សៀវភៅដែលគួរអាន …….

ខ្លែងឯកអើយ!

ថ្ងៃណា អ្នកច្រៀងឡើងវិញ

និពន្ធដោយ​ ជា ហួ

ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ក្រុង​បាងកក

ថ្ងៃ​ទី​២៣​កក្កដា​១៩៧៩​វេលា​ម៉ោង៩​យប់​!

ពិត ​មែន​តែ​យប់​យន់​បន្តិច​ទៅ​ហើយ​ក្តី​​អំពូល​អគ្គីសនី​នៅ​តែ​ជះ​ពន្លឺ​ភ្លឹ​ ចិញ្ចាច​ឥត​ថយ​ថាម​ពល​ឡើយ​។​សភាព​អ៊ូអរ​នៃ​បុគ្គលិក​ផង​​អ្នក​លក់​ដូរ​ផង​ រួម​ជា​មួយ​អ្នក​ដំណើរ​ដែល​ដើរ​ខ្វាត់​ខ្វែង​ចុះ​ឡើង​ព្រោង​ព្រាត​ធ្វើ​ឲ្យ​ បរិយាកាស​នៃ​រាត្រី​កាល​នា​រដូវ​វស្សា​នេះ​រិត​តែ​ស្អុះ​ស្អាប់​មួយ​កំរិត​ ថែម​ឡើង​ទៀត​។

ដោយ​ឡែក ​​នៅ​ឯ​ជ្រុង​ម្ខាង​ណោះ​​ជន​មួយ​ក្រុម​ប្រមាណ​ពីររយ​រូប​ហាក់​ដូច​ជា​មិន​អើ ​ពើ​ឬ​រីក​រាយ​នឹង​ទិដ្ឋភាព​ខាង​លើ​នេះ​ទេ​។ ទឹក​មុខ​ស្រពាប់​ស្រពោន​ក្រៀម​ក្រោះ​របស់​គេ​បញ្ជាក់​ឲ្យ​ដឹង​ថា​ គេ​មាន​បង្កប់​នូវ​ទុក្ខ​មួយ​យ៉ាង​ធំ​នៅ​ក្នុង​ខ្លួន​។

នេះ ​ហើយ​ជន​ភៀស​ខ្លួន​ខ្មែរ​ដែល​ទើប​នឹង​រើ​បំរះ​ងើប​ចេញ​រួច​ពី​រណ្តៅ​នរក​ ក្រហម​» ហើយ​មាន​សំណាង​បាន​ត្រូវ​គេ​ជ្រើស​រើស​ឲ្យ​ទៅ​នៅ​ជ្រក​កោន​ឯ​ប្រទេស​ទី​បី​។ ក្រុម​នេះ​នៅ​ឆ្ងាយ​ដាច់​ពី​គេ​ពី​ឯង​ ខ្លះ​ឈរ​  ខ្លះ​អង្គុយ​លើ​កៅ​អី ​ខ្លះ​ទៀត​អង្គុយ​ចោង​ហោង​ ឱប​បង្វេច

ទន្ទឹង ​រង់​ចាំ​ពេល​គេ​ហៅ​ឈ្មោះ​ឡើង​យន្ត​ហោះ​។ យើង​គ្មាន​របស់​អ្វី​យក​ទៅ​ឲ្យ​គេ​ត្រួត​ពិនិត្យ​ដូច​អ្នក​ដំណើរ​ឯ​ទៀត​ៗ​ទេ ​ ព្រោះ​ក្នុង​ខ្លួន​យើង​ម្នាក់​ៗ​ វា​អស់​រលីង​ទៅ​ហើយ​ សល់​តែ​កូន​សម្ពាធ​តូច​មួយ​ប៉ុណ្ណោះ​។ តាម​ការ​ពិត​​គ្មាន​របស់​អ្វី​ធំ​ដុំ​មាន​តម្លៃ​នៅ​ក្នុង​នោះ​ទេ​ តែ​វា​ជា​កម្មសិទ្ធិ​ដ៏​ថ្លៃ​ថ្លា​មិន​អាច​កាត់​តម្លៃ​បាន​ ជា​កម្មសិទ្ធិ​ដែល​យើង​ខំ​រក្សា​ទុក​យូរ​មក​ហើយ​ ជា​កម្មសិទ្ធិ​ដែល​ធ្លាប់​កំសត់​កម្រ​ជា​មូយ​គ្នា​តាំង​ពី​ក្នុង​ព្រៃ​មក​ ម្លេះ​។

ពីរ​បី​ថ្ងៃ​ មុន​នេះ​ ក្រុម​កាក​បាទ​ក្រហម​និង​អង្គការ​មនុស្សធម៌​អន្តរជាតិ​បាន​នាំ​យក​ សំលៀកបំពាក់​ខ្លះ​ចាស់​ខ្លះ​ថ្មី​មក​ចែក​ឲ្យ​យើង​ព្រោះ​ថា​ អាវ​ខ្មៅ​ចាស់​ៗ​ដែល​ពោរ​ពេញ​ទៅ​ដោយ​បំណះ​និង​ពុក​ដោយ​អន្លើ​ៗ​ទៅ​ហើយ​នោះ​ មិន​គួរ​បើ​ជា​មើល​ទេ​។ បាន​ស្លៀក​ពាក់​ខោអាវ​ថ្មី​ភ្លាម​ យើង​ក៏​បាន​ប្រែ​ក្លាយ​ទៅ​ជា​មនុស្ស​ម្នា​ដូច​ពី​ដើម​ច្រឡំ​នឹង​គេ​នឹង​ឯង​ ដែរ​។

ពេល​ដែល​ខ្ញុំ​ លើក​យក​សំលៀកបំពាក់​អស់​ទាំង​នេះ​មក​ពាក់​ជា​លើក​ដំបូង​ ខ្ញុំ​ស្លុត​ចិត្ត​​អួល​ដើម​ក​និយាយ​លែង​ចេញ​។ ​ខ្ញុំ​ខ្មាស​ខ្លូន​ឯង​ ! ខ្មាស​អ្វី​ៗ​គ្រប់​សព្វ​ ! ខ្មាស​ធម្មជាតិ ! ខ្មាស​​ព្រហ្មលិខិត​ ! ​។ ​ខ្ញុំ​អាសូរ​ខ្លួន​មិន​គួរ​ណា​ធ្លាក់​ខ្លួន​ដល់​កម្រិត​នេះ​សោះ​។ ! ពី​បញ្ញាជន​ប្រកប​ដោយ​អនាគត​ត្រចះ​ត្រចង់​ ខ្មែរ​ក្រហម​បាន​ធ្វើ​ខ្លួន​ខ្ញុំ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​សុំ​ទាន​។​! ខ្ញុំ​សុំ​ទាន​គេ​មិន​ត្រឹម​តែ​ខោអាវ​ ខ្ញុំ​សុំ​រហូត​ដល់​ដី​គេ​នៅ​! សុំ​មេឃ​គេ​ជ្រក​!

…ព្រោះ​តែ​ចង់​រស់​!

តើ ​នរណា​អាច​ប៉ាន់​ប្រមាណ​បាន​?​ ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​មុន​នេះ​សោះ​ ខ្ញុំ​ចង​ក្រវាត់​ក ពាក់​អាវ​ធំ​ដើរ​លេង​យ៉ាង​រំភើយ​នៅ​តាម​ដង​មហា​វិថី​«Champs-Elysées»នា​ ក្រុង​ប៉ារីស​។​ ឥឡូវ​សល់​អី​? ​ខ្ញុំ​អស់​រលីង​! អស់​ទាំង​ខោ​ អស់​ទាំង​កិត្តិយស​ !​ អស់​ទាំង​មោទនភាព​របស់​ខ្ញុំ​! មិន​តែ​ប៉ុណ្ណោះ​ ខ្ញុំ​ត្រូវ​ឃ្លាត​ពី​មាតុភូមិ​ជា​ទី​ស្នេហា​ ! ព្រាត់​បា្រស​​ឪពុក​ម្តាយ​ជា​ ទី​ស្រឡាញ់​ ព្រាត់​ក្រុម​គ្រួសារ​ញាតិ​ផៅ​សន្តាន​ ! ​ព្រាត់​សព្វ​ព្រាត់​គ្រប់ !

ឱ​! ​បដិវត្តន៏​អធន​អើយ​!​ស្មាន​មិន​ដល់​សោះ​ថា​អ្នក​សាហាវ​ដូច្នេះ​! អ្នក​សាហាវ​ជាង​ព្រហ្ម​លិខិត​ទៅ​ទៀត​!

ក្នុង ​ចំណោម​ពួក​យើង ​ពុំ​សូវ​មាន​បញ្ញាជន​ទេ​។ ភាគ​ច្រើន​ៗ​តែ​ ពូ​មីង​ចាស់​ៗ​ មីង​មេម៉ាយ​ដែល​មាន​កូន​ច្រើន​និង​កុមារ​កំព្រា​មួយ​ចំនួន​មក​ពី​ជនបទ​។ កុមារ​ខ្លះ​ស្រែក​យំ​ទារ​ចំណី​។ តើ​ឲ្យ​ម្តាយ​ទៅ​រក​ឯណា​បាន​ បើ​គ្មាន​មួយ​រៀល​ក្នុង​ហោ​ប៉ៅ​ផង​? គឺ​មាន​តែ​ទឹក​មាត់​សំរាប់​លេប​និង​កែវ​ភ្នែក​មួយ​គូ​សម្លឹង​ភ្លៀកៗ​ទៅ​លើ​ នំ​នែក​ផ្លែ​ឈើ​ដែល​គេ​តាំង​នៅ លើ​រាន​តែ​ប៉ុណ្ណោះ​។ ​មីង​ខ្លះ​បំបៅ​កូន​ ខ្លះ​ទៀត​អង្គុយ​ឱប​បង្វេច ហាក់ ដូច​ជា​ខ្លាច​បាត់​បង់​នូវ​កម្មសិទ្ធិ​ដ៏​ថ្លៃថ្លា​នេះ​។ ខ្លះ​ទៀត​ឈរ​ធ្មឹង​ដូច​រូប ចម្លាក់ ទាល់​តែ​ឮ​ស្នូរ​ដក​ដង្ហើម​ធំ​យូរ​ៗ​ម្តង ទើប​ដឹង​ថា​គេ​នៅ​រស់​រាន​មាន ជីវិត​នៅ​ឡើយ​ ។ ចក្ខុ​គេ​ទាំង​គូ ស្ងួត​ស្រពោន​ក្រៀម​ក្រោះ ​គឺ​ជា​ចក្ខុ​ដែល​លែង​មាន​ទឹក​ភ្នែក​ហូរ​មក​ទៀត​​ព្រោះ​វា​បាន​បង្ហូរ​ច្រើន ​ជ្រុល​ទៅ​ហើយ​ក្នុង​មួយ​រយៈ​កាល​កន្លង​ទៅ​នេះ​។ អ្នក​ខ្លះ​ទៀត​ខំ​ឈរ​សម្លឹង​រក​មើល​ នឹក​សង្ឃឹម​ក្នុង​ចិត្ត​ថា ក្រែង​បាន​វិល​មក​ជួប​គ្នា​វិញ​ ខ្លះ​ប្តី ខ្លះ​ប្រពន្ធ ខ្លះ​កូន​ចៅ ដែល​បាន​ព្រាត់​ប្រាស​ ពុំ​ដឹង​ទៅ​ដល់​ទី​ណា​ ពុំ​ដឹង​ជា​ស្លាប់​ ឬ​នៅ​មាន​ជីវិត​។ យុវជន​ខ្លះ​ខំ​និយាយ​បន្លប់​កំប្លែង​លេង​សើច​ដែរ តែ សំណើច​របស់​គេ ទោះ​ជា​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅ​តែ​បង្កប់​នូវ ភាព​សោក​សៅ​ជៀស​មិន​ផុត​។ តើ​ឲ្យ​គេ​បំភ្លេច​ម្តេច​បាន​ បើ​សោក​នាដកម្ម​ដ៏​ជូរ​ចត់ ពោរ​ពេញ​ទៅ​ដោយ​អំពើ​ព្រៃ​ផ្សៃ​អមនុស្សធម៌​ស្ថិត​នៅ​ថ្មី​ៗ​នេះ​សោះ​? ដោយ​សារ​តែ​កំហឹង​នៅ​ក្តៅ​ងំ​ក្នុង​ចិត្ត​ពេក​ទៅ​ អ្នក​ខ្លះ​ហ៊ាន​រហូត​ដល់​ស្បថ​ថា «ឈប់​ជាន់​ដី​ខ្មែរ​ទៀត​ហើយ» ។ ​គេ​ហ៊ាន​ពោល​ដូច្នេះ ​ព្រោះ​គេ​ឆ្អែត​ចិត្ត​ ព្រោះ​ជីវិត​របស់​គេ​លែង​មាន​ន័យ​ដូច​មុន​ទៀត​ហើយ​អ្វី​ៗ​បាត់​អស់​ បាត់​ស្រុក​-បាត់​ស្រែ​-​បាត់​ម៉ែ​-​បាត់​ឪ​-​បាត់​ផៅ​សន្តាន​ សល់​តែ​សំបក​ខ្លួន​ រស់​នៅ​តែល​តោល​ឯកោ​ម្នាក់​ឯង​ក្នុង​វដ្តសង្សារ​…

ថ្វី ​ត្បិត​តែ​យើង​ដឹង​ច្បាស់​ថា​ យើង​មាន​សិទ្ធិ​ចេញ​ទៅ​នៅ​ប្រទេស ទី​បី​ ហើយ​គេ​ឈប់​បញ្ជូន​យើង​ឲ្យ​ទៅ​នៅ​ក្នុង​ព្រៃ​ទៀត​ហើយ​ក្តី​ក៏​យើង​នៅ​តែ​មាន ​ក្តី​បារម្ភ​ជាប់​មិន​ដាច់​។ យើង​មិន​ដឹង​ថា​តើ​អនាគត​របស់​យើង​នឹង​វិវត្តន៏​ទៅ​យ៉ាង​ណា ? តើ​យើង​អាច​ទ្រាំទ្រ​រស់​នៅ​ស្រុក​គេ​បាន​ឬ​ទេ​ បើ​យើង​មិន​ចេះ​ភាសា​និង​មិន​ស្គាល់​ទំនៀម​ទំលាប់​គេ​ផង​ ? តើ​យើង​ អាច​មាន​ភ័ព្វ បាន​វិល​មក​ជួប​ជុំ​គ្រួសារ​​មក​ជាន់​ទឹក​ដី​កំណើត​សា​ជា​ថ្មី ម្តង​ទៀត​ឬ​ទេ ?

គឺ​សុទ្ធ​តែ​សំណួរ​ដែល​យើង​មិន​អាច​ដោះ​ស្រាយ​បាន​!

ជា​សំណួរ​ដែល​ធ្វើ​ឲ្យ​យើង​រិត​តែ​ចំបែង​ចិត្ត​!

ដូច ​ជា​ពូ​ម្នាក់​ ក្រោយ​ពី​បាន​ទៅ​ដល់​ស្រុក​គេ​មួយ​រយៈ​មក​បាន​ពោល​ប្រាប់​ខ្ញុំ​ថា​៖ « …ក្មួយ​អើយ​ ! មក​ដល់​ស្រុក​គេ​នេះ​ ពូ​ក្លាយ​ខ្លួន​ទៅ ជា​មនុស្ស ថ្លង់​-​គ​-​ខ្វាក់ ទៅ​ហើយ​។ ថ្លង់​ព្រោះ​គេ​និយាយ​មក​ យើង​ស្តាប់ គេ​មិន​បាន​ គ​ ព្រោះ​និយាយ​ទៅ​គេ​ៗ​មិន​យល់​ ​ខ្វាក់​ ព្រោះ​មើល​មិន​ យល់​ មិន​ដឹង​គេ​សរសេរ​ថា​ដូចម្តេច​…

អូ៎ ! នុ៎ះ​ហ្ន៎ ជន​ភៀស​ខ្លួន​ខ្មែរ​ !

ខ្ញុំ ​ចាំ​​ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ​នូវ​ក្រសែ​ភ្នែក​រាប់​សិប​ដែល​ផ្តោត​មក​លើ​ ពួក​យើង​ ដោយ​អាការៈ​ភ្ញាក់​ផង​ ឆ្ងល់​ផង​ អាសូរ​ផង​។ ​ខ្ញុំ​មិន​ហ៊ាន​សម្លឹង​មើល​ទៅ​គេ​វិញ​ទេ​។ ​ខ្ញុំ​ឱន​ក្បាល​ ទម្លាក់​មុខ​ចុះ​ !​ មែន ខ្ញុំ​ឱន​ក្បាល ! ​ខ្ញុំ​ឱន​ក្បាល ព្រោះ​ខ្ញុំ​ខ្មាស​ ! ខ្មាស​​ព្រោះ​ធ្លាក់​ខ្លួន​ទៅ​ជា​ជន​ភៀស​ខ្លួន​គ្មាន​ទី​ជម្រក​ ខ្មាស​ព្រោះ​សុំ​មេឃ​គេ​ជ្រក​ ! ​ដប់​ឆ្នាំ​មុន​ ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ ទ្វីប​អឺរ៉ុប​ម្តង​រួច​មក​ហើយ​ តែ​កាល​ណោះ​ ខ្ញុំ​ទៅ ដោយ​មាន​ទិស​ដៅ ច្បាស់​លាស់ ខ្ញុំ​ទៅ​ក្នុង​នាម​ជា​និស្សិត​ដែល​បាន​ទទួល​អាហារូបករណ៏ ពី រដ្ឋាភិបាល​បារាំង ឲ្យ​ទៅ​បន្ត​វិជ្ជា​នៅ​ប្រទេស​គេ​។ តែ​អនិច្ចា ! ពេល​នេះ​ ខ្ញុំ​ឃ្លាត​ពី​មាតុភូមិ ក្នុង​ថានៈ ជា​ជន​ភៀស​ខ្លួន​។ ខ្ញុំ​ចាក​ចោល​ស្រុក​ទេស ​ចាក​គ្រួសារ​លើក​នេះ​ ទាំង​បង្ខំ​ចិត្ត​ ទាំង​ទឹក​ភ្នែក​ ទាំង​ទុក្ខ​សោក​សៅ​ ដើម្បី​រត់​ជៀស​ឲ្យ​ផុត​ពី​«ក្រញាំ​មច្ចុរាជ​ក្រហម​»ឃោរឃៅ​ដែល​តែង​តែ​គំរាម ​ កំហែង​ជីវិត​ជា​ប្រចាំ​ ក្នុង​រយៈ​កាល​ប៉ុន្នាន​ឆ្នាំ​កន្លង​ទៅ​នេះ​នៅ​ក្នុង ព្រៃ ។

ខ្ញុំ ​ចាក​ចេញ​ទាំង​អស់​សង្ឈឹម ​ព្រោះ​មិន​ដឹង​ថ្ងៃ​ណា​បាន​វិល​មក ជួប​ជុំ​វង្ស​ត្រកូល​ មិន​ដឹង​ថ្ងៃ​ណា​បាន​វិល​មក​ជាន់​ដី​កំណើត​ជា​ថ្មី​ម្តង ទៀត​។ ​គឺ​គិត​ដល់​រឿង​អស់​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​លំបាក ក្នុង​ចិត្ត​ទ្វេ​ឡើង​ទៀត​។

ម៉ោង ១២ អាធ្រាត ជា​ពេល​ដែល​ត្រូវ​ចេញ​ដំណើរ​។ រថយន្ត​ពីរ គ្រឿង​ធំ​ៗ បាន​មក​ដឹក​ជញ្ជូន​ពួក​យើង​ យក​ទៅ​ដល់​ជណ្តើរ​យន្ត​ហោះ​ តែ​ម្តង​។ គឹ​យន្ត​ហោះ​ដែល​រដ្ឋាភិបាល​ស្វីស​ជួល​ជា​ពិសេស សម្រាប់​មក យក​យើង​ទៅ​នៅ​ស្រុក​គេ​។ ​បង​ប្អូន​យើង​មួយ​ចំនួន​ធំ​ គ្នា​មិន​ដែល​បាន​ ដឹង​ មិន​ដែល​បាន​ស្គាល់​ប្រទេស​នេះ​ទេ​។ ​មួយ​ភាគ​តូច គ្រាន់​តែ​ដឹង​ថា ប្រទេស​នេះ​ស្ថិត​នៅ​ទ្វីប​អឺរ៉ុប ​ជា​ប្រទេស​មួយ​ដែល​មាន​ឈ្មោះ​ល្បី​ខាង​ ផលិត​នាឡិកា​ថ្លៃ​ៗ មាន​គុណភាព​ល្អ​ប្រណិត​តែ​ប៉ុណ្ណោះ​។

ខ្ញុំ ​អង្គុយ​នៅ​ជួរ​មុខ​គេ ជា​មួយ​កុមារ​កំព្រា​បី​រូប អាយុ ៧-​​៩ នឹង ១១​ឆ្នាំ​។ គេ​បាន​មក​ដល់​ទី​នេះ​ គឺ​ដោយ​សារ​តែ​បាន​មាមីង​របស់​គេ​ជួយ ទំនុក​បំរុង​។ ​ខ្ញុំ​បាន​ស្គាល់​គ្រួសារ​នេះ នៅ​ក្នុង​ជំរំ​មួយ​នា​ព្រំ​ដែន​ខ្មែរ​-​ថៃ​។

ពេល ​ដែល​យើង​រក​កន្លែង​អង្គុយ​បាន​គ្រប់​ៗ​គ្នា​មក​ នារី​ដែល​ជា បុគ្គលិក​យន្ត​ហោះ​បាន​ហុច​មី​ក្រូ​មួយ​មក​ឲ្យ​ខ្ញុំ​ ដើម្បី​ឲ្យ​ខ្ញុំ​ជួយ​បក​ប្រែ​ ពន្យល់​ពី​វិធានការណ៏​មួយ​ចំនួន​ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​សន្តិសុខ​នៅ

លើ​យន្ត​ហោះ​។

ក្រោយ ​ដែល​យន្ត​ហោះ​បើក​បាន​មួយ​រយៈ​មក​ ពហុនិចារ​ក៏​ចាប់​ ចែក​ភោជនាហារ​ជូន​ភ្ញៀវ​។ ​តែ​ម្ហូប​របស់​គេ​ប្លែក​ពី​ម្ហូប​យើង​ឆ្ងាយ​ណាស់​ កុមារ​ទាំង​បី​ គ្នា​ហូប​មិន​សូវ​បាន​ទេ ទោះ​ជា​ក្រពះ​ឃ្លាន​យ៉ាង​ណា​ក្តី​។​ មុន នឹង​ឡើង​មក​ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​ «បើ​ឃើញ​ពូ​ធ្វើ​ដូច​ម្តេច​ ឯង​ត្រូវ​ធ្វើ តាម​ពូ »។​ នៅ​ពេល​ខ្ញុំ​ទាញ​ខ្សែ​ក្រវាត់​មក​ចង​ចង្កេះ​ គេ​ក៏​នាំ​គ្នា​ចង​ចង្កេះ​ ដែរ​។ ខ្ញុំ​ចាប់​កាន់​សម​ស្លាប​ព្រា​ គេ​ក៏​ធ្វើ​តាម​បាន​ដោយ​គ្មាន​បញ្ហា​ ។​ តែ នៅ​ពេល​ខ្ញុំ​ហូប​ «ហ្រ្វូមាស» គេ​ទាំង​អស់​គ្នា​ធ្វើ​មុខ​ជូរ​ ព្រោះ​ហ្រ្វូ​ម៉ាស (fromage) ជា​ម្ហូប​ម៉្យាង​ ដែល​ផ្សំ​ឡើង​ពី​ទឹក​ដោះ​គោ​ មាន​ក្លិន​ប្រហាក់​ប្រហែល​នឹង​ប្រហុក​ខ្មែរ​ដែរ​។ ​គេ​គ្រវី​ក្បាល​តតាត់ ហើយ​នាំ​គ្នា​ហុច​មក​ឲ្យ​ខ្ញុំ​ទាំង​អស់​។ ​បី​បួន​ឆ្នាំ​កន្លង​មក​ហើយ​ដែល​ខ្ញុំ​ខាន​បាន​ហូប ខ្ញុំ​ខំ​ទំពារ​វា ថ្នម​ៗ​ ដើម្បី​ក្រេប​រស​ជាតិ​ដ៏​ឈ្ងុយ ប្រៀប​ដូច​ដែល​យើង​ខាន​បាន​ហូប​ ប្រហុក​យូរ​ថ្ងៃ​មក​ហើយ​ដូច្នេះ​ដែរ​។ ភ្លាម​នោះ ពហុនិចារ​បាន​ជូន​ស្រា ទំពាំង​បាយ​ជូរ​មួយ​កែវ​ថែម​មក​ទៀត​។ ពិត​មែន​តែ​ខ្ញុំ​ជា​អ្នក​មិន​សូ​វនិយម​ស្រា តែ​ដល់​អត់​យូរ​មក​ហើយ​ មួយ​ក្រេប​ដំបូង​ វា​ជះ​ក្លិន​ក្រអូប​ សាយ​ពេញ​ក្រអូម​មាត់​។ ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៏ អណ្តែត​អណ្តូង មួយ​រក​ថា​មិន​ត្រូវ​។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​អារម្មណ៍​​ខ្ញុំ​នឹក​ទៅ​ដល់​ស្រា​ទំពាំង​បាយ​ជូរ មាន​តម្លៃ​បួន​ដប​ដែល​ខ្ញុំ​បាន​ទៅ​ទិញ​ផ្ទាល់ ដល់​ទី កន្លែង​ផលិត ឯ​ភូមិ Beaunes (Bourgogne) ហើយ​ដែល​ខ្ញុំ​យក​ទៅ​ជូន គ្រួសារ​បារាំង​មួយ​ដែល​បាន​រាប់អាន​ខ្ញុំ​ដូច​ជា​កូន​ចៅ​គាត់​ដែរ ​នៅ​ពេល ខ្ញុំ​ទៅ​ជម្រាប​លា​គាត់​ត្រឡប់​មក​ស្រុក​វិញ​ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា រួច​មក​នៅ​ឆ្នាំ​១៩៧៥​។ ពេល​នោះ ប៉ា​ប៉ា «ប៊ីណា» បាន​ពោល​ឡើង​ថា​៖ «ស្រា​ដ៏​មាន​តម្លៃ​នេះ ​យើង​មិន​ទាន់​បើក​ហូប​ទេ​ យើង​យក​វា​ទៅ​ទុក​ក្នុង cave (បន្ទប់​ក្រោម​ដី) សិន ​ចាំ​ឯង​ត្រឡប់​មក​លើក​ទី​ពីរ​ សឹម​យើង​គោះ កែវ​ជា​មួយ​គ្នា​» ។ ​ខ្ញុំ​អស់​សំណើច​ ហើយ​ឆ្លើយ​ទៅ​គាត់​វិញ​ថា​ ខ្ញុំ​ប្រហែល​ជា​គ្មាន​សំណាង​បាន​ត្រឡប់​មក​ជា​លើក​ទី​ពីរ​ទៀត​ទេ​ ព្រោះ​ម៉្យាង​ស្រុក យើង​ទាំង​ពីរ​គ្មាន​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​គ្នា​ ហើយ​ម៉្យាង​ទៀត នៅ ក្នុង​សង្គម​ថ្មី​ គេ​មិន​បណ្តោយ​ឲ្យ​យើង​ដើរ​លេង​រហេត​រហូត​ដូច​ប្រទេស សេរី​ទេ​។

តែ​នរណា​អាច​ប៉ាន់​ប្រមាណ​បាន​ថា សភាព​ការណ៍​វា​វិវត្តន៏​ទៅ

លឿន​យ៉ាង​ដូច្នេះ​ ? ​៥ ឆ្នាំ​ក្រោយ​មក ​ខ្ញុំ​បាន​ទៅ​លេង​នឹង​គាត់​ម្តង​ទៀត​ តែ​អនិច្ចា គាត់​បាន​ចែក​ឋាន​ទៅ​ហើយ ដោយ​ជរាពាធ​។

នៅ ​លើ​យន្ត​ហោះ​ដែល​កំពុង​បោះ​ពួយ​លឿន​ស្លេវ​ ឆ្ពោះ​ទៅ​មុខ​ នឹក​ដល់​រឿង​នេះ​ឡើង​ ខ្សែ​ជីវិត​របស់​ខ្ញុំ ក៏​បាន​លេច​ត្រដែត​ប្រដេញ​គ្នា ធ្លាយ​ធ្លោ​ហូរ​ចេញ ជាប់​គ្នា​រដឹក​នៅ​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​លាយ​ឡំ​នឹង ដុំ​ពពក​ធំ​ៗ​ដែល​កំពុង​តែ​រសាត់​ឆ្ងាយ​ទៅ​ៗ លើ​ដែន​នភាល័យ​ដ៏​ធំ​ល្វឹងល្វើយ​កាត់​លំហ​មេឃា​ខៀវ​ស្រងាត់ មេឃា​នៃ​សុភមង្គល​ថ្មី ! មេឃា​នៃ សេរីភាព​ថ្មី !   មេឃា​នៃ​ក្តី​សង្ឃឹម​ថ្មី ! …

របភាព៖​​ជា ​ហួ

តើ​សល់​អ្វី​ខ្លះ​ពី​កុមារភាព​របស់​ខ្ញុំ​?

កាល ​នៅ​ប្រទេស​បារាំង​ ឆ្ងាយ​ពី​មាតុ​ភូមិ​ យើង​តែង​មាន​ក្តី​នឹក​រលឹក​រឿយៗ​មក​ដល់​ស្រុក​កំណើត​-នឹក​ដី-​នឹក​ស្រែ ដែល​ធ្លាប់រស់​នៅ នឹក​ឪពុក​ម្តាយ-​នឹក​ក្រុម​គ្រួសារ​ញាតិ​ផៅ​សន្តាន-​នឹក​គ្រប់​អនុស្សារីយ៍។ កាន់​តែ​នឹក​ កាន់​តែ​ស្រឡាញ់​ស្រុកទេស​ថែម​ទៀត​! ដោយ​ហេតុ​តែ​ស្រឡាញ់​ស្រុក​ យើង​ក៏​ស្រមៃ​ចង់​ឲ្យ​ប្រទេស​ក្លាយ​ទៅ​ជា​ប្រទេស​ជឿន​លឿន​ទំនើប​ដូចគេ​ ស្រមៃ​ចង់​ឃើញ​ប្រជា​ជន​ខ្មែរ​រស់​នៅ​សម្បូណ៌​សប្បាយ​ មាន​សុភមង្គល​ រស់​នៅ​ដោយ​សុវត្ថិភាព​ក្នុង​សង្គម​ស្អាតស្អំមួយ​ ដែល​គ្មាន​អំពើ​ពុក​រលួយ​ គ្មាន​ការ​ជិះ​ជាន់​ គ្មាន​ការ​គាប​សង្កត់​ពី​សំណាក់​អ្នក​កាន់​អំណាច​ គ្មាន​អយុត្តិធម៌​សង្គម។ តែ​ការ​ស្រមៃ​អស់​ទាំង​នេះ ពេល​នោះ គ្រាន់​តែ​ជា​ស្រមោល​ដែល​អន្ទោល​នៅ​ក្នុង​សតិ​អារម្មណ៍​ម្តង​ម្យាម​​តែ​ ប៉ុណ្ណោះ។ ​តែ​សភាព​ការណ៍ជាក់​ស្តែង​​រដ្ឋ​ប្រហារ​ថ្ងៃ​ ១៨ មីនា ១៩៧០ បាន​ដាស់​សតិអារម្មណ៍​យើងគ្រប់​គ្នា​​ឲ្យ​ភ្ញាក់​ ឲ្យ​ចេះ​នឹក​គិត​ដល់​រឿង​ស្រុក​ទេស​ដល់​វាសនា​ប្រទេស​ វាសនា​ប្រជាជន។​ ខ្ញុំក៏​ដូច​ជា​មិត្ត​ខ្ញុំ​ទាំង​អស់​ យើង​យល់​ថា មាន​តែ​ផ្លូវ​បដិវត្តន៍​មួយ​ទេ ដែល​អាច​ស្តារ​សភាព​ការណ៍​នេះឡើង​បាន អាចសាង​​សង្គម​ខ្មែរ​មួយ គ្មាន​អំពើ​ពុក​រលួយ​ គ្មាន​អយុត្តិ​ធម៌​សង្គម។ ឯកសារ​ទ្រឹស្តី-​ពត៌មាន​នានា ដែល​យើង​បាន​ទទួល​ បាន​អាន​នៅ​ពេល​នោះ សុទ្ធ​តែ​ពោល​សរសើរ​ពី​បដិវត្តន៍ ពី​វីរភាព​ប្រជា​ជន​នៅ​តំបន់​រំ​ដោះ​ ដែល​ចាប់​ដៃ​គ្នា​យ៉ាង​ជិតស្និទ្ធ​ សស្រាក់​សស្រាំ កសាង​សង្គម​ខ្មែរ​ថ្មីស្អាត​ស្អំ​មួយ ដែល​កំពុង​រីក​ត្រចះ​ត្រចង់​លើ​ដែន​កម្ពុជា។​ ពត៌មាន​ឥត​ខ្ចោះ​អស់​ទាំង​នេះ ត្រូវ​នឹង​ចំណូល​ចិត្ត​ ដែល​យើង​ប៉ង​ពី​មុន​មក​ផង​ ធ្វើ​ឲ្យ​យើង​វង្វេង​ស្មារតី​ ជឿ​ស្លុប​ទាំង​ស្រុង​ទៅ​លើ​ពាក្យ​ឃោសនា​ សម្តី​បោក​ប្រាសភូត​កុហក ប្រជា​ភិថុត​នៃ​ពួកខ្មែរ​ក្រហម​ដោយ​មិន​ដឹង​ខ្លួន​។ ​ក្បាលម៉ាស៊ីន​ឃោសនា​អកុសល​ បោកប្រាសនេះ​បាន​សន្តំ​សតិអារម្មណ៍​យើង ដែល​សុទ្ធ​តែ​ជា​បញ្ញាជន ឲ្យ​ភ្លេច​អ្វី​ៗ​ទាំង​អស់​ ភ្លេច​គិត​ ភ្លេច​គូរ​ ភ្លេច​ត្រិះ​រិះ ភ្លេច​ពិចារណា​ ភ្លេច​មើល​វែង​ឆ្ងាយ ចាំ​តែ​ជឿគេ។ ​យើងបណ្តាល​ឲ្យ​គេ​ដឹក​ក្បាល​ទៅ​ឆ្វេង​ ទៅ​ស្តាំយ៉ាង​ស្រួល​​ ឥត​ប្រកែក​។ យើង​សុខ​ចិត្ត​លះ​បង់​គ្រប់​ក្តី​សប្បាយ​នៃ​យុវភាព​ យើង​លេង​ហ៊ាន​ដើរ​លេង​រហេត​រហូត​ លេង​ហ៊ាន​ទៅ​មើល​កុន លែង​ហ៊ាន​ច្រៀង​ចម្រៀង​មនោសញ្ចេតនា ដែល​ធ្លាប់​ស្រឡាញ់​ នេះ​ចំ​ជា «ភ្លើ​សែន​​ភ្លើ!» នេះ​ជាកំហុស​មួយ​យ៉ាង​ធំ​របស់​យុវភាព​របស់​ខ្ញុំ​ ជា​ដំបៅ​ធំ​មួយ ដក់​ជាប់​នៅ​ក្នុង​ទ្រូង​ខ្ញុំ​រហូត​មក​ដល់សព្វ​ថ្ងៃទោះ​ជា​ពេល​វេលា​បាន​ កន្លង​មក​រាប់​សិប​ឆ្នាំ​ក៏​ដោយ​ ក៏​នៅ​មិន​ទាន់​ជា​សះ​ជិត​មុខ​ដែរ។ វិប្បដិសារីដ៏​មហិមា​នេះ​ដិត​ជាប់​ជានិច្ច​ក្នុង​ផ្នត់​គំនិត​ខ្ញុំ ធ្វើ​ឲ្យ​យើង​នឹក​ស្តាយ​ជា​អតិ​បរមាដល់​យុវវ័យ​​ដ៏​ផូរ​ផង​របស់​យើង​គ្រប់​ៗ ​គ្នា។ សូម​សកម្មជន​ទាំង​អស់​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ កុំចេះ​តែ​ជឿ​តាម​គេ ដោយ​ខ្វះ​ការ​ពិចារណា​យ៉ាង​នេះ! យើង​មាន​ឧត្តមគតិ វា​ល្អ​ប្រពៃ​ឧត្តុង្គ​ឧត្តម​ណាស់​ តែយើង​ក៏​កុំ​ភ្លេច​មើល​ឆ្វេង​ មើល​ស្តាំ​ផង​ កុំ​ចេះ​តែ​ជឿ​គេ ងងឹត​ងងល់​ បណ្តាល​ឲ្យ​គេ​ដឹក​ចុះ​នរក​ដោយ​មិន​ដឹង​ខ្លួន​នោះ!

ចេញ ​ពី​ព្រៃ​ភ្លាម ខ្ញុំ​ធេង​ធោង​ល្ហិត​ល្ហៃ​តែ​ល​តោល អារម្មណ៍ទ្រុឌ​ទ្រោម​វិល​វល់ ហាក់​ដូច​​ជា​បាត់​អ្វី​ៗទាំង​អស់​ពី​ក្នុង​ខ្លួន មើល​ជុំ​វិញ​ខ្លួន​ឃើញ​តែ​ខ្មៅ​ងងឹត​។ មែន​ខ្ញុំ​បាត់​មោទនភាព បាត់​ក្តី​សង្ឃឹម​ បាត់​ក្តី​ប្រាថ្នា​ បាត់​ភាព​ហ៊ឹក​ហាក់​ បាត់​ក្តី​ក្លាហាន​អស់​រលីង។ អ្វី​ៗ​ដែល​​​ខ្ញុំ​ចង់​បាន​ ដែល​ខ្ញុំ​ប៉ង​ពី​មុន​ត្រូវ​រលាយ​បាត់​រូប។ ​ខ្ញុំ​ខ្វល់​សព្វ​ខ្ញុំ​ខ្វល់​គ្រប់​ ខ្វល់​ព្រោះ​មិន​ដឹង​​ថា ឪពុកម្តាយ​​គ្រួសារ​មាន​សុខ​ទុក្ខ​យ៉ាង​ណា​ ខ្វល់​ព្រោះ​ស្តាយ​​ស្រុក​មិន​គួរ​ធ្លាក់​ដល់​​កម្រិត​ហ្នឹង​។​ ខ្ញុំ​មាន​ស្ថាន​ភាព​ដូច​ជាជន​វិកល​ចរិត​ម្នាក់ ខ្ញុំ​ខ្លាច​សព្វ​ខ្លាច​គ្រប់​ ខ្លាច​មនុស្ស​ ខ្លាច​មនុស្ស​ ខ្លាច​សង្គម។ ខ្ញុំ​ដែល​ជាមនុស្ស​ធ្លាប់​តែ​រួស​រាយ​ ចូលចិត្ត​សប្បាយ​លេង​សើច​ ខ្ញុំ​ក្លាយ​ទៅ​ជា​មនុស្ស​ទុទិដ្ឋិនិយម​ស្អប់​មនុស្ស​ ស្អប់​សង្គម​ ស្អប់​នយោបាយ​ ស្អប់​អ្នក​ធ្វើ​នយោបាយ​។ ខ្ញុំ​ក្លាយ​ទៅ​ជា​មនុស្ស​ឯកោ ធ្លាក់​លុង​ទៅ​ក្នុង​រណ្តៅ​អស់​សង្ឃឹម​មួយ​ជ្រៅ​សែន​ជ្រៅ។ ពី​ដើម​ខ្ញុំធ្លាប់​បើក​ឡាន​លឿន​ល្លេវ​ៗ តាម​មហាវិថី​នានា​នៅ​ក្រុង​ប៉ារីស​ ឥឡូវ​ខ្ញុំ​ក្លាយ​ទៅ​ជា​មនុស្សខ្លាច​ឡាន ខ្លាចចង្កូត​ឡាន ខ្លាច​ដូច​ឈ្លូស​ចូល​ស្រុក។

ខ្ញុំ ​មិន​បន្ទោស​ខ្លួន ហើយ​មិន​ស្តាយ​ទេ​នូវ​មាតុភូមិ​វត្តន៍​របស់​ខ្ញុំ​ នាដើមឆ្នាំ​១៩៦៧ ព្រោះ​ខ្ញុំ​បាន​ធ្វើ​ទៅ​តាម​ឧត្តម​គតិ ទៅ​តាម​មនោសញ្ចេតនា​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ចង់​យក​ចំណេះ​ចេះ​ដឹង ទៅ​បម្រើ និង​ជួយ​កសាង​ស្រុក។ តែ​ខ្ញុំខឹង​ចិត្ត​ នឹក​ស្តាយ​ជា​ទី​បំផុត​ដោយ​ចាញ់​ឧបាយ​​កល​ខ្មៅ​ក្រខ្វក់​បោក​ប្រាស​ឧត្បាត​ របស់​ខ្មែរ​ក្រហម។

អស់​រយៈ​ពេល​យូរ​ណាស់ ទម្រាំ​ខ្មែ​រ​មាន​ស្ថានភាព​នឹង​នរធម្មតា​ដូច​ពី​ដើម។

ដប់ ​ឆ្នាំ​ក្រោយមក​ ខ្ញុំ​មាន​សំណាង​បាន​ត្រឡប់​ទៅ​លេង​ភូមិ​កំណើត​របស់​ខ្ញុំ​។ ខ្ញុំ​មាន​ក្តី​រំភើប​ក្តុប​ក្តួល​ក្នុង​ចិត្ត​ជា​ខ្លាំង ព្រោះ​ស្តាយ​អាណិត​ស្រុក​ ដែល​ពី​ដើម​ធ្លាប់​តែ​សម្បូណ៌​សប្បាយ​ ឥឡូវ​ប្រែ​ជា​ស្រពោន វេទនា​តោក​យ៉ាក។ ខ្ទម​​តូច​ៗ កណ្តេច​កណ្តោច​ដុះ​រហង់​តាម​ដង​ផ្លូវ​ជាតិ ដែល​ដាច់​ក្រហេង​ក្រហូង​ដោយ​អន្លើ​ៗ​ទៅ​ហើយ  ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ទៅ​ដល់​អត្ថបទ​របស់​អ្នក​និពន្ធ​ចិន​ដ៏​ឆ្នើម​ម្នាក់​ ឈ្មោះ​ «លូស៊ីន» ដែល​បាន​ពណ៌នា​រៀប​រាប់​ពី​សន្តាន​ចិត្ត​គាត់ នៅ​ពេល​បាន​ឃើញ​ទិដ្ឋភាព​នៃ​ភូមិ​កំណើត​ដូន​តា​ជា​ថ្មី​ម្តង​ទៀត​ បន្ទាប់​ពី​បាន​​ចាក​ចេញ​ទៅ​អស់​រយៈ​២០ឆ្នាំមក។ ចំណែក​ឯ​ខ្លួន​ខ្ញុំ​វិញ ក៏​មិន​ខុស​ពី​ចំណាប់​អារម្មណ៍​របស់​គាត់​ដែរ ខ្ញុំ​ភ្ញាក់​ស្លុត​ចិត្ត​ជា​ខ្លាំង​ ព្រោះ​ខ្ញុំ​មើល​ភូមិ​កំណើត​លែង​ស្គាល់។ ភូមិ​ដែល​ពីដើមធ្លាប់​ស្អាត​ស្អំ​សប្បាយ​រីករាយ ឥឡូវ​ក្លាយ​ទៅ​ជា​ក្រៀម​ក្រំ​ ស្វិត​ស្រពោន​ គ្មាន​ព្រលឹង។ ភូមិ​ខ្ញុំប្លែក​ខុស​ពី​មុន​ឆ្ងាយ​ណាស់ គេ​បាន​ប្រែ​រូប​ទៅ​ជា​ភូមិ​ដី​ក្រហម ក្រហម​ទាំង​ផ្ទះ ក្រហ​ម​ទាំង​ដើម​ឈើ​​នៅ​សង​ខាង​ផ្លូវ ព្រោះ​ថ្នល់​ដែល​ធ្លាប់​ចាក់​ថ្ម​ក្រាល​កៅ​ស៊ូរលោង​ស្រិល ឥឡូវ​ក្លាយ​ទៅ​ជា​ថ្នល់​ចាក់​ដី​ក្រហម​ហុយ​ទ្រលោម​។ ហួស​ចិត្ត​! យើង​ហាមាត់​និយាយ​លែង​រួច!

រីឯ ​បង​ប្អូន​គ្រួសារ​មិត្តភក្តិវិញ មួយ​ចំនួន​ធំ ត្រូ​វ​បាត់​បង់​ជីវិត​ក្នុង​សម័យ​ក្រហម​អស់​ទៅ​ហើយ ឯអ្នក​ដែល​នៅ​សល់​វិញ ខ្លះ​ស្គម​ស្គាំង ខ្លះ​ជ្រុះ​ធ្មេញ​ស្ទើរ​អស់ពី​មាត់​។ រួម​ផ្សំ​នឹង​ជីវភាព​ដុន​ដាប​លំបាក​វេទនា​ផង​ គេ​រស់​ទាំង​បារម្ភ ទាំង​ភិត​ភ័យ​ ទាំង​អស់​សង្ឃឹម​ផង គេ​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ចាស់​ជាង​អាយុ យើង​មើល​លែង​ចង់​ស្គាល់។

ឱ! ខ្លែង​​ឯក​អើយ! ខំ​កាត់​ពី​នាយ​ដល់​អាយ សង្ឃឹម​ថា នឹង​បាន​ស្តាប់​អ្នក​ជា​ថ្មី​ម្តង​ទៀត​ តែ​អនិច្ចា! មិន​បានឮ​សំនៀង​​អ្នក​ទេ បែរ​ទៅ​ជា​ឮ​សំឡេង​ខ្សឹក​ខ្សួល​-​អួល​ទឹក​ភ្នែក រៀប​រាប់​អំពី​ទុក្ខ​សោក រៀប​រាប់​ពី​ទុក្ខ​សោក ពី​ការ​ព្រាត់​ប្រាស​លំបាក​វេទនា​ទៅ​វិញ! ខ្ញុំ​និយាយ​លែង​ចេញ…

ឆ្នាំ ​១៩៧៩ បន្ទាប់​ពី​របប​កម្ពុជា​រលំរលាយ​ទៅ ប្រជា​ជន​មួយ​ចំនួន​ផុស​ផុល​នាំ​គ្នា​រាំ​ច្រៀង នាំ​គ្នា​ស្រែក​ហូរ​កញ្ជៀវ គេ​សើច​ព្រោះ​ជីវិត​នៅ​គង់​វង់ នឹង​មាន​សេរីភាព​ឡើងវិញ! គេ​ខំ​នាំ​គ្នា​រាំ​ច្រៀង​ៗ​ ដើម្បី​បំភ្លេចទុក្ខ​! ដើម្បី​រម្ងាប់​ក្តី​អស់​សង្ឃឹម! ម្នាក់ៗ​អស់​រលីង​ពី​ខ្លួន​ អស់​ម៉ែ​អស់​ឪ-អស់​បង​អស់​ប្អូន-​អស់​លុយ-​អស់​ផ្ទះ​សម្បែង។ ប្រទេស​ខ្មែរ​​ដែល​ធ្លាប់​តែ​សម្បូណ៌​ ឥឡូវ​គេ​ក្លាយ​ទៅ​ជា​ប្រទេស​ក្រ​ជាង​គេ​នៅ​ក្នុង​សកល​លោក​អ្វី​ៗ​ក៏​គ្មាន​! អ្វី​ៗ​ក៏​អស់! គ្មាន​មធ្យោបាយ​ផលិត! គ្មាន​ថវិកា!

ពី ​សង្គម​ «បុរេប្រវិត្ត​សាស្រ្ត» មក «សម័យ​ទំនើប» វាខុស​គ្នា​ឆ្ងាយ​ណាស់​ហៅ​មិន​ឮ! ពី​«ចបកាប់-​រទេះ​គោមក​សម័យ​កុំព្យូទ័រ» យើ​ង​ត្រូវ​ឆ្លងជ្រោះ​ជ្រលង​មួយ​ជ្រៅ​សែន​ជ្រៅ​ឆ្ងាយ​សន្លឹម​។ បើ​យើងហ៊ាន​លោក​ផ្លោះ​ឲ្យ​ទៅ​តាម​ទាន់​គេ​ភ្លាមៗ ដោយ​មិន​ឈរ​លើ​សមត្ថភាព​ផ្ទាល់​របស់​យើង​ទេ យើង​ប្រាកដ​ជា​ជួប​ប្រទះ​នឹង​បញ្ហា​សង្គម​មួយ​ធំ​មហិមា ពិបាក​ដោះ​ស្រាយ​ ជំពាក់​គេ​វ័ណ្ឌ​ក​ដោយ​ខាន​មិន​បាន ហើយ​ប្រជា​ជន​មួយ​ចំនួន​ធំ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ទុគ៌ត​ភាព មិន​ងាយ​នឹង​ស្តារ! រីឯ​សាមគ្គីភាព ភាតរភាព​ ក៏​កាន់​តែ​វិនាស​ហោច​ទៅ​ៗប្រគល់​តំណែង​ទៅ​ឲ្យ​«អធិរាជដុល្លារ»​មក​គ្រប់​ គ្រង​ដណ្តប់​លើ​សង្គម​ខ្មែរ ជំនួស​វិញ!

នេះ​ហើយ​ដែល​«របប​កម្ពុជា​ប្រជា​ធិបតេយ្យ​មហាអស្ចារ្យ» បាន​បន្សល់​ទុក​ឲ្យ​ខ្មែរ​យើង៖

-​យើងខូច​ខាត​ បាត់​បង់​អស់​ ! អស់​ស្រុក អស់​ស្រែ! អស់​ជី​វិត!

-យើង​ទាំង​អស់​គ្នា​បាត់​មោទនភាព​ ! បាត់​ក្តី​សង្ឃឹម! បាត់​សុភមង្គល!

-ប្រជាជន​បាត់​សុវត្ថិភាព! បាត់​សម្រស់! បាត់​ក្តី​សប្បាយ​ក្នុង​ជីវិត!

– ប្រជាជន​បាត់ព្រលឹង​! បាត់កិត្តិយស! បាត់ភាព​ថ្កុំ​ថ្កើង​!

ឱ! ខ្លែង​ឯក​អើយ! ថ្ងៃណា អ្នក​នឹង​ច្រៀង​ឡើង​វិញ!

ដក ​ស្រង់ ទំព័រទី៣២៦ ដល់៣៣១, ពី​សៀវភៅ «ខ្លែង​ឯក​អើយ! ថ្ងៃណា អ្នក​នឹង​ច្រៀង​ឡើង​វិញ!» របស់​អ្នកនិពន្ធ ជា ហួ, គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ អង្គរ, ឆ្នាំ​២០១១ ។

នេះជាសៀវភៅ

ដែលគួរតែជាវអានខានមិនបាន

ចេញផ្សាយពីគ្រឹះស្ថានបោះពុម្ពផ្សាយអង្គរ

នៅទីក្រុងភ្នំពេញ

កែប្រែនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s