រឿងខ្លី ៖ កម្មករសេរី និពន្ធដោយ ប៉ិច សង្វាវ៉ាន

គំនូរ៖សារព័ត៌មាននគរធំនៅស.រ.អា.

រក្សាសិទ្ធិគ្រប់យ៉ាង

លោកស្រីប្រធានស្ថាបនិក បាន​ផ្សាយ​រឿង​នេះ រួច​ហើយ​ក្នុង​ប្លក់​ផ្ទាល់​ខ្លួន​។ AEKE សូម​ផ្សាយ​ក្នុង​ទីនេះ​ជាថ្មី។

រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សេរីកូនប្រុសខ្ញុំតែងតែមកជួបជុំគ្រួសារជា

និច្ច។ ប៉ុន្តែប្រហែលជាងបីខែនេះ សេរីបាត់មុខឈឹងគ្មានបញ្ជាក់មូល

ហេតុ ឬគោលបំណងឲ្យខ្ញុំដឹងបន្តិចសោះ។ ម្ល៉ោះហើយ ការបាត់វត្តមាន

របស់កូនប្រុសខ្ញុំនេះ បណ្តាលឲ្យខ្ញុំខ្វាយខ្វល់ជាពន់ពេក។ ខ្ញុំព្រួយបារម្ភ

ខ្លាចក្រែងមានគេស្អប់ព្រួតគ្នាបៀតបៀនសេរី ពីព្រោះសេរីមានឫកពា

ក្រអឺតក្រទម និងមានចិត្តឆេវឆាវ។ សេរីមាត់ឆៅ ពេលហានិយាយស្តី

ម្តងៗឥតខ្លាចទើសត្រចៀកនិងមិនខ្លាចចិត្តគេ ឬខ្លាចគេខឹងឡើយ។

ចរិតឫកពារបស់សេរី ដែលខុសប្លែកពីបងប្អូនឯទៀត នេះសុទ្ធសឹងជា

កត្តាគ្រប់គ្រាន់បណ្តាលឲ្យខ្ញុំកាន់តែបារម្ភខ្លាំងឡើង។ កាលណា ខ្ញុំកាន់

តែគិតពិចារណា សេចក្តីទុក្ខក៏ទន្ទ្រានឱរាខ្ញុំឲ្យកាន់តែក្រៀមក្រំឡើង

កាលនោះដែរ។ ម្យ៉ាងទៀត ខ្ញុំនៅចាំសម្តីរបស់សេរីកូនខ្ញុំដែលបាន

ដំណាលប្រាប់ខ្ញុំថា ខ្មែរៗដែលធ្វើការជាមួយសេរីពីរបីនាក់សុទ្ធតែជា

ជនកម្រោលអាងតែប្រើកម្លាំងបាយវាយតប់។

ថ្ងៃមួយ នៅអៀលគៀលក្រាលហ្វិនស្តាដិន (Illkirch Graffenstaden)

ចម្ងាយប្រហែលប្រាំពីរគីឡូម៉ែត្រពីក្រុងស្រ្តាស់បួរក្នុងពេលដែលខ្ញុំកំពុង

តែឈរបន្តបន្ទុយចាំគេគិតលុយទំនិញ ខ្ញុំឮស្រ្តីខ្មែរយើងពីរបីនាក់ដែល

ឈរនៅពីក្រោយខ្ញុំនិយាយដើមសេរីកូនប្រុសខ្ញុំ និងនាងសម្ជស្សភួង។

ខ្ញុំមិនហ៊ានងាកមើលមុខអ្នកនិយាយរឿងសេរីកូនខ្ញុំទេ ព្រោះខ្ញុំក៏មិន

ចង់ឲ្យគេស្គាល់មុខខ្ញុំដែរ តែខ្ញុំបានស្តាប់រឿងសេរីកូនប្រុសខ្ញុំល្មមដឹង

រឿងហេតុខ្លះៗដើម្បីបំបាត់ចម្ងល់ដែលដក់ក្នុងអារម្មណ៍ខ្ញុំប៉ុន្មានខែនេះ។

ថ្ងៃនេះ ខ្ញុំមិនសប្បាយចិត្តទេ។ ខ្ញុំទ្រាំមិនបានក៏ដាច់ចិត្តហៅទូរស័ព្ទទៅ

សេរី ដើម្បីសួរដំណើរដើមទងឲ្យច្បាស់លាស់។ ទូរស័ព្ទរោទិ៍ច្រើនដង

យ៉ាងយូរធ្វើឲ្យខ្ញុំខកចិត្តជាពន់ពេក ព្រោះប៉ុន្មានខែនេះ ខ្ញុំមិនដែលបាន

ជួប បាននិយាយទូរស័ព្ទជាមួយនឹងសេរីសោះ។ ខ្ញុំតាំងចិត្តថាកាលណា

ជួបសេរី ខ្ញុំនឹងស្តីបន្ទាសឲ្យអស់ចិត្តដើម្បីឲ្យឲ្យបានធូរទ្រូងម្តង។ កំពុង

តែអង្គុយគិតបែបនេះ ស្រាប់តែកណ្តឹងក្នុងផ្ទះរោទិ៍ឡើង។ខ្ញុំបើកទ្វារ

ខ្វាក ស្រាប់តែលេចមុខសេរីក្រឡឹមៗញញឹមញញែមលួងលោមចិត្តខ្ញុំ

ហាក់បីដូចជាញាណដឹងថា ខ្ញុំកំពុងខឹងទោមនស្ស។ សេរីបញ្ចេញវាចា

សួរខ្ញុំយ៉ាងរួសរាយជាមួយស្នាមញញឹម៖

-ជម្រាបសួរម៉ាក់! ម៉ាក់សុខសប្បាយជាទេ?

-អើ! ម៉ាក់សុខដែរ តែមិនសូវសប្បាយប៉ុន្មានទេ។

សេរីឥតខ្វល់នឹងចម្លើយកំបុតកំបុយរបស់ខ្ញុំទេ។ គេបែរជាសើចក្អាក

ក្អាយ ហើយចូលទៅអង្គុយលើកៅអីវែងទម្រេតខ្លួនប្រាណបែបរាង

រវើយធ្វើព្រងើយ។ ខ្ញុំសម្លឹងមើលកាយវិការកូនប្រុសខ្ញុំទាំងឃ្នាន់

ខ្នាញ់។ ខ្ញុំសួរសេរីចុងមាត់ចុងករ។

-ម៉េចបានជាបាត់មុខយូរម្ល៉េះលោក?

ខ្ញុំប្រើពាក្យលោក សម្រាប់បញ្ជោះបន្សោក។

-សូមទោសណ៎ាម៉ាក់ ខ្ញុំរវល់ពេក។ កិច្ចការក្នុងរោងចក្រច្រើនហួស។

គេបង្ខំកម្មករឲ្យបញ្ចេញផលច្រើន តែគេដកកម្មករចេញខ្លះ។ ខ្ញុំនឿយ

ហត់ពេកឡើងបាក់កម្លាំង។ ធ្វើការរបៀបនេះ បែបរស់មិនបានយូរទេ។

ម៉ាក់អើយ! នេះហើយជីវិតកម្មកររោងចក្រ។ ខ្ញុំនឿយណាស់ម៉ាក់!

ម៉ាក់មិនអាណិតកូនទេឬ?

-បើហត់នឿយម្លឹងៗ ម៉េចក៏ឯងមិនព្រមនៅផ្ទះសម្រាកយកកម្លាំង

ថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្លះទៅ បែរជារវល់តែចេញចូលត្រុកៗក្នុងហ្វ័រយេ

ឲ្យគេនិយាយដើម គេមើលងាយម្លឹងៗ។

-ម៉ាក់មានប្រសាសន៍រឿងអីហ្នឹង ខ្ញុំមិនយល់ទេ?

-អ្នកណាគេ ឈ្មោះសម្ជស្សភួង?

-អូហ៍ សម្ជស្សភួង! នាងហ្នឹងទើបតែមកដល់ស្រ្តាស់បួរប្រហែលជាបីខែ

ប្លាយនេះណាម៉ាក់។

-ឯងស្រឡាញ់គេឬ? បានជា? ឱ! អីចឹងទេតើបានជាបាត់ដំណឹងឈឹង

ប៉ុន្មានខែនេះ។ ស្អាតល្អប៉ុណ្ណាទៅបានជាធ្វើឲ្យឯងងប់ងុលដល់ម្លឹង។

ឃើញស្រីមិនបានទេ ឯងស្រឡាញ់ទាំងអស់។ មិនដែលឃើញប្រុស

ណាអីចឹងទេ។ តើឯងកាត់រកអ្នកណា បានជាមានចិត្តខុសគេឆ្កុយតែ

ម្នាក់ឯងអ៊ីចឹង?

-ម៉ាក់! ខ្ញុំជម្រាបម៉ាក់តាមត្រង់ នាងសម្ជស្សភួង និងគ្រួសារនាងនៅ

ហ្វ័រយេសូណាកូត្រា(Foyer SONACOTRA)។ គ្រួសាររបស់នាងគ្មាន

អ្នកណាម្នាក់ចេះបារាំងទេ។ ខ្ញុំអាណិតក៏ជួយរត់សំបុត្រស្នាមផ្សេង

និងជួនគ្រួសារនាងទៅបើកប្រាក់ជំនួយដែលរដ្ឋាភិបាលបារាំងផ្គត់ផ្គង់

ជនភៀសខ្លួន…

-ក្រែងនៅហ្វ័រយេ មានលេខាធិការដែរឬ? ជឿម៉ាក់ចុះ ល្មមឈប់ខាត

ពេលទៀតទៅ។ ថ្ងៃមុន នៅផ្សារ ម៉ាក់ឮស្រ្តីខ្មែរពីរបីនាក់និយាយដើម

ឯងថា នាងសម្ជស្សភួងមិនត្រូវការឯងទេ តែឯងចេះតែត្រុកៗមុខ

ក្រាស់ទៅរកនាង។ គេថានាងសម្ជស្សភួងហ្នឹង ឃើញមុខឯងម្តងៗ

ចង់តែដេញទម្លាក់ដីហើយជះបាយលើក្បាលឯងទៀត ម៉ាក់ឮច្បាស់។

នឹកសម្តីនេះឡើង ម៉ាក់ខឹងញ័រសាច់ មិននឹងស្មានថា ឯងនេះឫកថោក

ដល់ម្លឹងសោះធ្វើឲ្យស្រីៗ ដែលទើបតែមកដល់មិនទាន់ស្គាល់ទិស

តំបន់ស្រុកបារាំងផង មើលងាយមើលថោករបៀបនេះ។

-ម៉ាក់! អ្នកណានិយាយរឿងនេះ?

-មិនដឹងអ្នកណាទេ។ បើក្រៅពីសាមីខ្លួន តើនរណាគេអាចដឹងរឿងនេះ?

-មិនពិតទេម៉ាក់! ខ្ញុំទៅហ្វ័រយេម្តងៗ ក្រុមគ្រួសារគេរាក់ទាក់អបអរ

ទទួលខ្ញុំកក់ក្តៅណាស់។ គេរៀបបាយទឹកឲ្យខ្ញុំញ៉ាំ។ គេអរណាស់ថា

បានខ្ញុំជួយគេឡានទៅលិចទៅកើត កុំអីគេមិនដឹងទិសតំបន់ឯណា

ទេ។ គេថា ខ្ញុំជួយសម្រួលកិច្ចការសព្វសារពើ។ ខ្ញុំសប្បាយចិត្ត

ព្រោះខ្ញុំបានធ្វើអំពើល្អ។

-អំពើល្អ ដែលបានទទួលពាក្យរមិលគុណត្រឡប់មកវិញអីចឹងឬ?

-ក្រែងមិនមែនពាក្យរបស់សាមីខ្លួន! គេចាក់រុកឲ្យម៉ាក់ខឹងខ្ញុំទេដឹង?

-ថាគេចាក់រុកអុជអាលម៉ាក់? វាហាក់ដូចជាមិនទំនង។ ម៉ាក់ធ្លាប់ប្រាប់ឯង

ឲ្យបានដឹងញយដងហើយថា គ្រួសារយើងទាំងមូលតាំងពីនៅស្រុកខ្មែរ

រហូតមករស់នៅស្រុកបារាំង យើងមិនដែលមើលងាយថោកជនណា

ម្នាក់ទេ។ ដូច្នេះយើងក៏មិនអាចទ្រាំទ្រការប្រមាថរបស់អ្នកផងដែរ។

ម្យ៉ាងទៀត ឯងមិនត្រូវភ្លេចទេថា គ្រួសារយើងធ្លាប់មានមុខ មានមាត់

មានកិត្តិយសកិត្តិនាម ត្រូវឯងចេះរក្សាកេរ្តិ៍ឈ្មោះវង្សត្រកូលកុំឲ្យគេ

បន្ទាបបន្ថោកងាយៗពេក។ សុខចិត្តក្រទ្រព្យចុះកុំក្រកេរ្តិ៍ឈ្មោះ

កិត្តិយស។ ចូរចាំបណ្តាំម៉ាក់ណ៎ាសេរី។

-ខ្ញុំទៅវិញហើយម៉ាក់។

-ទៅណាទៀតហើយ?

-ខ្ញុំទៅហ្វ័រយេទៅរកសខ្មៅ រកខុសត្រូវ ទើបខ្ញុំសុខចិត្ត។

-តាំងចិត្តឲ្យធ្ងន់កុំឆេវឆាវពេក។ អំពើល្អមិនសាបសូន្យទេកូន។

មនុស្សអាក្រក់គង់តែត្រូវព្រះបរាមុខថ្ងៃណាមួយមិនខាន។

-ខ្ញុំមិនយល់ទេ។ ខ្ញុំស្មានមិនដល់សោះ។ បើពាក្យដែលម៉ាក់បានឮពិត

ជាចេញពីបបូរមាត់ក្រុមគ្រួសារសម្ជស្សភួងមែននោះ ខ្ញុំយល់ថា

គ្រួសារនេះមានចិត្តសាមាន្យជួរជាតិ គ្មានដឹងខុសត្រូវអាក្រក់ល្អសខ្មៅ

បន្តិចសោះ។ នេះពិតជាអំពើរមិលគុណមួយគួរឲ្យឈឺចិត្តមែន។

-កុំឈឺចិត្ត។ ឯងគង់បានទទួលអំពើល្អពីអ្នកដទៃក្រៅពីអ្នកដែលឯងធ្លាប់

ជួយធុរៈ។ ឯអ្នកដែលរមិលគុណឯងនោះ គេគង់តែបានទទួលអំពើបែបនេះ

ពីអ្នកណាម្នាក់ផ្សេងទៀតមិនខាននៅក្នុងជាតិនេះតែម្តង ។ ឯងចាំសម្គាល់

មើលចុះ ពីថ្ងៃនេះទៅ។

**********

មិនយូរប៉ុន្មានក្រោយមក សេរីចាប់សង្កេតមើលឥរិយាបថក្រុមគ្រួសារ

នាងសម្ជស្សភួង។ នៅទីបំផុត គ្រួសារនេះបញ្ចេញកាឡាសាប្រទូស្តរាយ

សេរីកូនខ្ញុំ។ សេរីដកខ្លួនចេញឆ្ងាយរួចចាក់ទុកអំពើដែលសេរីបានប្រព្រឹត្ត

ចំពោះគ្រួសារនេះ ជាកុសលធម៌មួយ និងជាបទពិសោធន៍មួយក្នុងយុវវ័យ។

នៅពេលនេះ ទើបសេរីភ្ញាក់ខ្លួននឹកថា ពាក្យអប់រំណែនាំទាំងប៉ុន្មានរបស់ខ្ញុំ

ជាមាតាគឺជាមេរៀនជីវិតពិតៗ។ ខ្ញុំតែងតែបន់ស្រន់ព្រះ សូមឲ្យលោកជួយ

តម្រែតម្រង់មាគ៌ាជីវិតរបស់សេរីកូនប្រុសខ្ញុំ។ កូនម្នាក់នេះធ្វើឲ្យទ្រូងខ្ញុំជា

មាតាពិបាកជាងកូនណាៗទាំងអស់។ ខ្ញុំមានវិប្បដិសារីមិនអស់មិនហើយ។

ក្នុងពេលចេញផុតពីការផ្គត់ផ្គង់របស់រដ្ឋាភិបាលបារាំង គ្រួសារយើងមិនបាន

តស៊ូរកមធ្យោបាយចិញ្ចឹមកូនឲ្យរៀនបានវែងឆ្ងាយទេ។ កាលណោះ សេរីរៀន

មិនពូកែ ជួនចំពេល ដែលគេត្រូវការជ្រើសរើសបុគ្គលិកជាច្រើន ក្នុងរោងចក្រធ្វើ

គ្រឿងបន្លាស់រថយន្ត។ យើងគិតថា នេះជាឱកាសល្អសម្រាប់យើងជាជនភៀស

ខ្លួនហើយ។ បើយើងមិនឆក់យកឱកាសល្អដែលហុចមកឲ្យក្នុងពេលនេះទេ

យើងក៏ពុំដឹងថា តើប៉ុន្មានខែ ប៉ុន្មានឆ្នាំទៅមុខទៀត យើងជួបប្រទះស្ថានភាពល្អ

បែបនេះដែរ។ ជាពិសេស កាលនោះ យើងជិតផុតកំណត់នៃការផ្គត់ផ្គង់របស់

រដ្ឋបារាំង ហើយត្រូវចេញពីហ្វ័រយេ និងត្រូវខ្នះខ្នែងរកផ្ទះ។ នៅប្រទេសបារាំង

ការជួលផ្ទះតម្រូវឲ្យមាន៖

-សំបុត្របញ្ជាក់បៀវត្ស៍បីខែចុងក្រោយ។

-សំបុត្របញ្ជាក់ថ្លៃឈ្នួលផ្ទះបីខែចុងក្រោយ បើយើងធ្លាប់ជួលផ្ទះនៅពីមុខ។

-សំបុត្របញ្ជាក់ថា យើងជាបុគ្គលិកធ្វើការ នៅកន្លែងណាមួយជាប់លាប់។

-សំបុត្របង់ពន្ធដារឆ្នាំកន្លងមក។

-ប័ណ្ណសម្គាល់ខ្លួន។

អ្វីដែលសំខាន់បំផុតនោះគឺ យើងត្រូវមានប្រាក់ខែបីដងច្រើនជាងថ្លៃឈ្នួលផ្ទះ

មួយខែ និងមានការងារជាប់លាប់ទើបយើងអាចមានសង្ឃឹមជួលផ្ទះបាន។

កត្តាទាំងប៉ុន្មាននេះតម្រូវឱ្យសេរី និងកូនខ្ញុំពីរនាក់ទៀតក្លាយទៅជាមនុស្ស

សកម្ម មានការងារ មានមុខរបរចិញ្ចឹមជីវិតដូចគេដូចឯង ហើយឈប់មាន

ឈ្មោះជាមនុស្សទទួលប្រាក់ជំនួយពីរដ្ឋ។ តាមរពិត សេរី និងកូនរបស់ខ្ញុំទាំង

អស់មិនធ្លាប់ពិបាកទេ កាលគ្រាយើងរស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ឥឡូវ

នេះ យើងជាជនភៀសខ្លួន ជីវភាពយើងផ្លាស់ប្តូរទាំងស្រុង។ ដូច្នេះ ទោះបីជា

យើងមិនធ្លាប់ពិបាកក៏ដោយ ចាំបាច់យើងត្រូវតែខំពុះពារកសាងជីវភាពថ្មីលើ

ទឹកដីបារាំងដោយចាប់ផ្តើមពីសូន្យឡើងទៅ។ សំណាងណាស់ យើងបានចេញ

ផុតពីនរកខ្មែរក្រហម មករស់នៅក្នុងប្រទេសបារាំងដែលមានមនុស្សធម៌ជួយ

ស្រោចស្រង់ទទួលយើងគ្រប់គ្នាជាជនភៀសខ្លួន និងជួយផ្គត់ផ្គង់យើងមួយរយៈ

កាល ដើម្បីអាចឲ្យយើងរៀបចំសម្របខ្លួនចូលក្នុងសង្គមបារាំង និងចេះរស់នៅ

ចុះសម្រុងក្នុងជីវភាពថ្មីលើទឹកដីប្រទេសនេះ។

សេរីធ្លាប់ដំណាលប្រាប់ខ្ញុំជាមាតារឿយៗថា ការងារក្នុងរោងចក្រធ្ងន់ណាស់ដែរ។

ជាពិសេស សម្លេងម៉ាស៊ីនរោងចក្រធ្វើឲ្យសង្កៀរក្បាល និងសង្កៀរត្រច្រៀកតែម្តង។

ប្រហែលជាសេរីមានការតូចចិត្តច្រើន គួបផ្សំនិស្ស័យជាមនុស្សគិតច្រើន ទើបបាន

ជាសេរីប្រែចរិតខុសពីដើម។ អ្នកធ្វើការជាមួយសេរីតែងតែចំអកឲ្យសេរីថា ជាមនុស្ស

ឡប់។ តាមពិតទៅ សេរីពុំមែនជាមនុស្សឡប់ដូចគេថាទេ។ សេរីជាមនុស្សមានប្រាជ្ញា

វៀងវៃ តែគុណវិបត្តិមួយធំរបស់សេរី គឺមិនគោរពពាក្យសម្តីដែលខ្លួនបានសន្យា។

សេរីមានគំនិតឆ្វេងតែម្នាក់ឯងខុសគេ ហើយចូលចិត្តភាពឯករាជ្យផ្តាច់ខ្លួនតែម្នាក់ឯង។

ក្នុងការចំណាយ សេរីតឹងណាស់ មិនងាយរបេះមួយសេនទេសម្រាប់គ្រួសារ

តែចំពោះអ្នកដទៃវិញ សេរីធូរណាស់។ សេរីយកអ្នកដទៃជាញាតិ ចូលចិត្តផ្គាប់

ចិត្តអ្នកដទៃ ជាពិសេសអ្នកដែលមានកូនក្រមុំ។ ថ្ងៃមួយ សេរីទូរស័ព្ទប្រាប់ខ្ញុំថា

គេរកប្រពន្ធបានហើយ។ ក្នុងគ្រួសាយើងទាំងមូល គ្មាននរណាម្នាក់ជឿសេរី

ឡើយ។ ម្នាក់ៗសើចចំអកសេរី ពីព្រោះមកពីសេរីមានទម្លាប់កុហកភូតភរ

មិនចេះចប់។ ប៉ុន្តែ គេក៏ចង់ដឹងនិងរង់ចាំមើលមុខអនាគតភរិយារបស់សេរី

គ្រប់គ្នា។

ថ្ងៃអាទិត្យនេះជាថ្ងៃបុណ្យខួបកំណើតស្វាមីខ្ញុំ។ ម្តងនេះ សេរីមិនកុហកដូច

លើកមុនទៀតទេ។ គេបណ្តើរសង្សារគេមកបង្ហាញគ្រួសារមែន។ នាងជា

នារីខ្មែរយើង សម្បុរជ្វាស្រអែម តែមិនមែននារីអឹមអៀនទេ។ សេរីចាប់ផ្តើម

ណែនាំបង្ហាញគូសង្សារឲ្យក្រុមគ្រួសារបានស្គាល់។

-ម៉ាក់ប៉ា! បងប្អូនទាំងអស់គ្នា អូនជាត្តា សង្សារ និងជាអនាគតភរិយា

របស់ខ្ញុំ។

-ជម្រាបសួរ លោកពូ លោកមីង បងៗប្អូនៗ ច៎ាស ! (នាងជាត្តាលើក

ដៃប្រណម្យជម្រាបសួរទាំងអស់គ្នា)។

-លើកដៃថ្វាយព្រះ នាងអាយុប៉ុន្មានហើយ?

-ចាស់២០ឆ្នាំ។

-អង្គុយទៅនាង។ កុំខ្មាស់អៀនអីណ៎ា សុទ្ធតែគ្រួសារទាំងអស់ហ្នឹង។

សេរីចាក់ទឹកឲ្យនាងផង។

សេរីមិនប្រព្រឹត្តតាមពាក្យខ្ញុំបង្គាប់ទេ។ គេកេះខ្ញុំ ខ្សឹបហៅខ្ញុំឲ្យចូលទៅ

ក្នុងផ្ទះបាយមួយភ្នែត ហើយសួរខ្ញុំថា៖

-ម៉ាក់ជឿឬនៅ  ខ្ញុំមិនកុហកទេ។  ពេញចិត្តទេម៉ាក់?

-មិនសម្រេចលើចិត្តម៉ាក់ទេ ស្រេចតែឯងចុះ។ កូនឯងស្គាល់ចិត្តម៉ាក់

ស្រាប់ហើយ។ ម៉ាក់ផ្តល់សេរីភាពឲ្យកូនៗគ្រប់គ្នាក្នុងការរើសគូស្រករ។

ម៉ាក់មិនបំបែកបំបាក់គូរបស់កូនណាទេ។ ម៉ាក់គ្មានគំនិតដូចដូនផាន់

ម្តាយនាងទាវក្នុងរឿងទុំទាវ ឬដូចមីងនួន ម្តាយនាងវិធាវីក្នុងរឿងផ្កា

ស្រពោនទេ។ ម៉ាក់ត្រូវសួរចិត្តឯងទៅវិញទេតើ។ ឯងពិតជាប្តូរផ្តាច់មែន

ទែនហើយឬ?

-ម៉ាក់! នាងមិនសូវស្អាតមែន តែខ្ញុំមិនរើសរកតែរូបដូចពីមុនទៀតទេ។

ខ្ញុំស្រឡាញ់អូនជាត្តាទុកជាអនាគតប្រពន្ធខ្ញុំមែនណ៎ាម៉ាក់។

-ឲ្យពិតដូចសម្តីទៅចុះ។ តោះយើង ត្រឡប់ទៅបន្ទប់ទទួលភ្ញៀវវិញ។

យើងទុកឲ្យជាត្តានៅតែម្នាក់ឯងយូរហើយ។ គ្នាទើបតែមកជួបស្គាល់

គ្រួសារយើងលើកដំបូងផង។

ក្នុងបន្ទប់ទទួលភ្ញៀវ សេរីចាក់ទឹកក្រូចហុចឲ្យនាងជាត្តា ហើយនិយាយ៖

-អូនជាត្តា ម៉ាក់ចង់បញ្ជាក់សួរអូនបន្តិច។

-ច៎ាស លោកមីង!

-ឪពុកម្តាយនាងនៅរស់ទាំងអស់គ្នាឬ? គាត់មានយោបល់យ៉ាងណាដែរ?

-ច៎ាស! ឪពុកម្តាយខ្ញុំនៅរស់ទាំងអស់គ្នា។ គាត់មិនជំទាស់ទេ លោកមីង។

-ល្អហើយអីចឹង គួរតែរៀបចំការឆាប់ៗទៅ កុំឲ្យសៅហ្មង។

យើងទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់។ យើងយល់ឃើញថា បើសេរី

មានគ្រួសារ ប្រហែលជាសេរីអាចប្តូរគំនិតចាស់ចោលខ្លះមិនខានឡើយ។

បរិយាកាសបុណ្យខួបកំណើតរបស់ស្វាមីខ្ញុំគម្រប់ហាសិបឆ្នាំ ប្រព្រឹត្តទៅក្នុង

បរិយាកាសរីករាយខុសពីការស្មានទុក ដោយលើកនេះ យើងមានមនុស្ស

ចំណូលថ្មីមួយរូបទៀត គឺនាងជាត្តាដែលអនាគតភរិយារបស់សេរីកូនប្រុស

របស់យើង។

**********

តាមការតឿនរំអុករបស់សេរី ខ្ញុំនិងស្វាមីខ្ញុំបានចូលស្តីដណ្តឹងនាងជាត្តា។

មាតាបិតារបស់នាងបានយល់ព្រមដោយអំណររីករាយ។ គាត់គ្មានបង្គាប់

បណ្តាការធំដុំទេ សុំធ្វើយ៉ាងណាឲ្យបានសមរម្យពេញភ្នែកញាតិមិត្តតែ

ប៉ុណ្ណោះ។

ចំពោះខ្ញុំជាមាតារបស់សេរី ពាក្យថា«សមរម្យ»គឺពេញមុខពេញមាត់ទៅ

តាមលទ្ធភាពធនធាន និងសមត្ថភាពរបស់សេរី។ ខ្ញុំពេញចិត្ត នឹងយោបល់

អាធ្យាស្រ័យរបស់គ្រួសារខាងស្រីណាស់ ពីព្រោះគាត់មិនអនុវត្តទម្លាប់

ចាស់គំរិលពីដើមដែលតែងតែបង្គាប់ប្រាក់កាស ឬមាសពេជ្រ ដែលជួន

កាលការបង្គាប់ទារថ្លៃទឹកដោះនេះវាធ្ងន់ធ្ងរពេកសម្រាប់ខាងប្រុស។នៅ

ប្រទេសបារាំង ជនជាតិគេដែលសាម៉ីខ្លួនប្រុសស្រីសន្សំប្រាក់សម្រាប់

រៀបអាពាហ៍ពិពាហ៍ខ្លួនឯង។ ឪពុកម្តាយទាំងសងខាងជួយចេញប្រាក់

រៀបការកូនពាក់កណ្តាលម្នាក់ទៅតាមសមត្ថភាពរបស់គេ។ គ្រួសារខាង

ស្រីមិនដែលបង្គាប់ទារថ្លៃទឹកដោះខាងប្រុសដូចទម្លាប់ខ្មែរយើងទេ។ ខ្ញុំ

ស្រឡាញ់របៀបបារាំងក្នុងការរៀបចំអពាហ៍ពិពាហ៍កូនចៅណាស់។នេះ

ខ្ញុំយល់ថាប្រសើរមែនរបៀបនេះ។ ទម្លាប់ខ្មែរយើង គ្រួសារខាងស្រីតែង

តែបង្គាប់កូនកម្លោះដែលបច្ចប្បន្នកាលនេះគេហៅថាថ្លៃទឹកដោះ ដោយ

មិនបានគិតថាខាងប្រុសមានសមត្ថភាព ឬ គ្មានទេ។ ខ្ញុំមិននិយមទម្លាប់

ខ្មែរយើងដែលបង្គាប់លុយថ្លៃទឹកដោះដូច្នេះទេ។ ខ្ញុំយល់ថា ថ្លៃទឹកដោះ

នេះហាក់ដូចជាវាយតម្លៃ ឬកាត់ថ្លៃកូនស្រីរបស់យើងត្រឹមតែទឹកប្រាក់

ប៉ុណ្ណោះ។ នារីម្នាក់ៗទោះស ឬខ្មៅ ទោះមានវិជ្ជាក្តី អវិជ្ជាក្តី ពុំមែនមាន

តម្លៃត្រឹមថ្លៃទឹកដោះពីរម៉ឺងហ្វ្រង់-ប្រាំម៉ឺន ឬដប់ម៉ឺនទេ។ មនុស្សម្នាក់ៗ

មានតម្លៃឥតកាត់ថ្លៃបាន។ មាតានារីខ្លះបញ្ចេញយោបល់ថា គេខំចិញ្ចឹម

កូនពិបាកណាស់ លើកកូនស្រីឲ្យគេទទេម្តេចកើតវាដូចមិនសមទេ។

ចុះហេតុអ្វីក៏មាតាខាងស្រីខ្លះមិនគិតផងថា ខាងប្រុសគេក៏ខំចិញ្ចឹមកូន

ដូចគ្នាដែរ? អ្នកខ្លះខំតស៊ូលំបាកវេទនាណាស់ ដើម្បីជួយផ្គត់ផ្គង់ឲ្យកូន

ប្រុសរបស់ខ្លួនរៀនសូត្រមានតម្រេះវិជ្ជាខ្ពងខ្ពស់ មានអនាគតល្អ មាន

ប្រាក់ខែច្រើន។ លុះដល់ចេញធ្វើការមិនបានប៉ុន្មានឆ្នាំផង កូនប្រុស

ការប្រពន្ធចេញពីគ្រួសារទៅចិញ្ចឹមប្រពន្ធបាត់ មិនទាន់បានសងគុណ

ម្តាយឪពុករបស់ខ្លួនឲ្យអ្នកមានគុណបានស៊ីពោះលោះកម្លាំងដោយ

សារកូនប្រុសខ្លួននៅឡើយ។  ខាងស្រីម៉េចក៏មិនប្រៀបធៀបខ្លះផង។

និយាយដូច្នេះ គេអាចគិតថាខ្ញុំបន្ថោកនារីភេទ។ ផ្ទុយទៅវិញ អ្នកខ្លះ

យល់ថា ការបង្កាប់ប្រាក់ទារថ្លៃទឹកដោះ និងមាសពេជ្រពីខាងប្រុសទេ

តើដែលជាការបន្ថោកតម្លៃនារី ហាក់ដូចជាវាយតម្លៃនារីទៅតាមទឹក

ប្រាក់ប៉ុន្មានម៉ឺនប៉ុណ្ណឹងដែលខាងស្រីបានបង្គាប់។  ការបង្គាប់ប្រាក់

និងមាសពេជ្រសម្រាប់ថ្លៃទឹកដោះអាចបណ្តាលឲ្នកាយមារមិនចុះ

សម្រុងគ្នារហូតដល់បែបបាក់មិនបានរៀបការក៏មានដែរ។ សួរថា

តើគេគិតពីរឿងមុខមាត់នៅថ្ងៃការដើម្បីចង់សំញ៉ែងគេ ឬគិតអាណិត

ចិត្តក្មេងៗដែលស្រឡាញ់គ្នាចង់រួមជីវិតជាមួយគ្នា? ។

នៅមុនថ្ងៃលើកជំនួនភ្ជាប់ពាក្យប៉ុន្មានថ្ងៃ គ្រួសារខាងនាងជាត្តាគូ

ដណ្តឹងរបស់សេរីកូនប្រុសខ្ញុំ នាំគ្នាមកជួបខ្ញុំរួមទាំងទាំងសេរី និងនាង

ជាត្តាផងដែរ។ មាតានាងជាត្តាមានយោបល់មកកាន់ខ្ញុំថា៖

-អ្នកអូន! នៅថ្ងៃលើកជំនួន ខ្ញុំសូមអ្នកអូនជួយបំពេញកិត្តិយសខ្ញុំផង

សូមដាក់មាសពីរតម្លឹង និងប្រាក់ពីរម៉ឺនហ្វ្រង់[ ស្មើនឹងបីពាន់ហាសិបបីអ៊ឺរ៉ូ

សាបសិបបួនសេន]ផង។ ខ្ញុំស្រឡាំងកាំង ស្ទើរធ្លាក់ពីកៅអី។ ខ្ញុំខំប្រមូល

ស្មារតីឆ្លើយតបទៅអនាគតដន្លងខ្ញុំវិញ៖

-ច៎ាៈ! ច៎ាៈ! ចាំខ្ញុំពីគ្រោះជាមួយសេរី។ សេរីដឹងអំពីបំណងថ្មីនេះឬនៅ?

-សេរី! ឯងឮទេ។ ម៉ាក់ និងប៉ាមិនអាចអារកាត់ទេ ព្រោះនេះជារឿងរបស់

ឯង។ បើឯងយល់ព្រមតាមក៏ធ្វើទៅចុះ។ តាមពិត បញ្ហានេះ ឯងមិនបាច់

សួរពិគ្រោះម៉ាក់ផង ព្រោះម៉ាក់មិនបានកាន់លុយឯងទុកមួយសេនទេ។

ម៉ាក់មិនដឹង ឯងមានលុយកាក់ប៉ុន្មានសម្រាប់រៀបការដែរ។ ម៉ាក់បញ្ជាក់

ប្រាប់ឯងថា ម៉ាក់ និងប៉ាគ្មានប្រាក់ និងគ្មានមាសតាមការទាមទារសបស់

ម្តាយនាងជាត្តាទេ។

ខ្ញុំសម្លឹងមុខកូនប្រុសខ្ញុំ។ កូនខ្ញុំធ្លាក់ទឹកមុខ។មាតាបិតារបស់នាងជាត្តាក៏

ធ្លាក់ទឹកមុនមិនស្រួលប៉ុន្មានដែរ។ នាងជាត្តាមុខស្រពោនដូចបុប្ជារញម

ក្រោមកម្តៅព្រះសុរិយា។ ក្នុងឱរ៉ាខ្ញុំជាមាតារបស់សេរី ខ្ញុំហាក់ដូចជាដឹង

ថា ឈាមកំពុងតែរត់ចេញចូលក្នុងបេះដូងខ្ញុំលឿនខុសធម្មតា ធ្វើឲ្យ

សង្វាក់បេះដូងខ្ញុំដើរញាប់។ ខ្ញុំនឹកក្នុងចិត្តថា ចុះហេតុអ្វីថ្ងៃមុននិយាយ

ផ្សេង។ ថ្ងៃនេះប្រែប្រួលនិយាយផ្សឹង? សេរីមិនបញ្ចេញយោបល់អ្វី

ទាំងអស់។ គេនៅស្ងៀមទ្រឹងហើយដើរចេញទៅទម្រេតខ្លួនលើគ្រែ

ក្នុងបន្ទប់ធ្វើព្រងើយ។ នាងជាត្តាបាត់សង្សារក៏ដើរតាមរក។ នាង

ឃើញសេរីស្ងៀមស្ងាត់ទឹកមុខស្ងួត។ ខ្ញុំដើរចេញទៅខាងក្រៅវិញ។

ស្រាប់តែខ្ញុំឮនាងជាត្តាសួរសេរីកូនប្រុសខ្ញុំ។

-បងសេរី! បងស្រឡាញ់អូនទេ? ជាត្តាស្រឡាញ់បងណាស់។

-បងក៏ស្រឡាញ់អូនណាស់ដែរ តែជាត្តាអូនអើយ! យើងទាំងពីរ

ប្រហែលជួបគ្នាត្រឹមនេះ។ យើងមិអាចរៀបការជាភរិយាស្វាមីទេ!

-ម៉េចអីចឹងបង?

-ព្រោះបងគ្មានលទ្ធភាព។ ឪពុកម្តាយបងក៏គ្មានលទ្ធភាពដែរ។

ម្តាយអូនបង្គាប់ធ្ងន់ណាស់ អូនឮស្រាប់ហើយ។

-បងសេរី! បងកុំនិយាយអីចឹង។ ពាក្យបង្គាប់ប៉ុណ្ណឹងមិនច្រើនទេ។ បងគិត

មើល អូនជាស្រី។ ម៉ាក់ប៉ាអូនលើកអូនឲ្យបងទទេមិនកើតទេ សូមបង

អាណិតអូនផង ជួយជាត្តាឲ្យបំពេញបំណងប៉ាម៉ាក់ផងណា។ ក្នុងមួយ

ជាតិនេះ អូនរៀបការតែម្តងទេ។

-ជាត្តា យើងធ្លាប់និយាយរឿងនេះអស់ហើយទេតើ។ ហេតុអ្វីបានជាប្រែ

ប្រួលទៅវិញ? អូនធ្លាប់សន្យាអះអាងប្រាប់បងថា អូនស្រឡាញ់បងមិន

យកប្រាក់ជាធំ។ ចុះហេតុអ្វី ពេលនេះម៉ាក់ប៉ាអូនយកប្រាក់ និងមាសជា

ឧបសគ្គ?

-សូមបងកុំខឹងប៉ាម៉ាក់អូនអីណ៎ា។ អូននិងអង្វរករគាត់ សូមបងកុំព្រួយ

ចិត្តពេក។



មាតារបស់នាងជាត្តា នៅតែប្រកាន់ខ្ជាប់គំនិតគាត់ដដែល។ គាត់បញ្ជាក់ថា

បើសេរីកូនប្រុសខ្ញុំស្រឡាញ់កូនស្រីគាត់ សេរីត្រូវខំពុះពារសម្របតាមទម្លាប់

ខ្មែរយើង។ បើពុំដូច្នេះទេ គាត់និងលើកជាត្តាឲ្យបុរសផ្សេង ដែលកំពុងរង់ចាំ

សេចក្តីសម្រេចចិត្តរបស់គាត់។ គេសុខចិត្តបំពេញបំណងគាត់ទាំងស្រុង

ក្រោយពីសេរីផ្តាច់ពាក្យពីកូនស្រីគាត់ភ្លាម។

ឮពាក្យនេះថែមទៀត សេរីដែលមានសេចក្តីស្នេហាដ៏លើសលប់លើជាត្តា

ក៏សម្រេចចិត្តស្វះស្វែងរត់រកប្រាក់គ្រប់ទីកន្លែងឲ្យតែបាននាងជាត្តាជាគូ

ជីវិតក្នុងជាតិនេះ។

មួយរយៈពេលក្រោយមក សេរីអួតប្រាប់ខ្ញុំថា ខ្លួនគេខ្ចីប្រាក់ធនាគារបាន

ហើយ។គេនឹងរៀបចំមង្គលការរបស់គេជាមួយនាងជាត្តាយ៉ាងអឹកកធឹក

ឲ្យសមតាមចិត្តរបស់គ្រួសារខាងស្រី។ ក្រោយពិធីមង្គលការដែលគេមើល

ឃើញសំបកក្រៅថាមានសភាពឧឡារិកអឹកអធឹកនោះ សេរីធ្វើមុខក្រៀម

ផ្អេះញញឹមលែងសម បន្ទាប់ពីបានគិតគូរប្រាក់ចំណងដែរួច ឃើញថាខ្វះ

ប្រាក់ថ្លៃម្ហូបភោជនីយដ្ថាន។ ដូច្នះ សេរីត្រូវសរសេរមូលប្បទានប័ត្រសង

ថ្លៃម្ហូបតុចិនបន្ថែមទៀត។

ខ្ញុំនឹកអាណិតកូនខ្លោចចិត្ត។ខ្ញុំតូចចិត្តណាស់ដែលមិនអាចជួយកូនបាន។

ខ្ញុំក៏មិនបានដឹងថា តើខាងស្រីគេយល់ឃើញយ៉ាងណាដែរ? ឬមួយសេរី

លាក់រឿងនេះមិនឲ្យមាតាបិតាក្មេកដឹង ដើម្បីជាមោទនភាពផ្ទាល់ខ្លួន។

ថ្ងៃមង្គលការដែលជាថ្ងៃសុភមង្គលនោះត្រូវជំនួសវិញដោយការក្រៀម

ក្រំ។ ផលវិបាកនេះធ្លាក់លើស្វាមីភរិយាថ្មីថ្មោងដែលត្រូវកសាងទ្រនំ

គ្រួសារ។ បន្ទុកទាំងប៉ុន្មាននេះ គ្មានធ្លាក់លើនរណាធ្ងន់ក្រៅពីសេរីកូន

ប្រុសខ្ញុំទេ ព្រោះនាងជាត្តាភរិយារបស់សេរីពុំទាន់មានការធ្វើនៅឡើយ។

នាងត្រូវរំពឹងលើសេរីជាស្វាមីទាំងស្រុង។ សេរីធ្វើមុខជួរហួញដំណើរ

ល្ហិតល្ហៃម្ហេតៗបាក់កម្លាំងចិត្ត ដូចមនុស្សកើតអេដស៍ ពីព្រោះទម្ងន់ប្រាក់

បំណុលធ្លាក់លើខ្លួនទាំងស្រុង។ ថ្ងៃនេះ ខ្ញុំឭសេរីពោលប្រាប់ភរិយាថា៖

-ឪពុកម្តាយរបស់អូន ស្មានថាបងនៅស្រុកបារាំងយូរឆ្នាំសម្បូរណ៍ធូរធារ

សល់ប្រាក់សន្ធឹកណាស់ហើយមើលទៅ។អូនដឹងទេ យើងបានខ្ចីប្រាក់

ធនាគារដើម្បីរៀបការ។ យើងត្រូវកាត់ប្រាក់សងធនាគាររាល់ខែ។ បង

ត្រូវបង់ប្រាក់កាត់សងថ្លៃទិញរថយន្តទៀត។ ខែនេះ យើងត្រូវសងភោជ

នីយដ្ឋានថ្លៃជំពាក់ម្ហូបការយើងទៀត យើងច្បាស់ជាខ្វះមុខខ្វះក្រោយ

មិនខាន។

-ទ្រាំសិនទៅបង។ នេះមកពីយើងធ្វើអ្វីៗហួសសមត្ថភាពរបស់យើង។

ម៉ាក់ខ្ញុំ គាត់មិនទាន់យល់ជីវភាពស្រុកបារាំងទេ។ គាត់ចេះតែផ្អើលតាម

គេជឿគេដែលខំអួតអាងបញ្ចេញសំញែងឫកឲ្យគាត់កោត។ ឥឡូវនេះ

ទុក្ខលំបាកមិនមែនធ្លាក់លើម៉ាក់ឯណា គឺធ្លាក់លើខ្ញុំជាកូនស្រីគាត់ និង

បងជាកូនប្រសារ។ អូនយល់ច្បាស់ហើយពេលនេះ។ ណ្ហើយចុះបង

យើងទ្រាំលំបាកបន្តិចសិនចុះ ទម្រាំយើងដោះបំណុលគេផុតអស់។ កាល

ណាយើងខ្វះខាតខ្លាំង ចាំអូនសុំខ្ចីលុយម៉ាក់ចាយ។ អូនជឿថា ប្រាក់ពីរ

ម៉ឺនដែលគាត់បង្គាប់បងនោះ ប្រហែលជាគាត់មិនទាន់ចាយទេ។

-ជាត្តា បងមិនលាក់អូនទៀតទេ។ កាលបងតាមស្រឡាញ់អូន បងឮម៉ាក់

អូននិយាយអួតពីប្រុសៗមានលុយ មានឡានតាមស្រឡាញ់អូនគ្រប់គ្នា។

បងយល់ថា ម៉ាក់អូនសម្លឹងឃើញតែអ្នកមាន ទើបបានជាកុហកគាត់មិន

ហ៊ាននិយាយថា បងគ្មានលុយការប្រពន្ធ។ បងក៏បានភរម៉ាក់ថាបងមាន

ភារៈចិញ្ចឹមឪពុកម្តាយរបស់បងដែលគ្មានការងារធ្វើ និងជួយផ្គត់ផ្គង់ប្អូនៗ

របស់បងដែលកំពុងរៀន។ តាមពិតបងអាណិតប៉ាម៉ាក់បងណាស់។ គាត់

មិនដែលទាមទារ ឬក៏ប៉ះពាល់លុយកាក់បងម្តងណាទេ តាំងពីបងចេញ

ធ្វើការមក។ កាលបងនៅជាមួយគាត់ បងចាយលុយហ៊ឺហាជាមួយអ្នក

ដទៃ។ បងពុំដែលបានជូយលុយ និងជូនប្រាក់គាត់ឲ្យគាត់សប្បាយចិត្ត

ម្តងណាទេ ។ បងជាកូនម្នាក់ខុសពីកូនឯទៀត ដែលតែងនាំកង្វល់ជូន

គាត់ឥតល្ហែ ព្រោះបងមានចរិតរឹងរូសមានៈ។ ឥឡូវនេះ បើសិនជាម៉ាក់

បងដឹងថា យើងយ៉ាបយ៉ឺនដល់ម្លឹង គាត់មុខជាពិបាកចិត្តមួយជាន់ទៀត

ហើយ។

សេរីកូនប្រុសខ្ញុំ និយាយពីគ្រោះជាមួយភរិយានៅពេលដែលគេនាំគ្នា

មកលេងសាកសួរសុខទុក្ខយើងជាមាតាបិតា។ ខ្ញុំឮវាចាកូនប្រុសខ្ញុំ

ដែលនិយាយត្អួញត្អែរប្រាប់ភរិយា ខ្ញុំអាណិតកូនខ្លោចចិត្ត។ ទឹកភ្នែក

ពីរតំណក់រមៀលធ្លាក់ពីនេត្រាខ្ញុំ។ ចិត្តជាមាតាពិតជាមិនខុសពីចិត្ត

ម្តាយទូទៅក្នុងលោកយើងនេះទេ។ ទោះបីជាកូនធ្លាប់បានធ្វើឲ្យម្តាយ

ពិបាកចិត្តកំរឹតណា ព្រហ្មវិហារធម៌របស់មាតានៅតែមានជានិច្ចចំពោះ

កូន។ ការដែលសេរីបានភ្ញាក់រលឹកដឹងខ្លួនថា ធ្លាប់ប្រព្រឹត្តអំពើដែលធ្វើ

ឲ្យខ្ញុំមិនសប្បាយចិត្តប៉ុណ្ណេះ វាគ្រប់គ្រាន់ពេកណាស់ទៅហើយចំពោះ

ខ្ញុំ។ មនុស្សយើងសំខាន់ណាស់ការទទួលកំហុស ឬសារភាពថាខ្លួនខុស

ព្រោះជាអំពើដ៏សែនថ្លៃថ្លាមួយដែលដឹកនាំរូបគេឲ្យលះបង់ចោលអ្វីដែល

មិនល្អកន្លងទៅ។ ពីមុន ខ្ញុំតែងតែគិតថា សេរីមិនងាយយល់ចិត្តខ្ញុំឡើយ

ក្នុងមួយជីវិតនេះ ព្រោះសេរីមានភេទជាប្រុស។ គេមានតែឈ្មោះជាប្តីនិង

ជាបិតា។ គេមិនអាចយល់ចិត្តភរិយា ជាពិសេសចិត្តមាតាបានទេ។ តើ

សេចក្តីស្នេហារបស់មាតា នរណាវាស់បានស្មានត្រូវ? គឺពិតជាជ្រៅជាង

ជម្រៅមហាសាគរ។

ខ្ញុំបួងសួងអធិដ្ឋានព្រះជាម្ចាស់សូមថែរក្សាកូនប្រុសខ្ញុំនិងភរិយារបស់គេ

ឲ្យបានសេចក្តីសុខ ពោរពេញទៅដោយសុភមង្គល និងសម្បូរណ៌

សប្បាយ។ នេះហើយជាបំណងរបស់ម្តាយគ្រប់រូប។ រាល់ម្តាយមិនចង់

ឃើញ មិនចង់ដឹងឮសេចក្តីទុក្ខវេទនារបស់បុត្រធីតាណាម្នាក់ឡើយ៕

ចប់បរិបូណ៍

សរសេរចប់នៅស្រ្តាស់បួរ ខែសីហា ឆ្នាំ១៩៨៣

កែសម្រួលឡើងវិញ នៅម៉ុងទីញី ប្រទេសបារាំង ថ្ងៃទី២០ ខែមេសា ២០១២។

ខាងក្រោមនេះ ជាការវិភាគល្អិតល្អន់របស់អ្នកអានមួយរូបលើរឿងខ្លីរបស់អ្នក​និពន្ធ ប៉ិច សង្វាវ៉ាន ​។ មតិនេះ លោក កែវ ឈុន បានបានដាក់ស្នើ 2012/04/22 ម៉ោង 2:31 ព្រឹក។ នេះការវិភាគគំរូមួយដែលអ្នក​និពន្ធ​មានសេចក្តីរីករាយ​ផ្សាយជូនទាំងស្រុងជូនក្មួយៗអ្នកសិក្សាអត្ថបទអក្សរសិល្ប៍ខ្មែរទាំងឡាយ។

ថ្មីៗនេះខ្ញុំបានអាន «រឿងម្ដាយក្មេកទំនើប» ឃើញអ្នកនិពន្ធមានចិត្ដខ្វល់ខ្វាយពីរឿង

សីលធម៌សង្គមបែបម្យ៉ាងទៅហើយថ្ងៃនេះអានរឿងកម្មករសេរីទៀត ឃើញទឹកចិត្ដ

អ្នកនិពន្ធ រិតតែខ្វល់ខ្វាយពីសីលធម៌សង្គមយ៉ាងខ្លាំងទៀត។ ក្នុងសាច់រឿង អ្នកនិពន្ធ

បានទាញមកបង្ហាយ នូវអំពីការរៀបចំទុកដាក់កូនចៅឲ្យមានគូស្រករដូចគ្នានៅក្នុង

សង្គមសម័យកាលមួយដែលអ្នកនិពន្ធខ្លួនឯងបានហែលឆ្លងកាត់ ហើយគឺជាគំនិត

មួយ ដែលមានក្នុងសន្ដានចិត្ដប្រជារាស្រ្ដខ្មែរគ្រប់ៗសម័យកាល គឺគំនិតទំនើបហួស

ខ្នាតនៅក្នុង «រឿងម្ដាយក្មេកទំនើប»ហើយគំនិតបែបចាស់គំរិលហួសសម័យ ក្នុង

រឿងកម្មករសេរី។

បាត់សេរីយូរខែ ម្ដាយសេរីមានកង្វល់ក្នុងចិត្ដជាខ្លាំង។ សេរីទៅធ្វើការនៅរោងចក្រ

ហើយបានលបទៅទាក់ទងនារីក្រមុំម្នាក់ឈ្មោះ សម្ជស្សភួង ដែលទើបមកដល់

ហ្វ័រយេថ្មី នៅស្រ្តាស់បួរ ប្រទេសបារាំង។ សម្ជស្សភួងជានារីខ្មែរម្នាក់ឈ្លក់ទឹកព្រិល

ថ្មី មិនខ្ចីរវីរវល់ ហើយថែមទាំងមើលងាយ មើលថោកទឹកចិត្ដស្នេហារបស់កំលោះ
សេរីយ៉ាងខ្លាំងទៀតផង។ មិនយូរប៉ុន្មាន សេរីបានយល់ដឹង អំពីអំពើប្រទូស្ដរាយ

របស់គ្រួសារ នាងសម្ផស្សភួងចំពោះរូបគេ ហើយក៏បានផ្ដាច់ចំណងស្នេហ៍ជាមួយ

នាងបាន។ សេរីបានទៅទាក់ទងស្នេហាជាមួយនាង ជាត្ដាហើយបាននាំសង្សារ

មកបង្ហាញឲ្យប៉ា ម៉ាក់បងប្អូនបានជ្រាប គឺជាសេចក្ដីស្នេហាមួយ ដែលធ្វើឲ្យប៉ា

ម៉ាក់សេរីនិង ក្រុមគ្រួសារសប្បាយចិត្ដយ៉ាងខ្លាំងណាស់ដែរ។ ប៉ុន្ដែ អ្វីៗហាក់ដូច

ជាប្រទាំងប្រទើសយ៉ាងខ្លាំង សេចក្ដីស្នេហារបស់សេរី បានត្រូវល្អក់កករ ព្រោះ

គ្រួសារខាងស្រីទារតំលៃទឹកដោះ រហូតដល់ ពីរម៉ឺនហ្វ្រង់ឯណោះ។
សេរីជាកម្មកររោងចក្រ បានប្រាក់ខែបន្ដិចបន្ដួច ត្រូវចំណាយទៅលើការបង់ថ្លៃផ្ទះ

ទឹកភ្លើង ទូរស័ព្ទ និងសារពើគ្រប់យ៉ាងទៀត តែទីបំផុតសេរីបានរៀបការជាមួយ

នាងជាត្ដាដោយត្រដាបត្រដួស រស់នៅក្នុងភាពក្រីក្រ ជំពាក់បំណុលគេវាន់ក។

នៅក្នុងរឿងនេះ អ្នកនិពន្ធបានបង្ហាញនូវទឹកចិត្ដពិតៗ ក្នុងគោលដៅ បង្រៀនមនុស្ស

ឲ្យមើលឃើញវិបត្តិក្នុងសង្គម ឲ្យជៀសឲ្យផុតអំពីអំពើខុសឆ្គង ដូចក្នុងរឿងម្ដាយក្មេក

ទំនើប ក៏ដូចគ្នាក្នុងរឿងកម្មករសេរីផងដែរហើយបែរមកខំប្រឹងតាំងខ្លួន ពង្រឹងជំហរ

ឲ្យមាំមួន រឹងប៉ឹងក្នុងឋានៈព្យាយាមលើឋានៈរបស់ខ្លួនឲ្យរស់នៅក្នុងកំរិតខ្ពស់ ប្រកប

ដោយការខិតខំតស៊ូយ៉ាងមោះមុត។ បង្រៀនឲ្យស្គាល់ការកំចាត់បង់ ឬបន្ថយសេចក្ដី

ត្រូវការ ដែលមានកម្លាំងខ្លាំងក្លាពេក ដែលអាចក្លាយទៅជាតណ្ហាដ៏ទូលំទូលាយ គ្មាន

កំណត់ព្រំដែន ត្រឡប់ផ្ដល់ឲ្យនូវសេចក្ដីទុក្ខវិញ ដូចការកសាងគ្រួសារ សេរី និង នាង

ជាត្ដាដូច្នោះដែរ។

គំនិតអ្នកនិពន្ធមាន សន្ទុះធំធេងប៉ុណ្ណា អ្នកអានជាច្រើន គង់មានសន្ទុះយ៉ាងសន្ធោ

សន្ធៅដូចនោះដែរនៅក្នុងសីលធម៌សង្គម និងការជួយរិះរកមធ្យោបាយធ្វើយ៉ាងណា

ឲ្យមនុស្សជាប់ចិត្ដស្រលាញ់យុត្ដិធម៌នៃសង្គម និយមគុណធម៌ល្អ ទាំងក្នុងទីស្ងាត់

កំបាំង ទាំងក្នុងទីប្រជុំជន ដើម្បីសន្ដិសុខនៃជីវិតមនុស្សក្នុងសង្គម និងសន្ដិភាព

សកលក្នុងលោក មនុស្សត្រូវតែរស់នៅដោយអាស្រ័យសង្គម ឬមានសង្គមល្អទើប

រស់នៅបានប្រពៃ។

កែវ ឈុន
អ្នកអានម្នាក់នៅប្រទេសស្វីស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s