រឿងខ្លី៖ ស្ដាយពាក្យមួយម៉ាត់ និពន្ធដោយ ប៉ិច សង្វាវ៉ាន

ដោយ​បាន​សេចក្តីអនុញ្ញាត ពី​លោកស្រីប្រធាន​ស្ថាបនិក ប៉ិច សង្វាវ៉ាន

AEKE សូម​ផ្សាយ​រឿង«ស្តាយ​ពាក្យ​មួយ​ម៉ាត់» របស់​លោកស្រី​ឡើង​វិញ។

© លោកស្រី ប៉ិច សង្វាវ៉ាន ប្រធានស្ថានិក AEKE

តាមពិត ខ្ញុំរវល់ខ្លាំងណាស់ស្ទើរតែរកពេលទំនេរមិនបាន   ត្បិតបន្ថែម

លើមុខងាររបស់ខ្ញុំ  ខ្ញុំត្រូវសរសេរការសែតផងជួយធ្វើការសមាគមអ្នក

និពន្ធខ្មែរផង និងត្រូវរៀនយកបរិញ្ញាបត្រអក្សរ សាស្រ្តថែមទៀតផង។

ប៉ុន្តែ ខ្ញុំសុខចិត្តចំណាយពេលពីរម៉ោងក្នុងមួយអាទិត្យដើម្បីជួយបង្រៀន

ភាសាខ្មែរដល់និរក្សនោះ   ពីព្រោះខ្ញុំមានចិត្តទោរទន់អាណិតលោករដ្ឋា

បិតារបស់និរក្សដែលបានអង្វរនិងចង់បានខ្ញុំឲ្យជួយណែនាំបង្រៀនបុត្រ

លោកដែលធ្លាប់តែរៀនភាសាបារាំង។  ម៉្យាងទៀត ក្នុងនាមជាសាស្រ្តា

ចារ្យផ្ទាល់របស់និរក្ស ខ្ញុំមានការពិបាកចិត្តក្រៃលែងកាលបើឃើញសិស្ស

អន់ខ្សោយយ៉ាងខ្លាំងផ្នែកមុខវិជ្ជាខ្មែរនេះ។ ម៉្យាងទៀត ខ្ញុំមានបំណងចង់

ជួយយឹតយោងសិស្សនេះឲ្យបានចម្រើនប្រហាក់ប្រហែលសិស្សដទៃផង។

បីខែកន្លងទៅ ខ្ញុំតែងតែឆ្លៀតលៃលកពេលវេលាទៅបង្រៀននិរក្សដល់ផ្ទះ។

កាលពីមុន លោករដ្ឋានិងភរិយាតែងតែរួសរាយទទួលខ្ញុំយ៉ាងរាក់ទាក់ជាទី

បំផុត។ ទើបតែរយៈពេលចុងក្រោយនេះ បរិយាកាសនៅក្នុងផ្ទះលោករដ្ឋា

មានការប្រែប្រួលយ៉ាងខ្លាំង។ ខ្ញុំសង្កេតឃើញរាល់ពេលដែលខ្ញុំទៅបង្រៀន

និរក្ស  ខ្ញុំពុំដែលឃើញភរិយាលោករដ្ឋាចេញមកគួរសមដាក់ខ្ញុំ ដូចពីពេល

មុនៗទៀតឡើយ។ ប្រសិនបើយើងបានជួបគ្នាដោយចៃដន្យម្ដងៗ ភរិយា

លោករដ្ឋាបានបញ្ចេញអាកប្បកិរិយាព្រងើយកន្តើយសោះអង្គើយចំពោះខ្ញុំ។

ខ្ញុំប្លែកនឹងអំពើនេះយ៉ាងខ្លាំង តែខ្ញុំមិនដែលប្រកាន់ខឹងនឹងលោកស្រី វីយោ

ឡា ភរិយាលោករដ្ឋាឬក៏យកបញ្ហានេះជាធំឡើយ។   ខ្ញុំមិនចង់ឲ្យមិត្តភាព

យើងមានការប្រេះឆា។

ព្រឹកថ្ងៃអាទិត្យមួយ នៅពេលខ្ញុំដើរទៅដល់មាត់ទ្វារសាឡុងផ្ទះលោករដ្ឋា

បម្រុងនឹងចូលទៅដូចប្រក្រតី  ខ្ញុំត្រូវបញ្ឈប់ជំហានខ្ញុំង៉ក់ ពីព្រោះខ្ញុំឮសូរ

ស្វាមីភរិយាលោករដ្ឋាប្រកែកគ្នាយ៉ាងខ្លាំង។

– អូនវីយូឡា! អូនប្រញាប់ទៅណាទៀតហើយ? ជួយរៀបចំសាឡុងឲ្យមាន

របៀបរៀបរយបន្តិចមើល ខ្មាសអ្នកគ្រូចិន្តា!  អ្នកគ្រូអញ្ជើញមកដល់ឥឡូវ

ហើយ។

-ស្អី? អ្នកគ្រូចិន្តាហ្នឹងជាភ្ញៀវកិត្តិយសអីរបស់ខ្ញុំ? គាត់់ជាភ្ញៀវបងឯង! សូម

អញ្ជើញបងឯងរៀបចំទទួលគាត់ទៅ! ខ្ញុំគ្មានកម្លាំងចិត្តទទួលមនុស្សរបៀប

នោះទៀតទេ ! (អ្នកស្រីរដ្ឋាស្រែកគំហកបញ្ជួសឲ្យស្វាមីទាំងខ្នាន់ខ្នាញ់)។

– យី! ម៉េចក៏អូនឯងនិយាយអីចឹង?  អ្នកគ្រូចិន្តាជាអ្នកមានគុណលើនិរក្ស

កូនយើង កុំចូលចិត្តនាំរឿង! បងមិនចូលចិត្តទេ។

– មិនចូលចិត្ត? ហ៊ឹះ! ត្រូវហើយព្រោះខ្ញុំវាចាស់។ អ្នកគ្រូចិន្តា ទើបបងឯង

ចូលចិត្ត។ ខ្ញុំមិនចង់និយាយទេ។ ជួបគ្នារាល់អាទិត្យហើយមិនអស់ចិត្ត

ទៀត!ហ៊ានសរសេរសំបុត្រឆ្លើយឆ្លងគ្នាផង។ ស្អី!មានការអីសម្បើមម៉្លេះ?

ខ្ញុំអត់ទ្រាំយូរហើយណា! ខ្ញុំប្រាប់ឲ្យដឹង ខ្ញុំខ្ពើមមិនចង់ឃើញស្រមោលនាង

ចិន្តានេះទៀតទេ ទើបបានជាខ្ញុំយកលេសដើរចេញពីផ្ទះនេះ នៅពេល

ដែលនាងស្រីចិន្តានេះមកបង្រៀនអានិរក្ស។ខ្ញុំមិនអាចទ្រាំនៅមើលឆាក

ល្ខោនផ្អែមត្រជាក់របស់បងឯងបានទេ!

-. ឆាកល្ខោន? ស្អីជាឆាកល្ខោន? កុំនិយាយប៉ះពាល់ដល់អ្នកគ្រូចិន្តាណា

ប្រយ័ត្ន…

លោកស្រីឆ្លើយកាត់ប្រយោគស្វាមីរកតែលោករដ្ឋាបញ្ចប់វាចាមិនបាន។

– យើស កាន់ជើងផង! ខ្ញុំគ្មានខ្លាចអ្នកណាទាំងអស់។ កាលណាខ្ញុំមើល

ឃើញមិនសមរម្យ ខ្ញុំមានសិទ្ធិនិយាយ និងប្រចណ្ឌអីចឹង។  ខ្ញុំជាប្រពន្ធ

បងឯងពេញច្បាប់។ បើខ្ញុំមិនពេញចិត្តត្រង់ណា ខ្ញុំត្រូវតែនិយាយត្រង់ហ្នឹង។

– បងមិនបំបិទសិទ្ធិរបស់អូនទេ! តែអូនឯងនិយាយខុស។ បងមិនចង់ឲ្យអូន

ឯងយកការយល់សប្តិនេះមក ធ្វើជារឿងពិតទេ។     បើអូនមិនស្គាល់អ្នកគ្រូ

ចិន្តាច្បាស់ ចាំស្តាប់បងពន្យល់។

-ត្រូវហើយ! ខ្ញុំម៉េចនឹងស្គាល់! គឺបងឯងទេតើទើបស្គាល់ៗ ហ៊ឹះ! ខ្ញុំមិនចង់

បង្ហើយទេ។

-. អ្នកគ្រូចិន្តា ជាស្រ្តីខ្មែរមួយរូបដែល…

ភរិយាលោករដ្ឋាឆ្លើយកាត់ផូងតាមចរិតកាចឆ្នាស់ឆ្នើមរបស់អ្នកស្រី។

– ស្រីខ្មែរ! ត្រូវហើយ…

– ថាកុំនិយាយកាត់បង! ស្ដាប់បងនិយាយសិន។ ស្រីខ្មែរដែលមានឧត្តម

គតិដូចអ្នកគ្រូចិន្តា  តើអូនស្មានថានាងជាស្រីដាច់ដាបមកស្រឡាញ់ប្តី

អូនឯងឬ? អូនកុំចូលចិត្តគិតរឿងមិនសមហេតុសមផលយ៉ាងនេះ! អូន

ឯងកើតរោគប្រចណ្ឌហើយ។

– នរណាទុកចិត្តបាន ពេលជួបគ្នាម្តងៗ លោកអើយ! ឃើញតែពីញញឹម

ពព្រាយដាក់គ្នា ត្រូវគ្នាណាស់។  ក្តៅត្រង់ដែលដឹងថាឯងមិនចេះអក្សរ

ខ្មែរដែរ ម៉េចក៏មិនសរសេរអក្សរជាអក្សរបារាំងឬអង់គ្លេសអីមក។ ហួស

ចិត្តណាស់ព្រះអើយ!

– អូហ៍! ចេះហួសចិត្តផង! ស្រែកឲ្យខ្លាំងជាងនេះទៀតទៅឲ្យគេឯងឮផង

ថាអូនឯងជាជនជាតិខ្មែរដែលមិនចេះអក្សរខ្មែរហើយនិយមតែភាសានិង

អក្សរបរទេស អួតថាខ្លួនគ្រាន់បើ  ។    បងប្រាប់យូរហើយឲ្យខំរៀនអក្សរ

សាស្ត្រជាតិកុំអាងតែចេះអក្សរ និងភាសាគេនោះ តែអូនមិនព្រមទេ សុខ

ចិត្តទុកពេលដេកគិតរឿងប្រចណ្ឌទៅវិញ។  ឥឡួវ ដល់ពេលអូនចង់អាន

សំបុត្រអ្នកគ្រូចិន្តាទើបដឹងខ្លួនឬ? នេះហើយលទ្ធផលនៃការប្រមាថអក្សរ

សាស្ត្រជាតិឯង។ បើអូននៅតែមិនទុកចិត្តបងដែលអានឲ្យអូនស្តាប់នោះ

ណេះសំបុត្រ យកសំបុត្រទាំងអស់នេះទៅឲ្យសូហ្វ័រឡាន ឬអានិរក្សកូន

យើង វាអានជូនស្ដាប់ឲ្យអស់ហឫទ័យទៅ! អាណិតកុំតែយកភ្លើងមកដុត

បង ប្រយ័ត្នបងក្តៅ តិចថាបងមិនប្រាប់មុន។ បងធុញទ្រាន់ណាស់  ចូល

ចិត្តតែនាំរឿងឥតប្រយោជន៍។

– បើក្តៅតើធ្វើអីខ្ញុំមើល! អញ្ជើញធ្វើទៅលោកប្តី តែខ្ញុំបញ្ជាក់់ឲ្យច្បាស់ បើ

អ្នកគ្រូចិន្តាសំណព្បងនៅតែមកផ្ទះនេះទៀត ខ្ញុំត្រូវតែចុះចេញ។ ដឹងចិត្ត

ខ្ញុំស្រាប់ហើយ បើខ្ញុំស្អប់អ្នកណា ស្រមោល ឬដានជើងអ្នកហ្នឹងក៏មិនចង់

ឃើញដែរ កុំថាឡើយដល់ជួប ឬឃើញមុខគ្នានោះ!

– ខុសហើយវីយោឡាអូន! អូនធ្វើនេះមិនត្រឹមតែមានឈ្មោះជាមនុស្ស

ដែលមិនដឹងខុសត្រូវទេ គឺអូនជាមនុស្សខ្វះសុជីវធម៌ចំពោះអ្នកគ្រូចិន្តា

ដែលជាអ្នកប្រព្រឹត្តអំពើល្អចំពោះគ្រួសារយើង។ ហេតុអីក៏អូនមិនគិត

ពិចារណាឱ្យបានដិតដល់? អូនគួរតែយល់ថាព្រោះតែគេស្រឡាញ់រាប់

អានយើង ទើបបានជាគេស៊ូបូជាពេលវេលាដ៏មានតម្លៃរបស់គេមកជួយ

បង្រៀនកូនយើងដោយឥតយកកម្រៃនិងគិតចង់បានប្រយោជន៍ពីយើង

វិញ។ចុះបើយើងត្រូវជួលគេ តើអូនដឹងទេ? យើងត្រូវចំណាយប្រាក់អស់

ប៉ុន្មាន?។ អូនត្រូវតែគិតឲ្យបានវែងឆ្ងាយ មិនគួរអូនខឹងឬស្អប់គេដែលមិន

ដឹងខ្លូនថា បានធ្វើអ្វីខុសមកលើអូនផង!។

-បើជួលគេបង្រៀននិរក្សបែបវាស្រួលជាងហើយប្រហែលគ្មានរឿងរ៉ាវអី

ផង! (លោកស្រីឆ្លើយធ្វើហី)

– មានរឿងរ៉ាវ ឬគ្មានរឿងរ៉ាវ វាអាស្រ័យមកពីយើងម្នាក់ៗ។ បើយើងចង់

មានរឿង ដោយចេះតែនាំគ្នាបង្កហេតុសន្សំរឿងមិនសមហេតុផលនោះ

រឿងរ៉ាវចេះតែកើតមានហើយ។   ផ្ទុយទៅវិញ  បើយើងម្នាក់ៗមានសតិ

សម្បជញ្ញៈចេះគិតគូរដោះស្រាយពិចារណាឲ្យដិតដល់  និង វែងឆ្ងាយ

ចេះអត់ឱន សន្តោសអធ្យាស្រ័យ ចេះយល់ចេះគោរពខ្លាចចិត្តគ្នាទៅវិញ

ទៅមកនោះ    រឿងរ៉ាវវាមុខជាមិនអាចកើតមានឡើងជាដាច់ខាត។ ដូច

ពេលនេះ អូនដឹងទេ  អូនកំពុងតែសន្សំរឿងហើយ គឺរឿងដែលគ្មានន័យ

គ្មានមូលដ្ឋានច្បាស់លាស់បន្តិចសោះ។  ម៉្យាងទៀត បើអូនចង់និយាយ

ពីការជួលគេមកបង្រៀននិរក្សវិញ ការនោះវាជាការងាយបំផុត តែវាអស់

ប្រាក់កាសហើយ ក៏មិនប្រាកដថា នឹងបានលទ្ធផលយ៉ាងណាផង។ អូន

គួរតែយល់ហើយថា អ្នកគ្រូចិន្តាជាគ្រូផ្ទាល់របស់កូនយើង។ គេអាចដឹង

ពីចំណុច និងកម្រិតវិជ្ជារបស់កូននិរក្ស ហើយក្នុងនាមជាមនុស្សរាប់អាន

គ្នា  អ្នកគ្រូចិន្តាប្រកែកមិនព្រមទទួលយកប្រាក់យើងដាច់ខាត។ នេះសរ

បញ្ជាក់ឱ្យឃើញថា       គេមិនមែនយកប្រាក់ជាធំជាងមិត្តភាពនោះទេ។

ដូច្នេះ គួរតែអូនស្គាល់ និងយល់ចិត្តដ៏ប្រពៃរបស់គេផង ។ អូនមិនគោរព

គេក៏ហីទៅចុះ តែគួរណាស់ អូនសប្បាយរីករាយនឹងអំពើល្អរបស់គេមក

លើកូនយើង និងរូបយើង។ អូនមិនគួរយកអំពើល្អរបស់គេមកជាន់ឈ្លី

នឹងជើងដូច្នេះសោះ។ បងស្ដាយណាស់!

– តែខ្ញុំមិនសប្បាយចិត្តនឹងអ្នកគ្រូចិន្តា ដែលចូលចិត្តសរសេរសំបុត្រមក

បង!

– អូននៅតែទន្ទេញដដែលៗ ពីរឿងសំបុត្រ។ និយាយចុះ និយាយឡើងវា

ធ្លាក់មកដល់រឿងមិនទុកចិត្តគ្នាតែប៉ុណ្ណោះ។ សូម្បីតែបងដែលជាប្តីអូនក៏

អូនលែងទុកចិត្តដែរ មែនទេ?។ អូនមិនមែនមិនដឹងថា ប្រុស និងស្រីដែល

សរសេរសំបុត្រឆ្លើយឆ្លងគ្នាមិនមែនសុទ្ធតែរឿងស្នេហានោះទេ។    ប៉ុន្តែ

ដល់អូនដុះគំនិតប្រចណ្ឌ អូនទៅជាមើលសឃើញថាខ្មៅអស់។ បងនៅតែ

ការពារអ្នកគ្រូចិន្តាជានិច្ច។ អូនគិតមើលចុះ រាល់ពេលដែលគេមកបង្រៀន

កូនយើង គេមិនដែលឃើញមេផ្ទះចេញមកជួបរាក់ទាក់ស្វាគមន៍គេសោះ។

បើសិនជាគេមានការអ្វីចង់និយាយប្រាប់យើងពីរឿងកូនយើង ស្រីគេ ស្រី

អូនក៏គង់តែទើសទាស់ដែរ ដែលនៅជជែកគ្នាតែពីរនាក់ស្ងាត់ជាមួយបង

នោះ។    តើនរណាឡើយដែលនៅហ៊ានជជែកជាមួយប្តីគេតែពីរនាក់តតួ

ដោយគ្មានវត្តមានរបស់ភរិយាគេនោះ?។ បងពុំចង់ពន្យល់អូនឲ្យវែងឆ្ងាយ

ទៀតទេ។  បងសូមអង្វរអូន មុននឹងប្រចណ្ឌ អូនត្រូវសង្កេតមើលឲ្យច្បាស់

សិន។ ជាពិសេស អូនត្រូវសង្កេតមើលឫកពាររបស់បង  និងរបស់នារីណា

ដែលអូនគួរប្រចណ្ឌ។ តើឫកស្រីណាប្រភេទណាដែលអូនគួរប្រចណ្ឌ?។

– ព្រោះតែខ្ញុំឃើញហើយបានហ៊ានថា!

ជម្លោះនេះមិនរំលងពីត្រចៀកខ្ញុំឡើយ។ ខ្ញុំខឹងញ័រសព្វសាច់ ។  ខ្ញុំតូចចិត្ត

ណាស់នឹងការដែលគេយល់ខុសមកលើខ្ញុំ។ ខ្ញុំទន់អស់ដៃជើងស្ទើរតែដួល

នៅមាត់ទ្វារផ្ទះលោករដ្ឋា តែខ្ញុំខំទប់ស្មារតី ខ្ទប់មុខយំ ហើយរត់ចេញយ៉ាង

លឿន ពីផ្ទះចង្រៃនេះទៅកាន់រថយន្តខ្ញុំ។ អំណាចនៃក្តីកំហឹងនេះធ្វើឲ្យខ្ញុំទន់

អស់ខ្លួនប្រាណស្ទើរតែបើករថយន្តត្រឡប់មកផ្ទះវិញមិនកើត។ រាត្រីនោះ ខ្ញុំ

ស្រៀវស្រាញក្តៅផង រងាផង រកកលចង់គ្រុន មកពីខ្ញុំខឹងខ្លាំងពេក។ ខ្ញុំមួម៉ៅ

ក្តៅក្រហាយនឹងការរវើរវាយ និងការយល់ខុសទាំងស្រុងរបស់ភរិយាលោក

រដ្ឋាមកលើរូបខ្ញុំ។ ខ្ញុំឈឺក្បាលខ្លាំងឡើងៗស្ទើរតែប្រេះបែក ព្រោះខ្ញុំគិត។ ខ្ញុំ

ដណ្តឹងសួរខ្លួនឯងថា តើខ្ញុំបានបង្ហាញឫកពារឬពាក្យ សម្តីបែបណាដែល

អាចឲ្យគេយល់ច្រឡំថា ខ្ញុំស្រឡាញ់ប្តីគេនោះ។ ពុទ្ធោអើយ! តើខ្ញុំជាស្រី

ថោកទាបបែបហ្នឹងឬ? ទៅមិនរួចទេ។ ទឹកភ្នែកខ្ញុំហូរធ្លាក់មកដូចទំនប់ទឹក

ធ្លាយ។  ខ្ញុំឈឺចិត្តខ្លាំង! ខ្ញុំខឹងណាស់នឹងការប្រមាថកាតទានមកលើឈ្មោះ

ខ្ញុំ និងការវាយបន្ថោកតម្លៃទឹកចិត្តនិងកិត្តិយសរបស់ខ្ញុំ។ ខ្ញុំ ស្តាយ…ស្តាយ

ចិត្តខ្ញុំដែលស្រឡាញ់រាប់អានគ្រួសារនេះ។ ព្រោះតែការរាប់អាននេះហើយ

ដែលធ្វើឱ្យខ្ញុំបូជាពេលអស់រយៈជាច្រើនខែដើម្បីជួយនិរក្សសិស្សកំសោយ

របស់ខ្ញុំ។  គ្រប់កាយវិការនឹងពាក្យសម្តីរបស់ខ្ញុំចំពោះលោករដ្ឋា គឺជាពាក្យ

ស្មោះត្រង់ក្នុងនាមមិត្តភាពត្រង់ទៅត្រង់មកពិតឥតក្លែងបន្លំ។    ខ្ញុំរាប់អាន

លោក មកពីខ្ញុំយល់ថា លោកជាមនុស្សសុភាពស្លូតបូតថ្លៃថ្នូរម្នាក់ នឹងមាន

អំណោយទានគួរឱ្យរាប់អានប៉ុណ្ណោះ។ ក្នុងមួយជាតិនេះ  ខ្ញុំមិនដែលមាន

កូនចិត្តសូម្បីប៉ុនសរសៃសក់ប៉ងប្រាថ្នាស្វាមីរបស់នារីណាសោះឡើយ។ឱ!

ម្ចាស់ថ្លៃអើយ! ហេតុអីក៏ភរិយាលោករដ្ឋា ទៅជាមានគំនិតបែបនេះកើត?

លោកស្រីបណ្ដោយឲ្យភ្លើងប្រចណ្ឌ ដុតរោលរាលដួងចិត្តលោកស្រីឲ្យ

លែងដឹងខុសត្រូវអស់។ ឬមួយក៏មកពីលោកស្រីមានគំនិតបែបអឺរ៉ុបពេក

ហើយនឹកថាស្រីខ្មែរមានគំនិតហោះហើរដូចនេះ ឬក៏មកពីលោកស្រីធ្លាប់

លួចស្រឡាញ់ប្តីគេ បានជានឹកថាខ្ញុំមានចិត្តផ្តេសផ្តាសបែបនេះ? ។ ស្តាយ

ណាស់!    ស្តាយព្រោះលោកស្រីមិនស្គាល់ពូជពង្សវង្សត្រកូលគ្រួសារខ្ញុំ។

ប៉ុន្តែ  ចុះលោករដ្ឋា?  លោកស្គាល់ក្រុមគ្រួសារខ្ញុំ និងស្គាល់សន្តានចិត្តខ្ញ្ញុំ

ច្រើនជាងភរិយារបស់លោក    ហេតុអីក៏លោកមិនពន្យល់ណែនាំភរិយា

លោកឲ្យចេះស្គាល់តម្លៃស្រីខ្ញុំខ្លះផង?។  ស្តាយពេក ស្តាយចិត្តដែលបាន

ប្រព្រឹត្តអំពើល្អ  គ្មានគិតប្រាក់ពីគ្រួសារលោកសោះ!   ស្ដាយត្រង់ខំបូជា

ពលិកម្មពេលវេលាដ៏មហាសែនមានតម្លៃដើម្បីនិរក្ស ! ។    ផ្ទុយទៅវិញ

លទ្ធផលដែលខ្ញុំបានទទួល គឺភាពល្វីងជូរចត់គ្រោតគ្រាតដែលកើតចេញ

ពីការប្រមាថមាក់ងាយ។ នេះហើយឬការសងគុណរបស់គេចំពោះខ្ញុំ? ឱ!

ទេវតា សូមលោកបើកព្រះនេត្រទតចុះ!។

នាឡិកាវាយម៉ោងបីភ្លឺទៅហើយ។ គេនៅឮសូរសំឡេងខ្ញុំយំទួញលាយនឹង

សំឡេងខ្យល់ថ្ងូរដែលជាសម្រែកនៃការឈឺចិត្ត កំហឹងការតូចចិត្ត ការខក

ចិត្ត…។ ខ្ញុំយំៗ ៗគ្មានឈប់ឈរ។ ក្បាលខ្ញុំឈឺណែនស្ទើរផ្ទុះបែក… ព្រោះ

តែការគិត។ ។ ដើមទ្រូងខ្ញុំឈឺអួលផ្សាក្រៃលែងព្រោះតែការខឹងហួសពេក…

តាំងពីថ្ងៃនោះមក ​  ទោះជាខ្ញុំអាណិតស្រឡាញ់ចង់ជួយយឹតយោងនិរក្ស

យ៉ាងណាក្តី     ក៏ខ្ញុំសម្រេចចិត្តយ៉ាងដាច់អហង្ការថា ខ្ញុំឈប់ទៅបង្រៀន

និរក្សទៀត។ ត្បិតពលិកម្មរបស់ខ្ញុំជាពលិកម្មឥតន័យ។  ខ្ញុំមិនចង់ឮ មិន

ចង់ប្រទះភាពអាស្រូវនេះទៀតឡើយ។ ខ្ញុំឆ្អែតនឹងមនុស្សពេកដោយសារ

រឿងនេះ។ ខ្ញុំឈប់រាក់ទាក់គួរសម នឹងបុរសណាទាំងអស់ ពីព្រោះខ្ញុំខ្លាច

ប្រទះរឿងដ៏គួរឲ្យចុកចាប់នេះដូចមុនទៀត។ កាលបើឃើញអាកប្បកិរិយា

ចម្លែករបស់ខ្ញុំ  មិត្តដ៏ល្អៗរបស់ខ្ញុំទាំងប៉ុន្មាននាំគ្នាឆ្ងល់គ្រប់ៗគ្នា។   តាំងពី

ជួបរឿងនោះមក អារម្មណ៍ខ្ញុំអាប់អួរជាច្រើន។ខ្ញុំផ្អាកការសរសេរកាសែត។

ខ្ញុំផ្អាកសកម្មភាពជាច្រើនក្នុងសមាគម   ហើយពុំដែលបានកាន់សៀវភៅ

សិក្សាសោះ    ព្រោះតែខ្ញុំមិនអាចបំភ្លេចរឿងដ៏អាស្រូវនេះបានឆាប់។  ជា

ពិសេស  រឿងដែលប៉ះពាល់ដល់តម្លៃទឹកចិត្តនិងកិត្តិយសរបស់ខ្ញុំ។ ក្នុង

មួយជីវិតខ្ញុំៗទើបតែប្រទះជាលើកដំបូង។   មួយឆ្នាំក្រោយមក  ខ្ញុំក៏បាន

រៀបការជាមួយនឹងបងវិសុទ្ធជាសង្សាររបស់ខ្ញុំ។ បងវិសុទ្ធជាវេជ្ជបណ្ឌិត

ឯកទេសផ្នែកខាងសម្រាលកូន និងរោគស្រ្តី។   ក្នុងពិធីអាពាហ៍ពិពាហ៍

របស់យើង ខ្ញុំបានអញ្ជើញមិត្តភក្តិទាំងអស់  លើកលែងតែគ្រួសារលោក

រដ្ឋាមួយចេញ។ ធម្មតា   កែវដែលប្រេះស្រាំ  គេពុំអាចផ្សាឬបិទភ្ជាប់វិញ

បានយ៉ាងណា ចិត្តខ្ញុំក៏យ៉ាងនោះដែរ។ ក្រោយពីរៀបការរួច ខ្ញុំក៏បន្តនាទី

ជាអ្នកបម្រើអក្សរសាស្រ្តតទៅទៀត។  ខ្ញុំផ្តល់អត្ថបទនានាដល់កាសែត

និងវិទ្យុជាតិឥតខកខានឡើយ   ព្រមទាំងចាប់ផ្ដើមរាប់អានមិត្តភក្តិចាស់ៗ

ទាំងអស់គ្នា និងមិត្តថ្មីៗទៀត។ អ្នកខ្លះមានស្វាមីនិងភរិយាបរទេសផង។

ប៉ុន្តែ ខ្ញុំមិនដែលប្រទះរឿងអាស្រូវដូចអតីតកាលទៀតឡើយ។ មើលទៅ

ប្រហែលមកពីភរិយាលោករដ្ឋាម្នាក់ទេដែលហួងហែងសិទ្ធិប្តី ចង់ដឹងនិង

ឆ្ងល់គ្រប់រឿងហួសហេតុពេក ព្រមទាំងខ្វះការពិចារណាគិតគូរដិតដល់។

យូរៗម្ដងពេលទំនេរ ខ្ញុំតែងតែទៅអើតកន្លែងពិនិត្យជំងឺរបស់ស្វាមីខ្ញុំ។ ខ្ញុំ

បានជួបលោកស្រីរដ្ឋាម្ដង កាលគាត់មកសម្រាលកូននៅមន្ទីរពេទ្យរបស់

ស្វាមីខ្ញុំ។ លោកស្រីចង់សារភាពពីការស្ដាយគំនិតរបស់លោកស្រីដែល

បានយល់ខុសមកលើរូបខ្ញុំតែខ្ញុំមិនចង់ស្តាប់  មិនចង់ឮរឿងអពមង្គលនេះ

ជាថ្មីម្តងទៀតទេ។ ខ្ញុំបន្លប់ភរិយាលោករដ្ឋាឱ្យនិយាយរឿងផ្សេងវិញ ហើយ

តែងតែព្យាយាមបង្គាប់ចិត្តខ្ញុំឱ្យខំរាប់អាន លោកស្រីរដ្ឋាបន្តិចម្តងៗឱ្យបាន

ដូចពីមុន។   ប៉ុន្តែ ខ្ញុំពុំដឹងថាចិត្តខ្ញុំអាចប្រែប្រួលបានឆាប់ឬយ៉ាងណានោះ

ឡើយ។ ចំណែកឯភរិយា លោករដ្ឋាវិញក៏ព្យាយាមចង់សារភាពប្រាប់ខ្ញុំពី

ការស្តាយ…ស្ដាយពាក្យមួយម៉ាត់ដ៏ឆ្គាំឆ្គងរបស់លោកស្រីចំពោះខ្ញុំផងដែរ។

ប៉ុន្តែ    កាលៈទេសៈ ពុំទាន់អនុញ្ញាតឲ្យខ្ញុំចង់ស្តាប់វាចាសោកស្តាយរបស់

ភរិយាលោករដ្ឋាឡើយ…៕

សរសេរចប់នៅស្ត្រាស់បួរថ្ងៃ ២៥ មករា ១៩៨១

កែសម្រួលនៅម៉ុងទីញីឡេគ័រម៉េយប្រទេសបារាំងនៅថ្ងៃ១៣ធ្នូ២០១១

ក.ក.ន៖

រឿង ស្តាយពាក្យមួយម៉ាត់ បានចុះផ្សាយ៖

– ក្នុងព្រឹត្តប័ត្រ កូនខ្មែរ លេខ៦ ខែមិថុនា ឆ្នាំ១៩៨៣ នៃមជ្ឈមណ្ឌលឯកសារ និងស្រាវជ្រាវអារិយធម៌ខ្មែរនៅទីក្រុងប៉ារីស ប្រទេសបារាំង។

ទស្សនាវដ្តីខ្ញុំ ឆ្នាំទី២ លេខ៣ ខែមករា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s