រីប្រភេទនេះ បើធ្វើការហត់នឿយជិតស្លាប់នោះ?

ការពិភាក្សារវាងមាតាខ្ញុំនិងខ្ញុំហាក់ដូចជាមិនសូវចុះសម្រុងគ្នាសោះ។ ទោះជាយ៉ាងណាក្តីក៏មាតាខ្ញុំធ្លាប់ផ្តល់សេរីភាពឲ្យខ្ញុំយ៉ាងបរិបូរណ៍ មិនដែលប្រកាន់យកគំនិតផ្តាច់ការមកអនុវត្តម្តងណាឡើយ។

ចំណែករូបខ្ញុំវិញ ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តបណ្តែតវាសនាទៅរកការផ្សងព្រេង។ ខ្ញុំក៏បានសម្រេចចិត្តចាកចេញពីដំបូលគ្រួសារទៅរស់នៅម្នាក់ឯងក្នុងឋានៈជាទាហានម្នាក់នៅក្នុងប្រទេសស្វីស ក្នុងនាមជាជនជាតិបារាំងគ្រប់អាយុបំពេញកាតព្វកិច្ចយោធា។

នៅក្នុងកន្លែងធ្វើការ ខ្ញុំជាជនជាតិខ្មែរតែម្នាក់ឯងគត់។ ខ្ញុំធ្លាប់ស្គាល់អស់ហើយភាពឯកាត្រម៉ង់ត្រម៉ោច។ ជួនកាលពេលខ្លះ ខ្ញុំស្នាក់នៅក្នុងបន្ទាយលើភ្នំស្ងាត់ជ្រងុំ។ ខ្ញុំឮសូរតែសំឡេងធម្មជាតិ និងបក្សាបក្សីស្រែកយំខ្ញៀវខ្ញា។ ពេលខ្លះ ខ្ញុំអង្គុយសម្លឹងមើលមែកឈើបក់រវិចៗហាក់មានវិញ្ញាណចេះនិយាយឆ្លើយឆ្លងជាមួយខ្ញុំ។ ពេលខ្លះទៀតខ្ញុំហាក់ដូចជានឹកថា ខ្ញុំចេះភាសារបស់បក្សីបក្សាអាចនិយាយឆ្លើយឆ្លងជាមួយសត្វស្លាបទាំងនោះបាន។ ទោះបីជាមានការលំបាកតឹងរ៉ឹងយ៉ាងណានៅក្នុងកន្លែងរស់នៅ ក៏ខ្លួនខ្ញុំមិនដែលតូចចិត្តសោះ។ ផ្ទុយទៅវិញ ខ្ញុំហាក់ដូចជាមានសំណាងទៅវិញ ដែលមានឱកាសបានយល់បានដឹង បានស្គាល់ជីវភាពមួយដែលមនុស្សទូទៅមិនមែនបានស្គាល់គ្រប់ៗគ្នានោះទេ។ ខ្ញុំនឹកថា ខ្ញុំមានសំណាងដូចឈ្មោះខ្ញុំ ថ្វីត្បិតតែជីវិតខ្ញុំមានការផ្សងព្រេងខ្លះពិតមែនក៏ដោយ។

ជារឿយៗ តាំងពីមកនៅក្នុងប្រទសស្វីស ខ្ញុំតែងតែឧស្សហ៍ចូលមកលេងក្រុងស្ត្រាស់បួរនៅចុងសប្តាហ៍។ នៅទីនោះ ខ្ញុំ ស្គាល់មិត្តបារាំងខ្លះដែលធ្លាប់ជាEnfant de troupeជាមួយខ្ញុំដែរ។

ជីវិតជាកំលោះរបស់ខ្ញុំរីករាយជានិច្ច ដោយសារការនិយមរាំរែក។ ម៉្លោះហើយ ខ្ញុំចំណាយប្រាក់រៀងរាល់ល្ងាចថ្ងៃសុក្រ ដើម្បីចូលកំសាន្តក្នុងកន្លែងរាំ (discothèque)។ ខ្ញុំជាយុវជនទាន់សម័យម្នាក់ដែល យល់ច្បាស់ថា ដល់ខ្ញុំចូលវ័យចាស់ជរា ខ្ញុំនឹងមិនសោកស្តាយជីវិតដែលមិនបានឆ្លៀតកេងសប្បាយឲ្យអស់ចិត្ត។

នៅក្នុងកន្លែងរាំនេះ ខ្ញុំបានប្រទះឃើញនារីបារាំងពីររូប។ ខ្ញុំបានចាប់អារម្មណ៍ទៅលើនារីម្នាក់មាឌធំខ្ពស់ សក់ខ្លីពណ៌សក់ពោត ភ្នែកខៀវថ្លា ដែលជាសម្រស់ល្អឯកសម្រាប់ជនជាតិស្បែកស។ ខ្សែភ្នែកយើងទាំងពីរចេះតែត្របាញ់រកគ្នាជារឿយៗ។ ដូចជាចង់បានគូរាំនឹងគេ ខ្ញុំមានសេចក្តីក្លាហានចូលទៅរកនារីនោះ។ យើងនិយាយពីនេះពីនោះបានប្រហែលមួយស្របក់ស្រាប់តែត្រូវរ៉ូវគ្នា។ ខ្ញុំសុំឲ្យនារីមិនទាន់ស្គាល់ឈ្មោះ បង្រៀនខ្ញុំរាំចង្វាក់រ៉ុក។ នារីស្បែកសស្មគ្រចិត្តជួយបង្ហាត់ខ្ញុំដោយរីករាយ។ មិនយូរប៉ុន្មាន ខ្ញុំក៏ចេះរាំចង្វាក់រ៉ុកនេះនឹងគេដែរ។ ពីបទភ្លេងមួយទៅបទភ្លេងមួយ ខ្ញុំនិងនារីបារាំងមិនទាន់ស្គាល់នាមនេះតែងតែរាំជាមួយគ្នាឥតចន្លោះមួយបទណាឡើយ។

យើងអាចសាសងគ្នាបានខ្លះនៅពេលសម្រាករាំម្តងៗ។ ខ្ញុំផ្តើមវាចាសួរនាង។

–      ខ្ញុំដូចជាមិនទាន់ស្គាល់ឈ្មោះអ្នក! ចំណែកខ្ញុំឈ្មោះ សំណាង!

–      ខ្ញុំឈ្មោះ អង់រីយ៉ែត (Henriette)

–      អង់រីយ៉ែត! ឈ្មោះពីរោះណាស់ហ្ន៎!

–      សាំណង់ ឈ្មោះអ្នកឯងក៏ពីរោះប្លែកដែរណ៎ា។ ខ្ញុំដូចជាពិបាកហៅណាស់ ព្រោះខ្ញុំមិនធ្លាប់។

–      មិនមែន សំាណង់ ទេ ខ្ញុំឈ្មោះ សំណាង។ ឈ្មោះខ្ញុំសរសេរនឹងអក្សរ S-A-M-N-A-N-G ។ S-A-M ខ្មែរមិនអានថាសំាទេ។ N-A-N-G ខ្មែរក៏មិនអានថា ណង់ ដែរ។ គេអានថា ណាងទៅវិញ។

អង់រីយ៉ែត! ញាក់ស្មាហើយសើចកក្អិកនៅពេលស្តាប់ខ្ញុំពន្យល់ពីសូរស័ព្ទឈ្មោះខ្ញុំ។ ខ្ញុំឆ្លៀតស្នើសំណួរថ្មីមួយ ។

–      អង់រីយ៉ែត! តើល្ងាចថ្ងៃសុក្រក្រោយ អ្នកអាចមកជួបខ្ញុំនៅទីនេះបានទេ?

–      ថ្ងៃសុក្រក្រោយ ខ្ញុំពុំអាចមកបានទេ!

–      ហេតុអ្វីទៅ?

–      ពីព្រោះ…

ខ្ញុំប្រញាប់សារភាពប្រាបនារីបារាំង៖

–      ខ្ញុំដូចជាឆ្ងល់ណាស់ថា ខ្ញុំមានអ្វីមួយដែលខ្ញុំមិនយល់ខ្លួនឯងសោះ។ ខ្ញុំគ្រាន់តែដឹងច្បាស់ថា ខ្ញុំចង់ជួបអ្នកស្រីទៀតណ៎ា Henriette…

–      សំណាង (នាងខំហៅឈ្មោះខ្ញុំដោយពិបាក) ខ្ញុំមិនលាក់និងអ្នកទេ ខ្ញុំមានប្តីមានកូនប្រុសមួយហើយ។ ខ្ញុំមិនមែននៅទំនេរទេណ៎ា។ ខ្ញុំយល់ចិត្តអ្នកដែលចង់ជួបខ្ញុំហើយ តែខ្ញុំមិនអាច… ទេ!

–      មិនអីទេ! ទោះមានប្តីនិងមានកូន រឿងនេះពុំមែនជាឧបសគ្គចំពោះខ្ញុំឡើយ។ រូបរាងខ្ញុំជាបុរសខ្មែរមែន តែចិត្តគំនិតខ្ញុំមិនខុសពីចិត្តគំនិតរបស់ជនជាតិអ្នកទេណ៎ា អង់រីយ៉ែត។ អ្នកឆ្លៀតមកជួបខ្ញុំកុំខាន ល្ងាចថ្ងៃសុក្រក្រោយ។

–      ខ្ញុំប្រាកដជាមិនអាចមកបានទេ សំណាង។ ខ្ញុំប្រាប់អ្នកតាមត្រង់ទៅចុះ រៀងរាល់ខែ ខ្ញុំអាចចេញដើរលេងម្នាក់ឯងតែម្តងទេ។

វាចានេះញ៉ាំងឲ្យខ្ញុំងឿងឆ្ងល់អស្ចារ្យ។ ខ្ញុំសម្លឹងមើលមុខនារីឈ្មោះ អង់រីយ៉ែត។ ភក្រ្តនាង ចក្ខុនាងដូចជាលាក់អាថ៌កំបាំងអ្វីមួយដែលធ្វើឲ្យខ្ញុំចង់ដឹងជាពន់ពេក។ ស្រាប់តែអង់រីយ៉ែតសួរខ្ញុំ។

–      អ្នកកំពុងឆ្ងល់នឹងពាក្យខ្ញុំឬ?

–      ប្រាកដមែន។ ប្រសិនបើអ្នកអាចប្រាប់ខ្ញុំឲ្យច្បាស់លើសពីនេះ ខ្ញុំសែនត្រេកអរ។

–      បើអ្នកយកចិត្តទុកដាក់នឹងរឿងផ្ទាល់ខ្លួនរបស់ខ្ញុំណ៎ា សំណាង!

ថារួច នាងស្ងៀមមួយស្របក់ហាក់ដូចជាខំប្រមូលរឿងរ៉ាវទាំងប៉ុន្មានមកលាតត្រដាងប្រាប់ខ្ញុំ។ ខ្ញុំប្រញាប់និយាយ ៖

–      ខ្ញុំចាំស្តាប់រឿងអ្នកដោយរីករាយជាទីបំផុត។

–      ខ្ញុំមានដើមកំណើតអាល់សាស់ស៊ីយែន (Alsacienne)។ គ្រួសារខ្ញុំមានច្បាប់ទម្លាប់តឹងតែងណាស់ ។ ខ្ញុំបានរៀបការតាំងពីអាយុដប់ប្រាំបីឆ្នាំ។ ក្រៅពីពេលម៉ោងធ្វើការ ខ្ញុំជាមនុស្សស្រីម្នាក់ដែលនៅតែក្នុងផ្ទះ ធ្វើកិច្ចការផ្ទះ និងមើលកូនប្រុសខ្ញុំ។

–      អ្នកឯងមិនអផ្សុកទេឬ? ចុះប្តីអ្នកឯងមិនដែលនាំអ្នកឯងដើរខ្លះទេ?

–      ប្តីខ្ញុំ? ប្តីខ្ញុំជាអ្នកបើកបរឡានទំនិញ។ គាត់មិនដែលនៅហ្នឹងមួយកន្លែងទេ គឺតែងតែទៅឆ្ងាយពីផ្ទះជានិច្ច។ ពេលត្រឡប់មកផ្ទះវិញម្តងៗ ក៏ខ្ញុំគ្មានស្គាល់សេចក្តី សុខសុភមង្គលសោះ ព្រោះប្តីខ្ញុំចូលចិត្តផឹកស្រាណាស់។ ពេលស្រវឹងម្តងៗ គាត់តែងតែប្រើកម្លាំងបាយវាយទះតប់ខ្ញុំឥតឈប់ឈរ។ យូរៗទៅ ខ្ញុំមិនខុសពីអ្នកទោសម្នាក់ដែលនៅតែក្នុងផ្ទះហើយខ្វះការយកចិត្តដាក់ពីប្តី… ធ្វើឲ្យខ្ញុំនឿយណាយមែនទែន…

–      តើអ្នកចេះទ្រាំទ្របានដែរឬនូវអំពីឃោរឃៅកាចសាហាវរបស់ប្តីអ្នក?

–      ព្រោះតែយ៉ាងដូច្នេះហើយបានជាខ្ញុំទាមទារចេញក្រៅផ្ទះដើរលេងម្នាក់ឯងម្តងគត់ក្នុងមួយខែៗ គឺនៅល្ងាចថ្ងៃសុក្រ។

–      អ្នកដូចជាស្លូតពេក ។ ចម្លែកណាស់ បើក្រៅពីអ្នក ស្រីដទៃច្បាស់ជាឈប់រស់នៅជាមួយប្តី សុំបែកផ្លូវហើយ។

–      ខ្ញុំដឹងដែរ ប៉ុន្តែខ្ញុំមានបញ្ហាស្មុគស្មាញច្រើនណាស់ ដែលខ្ញុំពុំអាចសម្រេចធ្វើបានងាយៗ។ បើអ្នកមានអំណត់បន្តិច ទាល់តែថ្ងៃសុក្រខែក្រោយទើបខ្ញុំអាចមកជួបអ្នកជាថ្មីម្តងទៀត។

–      យល់ព្រម យើងជួបគ្នានៅកន្លែងនេះដដែលណា៎!

ខ្ញុំច្របាច់ដៃស្រីបារាំងថ្នមៗ។ ភ្នែកនិងភ្នែកសម្លឹងរកគ្នាទាំងរំភើបខុសពីធម្មតា។

ថ្ងៃនិងខែចេះតែពូនគ្នាជាច្រើន។ ទំនាក់ទំនងរវាងរូបខ្ញុំ និងអង់រីយ៉ែតក៏កាន់តែជិតស្និទ្ធទៅតាមពេលវេលា។ មិត្តភាពនេះខុសពីមិត្តភាពខ្មែរយើងស្រឡះ ព្រោះយើងទាំងពីរបានរួមរស់ជាមួយគ្នាដោយឥត រំខានអ្វីឡើយ។ ចំពោះអង់រីយ៉ែត ថ្វីត្បិតតែនាងមានប្តី មានកូនក៏ពិតមែន តែក្នុងសង្គមជឿនលឿនរបស់គេ រឿងនេះជារឿងធម្មតា ដែលសង្គមខ្មែរយើងពុំទាន់ទទួលស្គាល់ ឬអត់ឱនម្តងណាទេ ចំពោះនារីណាដែលមានរឿងរ៉ាវដូចនាងអង់រីយ៉ែតគូកំណាន់របស់ខ្ញុំនេះ។

◊           ◊

ជាងបីរយថ្ងៃកន្លងផុតទៅ យើងទាំងពីរនាក់ ស្រឡាញ់ថ្នាក់ថ្នមចិត្តគ្នាឥតមានមន្ទិលសៅហ្មងអ្វីសោះឡើយ។ ខ្លួនខ្ញុំដែលធ្លាប់ស្គាល់ស្រីបរទេសច្រើននាក់ មិនទាន់មានមនោសញ្ចេតនាខ្ជាប់ខ្ជួនចង់បាននារីណាម្នាក់ជាគូគ្រងសោះ។ គឺទើបតែជាមួយនាង អង់រីយ៉ែត ម្នាក់នេះដែលខ្ញុំដូចជាមានចិត្តប្លែក។ ប្លែកព្រោះខ្ញុំគិតថា ស្រីរូបល្អដូចអង់រីយ៉ែត គួរតែមានភ័ព្វសំណាងល្អ មានសុភមង្គលក្នុងគ្រួសារ។ ផ្ទុយទៅវិញនាងពុំដែលស្គាល់សុភមង្គល។ ចំណុចនេះហើយ ដែលបណ្តាលឲ្យខ្ញុំចេះតែអាណិតនាង ហើយចង់ស្វែងរកសេចក្តីសុខផ្តល់ឲ្យនាង និងកូនប្រុសនាងផង។ ខ្ញុំប្រាថ្នាចង់បាននាងមកនៅជាមួយខ្ញុំគ្រប់ពេលវេលា។

ចំណែកអង់រីយ៉ែតវិញ នាងក៏ស្រឡាញ់ខ្ញុំណាស់ដែរ តែបេះដូងនាងបានត្រូវចែករំលែកសេចក្តីស្នេហាទៅមនុស្សបីនាក់ គឺហង់រី ស្វាមីនាងដែលជាសាសន៍ដូចនាង កូនប្រុសតូចអាយុប្រហែល៥ឆ្នាំ និងរូបខ្ញុំម្នាក់ទៀតជាបុរសខ្មែរ។  អ្នកដែលហួងហែងទាមទារសេចក្តីស្នេហាច្រើនជាងគេ គឺរូបខ្ញុំនេះឯង។ ខ្ញុំ ធ្លាប់តែប្រឡែងនិងសេចក្តីស្នេហាសម័យនិយមពីមុនមកខុសពីខ្ញុំគ្រាឥឡូវ។ ខ្ញុំក្លាយជាមនុស្សអាត្មានិយមដែលចង់ប្រទាញប្រទង់យកសេចក្តីស្រឡាញ់នេះមកដាក់ពេញបេះដូងតែម្នាក់ឯង។ រៀងរាល់ពេលដែលខ្ញុំបានជួបអង់រីយ៉ែត ខ្ញុំតែងតវ៉ា ៖

–      អង់រីយ៉ែតមិនសូវស្រឡាញ់ខ្ញុំសោះ។

–      ចុះឲ្យខ្ញុំធ្វើដូចម្តេចទៀតសំណាង? ខ្ញុំពិតជាស្រឡាញ់អ្នក។ អ្នកចង់ឲ្យខ្ញុំមកជួបអ្នកញឹ្កកញាប់ ខ្ញុំមកជួបហើយ។ អ្នកចង់ឲ្យខ្ញុំធ្វើយ៉ាងណា ខ្ញុំព្រមធ្វើយ៉ាងនោះ។ តើអ្នកប្រាថ្នាយ៉ាងណាទៀត?

–      ខ្ញុំចង់ឲ្យ អង់រីយ៉ែត ស្រឡាញ់តែខ្ញុំម្នាក់គត់។ ឈប់ស្រឡាញ់ប្តីកំណាចរបស់អង់រីយ៉ែតឯងទៅ?

–      ចុះហង់រី កូនប្រុសខ្ញុំ?

–      យកវាមកនៅជាមួយយើង។ ខ្ញុំអត់រំខានទេ។ ខ្ញុំស្រឡាញ់អង់រីយ៉ែតឯងខ្លាំងណាស់ ជឿខ្ញុំចុះ។

–      ដូចគ្នា តែខ្ញុំមិនទាន់ដាច់ចិត្តលែងលះប្តីខ្ញុំទេ។

–      គិតឲ្យមែនទែនទៅ អង់រីយ៉ែត។ ឯងមានពេលគ្រប់គ្រាន់សម្រាប់គិត។ ប្រសិនបើឯងពិតជាស្រឡាញ់ខ្ញុំមែន។

–      ខ្ញុំស្រឡាញ់អ្នកណាស់ណ៎ា សំណាង! អ្នកជឿខ្ញុំឬទេ?

ថាហើយយើងប្រឱបរិតគ្នាយ៉ាងត្រេកត្រអាល។

ថ្ងៃមួយ ខ្ញុំនាំនាងអង់រីយ៉ែត និងហង់រីកូនប្រុសនាងទៅបង្ហាញមាតាបិតាខ្ញុំឯទីក្រុងប៉ារីស។ គាត់យល់ស្របតាមខ្ញុំឥតប្រកែកប្រកាន់អ្វីសោះឡើយ។

◊               ◊

រដូវផ្ការីកចូលមកដល់…

រឿងមេត្រីស្នេហារបស់ខ្ញុំ ជាមួយអង់រីយ៉ែត ហាក់នាំឲ្យខ្ញុំភ្លេចអតីតកាលមួយអស់រលីង។ ស្រាប់តែថ្ងៃមួយ ខ្ញុំបានទទួលសំបុត្រមួយច្បាប់ដែលមានសេចក្តីដូចតទៅ៖

បាងកក បាំងចិត្ត ថ្ងៃខែ… ឆ្នាំ ១៩៨២

          សំណាងប្រុសថ្លៃ! អនុស្សាវរីយ៍ដែលកន្លងទៅ ខ្ញុំនៅតែចងចាំគ្មានភ្លេច។ ខ្ញុំដឹងថា ជីវិតកំលោះរបស់អ្នកពោរពេញទៅដោយការសប្បាយរីករាយរហូតអ្នកភ្លេចបុប្ផាក្រៀមដែលអ្នកបានសុំពីខ្ញុំ មិនមែនដូច្នេះទេឬ?

ថ្ងៃ៣០ខែនេះ ខ្ញុំនឹងមកប៉ារីសជាលើកទី២ ព្រោះខ្ញុំប្រាថ្នាជួបអ្នកជាថ្មី។

ប្រសិនបើអ្នកនៅនឹកដល់ផ្កាឥតក្លិន អ្នកនឹងមកជួបខ្ញុំមិនខាន នៅផ្ទះមាតាអ្នក។

ពីចិត្តរាយមាយឥតព្រំដែន

ប៉ាទីនយ៉ា អង់ហ្សេឡា

 

 

មួយឆ្នាំកន្លងទៅយ៉ាងលឿន… បេះដូងខ្ញុំផ្ទុកស្នេហ៍រាប់មិនអស់។ សឹងថាមិនបាច់ធ្វើសេចក្តីអធិប្បាយពីចិត្តកំលោះយ៉ាងដូចរូបខ្ញុំនេះឡើយ។ ក្រោយពីបានអានចុតហ្មាយនេះកាលណា

ចិត្តខ្ញុំកម្រើកទៅរកស្នេហ៍ចាស់សាថ្មី។ ខ្ញុំនឹកដល់ភ្នែក ច្រមុះ មាត់ នៃនារីកូនកាត់សៀមម្នាក់ដែលខ្ញុំស្រឡាញ់ លាយនឹងការឈឺចាប់។ លុះដល់ថ្ងៃកំណត់ក្នុងចុតហ្មាយរបស់ប៉ាទីនយ៉ា

ខ្ញុំមិនភ្លេចហក់ទៅផ្ទះមាតាបិតាខ្ញុំឡើយ។ សេចក្តីស្នេហាខុសវ័យគ្នាស្រឡះនេះតែងស្ថិតនៅក្នុងអាថ៌កំបាំងជានិច្ចចំពោះប៉ាម៉ាក់ខ្ញុំ។ នៅពេលដែលយើងបានជួបគ្នាជាថ្មីខ្ញុំបានសារភាព

កំហុសខ្ញុំចំពោះស្រីប៉ាទីនយ៉ា។

–      ប៉ាទីនយ៉ា! ខ្ញុំនឹកស្តាយនូវអំពើឆ្គាំឆ្គងរបស់ខ្ញុំដែលបានប្រព្រឹត្តទៅលើអ្នកកាលគ្រាមុន ខ្ញុំសូមទោសណ៎ា។ អ្នកដឹងទេ ជាលើកដំបូងក្នុងជីវិតខ្ញុំដែលខ្ញុំចេះស្រឡាញ់គេ។ ស្រឡាញ់ខ្លាំង

ពេកទៅ ខ្ញុំចង់បានមកហួងហែងតែម្នាក់ឯង។ តែរឿងយើងជារឿងដែលមានខណ្ឌសីមា។ ពេលខ្ញុំលូកដៃប្រាថ្នាប៉ាទីនយ៉ាវេលាណា វេលានោះហើយដែលខ្ញុំចេះតែឮពាក្យព្រមាន ពាក្យចំអក

គ្រប់ទិសទីពេញអារម្មណ៍ខ្ញុំ។ ម្ល៉ោះហើយ ខ្ញុំពិបាកទប់ចិត្តឲ្យស្ងប់បាន។ ខ្ញុំយល់ថា ខ្ញុំក៏បានយល់ខុសប្រព្រឹត្តអំពើមិនសមរម្យចំពោះមនុស្សម្នាក់ដែលជាស្នេហាទីមួយរបស់ខ្ញុំ។

–      សូមសំណាងកុំរលឹករឿងអ្វីដែលនាំឲ្យយើងមានវិប្បដិសារី! យើងត្រូវគិតតែម្យ៉ាងបានហើយថា យើងស្រឡាញ់គ្នា នឹករកគ្នា មែនទេសំណាង?

–      ហាស៎! ហាស៎! ហាស៎!…

យើងសើចព្រមគ្នា ហើយក៏លូកហត្ថាទាំងគូចាប់កាន់គ្នា ស្រវាឱបរឹតគ្នាដោយស្វ័យប្រវត្តិ។ ខ្ញុំបាននាំស្រីស្នេហ៍មកមើលកន្លែងដែលខ្ញុំរស់នៅក្នុងប្រទេសស្វីស។ យើងបានឆ្លៀតនាំគ្នាទៅលេងនៅ

LUZERN ដើរលេងតាមមាត់ទន្លេជិះកាណូតម៉ាស៊ីនកម្សាន្តលើដងនភាជាមួយគ្នាភ្លេចអស់ទុក្ខកង្វល់បានមួយគ្រា។ ប៉ាទីនយ៉ាញញឹមដាក់ខ្ញុំជានិច្ច។ នាងថ្លែងវាចាមកកាន់ខ្ញុំ៖

–      ឱ! ប្រទេសក្នុងអឺរ៉ុបសប្បាយណាស់ហ្ន៎! ចំពោះខ្ញុំកន្លែងនេះរឹតតែបានក្លាយជាទីមនោរម្យ ពីព្រោះ ខ្ញុំបានដើរលេងជាមួយសំណាង ។ ចុះសំណាងវិញយ៉ាងម៉េចដែរ?

–      ដូចគ្នា តែខ្ញុំចង់ទៅលេងបាងកកវិញ ទោះបីជាខ្ញុំធ្លាប់ស្គាល់បីបួនដង!

–      កុំទៅធ្វើអី ប្រទេសអាស៊ីអាគ្នេយ៍គ្មានអ្វីសប្បាយប៉ុន្មានទេ… មានឧបសគ្គច្រើនណាស់ យើងមិនអាចដើរលេងជាមួយគ្នាដូចអីចឹងទេ។

–      ឱ! មែនហើយ! ខ្ញុំទើបនឹកឃើញ។

ថារួចខ្ញុំលូកដៃឱបចង្កេះនារីកូនកាត់សៀម។ ចំពោះខ្ញុំ នាងនៅជានារីដែលមានក្លិនជាដរាប គឺដូចជាកូលាបក្រពុំមួយទង។

s           s

s

ប៉ាទីនយ៉ាត្រឡប់ទៅបាងកកវិញបាត់ទៅហើយ។

បាងកក បាំងចិត្តពិតជាត្រូវ។ មួយឆ្នាំបានជួបគ្នាម្តង ដូចជាយូរពេកណាស់។ ពេលខ្លះ ខ្ញុំចោទសួរខ្លួនឯងថា តើខ្ញុំត្រដរផ្សងព្រេងក្នុងសេចក្តីស្នេហាដែលជាស្រមោលដូច្នេះដល់ពេលណាទៀត?

សព្វថ្ងៃ ខ្ញុំបានស្គាល់នាង អង់រីយ៉ែត។ រឿងក្រោយនេះមានលំនាំប្រហាក់ប្រហែលគ្នានឹងរឿងមុនជាមួយប៉ាទីនយ៉ាដែរ។

ខ្ញុំរង់ចាំការសម្រេចចិត្តរបស់អង់រីយ៉ែតច្រើនខែហើយ ។ នាងដូចជាគ្មានបានគិតអ្វីទាំងអស់។ គ្រប់ពេលដែលខ្ញុំសួរនាងៗឆ្លើយតែពាក្យដដែលៗ។

–      ខ្ញុំពិតជាស្រឡាញ់សំណាងណាស់។

ខ្ញុំមិនចង់ឲ្យនាងនិយាយដដែលៗប្រាប់ខ្ញុំឯណា។ ខ្ញុំចង់បាន ការសម្រេចចិត្តចុងក្រោយរបស់នាងថាសុខចិត្តរួមរស់ជាមួយខ្ញុំ ឬក៏…

–      សំណាង ទុកពេលឲ្យខ្ញុំគិតបន្តិចទៀត!

–      មួយឆ្នាំហើយ គិតមិនទាន់ចប់ទេឬ?

–      ចុះឲ្យខ្ញុំធ្វើម៉េច? ខ្ញុំបានធ្វើសព្វគ្រប់ហើយទេតើចំពោះសំណាង!

–      ឬមួយក៏ស្មានថា ខ្ញុំគ្មានលទ្ធភាពរកសុភមង្គលឲ្យឯងបាន ដោយសារខ្ញុំជាប្រុសខ្មែរ។

–      មិនមែនរឿងហ្នឹងទេ! បើសំណាងជាខ្ញុំវិញនោះមិនដឹងជាពិបាកយ៉ាងណា?

–      ចុះបើដឹងថាពិបាកស្រឡាញ់ខ្ញុំធ្វើអ្វី? ចិត្តស្រីសាសន៍អ្នកឯងដូច្នេះទេឬ? គឺគ្រាន់តែចង់ឲ្យគេសរសើរថាខ្លួនស្អាត មានជោគជ័យ មានប្រុសចោមរោមស្នេហ៍រាប់មិនអស់ ខ្ញុំដឹងហើយ…

–      ទេ! ទេ! មិនបាច់សំណាងនិយាយពាក្យនេះឲ្យខ្ញុំទេ។

វាចាបានត្រឹមនេះ អង់រីយ៉ែត អង្គុយខ្ទប់មុខយំ បែរខ្នងដាក់ខ្ញុំ។ ខ្ញុំដើរទៅឈរពីក្រោយនាង ហើយដាក់ដៃទាំងពីរកាន់ស្មាស្រី រួចស្រដីសម្រួល។

–      ឈប់យំទៅ អង់រីយ៉ែត ខ្ញុំមិនបង្ខំទេ។ ខ្ញុំទុកពេលឲ្យអង់រីយ៉ែត គិតមួយខែទៀត។ ខ្ញុំជិតដល់ថ្ងៃចប់កាតព្វកិច្ចធ្វើទាហានហើយ… គិតទៀតចុះ អង់រីយ៉ែត គិតឲ្យអស់ចិត្តចុះ កុំឲ្យស្តាយក្រោយ។

អង់រីយ៉ែត នៅស្ងៀម ឥតស្រដីអ្វីទាំងអស់។ ស្រីស្ទុះមកឱប.កខ្ញុំ ហើយលួងលោមខ្ញុំ។

–      ខ្ញុំស្រឡាញ់អ្នកណាស់ កុំខឹងនឹងខ្ញុំណ៎ា។

មួយខែបន្ទាប់មក ខ្ញុំក៏បានវិលត្រឡប់មកនៅជាមួយប៉ាម៉ាក់ខ្ញុំវិញ ដើម្បីរកការងារធ្វើនៅឯទីក្រុង

ប៉ារីស។ យើងទាំងពីរតែងតែផ្ញើដំណឹងចំពោះគ្នានិងគ្នាតាមរយៈអក្ខរាដែលជាទូតដួងចិត្ត។

យូរៗម្តង យើងបានទទួលទូរសព្ទទៅវិញទៅមក។ លិខិតថ្មីៗរបស់អង់រីយ៉ែតបានបញ្ជាក់ប្រាប់ខ្ញុំថា នាងកំពុងធ្វើសំបុត្រ ហើយទាក់ទងមេធាវីរបស់នាង ដើម្បីធ្វើពាក្យសុំលែងលះគ្នាជាមួយ

ស្វាមីនាងដែលប្រើអាកប្បកិរិយាកម្រោលដាក់នាងឥតឈប់ឈរ។ នាងពុំអាចទ្រាំទ្រតទៅទៀតកើតឡើយ។ ក្នុងរយៈពេលនៃការរង់ចាំការលែងលះរវាងអង់រីយ៉ែត និងស្វាមីនាង ខ្ញុំបាន

ស្គាល់នាងម្នាក់ដែលជាបុត្រីសម្លាញ់ជិតដិតរបស់លោកប៉ាខ្ញុំ។ តារាវី ជានារីខ្មែរយើង។ នាងមានរូបរាងតូចច្រឡឹងសម្បុរស្រអែម សក់វែងអន្លាយ។ ភក្រ្តមានអំណោយទានគួរឲ្យស្រឡាញ់

ណាស់។ នាងមានវាចាមួយៗពិរោះទន់ភ្លន់ផ្អែមល្ហែម ឫកពាស្លូតបូតសុភាពរាបសាថ្លៃថ្នូរ។ យើងឧស្សាហ៍បានជួបគ្នាញឹកញាប់ រៀងរាល់ថ្ងៃចុងសប្តាហ៍ ព្រោះតារាវីជាមិត្តនារីរបស់

ប្អូនស្រីខ្ញុំ។ ពេលវេលាបាននាំឲ្យខ្ញុំបានស្គាល់ចំណូលចិត្តរបស់តារាវី។មានចំណុចជាច្រើនមិនស្របទៅតាមចំណង់ចំណូលចិត្តខ្ញុំឡើយ។ នាងមិននិយមរាំរញាក់រញ័រ មិននិយមស្តាប់

ចម្រៀងបរទេសក្រៅពីបទចម្រៀងខ្មែរយើង។ ពេលមួយ ខ្ញុំសាកល្បងបបួលតារាវី។

–      យើងគិតនាំទៅស្រូបខ្យល់នៅព្រៃវ៉ាំងសែន (Bois de vincennes) ម្តងឬ?

–      តើបងសំណាងគិតទៅប៉ុន្មាននាក់?

–      តែពីរនាក់យើងប៉ុណ្ណោះណាតារាវី!

–      យី! អីក៏ស្រួលម្ល៉េះ ខ្ញុំខ្មាសគេណាស់។

–      ខ្មាសរឿងអី?

–      ខ្មាសរឿងប្រុសនិងស្រីដើរតែពីរនាក់អីចឹង វាមិនសម។ ខ្ញុំមិនធ្លាប់ទេ!

–      បើមិនធ្លាប់ត្រូវទម្លាប់ខ្លះទៅណ៎ានៅស្រុកគេ!

–      ទេ! ខ្ញុំមិនទម្លាប់ផ្តេសផ្តាសទេ ទោះបីខ្ញុំរស់នៅក្នុងទ្វីបអឺរ៉ុប។ ខ្ញុំប្តេជ្ញាថា ខ្ញុំនឹងដើរតែជាមួយបុរសណាដែលជាគូដណ្តឹងរបស់ខ្ញុំ។

–      អីចឹង! ចុះបើខ្ញុំសុំធ្វើជាពួកម៉ាក់របស់តារាវី ថាម៉េចដែរ?

–      ពួកម៉ាក់? ពួកម៉ាក់យ៉ាងម៉េច បែបខ្មែរ ឬបែបបរទេសនិយម?

–      បែបខ្មែរយ៉ាងម៉េច បែបបរទេសយ៉ាងម៉េច?

–      កុំធ្វើពើច្រើនពេក ខ្ញុំដឹងរឿងរបស់បងសំណាងឯងអស់ហើយ!

–      ដឹងរឿងអស់ហើយ បើខ្ញុំសុំធ្វើពួកម៉ាក់បែបមិនសុខចិត្តទេមើលទៅ?

–      ចុះយើងមានជាសត្រូវនឹងគ្នាពីកាលណា?

–      តែ! នែ! ចុះបើដឹងរឿងខ្ញុំខ្ទេចខ្ទីយ៉ាងហ្នឹង តារាវីឯងស្អប់ទេប្រុសដូចខ្ញុំ?

–      ដឹងអី? សួរខ្ញុំអីយ៉ាងនេះ។ ខ្ញុំមិនដែលគិតដល់រឿងនេះផង?

–      ខ្ញុំចង់ដឹងចិត្ត តារាវីឯងដល់ហើយ។ ឧបមាថា បើតារាវីមានស្វាមី អូហ៍សូមទោស ឬគូដណ្តឹងដែលមានប្រវត្តិដូចខ្ញុំ។ តើតារាវីយល់ឃើញដូចម្តេច?

–      យីដូចជាប្លែកណាស់ហ្ន៎! បងសំណាង ថ្ងៃនេះ។ តាំងពីយើងស្គាល់គ្នា បងពុំដែលសួរខ្ញុំដូច្នេះសោះ។ បងហាក់ដូចជាចង់បានចម្លើយខ្ញុំខ្លាំងណាស់មែនទេ បានប្រយោជន៍អ្វី?… អតីតកាល

របស់បុរសមិនសំខាន់ គួរយកមកលាយឡំនឹងបច្ចុប្បន្នកាលទេ។ រឿងដែលកន្លងហួសទៅហើយ បើបងចេះកែចិត្តគំនិត វានឹងរឹតតែប្រសើរទៅវិញទេតើ!

–      ប៉ុន្តែ វាអាចមានទម្ងន់ខ្លះមកលើបច្ចុប្បន្នកាលដែរណ៎ា តារាវី!

–      បងសំណាងឯងមិនមែនជាមនុស្សគិតច្រើន  ស្រាប់តែថ្ងៃនេះ លោតែចេះគិតគូរសាកសួរអ្វីច្រើនម្ល៉េះ?

–      មែន! តាំងពីខ្ញុំស្គាល់ តារាវី ខ្ញុំចេះតែមានចិត្តប្លែកៗ ប្លែកច្រើនណាស់។ ខ្ញុំចង់ស្គាល់តារាវីឲ្យច្បាស់ជាងនេះ។ ខ្ញុំសុំរូបថតមួយសន្លឹកបានឬទេ?

–      យី! យករូបខ្ញុំទៅធ្វើអី? យកទៅអួតបង្ហាញគេថា ខ្ញុំជាសង្សាររបស់ខ្លួនហើយមើលទៅ។ បើយ៉ាងហ្នឹងមែន ខ្ញុំអត់ឲ្យដាច់ខាត កុំសង្ឃឹមឲ្យសោះ!

–      ទេ! ខ្ញុំយកមកលាក់ទុកម្នាក់ឯងដាក់ក្នុងកាបូបមិនឲ្យអ្នកណាឃើញទេ។ ខ្ញុំទុកមើលតែម្នាក់ឯងគត់…

ខ្ញុំបានជូនរថយន្ត តារាវីទៅផ្ទះនាងវិញ។ នៅតាមដងផ្លូវ ខ្ញុំគិតមិនឈប់។ កាលពីគ្រាមុន ខ្ញុំនឹកថា អ្វីៗដែលស្ថិតជាប់ក្នុងអារម្មណ៍ពុំមានគ្រារសាយនោះ គឺស្រមោលស្នេហ៍របស់ ប៉ាទីនយ៉ា ដែលតែងតែអន្ទោលតាមរូបកាយខ្ញុំជានិច្ច។

ខ្ញុំហាក់ជឿខ្លួនឯងថា ទោះបីខ្ញុំត្រូវរៀបការជាមួយនារីណាម្នាក់ទៀតក៏ខ្ញុំពុំអាចបំភ្លេច ប៉ាទីនយ៉ា នារីកូនកាត់ថៃបានងាយៗដែរមើលទៅ។

រីឯការនឿយណាយក្នុងការរង់ចាំចាប់យកសេចក្តីស្នេហាមួយទៀតជាមួយអង់រីយ៉ែតដែលជាស្រមោលស្នេហ៍ថ្មី ដែលចាប់ផុត ចាប់ពុំបាន វាប្រហែលជាជិតដល់ទីបញ្ចប់ដែរ។ ខ្ញុំពុំអាចរង់ចាំផ្សងព្រេង

ធ្វើជាសាហាយរបស់អង់រីយ៉ែត តទៅទៀតទេ។ ម្តងនាងបញ្ជាក់ថា នាងបានប្តឹងលែងលះគ្នា។ ក្រោយមកទៀត នាងទូរសព្ទមកខ្ញុំថា ស្វាមីនាងអង្វរលន់តួនាងៗក៏ដកពាក្យនោះ ចេញហើយក៏បាន

កំណត់ពេលជាថ្មីសម្រាប់ឲ្យខ្ញុំគេងរង់ចាំ។

នៅទីបំផុត ខ្ញុំសម្រេចចិត្តជម្រាបប៉ាម៉ា់ក់ខ្ញុំឲ្យចូលស្តីដណ្តឹង កញ្ញាតារាវី។ យើងក៏បានកំណត់ពិធីភ្ជាប់ពាក្យភ្លាមៗ។

ក្នុងថ្ងៃភ្ជាប់ពាក្យរបស់ខ្ញុំនិងអូន តារាវី មានគេមកហៅខ្ញុំឲ្យទៅទទួលទូរសព្ទមួយពីនារីម្នាក់ គឺអង់រីយ៉ែត។ នាងបាននិយាយប្រាប់ខ្ញុំទាំងទឹកចិត្តរីករាយ។

–      ខ្ញុំបានលែងលះគ្នាដាច់ស្រឡះហើយជាមួយប្តីខ្ញុំ។ តើសំណាងឯងសប្បាយចិត្តទេ!

ខ្ញុំភ្ញាក់ផ្អើលស្ទើរតែមិនជឿពាក្យទាំងនោះទាល់តែសោះ ។

–      ថាម៉េច? លែងគ្នាដាច់ហើយ? ឯងនិយាយលេងឬអង់រីយ៉ែត?

–      ពិតណ៎ា សំណាងមិនជឿខ្ញុំទេឬ?

–      ល្អ! ឥឡូវនេះខ្ញុំមានការបន្តិច ចាំខ្ញុំហៅទូរសព្ទទៅវិញ។ ថ្ងៃក្រោយ យើងនិយាយគ្នាម្តងទៀត។ សូមទោស ថ្ងៃនេះខ្ញុំកំពុងតែជាប់រវល់ខ្លាំងណាស់ !

–      រវល់អីខ្លះ?

–      មានបុណ្យទាននៅផ្ទះខ្ញុំ!

ពុទ្ធោអើយ! តើមានអ្វីដែលធ្វើឲ្យខ្ញុំពិបាកចិត្តស្មើនឹងបានទទួលដំណឹងនេះ។ ខ្ញុំខំរៀបទឹកមុខខ្ញុំឲ្យស្រួលបួលដើម្បីកុំឲ្យភ្ញៀវនិងក្រុមញាតិខ្ញុំសង្ស័យ។ ចុះហេតុអ្វីក៏ បណ្តឹងលែងលះរបស់អង់រីយ៉ែត

មិនសម្រេច នៅមុនពេលខ្ញុំស្គាល់តារាវីហើយទើបនឹងសម្រេចនៅពេលនេះ?។

s          s

s

តារាវីរង់ចាំខ្ញុំនៅចំណតអាកាសយាន ORLY CHARLES de GAULLE ។ ខ្ញុំដើរឆ្ពោះទៅរកនាងយ៉ាងលឿន។ ក្នុងចិត្តនឹកអាណិតចិត្តស្រី ដែលខំជិះរថយន្តក្រុងមកចាំទទួលខ្ញុំ ។

តារាវីនារីតូចតន់សម្លឹងភក្ត្រខ្ញុំយ៉ាងពិនិត្យពិច័យមួយស្របក់ធំទើបហ៊ានផ្តើមវាចាសួរ ។

–      មុខបងសំណាង ដូចជាស្លេកស្លាំងម្ល៉េះ បែបមិនស្រួលខ្លួនក្នុងពេលធ្វើដំណើរទេដឹង?

–      បងអត់ឈឺអីទេ ប្រហែលមកពីបងដើរលេងច្រើនពេក។

–      ប្រហែលជាបងបានសប្បាយណាស់។ បងបានជួបនាងអង់រីយ៉ែតសម្លាញ់ចិត្តបងទេ?

–      កុំនិយាយរឿងហ្នឹងអី បងសុំចិត្ត។ បងប្រញាប់ត្រឡប់មកវិញឲ្យទាន់ថ្ងៃបុណ្យខួបរបស់អូនតារាវី!

–      បងនឹកដល់ថ្ងៃបុណ្យខួបកំណើតខ្ញុំមែនឬ? ខ្ញុំស្មានតែបងភ្លេចឈឹងទៅហើយ។

–      ភ្លេចឯណាបាន ម្ចាស់ថ្លៃអើយ!

–      ចេះតែថាហើយ នៅចំពោះមុខខ្ញុំ បងថាអីចឹង។ពេលបងជួបអង់រីយ៉ែតមុខជាផ្អែមជាមួយគេ…

–      កុំលើកឈ្មោះនេះមករម្លឹកឲ្យបងឮទៀតអូនតារាវី បងសូមអង្វរ។

–      សូមទោស បងសំណាង។

–      គ្មានទោសពៃរ៍អ្វីទេ អូនតារាវី។ គ្មានអ្នកណាអាចខឹងអូនបានទេ!

ទិវារាត្រី សប្តាហ៍ និងខែទាំងឡាយដែលបានផ្តុំច្របល់និងផ្ទុកក្តីអំពល់ ភាពតានតឹង លាយឡំជា

មួយ វិប្បដិសារីនៃអតីតកាល ឬបច្ចុប្បន្នកាលនៅក្នុងដំណើរជីវិតផ្សងព្រេងមួយរបស់ខ្ញុំ វាត្រូវតែមានពេលបញ្ចប់នាកាលៈទេសៈមួយ គឺនៅថ្ងៃ ខ្ញុំសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយអូន

តារាវីនារីខ្មែរប្រចាំជីវិតរបស់ខ្ញុំ។ រឿងមួយដែលខ្ញុំមិនដែលនឹកនាដល់សោះបានកើតមានឡើង គឺនៅក្នុងពិធីមង្គលការរបស់យើង។ ខ្ញុំបានបណ្តើរអូនតារាវីសំដៅទៅរថយន្ត ស្រាប់តែយើងឃើញ…

–      អង់រីយ៉ែត!!

ខ្ញុំភ្ញាក់ផ្អើលហៅឈ្មោះនេះភ្លាត់សំឡេង។ អង់រីយ៉ែតឈរឱបកញ្ចប់អំណោយអពាហ៍ពិពាហ៍មួយ ធំកំប្រោនៗក្រោមគ្រាប់ព្រិលដែលធ្លាក់មករពុយដណ្តប់លើផែនពសុធា។

–      ច៎ាះ! គឺខ្ញុំ… ខ្ញុំដឹងថាសំណាងមិនចង់ឃើញមុខខ្ញុំ ទេ។ ខ្ញុំដាច់ចិត្តមកទីនេះ មិនមែនមានបំណង ឆាឆៅធ្វើឲ្យល្អក់កករអារម្មណ៍និងសុភមង្គលរបស់សំណាង និងភរិយាអ្នកទេ។ ខ្ញុំកាត់ចិត្តមកទាំង អាម៉ាស់ក្នុងឱកាសនេះដើម្បីជូនពរគូស្វាមីភរិយាថ្មីថ្មោង និងសុំឃើញមុខសំណាងចុងក្រោយ ហើយយើងលាបែកគ្នា កម្ទេចអនុស្សាវរីយ៍របស់យើងឲ្យរលាយក្នុងថ្ងៃនេះតែម្តង…

ខ្ញុំស្រឡាំងកាំង អណ្តាតខ្ញុំខ្ទាស់ រកពាក្យណាមួយមកនិយាយឆ្លើយតបនាងអង់រីយ៉ែតវិញពុំបាន។ ខ្ញុំមើលមុខតារាវី នាងដាក់ទឹកមុខជ្រុប។ ខ្ញុំរឹតតែពិបាកចិត្តតឹងទ្រូងខ្លាំងឡើងៗ។ អង់រីយ៉ែត ឃើញអាកប្បកិរិយាមិនប្រក្រតីរបស់ខ្ញុំ ក៏ប្រញាប់បញ្ចេញសូរសៀងបន្ថែម ៖

–      ណេះ សូមសំណាងទទួលយកអំណោយដំណាងដួងចិត្តស្មោះ និងអស់សង្ឃឹមមួយដោយរីករាយផងចុះ។ ទោះបីជាសំណាងស្អប់ខ្ញុំយ៉ាងណាក្តី សូមអ្នកទទួលយកវត្ថុនេះទៅ។ ខ្ញុំបានជ្រើសរើសសម្រាំងសម្រាប់ជាចំណងដៃអ្នក និងភរិយាដ៏ល្អស្អាតប្រិមប្រិយ៍របស់អ្នកណា៎។ ខ្ញុំលាហើយសំណាង លាអ្នកលុះអវសានជីវិត…

ថារួចនាងរត់ចេញទៅ រត់ទៅមុខ… តើនាងទៅណា? នាងមកជាមួយអ្នកណា? ឬមួយនាងត្រូវត្រឡប់ទៅស្រ្តាសបួរវិញទាំងអធ្រាត្រ?

នៅក្នុងរថយន្ត តារាវីឥតនិយាយស្តីអ្វីទាំងអស់។ នាងរក្សាភាពស្ងៀមស្ងាត់នេះតាំងពីភោជនីយដ្ឋានរហូតដល់បន្ទប់ដំណេកយើងផ្ទាល់។

ស្ថិតក្រោមអាវរាត្រីពណ៌សប៉ាក់ជរយ៉ាងស្អាត ដែលជាពណ៌ដំណាងភាពបរិសុទ្ធ តារាវីភរិយាពេញ

ច្បាប់របស់ខ្ញុំឈរបែរខ្នង សម្លឹងមើលទិដ្ឋភាពខាងក្រៅផ្ទះដែលលម្អព្រិលដែលកំពុងធ្លាក់។ ខ្ញុំបោះជំហានមួយៗទៅជិតនាង ហើយ ឱបក្រសោបកាយស្រីពីក្រោយថ្នមៗ។

–      តារាវីម្ចាស់ជីវិតបង កុំខឹងអូនណាអូន។ បងសូមទោស បង… បងស្តាយណាស់។ បងគ្មានបំណងធ្វើឲ្យអូនល្អក់កករចិត្តដោយសាររឿងកន្លងទៅនេះទេ។

តារាវីហាក់ទោរទន់នឹងពាក្យអង្វររបស់ខ្ញុំ។ ខ្ញុំស្គាល់ចិត្តនាងច្បាស់ថា នាងជានារីម្នាក់ដែលមានបេះដូងសម្រាប់តែអាណិតជួយឈឺឆ្អាល និងមេត្តាសន្តោសប្រោសប្រណី។ នាងមានបេះដូងដែលពោរពេញទៅដោយសប្បុរសធម៌និងមនុស្សធម៌។ បញ្ចពិតកល្យាណី បង្ហូរវាចាស្រាលទន់ត្រជាក់តបខ្ញុំវិញ ៖

–      អូនគ្រាន់តែសោកស្តាយបន្តិច ប្រសិនបើអូនមិនព្រមរៀបការជាមួយបងនោះ ម្ល៉េះសមអង់រីយ៉ែតនិងបងមិនបែកគ្នាទេ។ តើនាងនឹងត្រូវគ្រាំគ្រាចិត្តប៉ុណ្ណា…។ អូនមិននឹកស្មានថា នាងស្រឡាញ់បងដល់ម្លឹង?

–      ត្រូវហើយ នាងទើបនឹងលះលែងប្តីដាច់ស្រឡះហើយសង្ឃឹមថា បានជួបបង… តែណ្ហើយអូន កុំគិតគេអី។ ស្រីបរទេសដូចអង់រីយ៉ែតធ្លាប់មានប្តី មិនយូរមិនឆាប់ នាងនឹងបានជួបបុរសណាម្នាក់ទៀតមិនខាន។ នេះក៏ដូចគ្នាដែលនាងបានមកជួបស្គាល់បងកាលពីដំបូងដូច្នេះដែរ។

តារាវីនារីតូចច្រឡឹងស្តាប់ខ្ញុំនិយាយចប់ ទើបនាងស្រដីតបថា៖

–      អាណិតដែរ! ចិត្តស្រីគេស្រីខ្ញុំ ថ្វីត្បិតតែអូនមិនធ្លាប់មានវិបត្តិមនោសញ្ចេតនា តែអូនយល់ចិត្តមនុស្សស្រីទូទៅ ទោះជាសាសន៍ណាក៏ដូចសាសន៍ណាដែរ តែងមានមនោសញ្ចេតនាទន់ជ្រាយនៅចំពោះហេតុការណ៍អាក្រក់ដែលធ្លាក់មកលើខ្លួន ជាពិសេសក្នុងបញ្ហាស្នេហា។

–      ឈប់នឹកនារឿងនេះទៅ ណ៎ាពៅមាសបង។ អូននេះហើយជាឧត្តមភរិយាតែមួយគត់ដែលបងស្រឡាញ់មួយជីវិត។

ជំនួសចម្លើយដួងចិត្ត តារាវីងាកភក្ត្រាដ៏ស្រស់ហើយញញឹមដាក់ខ្ញុំ។ កល្យាណីដាក់កេសាផ្តេកលើទ្រូងខ្ញុំស្តាប់ចង្វាក់បេះដូងខ្ញុំ ដែលកំពុងលោតញាប់ញ័ររន្ធត់ខុសពីធម្មតា។ បេះដូងនេះកំពុងតែទន្ទេញ

ពាក្យមួយមាត់ដដែលៗថា «ខ្ញុំស្នេហ៍តែតារាវីដួងចិត្តខ្ញុំ» និងស្រែកសុំអរគុណដល់ «វាសនាដែលបានដឹកដៃផ្សាភ្ជាប់និស្ស័យស្នេហ៍» នេះដូចសេចក្តីប្រាថ្នា។

ថ្ងៃអាទិត្យ ខែមករា ខ្ញុំនិងភរិយាម្ចាស់ស្នេហ៍ខ្ញុំបានមកប្រាកដខ្លួនបម្រុងឡើងយន្តហោះធ្វើដំណើរកម្សាន្តចន្ទទឹកឃ្មុំនៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកដូចដែលយើងបានគ្រោងទុក។

ទោះបីជាខំបំភ្លេចក៏ពិតមែន តែស្រមោលស្នេហ៍អតីតកាលចេះតែលេចធ្លោចេញមកម្តងៗយ៉ាងលាក់លៀមក្នុងដួងអារម្មណ៍ខ្ញុំ។ ជាពិសេសគឺនៅអាកាសយានដ្ឋានCHARLES de GAULLE នេះ។ ទីកន្លែងតែមួយគត់ ដែលខ្ញុំបានជូនប៉ាទីនយ៉ាឡើងកប៉ាល់ហោះទៅក្រុងបាងកកប្រទេសថៃ និង ធ្លាប់ជិះចុងក្រោយបង្អស់ទៅស្ត្រាស់បួរ៍ជួបអង់រីយ៉ែតក្នុងពេលថ្មីមុនថ្ងៃអពាហ៍ពិពាហ៍មហាទិវានៃជីវិតខ្ញុំជាមួយអូន

តារាវី នារីខ្មែរភរិយាកំពូលដួងចិត្តខ្ញុំ ៕

ស្រ្តាស់បួរ៍ ថ្ងៃទី ១ វិច្ឆិកា ១៩៨៤   

កែសម្រួលចុងក្រោយនៅម៉ុងទីញីប្រទេសបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s