រឿងខ្លី ៖ ម្តាយក្មេកទំនើប និពន្ធដោយ ប៉ិច សង្វាវ៉ាន

AEKE សូម​អនុញ្ញាត​ផ្សាយ​រឿង​នេះ​ឡើង​វិញ។

រក្សាសិទ្ធិគ្របប់យ៉ាង

កកន

មានអ្នកអានរឿងនេះខ្លះនិយាយថា ព្រោះតែខ្ញុំរស់នៅស្រុកបារាំងទើបខ្ញុំ

មានគំនិតសរសេររឿងម្តាយក្មេកទំនើបនេះ។ពិតណាស់ ពីព្រោះខ្ញុំទើស

ភ្នែកនឹងទង្វើនៃជនភៀសខ្លួនខ្មែរយើងមួយចំនួនដែលឈ្លក់ទឹកព្រិលឆាប់

យកវប្បធម៌អ៊ឺរ៉ុប មកស្រោមខ្លួនគ្មានខ្មាសអៀន គួរឲ្យស្តាយជាទីបំផុត ។

ថ្វីត្បិតតែរឿងនេះ មិនមែនជារឿងស្នេហាអណ្តែតអណ្តូង តែជារឿងមួយ

ដែលឆ្លុះបញ្ចាំងបញ្ហាពិតមួយក្នុងមជ្ឈដ្ឋានខ្មែរយើងដែលខ្ញុំមិនចង់ឲ្យមាន

អ្នកប្រព្រឹត្តតាម  ព្រោះវាជារឿងដែលគួរឲ្យខ្មាស។     ខ្ញុំមិនចង់ឲ្យប្រទេស

បារាំងដែលប្រកបដោយមនុស្សធម៌ទទួលយើងឲ្យជ្រកកោនយល់ថា ជន

ភៀសខ្លួនខ្មែរយើងជាជនដែលគួរឲ្យមើលងាយ ដែលមិនខំប្រឹងប្រែងធ្វើ

ខ្លួនឲ្យមានតម្លៃក្រៅពីការប្រជែងសំញ៉ែងគ្នា។

ជាការពិត អ្នកនិពន្ធម្នាក់ៗមានទស្សនៈមិនដូចគ្នាទេ។ ដូច្នេះ ការសង្កេត

និងការមើលឃើញក៏មានលក្ខណៈខុសពីគ្នាដែរ។

 ស្រ្តាស់បួរ (Strasbourg) ជាទីក្រុងនៃខេត្តអាល់ហ្សាស់ (Alsace)ដែល

ស្ថិតនៅចម្ងាយ៤៥៧គីឡូម៉ែត្រពីរដ្ឋធានីប៉ារីសប៉ែកខាងកើត។

ទីក្រុងនេះមានសហគមន៍ខ្មែររស់នៅច្រើនបង្គួរ។ និស្សិតខ្មែរដែលបានចេញ

មកបន្តការសិក្សាក្រេបយកចំណេះវិជ្ជាមុនឆ្នាំ១៩៧៥ ក៏មានច្រើននាក់ដែរ។

ក្រោយឆ្នាំ១៩៧៩ ទីក្រុងស្ត្រាស់បួរបានទទួលជនភៀសខ្លួនខ្មែរជាហូរហែ។

កាលពីឆ្នាំ១៩៨៤   ក្រុមគ្រួសាររបស់យាយសានីត និង តាសំ ផនដែលមាន

សមាជិកទាំងអស់បួននាក់ ត្រូវបានរដ្ឋាភិបាលបារាំងផ្តល់សិទ្ធិឲ្យជ្រកកោន

ក្នុងនាមជាជនភៀសខ្លួននយោបាយ។  ក្រុមគ្រួសារនេះត្រូវគេបញ្ចូនឲ្យមក

ស្នាក់នៅក្រុងស្ត្រាស់បួរ។ តាសំផន និងយាយសានីត ព្រមទាំងកូនស្រីទាំង

ពីរស្នាក់នៅក្នុងហ្វ័រយេសូណាកូត្រាដែលនៃទីក្រុងណឺដូហ្វ (Neudorf) បាន

ពីរខែប្លាយហើយ។

យាយសានីតមានវ័យហាសិបប្រាំបួនឆ្នាំ។ សក់ក្បាលសសំពោង។ យាយ

មានមាឌធំមាំ។ ទឹកមុខក៏មាំ និងកាច។ យាយបានវោហារណាស់។ បើសិន

ជាយាយប្រើសម្តីផ្អែមវិញ គឺផ្អែមរលួយ តែបើយាយបញ្ចេញសម្តីកាចវិញគឺ

កាចមិនសូវចាញ់ខ្លាញីប៉ុន្មានទេ ល្មមតែធ្វើឲ្យតាសំផនជាស្វាមីខ្លាចប្រពន្ធ

ដូចខ្លាចសត្វខ្លា។ តាំងពីរៀបការមក   យាយសានីតបង្រ្កាបតាផនជាប្តីឲ្យ

រាបដូចកន្ទេល។  តាសំផន ខ្លាចយាយសានីតបាក់ស្បាតតាំងពីពេលនោះ

រៀងរហូតមក។ យាយមិនត្រឹមខ្លាំងក្លាតែពាក្យសម្តីប៉ុណ្ណោះទេ  យាយដៃ

ដល់ទៀត។ បើត្រូវវាយគឺវាយ។  បើត្រូវធាក់គឺធាក់។  យាយមានចរិតដូច

ប្រុសជើងអ្នកលេងដូច្នោះ។

លុះមករស់នៅក្នុងប្រទេសបារាំង ដែលជាស្រុកគោរពសិទ្ធិមនុស្ស យាយ

សានីតឡើងដៃមែនទែនតែម្តង។ យាយឮគេថា ប្តីប្រពន្ធបារាំងគេមិនដាក់

លុយរួមគ្នាទេ។ យាយបានចិត្តក្រអឺតក៏គិតអនុវត្តតាមគូស្វាមីភរិយាបារាំង

អីចឹងដែរ។ ដោយធ្លាប់ស្គាល់រសជាតិលត់ដំ និងអត់ឃ្លានក្នុងរបបប៉ុលពត

ខ្មែរក្រហមជាច្រើនឆ្នាំ និង ធ្លាប់បានឆ្លងកាត់ការលំបាកវេទនាច្រើនលើក

ច្រើនសា លុះបានមករស់នៅក្នុងប្រទេសបារាំង យាយសានីតនឹកថា ដូច

បានកើតជាថ្មី។   យាយមើលឃើញអ្វីៗដូចទិព្វទាំងអស់   ថ្វីត្បិតតែទឹកដី

ប្រទេសបារាំងមានធាតុអាកាសត្រជាក់ខ្លាំងយ៉ាងណាក្តី តែចំពោះយាយ

តាប្រទេសបារាំងជាស្ថានសួគ៌លោកិយពិតៗ។  តានិងយាយរស់នៅយ៉ាង

សប្បាយឥតខ្វាយខ្វល់អំពល់អ្វីទាំងអស់ ព្រោះរដ្ឋាភិបាលបារាំងផ្តល់ប្រាក់

ជំនួយផ្គត់ផ្គង់ជីវភាពយ៉ាងតិចប្រាំមួយខែ។ ចំពោះយាយតានេះ  តើមានអ្វី

ដែលគួរប្រាថ្នា ឲ្យស្រួលកាយសប្បាយចិត្តជាងនេះទៀត។    ថ្ងៃមួយ  នៅ

ពេលដែលកូនស្រីទាំងពីរចេញដើរកម្សាន្តដើម្បីឲ្យបានស្គាល់ហាងនិងផ្សារ

បារាំង យាយសានីតនៅជាមួយតាតែពីរនាក់តតួដូចកំលោះក្រមុំ។ នៅលើ

គ្រែ យាយសានីតសម្រាន្តដាក់ជើងគងលើតា  ហើយវាចាចាក់ស្មុគជាមួយ

តាអស់មួយព្រឹកធំ។

-យើងស្រួលអស់យ៉ាងហើយតា បាយឆ្អិនស្រាប់ បន្ទប់ក៏មាននៅស្រាប់។ គេ

ចែកលុយឲ្យយើងចាយរាល់អាទិត្យទៀត។ អ្នកមកមុនយើងនិយាយថា គេ

 បើកប្រាក់ឲ្យយើងមួយពាន់ហ្វ្រង់ម្នាក់ (ឥឡូវនេះស្មើមួយរយហាសិបអឺរ៉ូ)។

ទម្រាំដល់ពេលគេឈប់ចិញ្ចឹម យើងសន្សំបានលុយក្រាស់ក្រែលដែរមែនទេ

តា?។ តា! តាឯងគិតយកលុយដែលយើងសន្សំនេះទៅធ្វើអ្វីខ្លះ? កាលយើង

នៅស្រុកខ្មែរយើងចាយលុយរួម។ ឥឡូវនេះមកដល់ស្រុកបារាំងហើយគួរតែ

យើងដាក់លុយផ្សេងគ្នាទៅចុះ។ លុយតាឯងដាក់ផ្សេង។ លុយខ្ញុំដាក់ផ្សឹង។

បើធ្វើអីចឹងបែបស្រួលជាង គ្មាននរណាបន្ទោសនរណាថា ចាយច្រើន… ។ ខ្ញុំ

សុំចាយផ្តាំចាស់ម្តងហើយតា?

-ចាយស្អី? ទិញស្អីខ្លះនោះយាយ? ខ្ញុំមកនៅស្ត្រាស់បួរជិតបីខែហើយ ដូចជា

គ្មានចិត្តចង់ទិញស្អីសោះ។

-ភ្នែកតាឯងដូចភ្នែកឫស្សីមែន! ចុះពេលស៊ីបាយជុំខ្មែរឯទៀតនៅខាងក្រោម

ម្តងៗ តាមិនឃើញអ្នកមកមុនយើងទេអ្ហី?

-ឃើញស្អី? គេដូចតែយើង យើងដូចតែគេ។ ម្នាក់ៗចាញ់រងាពាក់អាវក្រាស់ៗ

ច្រើនជាន់ ឡើងធាត់ទ្រលុកៗមើលតែខ្លាឃ្មុំទាំងអស់គ្នា។

-​អើ ក្រៅពីពាក់អាវរងាគេពាក់អីទៀត?

-ដឹងអី?

-គេពាក់មាសពេជ្រស្រោចខ្លួន។ តាឯងខ្វាក់មែន!

-បានមាសពេជ្រពីណាភ្លាម ទើបមកដល់ស្រុកគេប៉ុន្មានខែ?

-ប្រហែលរបស់គេយកមកពីស្រុកខ្មែរ ឬក៏គេទិញនៅទីនេះ នរណាដឹង?

-គ្នាមិនឈឺក្បាលចង់ដឹងរឿងគេទេ យាយអ្ហើយ!។

-តែខ្ញុំដូចជាខ្មាសគេណាស់តា។ ខ្ញុំគ្មានស្អីពាក់ដូចគេមួយស្លឹងសោះ។

-មិនដឹងជាខំប្រណាំងប្រជែងគ្នាអីនៅហ្វ័រយេក្នុងបន្ទុករបស់គេ?។ អើ! ខំ

ទៅ ខំសំញែងមាសពេជ្របញ្ចេញឲ្យបារាំងអ្នកមើលខុសត្រូវគេឃើញទៅ។

ប្រយ័ត្នតែគេលែងអាណិតលែងជួយទៀត តិចថាពិបាកខ្លួន។   ម្នាក់ៗមិន

ទាន់ចេះបារាំងមួយម៉ាត់ផង។ បើបារាំងឈប់ជួយផ្គត់ផ្គង់ ហើយអត់ធ្វើការ

ទៀតមុខជារងគ្រោះធំហើយ។ គួរតែគិតរកការងារធ្វើ ទៅជារវល់តែអួតគ្នា

រឿងមាសពេជ្រទៅវិញ។ ចាំមើល បារាំងស្អប់វីវរធំហើយ។ យាយឯងទល់

ចាំមើលទៅ។

-តាឯងស្វះស្វែងរកការងារធ្វើទៅ បើពូកែណាស់។ ថ្ងៃណាក៏ដូចថ្ងៃណាដែរ

ឃើញតែនៅដណ្តប់ភួយក្រញោនៗមិនចង់ចេញពីគ្រែផង។ កម្ជិលផេះចំអេះ

ង៉ោងបែបនេះ ដាស់តឿនខ្ញុំផង។ រឿងការងារទុកភារៈឲ្យកូនៗយើងចុះ។  វា

នៅក្មេងវាឆាប់ចេះបារាំង។ វាមានកម្លាំងពេញខ្លួន ឲ្យកូនចិញ្ចឹមយើងម្តង។

-និយាយអ៊ីចឹង  កាច័ន្ទ និងខ្នាចទៅណាបាត់អស់ហើយ?

-ព្រលឹមឡើងចេញបាត់អស់ហើយតា។

-យាយ ខ្ញុំបារម្ភរឿងកូនស្រីយើងណាស់ កុំអាលគិតពីរឿងមាសពេជ្រ  គួរគិត

អំពីអនាគតកូនស្រីយើងវិញ។ ខ្ញុំចង់ឲ្យវាមានប្តីសីទាំងអស់ទៅវាស្រួលជាង។

-កូនយើងមិនសូវស្អាត ដូចកូនអ្នក«ទម្លាប់» បែបមិនងាយមានប្តីទេ។ ប្រុសៗ

ចេញចូលមកហ្វ័រយេយើងឥតដាច់រាល់ថ្ងៃ ។  ពួកវាជិះសុទ្ធតែឡានថ្មីៗនាំគ្នា

ចោមរោមតែកូនក្រមុំអ្នក«ទម្លាប់»។   វាមុខជាបានទៅខាងណោះអស់ហើយ

ព្រោះកូនក្រមុំគេស្អាតៗជាងកូនយើង។

-វាគង់តែសេសសល់ដល់យើងទេ កុំភ័យពេកតាអើយ!

ស្ងាត់មួយស្របក់ទំនងដូចជាកំពុងរិះគិតទើបយាយសានីតចេញវាចារ៉ាយរ៉ាប់

រាប់ប្រាប់តាផនបន្តទៀត។

-តាឯងដែលឃើញកំលោះម្នាក់មាឌស្តើងខ្ពស់ សាច់សដូចកូនចិនទេ? កំលោះ

ម្នាក់ដែលតែងតែចេញចូលបន្ទប់អ្នក«ទម្លាប់»នោះណា?

-យី! មិនដឹងកំលោះណាមួយទេយាយ  បើមានកំលោះច្រើននាក់ចេញចូល

បន្ទប់អ្នក«»ទម្លាប់នោះ។

-កំលោះដែលខ្ញុំចង់និយាយនោះមានឫកពារាងក្រអឺតក្រទមបន្តិច។ ដំណើរ

រាងពើងដើមទ្រូងបញ្ចេញឫកក្រពើតក្រពើង។ ខ្ញុំស្រឡាញ់មនុស្សប្រុសមាន

ឫកអីចឹង។ ឱ! បើបានជាប្តីកាច័ន្ទកូនពៅយើង បែបសមគ្នាណាស់។ ខ្ញុំស្គាល់

និស្ស័យកាច័ន្ទ វាចូលចិត្តប្រុសណាដែលវាយឫកខ្ពស់អីចឹង។  តាមមើលទៅ

កំលោះនេះបែបចេញពីវង្សត្រកូលគ្រាន់បើ។ ខ្ញុំឮថា អ្នកកំលោះហ្នឹងមកស្រុក

បារាំងជិតដប់ឆ្នាំហើយ។ ម៉េចតារកនឹកឃើញឬនៅ?

-មិនច្បាស់ទេ ដូចជាស្រពិចស្រពិល។ មិនមែនកំលោះឈ្មោះសេរីទេឬ?

-អើ! អើ! ឈ្មោះហ្នឹងហើយ។ ខ្ញុំដូចជាឮអ្នកទម្លាប់ហៅអីចឹង។

-បើម្នាក់ហ្នឹងមែន ខ្ញុំឮគេថា ជាអនាគតកូនប្រសាអ្នកទម្លាប់ ។យាយឯងយក

មកផ្គូផ្គងជាមួយកូនយើងម៉េចនឹងកើត?

-ខ្ញុំឮថាទាស់គ្នាលែងចេញចូលខាងនោះហើយ។

-ហាស ហា យាយឯងដឹងរឿងគេហូរហែត្រប៉ែ លតតែម្តង។

-រឿងនេះ នរណាក៏ដឹងដែរ។ ខ្ញុំឮគេនិយាយពេញហ្វ័រយេ មានតែតាឯង

ម្នាក់ដែលមានត្រចៀកប៉ោត។

-ខ្ញុំមិនចង់ដឹងរឿងគេទេ។ ម្ង៉ៃៗ ខ្ញុំភ័យខ្លាចតែគេដេញឈប់ឲ្យនៅហ្វ័រយេ។

ខ្ញុំឮគេថា អ្នកណាមិនខំស្វែងរកការធ្វើ គេឈប់ឲ្យនៅហ្វ័រយេទៀតហើយ។

ខ្ញុំបារម្ភតែរឿងនេះមួយគត់។

-ព្រោះតែគិតដល់រឿងហ្នឹង   បានជាខ្ញុំសម្លឹងរកបង្អែកមាំទាំឲ្យហើយទៅ។

អីចឹងហើយបានជាខ្ញុំចង់ទាក់ទាញកំលោះសេរីឲ្យបានធ្វើប្តីកាច័ន្ទ។ គ្រាន់

នឹងយើងពឹងពាក់ទៅថ្ងៃក្រោយ។ ខ្ញុំមើលទៅកំលោះម្នាក់នេះ ​ ងាយទាញ

បាន។

-ខ្ញុំមិនឲ្យ«កាច័ន្ទ»ការមុនខ្នាចទេ។ «ខ្នាច» រូបអាក្រក់ស្រាប់ផង ក្រែងវា

នៅអេ។

-តា! ខ្ញុំមានគម្រោងការច្បាស់លាស់  ទាល់តែតាឯងខ្នះខ្នែងជួយខ្ញុំទើប

បានណ៎ាតា។

តាផនស្តាប់យាយនិយាយប្រាជ្ញព្រោកឆ្ការដៃឆ្ការជើង។ យាយសើចកាច់

ក នឹកសង្ឃឹមថា ផែនការរបស់គាត់សម្រេចមួយរយភាគរយជាស្រេច។

យាយសានីតជឿជាក់ទុកជាមុន។  គាត់ក្រោកក្រេសពីគ្រែ  រួចលោតរាំ

កញ្ឆេងកញ្ឆាត់អរសប្បាយដូចបានត្រូវឆ្នោតរង្វាន់ធំ។

តាផនជាមនុស្សម្នាក់មានចរិតខុសពីភរិយា។   គាត់មិនសូវនិយាយស្តី

ច្រើនទេ។ តាមានវ័យតិចជាងយាយមួយឆ្នាំ។ មាឌតាធំដំបង។ សក់តា

ល្បាយអាចម៍ខ្លាមិនសសំព្រុះដូចសក់យាយជាប្រពន្ធទេ។    កាលនៅ

ស្រុកខ្មែរ តាធ្លាប់បានប្រកបមុខរបរជាគ្រូមន្តអាគមអូមអាម។   យាយ

សានីតហាក់សង្ឃឹមលើរឿងនេះ។ យាយសានីតកាចខ្លាំងណាស់។ បើ

គាត់មិនចូលចិត្តអ្នកណា គាត់ធ្វើឲ្យអ្នកនោះទទួលក្តីអាម៉ាស់ខ្មាសគាត់

ទាល់តែបាន។

******

តាំងពីរស់នៅក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជាម្ល៉េះ កូនប្រសាប្រុសទាំង

ប៉ុន្មានរបស់យាយសានីតសុទ្ធតែមានរូបស្អាតៗ   គឺស្អាតជាងកូនស្រី

គាត់ទាំងអស់។  យាយធ្លាប់មានបទពិសោធន៍ក្នុងការទាក់រកប្តីឲ្យកូនគាត់

តាំងពីយូរយារមកហើយ ប៉ុន្តែយាយក៏បានទទួលមេរៀនដ៏អាម៉ាស់ច្រើន

ដងច្រើនគ្រា។  នេះជាមូលហេតុដែលធ្វើឲ្យយាយនឹកខ្លាចរអា ឬបារម្ភខ្លាំង

ណាស់ដែរ។    មេរៀនដែលយាយបានទទួលនោះគឺ គ្មានកូនកំលោះចូល

រោងនៅថ្ងៃរៀបការ។ យាយរៀបការកូនស្រីរបស់គាត់តែជាមួយសម្លៀក

បំពាក់ និងស្បែកជើងមួយគូ ដែលជាតំណាងកូនកំលោះជាការស្រេច។

មេរៀនជីវិតដ៏គួរឲ្យរាងចាលក្នុងអតីតកាលនេះនៅលងបន្លាចអារម្មណ៍

យាយសានីតឲ្យខ្លាច និងមិនទុកចិត្តកំលោះសេរីសោះ។ ជាពិសេសខ្លាច

គ្រួសាររបស់សេរីនោះតែម្តង។   យាយស៊ើបដឹងថា គ្រួសាររបស់សេរីជា

គ្រួសារអ្នកអន្ទ្រើសមានរបៀបរបបនៃការរស់នៅខុសឆ្ងាយពីគ្រួសារគាត់។

ម្ល៉ោះហើយ  យាយខ្លាចណាស់ គឺខ្លាចក្រុមគ្រួសាររបស់សេរីមិនពេញចិត្ត

កូនស្រីពៅរបស់គាត់។ តាមពិតទៅ  រូបសម្បត្តិកូនស្រីពៅរបស់យាយសា

នីតនិងតាផនមិនអន់ថយប៉ុន្មានទេ។  កូនស្រីពៅរបស់យាយ ឈ្មោះនាង

ស៊ី ច័ន្ទនោះមានសម្បុរជ្វា ភ្នែកធំៗ សម្តីច្រែតៗ មិនសូវចាញ់មាតារបស់

នាងប៉ុន្មានឡើយ។ ការមានជំនឿមិនជាក់ច្បាស់នេះហើយ ដែលជំរុញ

យាយសានីតខំបញ្ចុះបញ្ចូលប្តីរបស់គាត់ឲ្យដាក់ស្នេហ៍អន្ទងចិត្តកំលោះ

សេរីឥតឈប់ឈរ។  តាផនដែលមានគំនិតចង់ឲ្យកូនស្រីមានប្តីឆាប់ៗ

និងមានការពេញចិត្តកំលោះសេរីដូចយាយដែរ ក៏ចេះតែប្រឹងសូត្រមន្ត

អាគមអូមអាមជានិច្ចជាកាលដើម្បីបន្ទន់ចិត្តអន្ទងព្រលឹងរូបកាយសេរី

ឲ្យស្អិតជាប់ស្នេហ៍ស្និទ្ធជាមួយនាងស៊ី ច័ន្ទ។ តាផនជាអតីតហោរានិង

ជាអតីតគ្រូមន្តអាគមដាក់ស្នេហ៍ល្បីមួយរូប   ក្នុងសម័យសង្គមរាស្រ្ត

និយម។ ដើម្បីបំពេញបំណងផ្ទាល់ គាត់គិតតែសូត្រមន្តអាគមរាល់ថ្ងៃ។

គាត់ធ្លាប់អួតថាគាត់រៀនចេះរហូតសូត្របាលីឲ្យច្រវ៉ាក់ឬខ្នោះដៃរលា

ចេញពីគ្នាផង។ អ្នកនិពន្ធខ្ញុំមិនធ្លាប់បានឃើញផ្ទាល់ភ្នែករឿងនេះទេ

តែឮគេនិយាយតៗរហូតមក។  មិត្តអ្នកអានខ្លះប្រហែលធ្លាប់ឮដែរ។

ក៏ប៉ុន្តែ ក្នុងសម័យវិទ្យាសាស្ត្រជឿនលឿននាសតវត្សរ៍ទី២១ទៅហើយ

តើជំនឿអកុសលនេះ នៅមានឥទ្ធិពលឬទេ?  គេតែងតែនិយាយថា

ស្នេហ៍មិនស្មើស្និទ្ធ។ មធ្យោបាយទាក់កូនប្រសារបស់យាយសានីត

មិនមែនប្រព្រឹត្តត្រឹមតែទាក់ទាញកំលោះសេរីតែម្នាក់ទេ។  គាត់បាន

ប្រព្រឹត្តអំពើនេះទាក់កំលោះម្នាក់ទៀតឈ្មោះវណ្ណៈទុកឲ្យកូនស្រីច្បង

របស់គាត់ដែលជាស្រីមេម៉ាយដែរ។ នាងបងនេះមានរូបរាងអន់ជាង

នាងពៅ។ វណ្ណៈនៅកំលោះ។ គេជាកូនកំព្រា។ យើងមិនដឹងថា  តើមក

ពីមន្តអាគមអូមអាម   ឬមកពីអ្វីទៀតក៏មិនអាចដឹងដែរគ្រាន់តែឃើញថា

ទាំងកំលោះសេរីទាំងកំលោះវណ្ណៈកំពុងតែទាក់ទងកូនស្រីយាយសានីត

រៀងៗខ្លួន។ អ្នកកំលោះទាំងពីររូបនាំគ្នាចេញចូលបន្ទប់យាយសានីតដូច

ដាក់វេនគ្នាអីចឹង។ យាយសានីតខំយកចិត្តយកថ្លើម ហើយខំបញ្ចេញក្តី

ស្រឡាញ់ចំពោះកំលោះទាំងពីររូបស្ទើរលេប។ តាមមើល យាយសានីត

ស្រឡាញ់បុរសទាំងពីរក្រៃលែង។ បើលើកទូលបាន  គាត់លើកហើយ។

យាយផ្គត់ផ្គង់អាហារចំណីឥតខ្វះកន្លះឡើយ។  វាចារបស់យាយទៀត

សោតក៏ផ្អែមពីរោះណាស់។ ទឹកឃ្មុំអាចទាក់ទាញ  និងសម្លាប់សត្វរុយ

យ៉ាងណា វាចាដ៏ពីរោះរបស់យាយសានីតក៏ទាក់ទាញចិត្តអ្នកកំលោះ

សេរី និងកំលោះវណ្ណៈយ៉ាងនោះដែរ។ មើលចុះ កំលោះសេរីលែងស្គាល់

ផ្ទះសម្បែង។ គេយកបន្ទប់ហ្វ័រយេ ដែលនាងស៊ី ច័ន្ទស្នាក់នៅទុកដូចជា

ផ្ទះរបស់គេ។ សេរីបាក់ចិត្តស្តូកលើរូបនាងស៊ី ច័ន្ទពីអង្កាល់ណាក៏មិនដឹង

ដែរ តែសេរីលង់សម្តីផ្អែមល្ហែមពីរោះត្រជាក់ដល់បេះដូងនិងការចេះថ្នាក់

ថ្នមយកគាប់គួររបស់របស់នាងស៊ីច័ន្ទ និងម្តាយរបស់នាង។ រូបសម្បត្តិនាង

ស៊ីច័ន្ទមិនល្អណាស់ណាមែនតែឥឡូវនេះ សេរីមើលឃើញកាន់តែស្រស់

ស្អាតឡើងៗដូចសុភាសិតខ្មែរយើងចែងថា «ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ»។

ចំពោះសេរីវិញ សេរីយល់ថា ខ្លួនអស្ចារ្យណាស់ ព្រោះបាននាងស៊ីច័ន្ទ និង

ម្តាយស្រឡាញ់នាងពេញចិត្តខ្លួនយ៉ាងហ្នឹង។ សេរីពុំធ្លាប់បានទទួលការ

ស្រឡាញ់ពីក្រុមមគ្រួសារទេ។ សេរីមានអត្តចរិតខុសពីបងពីប្អូនឯទៀត

ហើយខិលរប៉ិលរប៉ូចបន្តិចផង។   ចំពោះសេចក្តីសេ្នហា សេរីក៏មិនធ្លាប់

បានទទួលពីនារីណាដូចសេរីទទួលពីនាងស៊ី ច័ន្ទវិញដែរ។ នាង ស៊ីច័ន្ទ

ស្រឡាញ់សេរីម្លឹងៗមិនចាត់ជាវាសនាល្អម្តេចបាន? ពេលខ្លះ សេរីមាយា

លលេងជាមួយច័ន្ទ គឺចង់ឲ្យនាងថ្នាក់ថ្នមប្រលោមស្និទ្ធផង និងចង់ស្ទង់

ចិត្តច័ន្ទផង។ យប់នេះ សេរីធ្វើឫកមាយាមិនព្រមចូលរួមស្ពកបាយជាមួយ

ក្រុមគ្រួសារស៊ី ច័ន្ទដូចសព្វដងទេ ទោះបីជានាងច័ន្ទអញ្ជើញយ៉ាងណាក្តី។

គេធ្វើមុខជូរហួញ ដៃស្តាំគងថ្ងាសហាក់ដូចជាកំពុងតែមានបញ្ហាស្មុគស្មាញ

ត្រូវដោះស្រាយ។ នាងច័ន្ទអង្វរករអស់ចិត្តអស់ចង់ តែសេរីនៅតែព្រងើយ

កន្តើយ។ នាងច័ន្ទអស់ចំណេះលួងលោមហើយ។ នាងយករឿងនេះទៅ

ជម្រាបមាតា។ គ្រាន់តែឮភ្លាម យាយសានីតរលះរលាំងដើរយ៉ាងលឿនត្រុយ

ដៃស្តាំកាន់ជាយសារុងបង្ខើចឡើងខ្លាចទាក់ជើងដួល។  យាយស្ទុះមកអង្វរ

អនាគតកូនប្រសាមាយាភ្លាម។ គាត់ពោលពាក្យទំយើប្រៀបដូចជាត្រូវប្រើ

ជាមួយកុមារតូចអីចឹង។

-យី! ព្រះអើយ! អ្នកណាគេចង្រៃម្ល៉េះហ្ន៎! ហ៊ានធ្វើឲ្យសេរីកូនអញខឹងលែង

បាយលែងទឹក។     សេរីកូនម៉ាក់! ប្រយ័ត្នឈឺណ៎ាកូន។ មកញ៉ាំបាយកូន !

មើលនែ!  ម្ហូបនៅក្តៅៗហុយផ្សែងទ្រលោម។    ម៉ាក់ខំរៀបចំមួយព្រឹកធំ

 មានពោះគោស្ងោរជ្រលក់ទឹកប្រហុកឆ្ងាញ់ ត្រីក្រាញ់អាំងជ្រលក់ទឹកត្រី

ម្ជូរ។ សម្លតៅហ៊ូក្តៅៗ ញ៉ាំកាលណាត្រជាក់កាយាសប្បាយចិត្តមានកម្លាំង

ព្រឺស។ ម៉ោះ! អន់ចិត្តរឿងអី?  មកភ្លក្សអាហារឆ្ងាញ់ស្នាដៃម៉ាក់និងស្នាដៃ

ច័ន្នខំសម្រិតសម្រាំងសម្រាប់កូន។ ច័ន្ទឃើញឯងខឹងអីចឹង ពិបាកចិត្តគិត

តែអង្គុយយំ…

-ម៉ាក់ចេះតែថា ច័ន្ទមិនស្រឡាញ់ខ្ញុំទេ។  គ្រាន់តែខ្ញុំបិចថ្ពាល់លេងបន្តិច

គៀសដៃខ្ញុំចេញ។ ម៉ាក់មើលស្នាមក្រចកក្រឡៅមិនទាន់បាត់នៅឡើយ។

-ក្រែងកូនឯងប្រឡែងច័ន្ទនៅមុខតាទេដឹង? ម៉ាក់ភ្លេចប្រាប់កូនឲ្យឈឹង

នៅមុខតាកុំបញ្ចេញភាពស្និទ្ធស្នាលពេក។ ប្រយ័ត្នណ៎ា! តាមិនចូលចិត្ត

ឲ្យធ្វើផ្តេសផ្តាសអីចឹងនៅមុនថ្ងៃរៀបការទេ។

-ម៉ាក់មានប្រសាសន៍ថា ប៉ាក៏ស្រឡាញ់ខ្ញុំដូចម៉ាក់អីចឹងដែរហើយទុកខ្ញុំជា

កូនប្រសា គាត់មុខជាមិនថាអី!

-ឈប់មាត់ឈប់ក ទៅញ៉ាំបាយទៅកូន ត្រជាក់អស់ហើយ។ យប់នេះ ចាំ

កាលណាប៉ាសម្រាន្តលក់ សឹមកូនចូលបន្ទប់ច័ន្ទ។ ម៉ាក់ឃើញឯង និងច័ន្ទ

ស្រឡាញ់គ្នា ម៉ាក់អរសែនអរ។

យាយសានីតបើកដៃឲ្យសេរី។ សេរីបានចិត្តក្រអឺតធ្វើតាមបង្គាប់យាយ។

ចំណែកឯម្តាយនាងច័ន្ទវិញ  ទាល់តែយប់ជ្រៅទើបគាត់ឱបខ្នើយកើយ

របស់គាត់ចូលទៅសម្រាន្តក្នុងបន្ទប់កូនស្រីដែរ។ លោកយាយសម្រាន្ត

នៅចំកណ្តាលសេរី និងស៊ី ច័ន្ទកូនស្រីរបស់គាត់។ យាយបង្ការខ្លួនទុក

ជាមុនកុំឲ្យតាបន្ទោសថា គាត់បណ្តោយឲ្យកំលោះសេរីចេញចូលបន្ទប់

កូនក្រមុំពៅគាត់។ គាត់ចូលសម្រាន្តធ្វើឫកបិទភ្នែកលង់លក់។ កំលោះ

សេរីបានចិត្តក្រអឺតភ្លាម។ គេនឹកថា  យាយបើកឱកាសហើយ មិនត្រូវ

បណ្តោយឲ្យឱកាសល្អនោះកន្លងផុតទេ។ សេរីចាប់ឱបថើបនាងច័ន្ទញក់

ញីតាមកំសួលតណ្ហា និងកំសួលចិត្តកំលោះជ្រើម។

******

ក្នុងផ្ទះរបស់មាតាបិតាសេរី លោកយស្សាជាបិតារបស់សេរីក្រពាត់ដៃដាក់

ក្រោយខ្នងដើរចុះដើរឡើង បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់យាយសា

នីតអំពីរឿងកូនៗ។ លោកយស្សាបញ្ចេញយោបល់បែបហីថា៖

-យ៉ាងម៉េចយ៉ាងហ្នឹងទៅ។ រឿងលុយកាក់បណ្ណាការអីៗស្រេចតែកូនប្រុស

ខ្ញុំជាសាម៉ីខ្លួនគិតគូរទៅចុះ។ ខ្ញុំនិងប្រពន្ធខ្ញុំជាជើងក្រោយ ចាំតែឈានតាម

ប៉ុណ្ណោះ។ នៅស្រុកបារាំង ក្មេងៗគិតគូររឿងរៀបការខ្លួនគេទាំងអស់។  គឺ

មិនមែនដូចជំនាន់យើងពីដើម ចាំឪពុកម្តាយគិតគូរឲ្យទេ។ សេរីវាមានលុយ

ប៉ុន្មាន វារៀបចំការទៅតាមសមត្ថភាពវាចុះណ៎ា ខ្ញុំមិនថាអីទេ។ ខ្ញុំបន់ឲ្យតែ

វាមានប្រពន្ធឆាប់ៗ។ ថ្លៃទឹកដោះជាមាសពីរបីតម្លឹង និង ប្រាក់ពីរម៉ឺនហ្វ្រង់

(គឺ៣ពាន់ប្លាយអ៊ឺរ៉ូអ៊ឺរ៉ូ) ដែលអ្នកទារនោះ សូមអ្នកបង្គាប់កូនប្រុសខ្ញុំទៅ។ កូន

នេះនៅជាមួយអ្នកស្រាប់។ ខ្ញុំមិនអាចអារកាត់ជំនួសសេរីបានទេ។  សេរីមាន

ប្រាក់ខែយូរឆ្នាំដែរហើយ     តែខ្ញុំនិងម៉ាក់វាមិនដែលដឹងថា   កូនប្រុសខ្ញុំមាន

លុយប៉ុន្មានទេ។ គេក៏មិនដែលប្រាប់ខ្ញុំ ពីរឿងលុយកាក់របស់គេដែរ។

-ខ្ញុំមកនេះ មកសុំលោកបងជួយគិតគូរជួយកូនខ្លះបានទេ?

-ខ្ញុំគ្មានប្រាក់ជួយទេ។ តាំងពីសេរីធ្វើការបានប្រាក់ខែវេលាណាមក ខ្ញុំមិន

ដែលទារឲ្សេសេរីជួយចេញមួយសេន។ សេរីមិនដែលមានចិត្តជួយចេញ

ការចំណាយក្នុងផ្ទះមួយសេនដែរ។  ខ្ញុំចាស់ៗហើយដូចតែអ្នកអីចឹងដែរ

គ្មានប្រាក់ជួយកូនទេ។

-សេរីប្រាប់ខ្ញុំថា ប្រាក់ខែសេរីទាំងប៉ុន្មានគ្មានសល់ទេ ដោយសារតែសេរី

យកមកជួយផ្គត់ផ្គង់គ្រួសារ ជួយចិញ្ចឹមប្អូនៗដែលនៅរៀន…

-អ្នក! ខ្ញុំនិយាយប្រាប់អ្នកត្រង់អស់ហើយ។   ខ្ញុំមិនចង់ស្ដោះទឹកមាត់លើ

ទ្រូងឯង។

-លោកបង! មិនគួរលោកបងចិត្តដាច់ដល់ម្លឹងសោះ។ ខ្ញុំមកនេះ មកសម្រុះ

សម្រួលសុំលោកបងជួយកូនយើងទាំងពីរឲ្យវាបានរៀបការឆាប់ៗ។  ដល់

ថ្ងៃការ គ្មានវត្ថុបញ្ចាំចិត្តសោះ ខ្ញុំខាងស្រីខ្មាសគេល្អោចល្អិតហើយ។

-យកល្អ អ្នកពីគ្រោះជាមួយសេរីចុះ។ ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ថ្ងៃសៅរ៍

ក៏ដូចជាថ្ងៃអាទិត្យ បញ្ហារបស់សេរីទាំងប៉ុន្មានអ្នកដឹងជាងខ្ញុំផង។

យាយសានីតស្ពឹកមុខ យល់ថាប្រសាសន៍របស់លោកយស្សាជាបិតាបង្កើត

របស់សេរីជាពាក្យបញ្ជិតបញ្ជៀងឌឺដងដាក់ផ្លែផ្កាឲ្យគាត់។  គ្រួសារនាង ស៊ី

ច័ន្ទសុំលាត្រឡប់ទៅហ្វ័រយេវិញទាំងចិត្តល្វីងជូរចត់ គ្រោះខុសក្តីបំណង។

សេរីត្រឡប់ទៅហ្វ័រយេវិញជាមួយក្រុមគ្រួសារនាងស៊ី ច័ន្ទ។​ នៅក្នុងបន្ទប់

សេរីខកចិត្តណាស់។ គេគេងគងថ្ងាសឥតនិយាយស្តីអ្វីទំាងអស់។នាងស៊ី

ច័ន្ទមុខស្រពោននៅអង្គុយចុងជើងសេរី។  យាយសានីតរអ៊ូរទាំទម្លុះភាព

ស្ងប់ស្ងាត់។

-មិនដែលឃើញមិនដែលឮទេព្រះអើយ ! ធ្លាប់តែឃើញឪពុកម្តាយជួយ

ជ្រោមជ្រែងកូន តែឪពុកម្តាយឯងនេះធ្វើកន្តើយ។ បើម៉ាក់មានលុយម៉ាក់

ជួយកូនៗគ្រប់ៗគ្នា។ សេរីប្រាប់ម៉ាក់ឲ្យត្រង់មើល តើសេរីឯងជាកូនគាត់

បង្កើតឬ កូនចិញ្ចឹម បានជាគាត់មិនស្រឡាញ់សេរីឯង។

នៅស្ងៀមឈឹងដដែល ស្រាប់តែសេរីលេចគំនិតថ្មី ដើម្បីលុបលាងបិទបាំង

អំពើរបស់ខ្លួន ដែលធ្វើឲ្យមាតាបិតាមិនពេញចិត្តផង និងដើម្បីកុំឲ្យអនាគត

មាតាបិតាក្មេកដេញដោលសួរចុះឡើងច្រើនទៀតផង ទើបសេរីបញ្ចេញពាក្យ

យ៉ាងខ្លីកំបុតថា៖

-ជម្រាបតាមត្រង់ ខ្ញុំជាកូនចិញ្ចឹមរបស់គាត់។

-បងជាកូនចិញ្ចឹម! ពុទ្ធោ ខ្មុំស្មានតែកូនបង្កើត។

នាងស៊ីច័ន្ទឧទានឡើងដោយភ្ញាក់ផ្អើល។ ចំណែកឯមាតានាងវិញក៏

និយាយបន្ថែម៖

-ឃើញទេ! ម៉ាក់គិតមិនខុសមែន។ ណ្ហើយស៊ីច័ន្ទ និងសេរីកុំតូចចិត្តអីកូន។

ម៉ាក់និងប៉ានឹងចាត់ចែងរៀបការកូនទាំងពីរមិនឲ្យខ្មាសញាតិទេ។ ជ្រុលជ្រួស

ទៅហើយ ត្រូវតែទៅមុខ មិនថយក្រោយជាដាច់ខាត កុំឲ្យខ្មាសអ្នកទម្លាប់។

គាត់ឌឺដងឲ្យម៉ាក់មិនស្វាងរាល់ថ្ងៃ…ឮមាតានិយាយឈ្មោះ អ្នកទម្លាប់។នាង

ស៊ីច័ន្ទពោលបញ្ជាក់ថា៖

-មែនណ៎ា! នាងស្រីកូលាប កូនមីងទម្លាប់ក៏អីចឹងដែរ។  ថ្ងៃមុន  វាដើរជួបខ្ញុំ

នៅមុខផ្ទះបាយ  ស្រាប់តែនាងកូលាបស្តោះទឹកមាត់ដាក់ខ្ញុំ ហើយនិយាយ

ចំអកបញ្ឈឺខ្ញុំថា៖ «អ្នកណាយកអាម្សៀសេរីសុទ្ធតែអ្នកខ្វះប្តី  ជួលវាឲ្យយក

អាម្សៀសេរីក៏វាមិនយកផង សុខចិត្តយកប្តីបារាំងវិញ គ្រាន់បើជាង»…។

អ្នកកំលោះសេរី ឮពាក្យសង្សាររំឮកពាក្យតិះដៀលរូបខ្លួនដូច្នេះ   ស្រាប់តែ

ច្រឡោតតោតតូង លោតដូចសត្វកញ្ចាញ់ចេកហើយស្រដីឡើង ៖

-យី! មីកូលាប វាហ៊ានប្រមាថបងដល់ម្លឹងផង ។ មីសំគិះ! បងមិនត្រូវការវា

សមមុខវាមែន។ មីនេះអាក្រក់ណាស់ទេតើ។  ពេលវាត្រូវការបងអំពីរឿង

សំបុត្រស្នាម វានិយាយសំដីផ្អែម បោកឯងប្រើ និងជូនឡានវា ខាតពេល

មិនតិច…  ហ៊ឺ! អញចង់ទៅដាក់មួយដៃចំកញ្ចប់មាត់ឲ្យវាស្គាល់ចិត្តម្តង។

-បានហើយៗ! នេះមកពីបងឯងឆោត។ កាលណោះ ស្រួលមិនស្រួលឃើញ

គេស្អាត រាងខ្ពស់ស្រឡះ បែបលង់សម្រស់គេមួយពេលដែរក៏មិនដឹង បាន

ជារត់បម្រើគេឲ្យត្រង់កន្ទុយ…

នាងស៊ីច័ន្ទនិយាយលេងចំអន់សង្សារ។ យាយសានីតខ្លាចវាចានាងស៊ីច័ន្ទ

ដុតបញ្ឆេះកំហឹងសេរីក៏ស្រដីកាត់ភ្លាមមួយរំពេច។

-ណ្ហើយ! ប៉ុណ្ណឹងហើយច័ន្ទ កុំនាំវែងឆ្ងាយឥតប្រយោជន៍ទេ កុំខ្វល់រឿងគេ វា

គ្មានបានការ ទេ គិតរឿងយើងវិញ  ប្រសើរជាង។

យាយសានីតនិយាយបន្លប់មិនចង់ឲ្យសេរីអាក់អន់ចិត្តមួយជាន់ទៀត។ សេរី

បានត្រូវក្រុមគ្រួសារនាងស៊ីច័ន្ទលើកទំយើដូចស្តេច។ ក្រុមគ្រួសារនេះយល់

ឃើញថាសេរីមានការចេះដឹងជាងបុរសឯទៀតដែលចេញចូលហ្វ័រយេរក

ប្រពន្ធ។  សេរីចេះនិយាយភាសាបារាំងរូ។   សេរីចេះរត់ការបំពេញសំបុត្រ

ស្នាមសព្វសារពើប្រកបដោយប្រសិទ្ធិភាព។ នេះជាបង្អែកយ៉ាងមាំអាចឲ្យ

ក្រុមគ្រួសាររបស់គាត់ដែលគ្មានការចេះដឹង  រំពឹងលើសេរីទាំងស្រុងគ្រប់

ពេលវេលា។ ជាពិសេសទៅទៀត សេរីមានរថយន្តមួយអាចបញ្ជិះគ្រួសារ

នេះ រហ័សទាន់ចិត្ត។ ទៅណាមកណាមិនបាច់ឈរចាំរថយន្តក្រុងរងាញ័រ

តត្រុនក្រោមព្រិលដែលធ្លាក់រពុយ។  យាយសានីតដែលទើបតែមកដល់

ស្រុកបារាំងថ្មីៗយល់ថា ការមានរថយន្តជិះជាការមួយអស្ចារ្យណាស់។

តាមពិត  ការមានរថយន្តជាការធម្មតា   គ្មានអ្វីគួរឲ្យអស្ចារ្យបន្តិចសោះ។

នៅស្រុកបារាំង បើគេមានការធ្វើ ហើយមានប្រាក់ខែល្មមគ្រប់គ្រាន់ គេ

អាចទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់យ៉ាងបានដូចបំណង។ អ្នកដែល

គ្មានលទ្ធភាពទិញឲ្យលុយទាំងអស់  អាចទិញបណ្តាក់កាត់ខែទៅតាម

ប្រាក់ចំណូលដែលម្ចាស់ហាង ឬ  ធនាគារឃើញថា អាចទិញជឿសង

បំណុលបាន។ ម្ល៉ោះហើយ អ្នកខ្លះមានឋានៈត្រឹមតែកម្មករមែន តែបើ

អ្នកនោះមានប្រាក់បៀវត្សន៍រាល់ខែ គេអាចទិញវត្ថុអ្វីក៏ដោយទៅតាម

របៀបបណ្តាក់កាត់សងរាល់ខែទាល់តែផុតកំណត់ការជំពាក់ប្រាក់។

កម្មកររោងចក្រនៅប្រទេសបារាំង   ដែលធ្វើការទាំងពីរនាក់ប្តីប្រពន្ធ

អាចទិញផ្ទះ ឬ ភូមិគ្រឹះមធ្យមដែលមានបីបួនបន្ទប់យ៉ាងមោទនៈ។

មិនតែប៉ុណ្ណោះ  គេអាចដើរកម្សាន្តវិស្សមកាលរាល់ៗឆ្នាំ។ គេបរិភោគ

គ្រប់គ្រាន់។ គេស្លៀកពាក់ស្អាតបាត។ ក្នុងផ្ទះក៏មានសម្ភារៈប្រើប្រាស់

ដូចគេដូចឯង។ ការកសាងជីវភាពថ្មីលើទឹកដីប្រទេសបារាំងក្នុងរយៈ

ពេល៥ឆ្នាំទៅ១០ឆ្នាំដំបូង គេមានការពិបាកខ្លះមែន។ ប៉ុន្តែ ក្រោយការ

ខំកសាងជីវភាពឲ្យនឹងន៎រ គេអាចមានជីវភាពរស់នៅមិនចាញ់ជនជាតិ

បារាំងទេ។ អ្នកខ្លះទិញអាប់ប៉ាតឺម៉ង់។  ខ្លះទិញភូមិគ្រឹះធំ ឬតូចទៅតាម

លទ្ធភាព និងសមត្ថភាពរៀងៗខ្លួន។ គឺបានសេចក្តីថា ដរាបណាគេនៅ

មានជីវិត គេអាចស្តារជីវភាព ឬរៀបចំសាងអនាគតវាសនារបស់គេបាន

ជានិច្ចក្នុងអារ្យប្រទេស ជាអាទិ៍ក្នុងប្រទេសបារាំងនេះ។

គ្រួសាររបស់យាយសានីតមិនទាន់ស្គាល់ជីវភាពថ្មីក្នុងប្រទេសបារាំងគ្រប់

ជ្រុងជ្រោយនៅឡើយទេ។ក៏ប៉ុន្តែ ការជួបសេរី ដែលនឹងក្លាយជាកូនប្រសា

របស់គាត់ក្នុងពេលឆាប់ៗនេះ  បានធ្វើឲ្យគាត់សប្បាយចិត្តរីកថ្លើមប្រមាត់

មិនតិចឡើយ។ គាត់ដើរអួតអាងប្រាប់គេឯងថាកូនប្រសាគាត់ឆ្លាតណាស់

រៀនសូត្របានជ្រៅជ្រះ ចេះគោរពកោតខ្លាចចាស់ទុំ ចិត្តបានពេលណាបាន

ពេលហ្នឹង។ គាត់ថាឆ្វេង គឺទៅឆ្វេង។  គាត់ថាស្តាំ គឺទៅស្តាំ បង្កាប់បញ្ជាបាន

ដូចចិត្តឥតខុសបំណងឡើយ។ ហេតុនេះហើយ យាយសានីតស្រឡាញ់សេរី

ណាស់។ ជួបអ្នកណាក៏ដោយ គាត់តែងអួតអាងប្រាប់គេមិនដាច់ពីមាត់ទេ។

-ស៊ីច័ន្ទកូនពៅរបស់ខ្ញុំមានសំណាងខ្ពស់ណាស់។ មកដល់ស្រុកបារាំងមិន

ពេញពីរខែផង ជិតរៀបការប្តី ដែលមានរូបសម្បត្តិស្អាតបាត មានឡានបញ្ជិះ

កូនស្រីគាត់ និងគ្រួសារគាត់ដើរលេង…។ 

ថ្ងៃកំណត់រៀបអាពាហ៍ពិពាហ៍រវាងនាងស៊ីច័ន្ទ និងសេរីនៅបាំងតែមួយខែ

ប៉ុណ្ណោះ។ ថ្ងៃមួយ សេរីនាំនាងស៊ីច័ន្ទទៅលេងសាកសួរសុខទុក្ខមាតាបិតា

របស់ខ្លួន។ នាងស៊ី ច័ន្ទស្ទង់ចិត្តអនាគតបិតាក្មេកថា៖

-ប៉ាថ្ងៃរៀបការខ្ញុំ ប៉ាចងដៃអ្វីខ្ញុំដែរ?

លោកយស្សាឆ្លើយយ៉ាងហីថា៖

-ប៉ាចងដៃ «រូបសេរី» ម្នាក់ឲ្យកូនគ្រប់គ្រាន់ហើយទេតើ។

រីឯកំលោះវណ្ណៈ និងនាងស៊ីណាចជាបងស្រីមេម៉ាយរបស់ស៊ីច័ន្ទក៏ត្រូវ

រៀបការក្នុងពេលឆាប់ៗនេះដែរ។ គូរនេះត្រូវរៀបការក្រោយនាងស៊ីច័ន្ទ

ជាប្អូនមួយខែ។  ប្រាកដណាស់ថា  អាពាហ៍ពិពាហ៍របស់កូនស្រីទាំងពីរ

របស់តា សំផន និងយាយសានីត នឹងត្រូវរៀបចំប្រព្រឹត្តទៅនៅក្នុងបន្ទប់

បរិភោគអាហារនៅហ្វ័រយេ ព្រោះគ្រួសារនេះពុំទាន់ចេញពីបន្ទុកទីនេះនៅ

ឡើយ។ បងប្អូនរួមជាតិខ្មែរ ក្នុងហ្វ័រយេសូណាកូត្រានៅណឺដូហ្វទាំងប៉ុន្មាន

ដឹងរឿងរ៉ាវគ្រួសាររបស់យាយសានីតគ្រប់ៗគ្នា។ គេតែងហៅយាយសានីត

ស្ងាត់ៗថា «ម្តាយក្មេកទំនើប»

*- ចប់ -*

សរសេរចប់នៅក្នុងមន្ទីរពេទ្យអាដាសានៃទីក្រុងស្រ្តាស់បួរ ខែធ្នូ ឆ្នាំ១៩៨៥

កែសម្រួលជាថ្មី នៅម៉ុងទីញី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s