រៀនតែងនិពន្ធ

វិធីសាស្ត្រនៃការនិពន្ធរឿងខ្លី

ដោយ​ប៉ិច ​សង្វាវ៉ាន

COMMENT ECRIRE LA NOUVELLE

Par PECH  SANGWAWANN

(ខ្ញុំនិងស្វាមីឯកឧត្តមប៉ិចឈុនថតឆ្នាំ២០០៨នៅភ្នំពេញ) 

យើង​ហៅ​ប្រលោមលោក​ខ្នាត​ខ្លី ថា​«រឿងខ្លី»​។ បារាំង​ហៅ​ថា​«NOUVELLE»ពាក្យ​អង់​គ្លេស​ថា «SHORT STORY»។

រឿង​ខ្លី​ពុំ​មែន​ជា​កូន​ប្រលោមលោក​តូច​ៗ​ និង​ពុំ​មែន​ជា​រឿង​ប្រលោមលោក​វែងដែល​យក​មក​សង្ខេប​ឬ​បង្រួញ​ឲ្យ​ខ្លីឡើយ​។

សូម​បញ្ជាក់​ថា យើង​មិន​ត្រូវស្រង់​យក​វគ្គ​ណា​មួយ​ពី​ក្នុង​ប្រលោមលោក​ខ្នាត​វែង​មក​ធ្វើ​ ជា​រឿង​ខ្លី​ទេ​ ទោះ​បីជា​វគ្គ​នោះ​មាន​ខ្លឹមសារ

យ៉ាង​ណា​ក្តី​ក៏​វា​នៅ​ខ្វះ​លក្ខណៈ​នៃ​វិធីសាស្រ្ត​និពន្ឋ​រឿងខ្លី មិន​ខុស​ពី​មនុស្ស​ដែល​មិន​គ្រប់​លក្ខណៈ​ដូច្នោះ​ដែរ​។

តាម​ការ​សង្កេត​ចំណាំ គេ​អាច​សរសេរ​រឿង​ខ្លី​ពី​១​ទំព័រ​ទៅ​ដល់​៧​ទំព័រ​។ ​បើ​វែងក៏​មិន​ត្រូវ​សរសេរ​ឲ្យ​លើស​ពី​១៥​ទំព័រ​ឡើយ​។

វិធីសាស្ត្រ​នៃ​ការ​និពន្ឋ​រឿង​ខ្លី

ការ​សរសេរ​រឿង​ខ្លី​និង​ការ​សរសេរ​ប្រលោមលោក​វែង​មាន​គោលការណ៍​ជា​គ្រឹះចំនួន​៣​ដូច​គ្នា​គឺ៖​អត្ថរស អត្ថរូប​ និង ​អត្ថន័យ​ឬខ្លឹមសារ

(សូម​អាន​វិធីសាស្រ្តនៃ​ការ​និពន្ឋ​ប្រលោមលោក​ដែលខ្ញុំបានប្រកាសហើយ)។

ស្តី​ពី​ការ​ដំណាល​រឿង​នៅ​ក្នុង​ប្រលោមលោក​ទាំង​ពីរ​ខ្នាត អ្នក​និពន្ឋ​អាច​ប្រើមនុស្ស​ទី១​(ឬ​បុរស​ទី១​)​ថា​«ខ្ញុំ» និង​អាច​ប្រើ​មនុស្ស​ទី៣​ឬ

បុរស​ទី៣​ថា​«នាង អ្នក​ស្រី លោក លោកស្រី ឯក​ឧត្តម​ លោកជំទាវ ។ល។ ទៅ​តាមថានៈ​វណ្ណៈ​តួអង្គ​ក្នុង​សាច់​រឿងដូច​គ្នា

ប៉ុន្តែ ​របៀប​គ្រោង​រឿង​ប្រលោមលោកទាំង​ពីរ​ប្រភេទ​ (វែង​និង​ខ្លី​) ​មាន​លក្ខណៈ​ខុស​គ្នា​​តើ​ខុស​ត្រង់​ណា​ខ្លះ​ ?​គឺខុសនៅត្រង់៖

– ចំនួន​ទំព័រ

– ចំនួន​តួ​អង្គ

– ទង្វើ​និង​សកម្មភាព​តួ​អង្គ

– បញ្ហា​និង​ដំណោះ​ស្រាយ​ក្នុង​រឿង​មាន​តិច​ឬ​មាន​តែ​១​គត់។

– របៀប​ពិព៌ណនា​ដែល​យើង​ហៅ​ថា​ការ​ដំណាល​រឿង​ក៏​មិន​ត្រូវ​អូស​បន្លាយទេ​។ សូម​សរសេរ​សង្ខេប​យក​តែ​ចំណុច​សំខាន់​ឲ្យ​អ្នក​អាន​យល់​រឿង​ច្បាស់​ តែប៉ុណ្ណោះ​ល្អ​គ្រប់​គ្រាន់​ហើយ​។

– ដំណើរ​រឿង​ទាំង​មូល​ទៀត​សោត​ក៏​ត្រូវ​កាត់​ឲ្យ​ខ្លីដែរ​ ប៉ុន្តែ​សូម​គោរព​គោល​វិធី​គ្រឹះទាំង៣ជាដាច់ខាត គឺ អត្ថរស អត្ថរូប ​និង​អត្ថន័យ។

អាស្រ័យ​ហេតុ​នេះ ​ខ្ញុំ​សូម​គូស​បញ្ជាក់​ដែរ ​បើ​អ្នក​សរសេរ​រឿង​ខ្លី អ្នក​ត្រូវ​គិត​អំពី​របៀប​សរសេរ​រឿង​ខ្លី ដើម្បី​សម្រប​ទៅ​តាម​វិធីសាស្រ្តនៃ​ការ​និពន្ឋ​រឿង​ខ្លី​។

គន្លឹះ​សំខាន់​ទាំង​១០​នៃ​វិធីសាស្ត្រ​និពន្ឋ​រឿង​ខ្លី

ដើម្បី​បញ្ចៀស​ការ​ស្មុគ​ស្មាញ​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ការនិពន្ឋ​រឿង​ខ្លី ខ្ញុំ​សូម​ជូន​គន្លឹះ​សំខាន់​ៗ​ដូច​ត​ទៅ​នេះ​៖

១-តួ​អង្គ ៖ ក្នុង ​រឿង​ខ្លី តួ​អង្គ​មាន​ចំនួន​តិច​គឺ​ពី​ម្នាក់​ទៅ​៣​នាក់​យ៉ាងច្រើនបំផុត។​ អ្នក​និពន្ឋ​អាចបង្កើត​តួ​អង្គ​តែ​ម្នាក់​ក៏​បាន​ដែរ​។​ ក្នុង​ករណី​តួអង្គ​តែ​ម្នាក់​គត់​នេះ សាច់​រឿង​បាត់​បង់សម្ភស្ស​និង​មិន​សូវ​មាន​សភាព​រស់​រវើក​ទេ​។ ជា​ពិសេស​ បើ​សាច់​រឿង​គ្មានពាក្យ​សន្ទនា​នោះ​ ការនិពន្ឋរឿងខ្លីមិនត្រឹមតែប្រាសចាកវិធីសាស្ត្រជាគោលនោះទេ វាអាចធ្វើឲ្យអ្នកអាន​គិតថាជាអត្ថបទរៀបរាប់ពីព្រឹត្តការណ៍អ្វីមួយទៅវិញ។

ដូច្នេះ​ អ្នក​អាច​ធ្វើ​ឲ្យ​តួអង្គ​ទោល​នេះ​ឆ្លើយ​ឆ្លង​ជា​មួយ​សម្លេង​សម្បជញ្ញៈ​ ខ្លូន​ឯង​ឬ​អាច​ប្រើ​បច្ចេកទេសម៉្យាង​ គឺ​លើក​យក​វាចា​របស់​តួអង្គ​ណា​ម្នាក់​ដែល​អ្នក​និពន្ឋ​មិន​បាន​បង្កើត​ ឡើងឲ្យ​មាន​សកម្មភាព​ទេ​ដែលជាតួអង្គស្រមោល។

ឧទាហរណ៍៖ រឿង​«ខ្យល់​សមុទ្រ»ក្នុង​សៀវភៅ​រឿង​«ស្រមោល​ស្នេហ៍»​របស់​ខ្ញុំ (សូម​អាន​វិធីសាស្រ្ត​នៃ​ការ​និពន្ឋ​ប្រលោមលោក​ទំព័រ​៧៣​៖​ ខ្ញុំ​បាន​សរសេរ​ឲ្យឧត្តម​នឹក​ឃើញ​វាចា​របស់​ម្តាយ​របស់​ខ្លួន។)

២- សកម្មភាព​និង​ទង្វើ​តួ​អង្គ

ក្នុង ​រឿង​ខ្លី​មិន​ដូចនៅ​ក្នុង​ប្រលោមលោក​វែងទេ គឺអ្នក​មិន​ត្រូវ​បង្កើត​សកម្មភាព​និង​ទង្វើ​តួអង្គ​ច្រើន​នាំ​ឲ្យ​ ស្មុគស្មាញ និង​លើសខ្នាត​រឿង​ខ្លី​ឡើយ​។

៣​-បញ្ហា​និង​ដំណោះ​ស្រាយ

*ក្នុង ​រឿង​ខ្លី​ក៏​មាន​បញ្ហាតែ​១​ឬ​ចំនួន​តិចតួច​បំផុត​ (​សូម​អាន​រឿង​«បាច់​ផ្កា» ក្នុង​សៀវភៅ​រឿង​«ម្តាយ​ក្មេក​ទំនើប​»​របស់ខ្ញុំ​។ យ៉ាង​ណា​មិញ​ ការ​ដោះ​ស្រាយ​បញ្ហា​ក៏​មាន​តែ​បន្តិច​បន្តួច​ទៅ​តាម​បញ្ហាដែល​តិច​នោះ​ដែរ​ ។ បើ​អ្នក​បង្កើត​បញ្ហា​ច្រើន ​អ្នក​មិន​ត្រឹម​តែ​ប្រាស​ចាក​ការនិពន្ឋ​រឿង​ខ្លី​ទេ អ្នក​ត្រូវ​ខាត​ចង់​ពេល​វេលា​គិត​និង​សរសេរ​ឡើង​វិញ។​ មិន​ត្រឹម​តែប៉ុណ្ណោះ អ្នក​ប្រាកដ​ជា​វិល​ក្បុង​ហើយ​ជួប​ប្រទះ​និង​ការ​ពិបាក​ដោះស្រាយ​បញ្ហា​ ដែលអ្នក​បាន​បង្កើត​យ៉ាង​ច្រើន​នោះព្រោះ​តែ​មិន​បាន​ប្រមាណ​ទៅ​តាម​ខ្នាត​ រឿង​ខ្លី​និងចំនួន​ទំព័រ ជា​ពិសេស​គឺ​ពិបាក​បញ្ចប់​ឬ​បញ្ចប់​មិន​ល្អ​ដូច​ការ​គ្រោង​ទុក​។

សិក្ខាកាមក្នុងការិយាល័យសមាគមអក្សរសិល្ប៍នូហាចនៅពុទ្ឋសាសនបណ្ធិត្យភ្នំពេញ(ធ្នូ២០១០) 

៤-​ការ​រៀប​ឆាក​ឬ​វគ្គ​៖ សូម ​គិត​ថា​វគ្គ​នេះ​សម្រាប់​តួ​អង្គ​ណា​មួយ? ជាអ្វីដូចម្តេច? ពេល​ណា?​នៅ​កន្លែង​ណា​?។​ ការ​សរសេរ​ឆាក​ឬ​វគ្គ​នៅ​ក្នុង​រឿង​ខ្លី​តម្រូវ​ឲ្យ​ អ្នក​សរសេរ​ត្រួស​ៗយ៉ាងខ្លី​ៗ តែ​ច្បាស់​ដើម្បី​ជួយ​អ្នក​អាន​ឲ្យ​ងាយ​យល់​ដំណើរ​រឿង​ពី​វគ្គ​មួយ​ទៅ​ វគ្គមួយទៀត​។​ ដូច្នេះ​ អ្នក​មិន​ត្រូវ​សរសេរ​វែង​អន្លាយ​ឆ្ងាយ​ហួស​ពី​ការ​ចង់​ដឹង​របស់ អ្នកអាន​ឡើយ កុំ​ឲ្យ​គេ​ធុញទ្រាន់និងទ្រលាន់​។

៥-ការ​ពិព៌ណនា​ឬ​ការ​ដំណាល​រឿង​៖ ក៏ ​ដូច​គ្នា​និង​ការ​រៀប​ចំ​ឆាក​ឬ​វគ្គ​ដែរ បើសរសេរកាន់តែ​ខ្លី​ កាន់​តែ​ច្បាស់​ គឺកាន់​តែ​ល្អ​។​ សូម​សម្រិត​សម្រាំង​ពាក្យ​ពេចន៍ឃ្លា​ប្រយោគ​និង​គុណភាព​រឿង ដើម្បី​បង្ក​អារម្មណ៍​អ្នក​អាន​ឲ្យឆាប់​ញោច​ទៅ​តាមដំណើរ​សាច់​រឿង​ ទើបសិល្ប៍វិធី​និពន្ឋ​មាន​ប្រសិទ្ឋភាព​។ យ៉ាង​ណា​មិញ​ នៅក្នុង​សិល្ប៍វិធី​នៃ​ការ​និពន្ឋ​រឿង​ខ្លី ការប្រើមធុរស​ភាសា​និង​គុណភាព​អក្សរសិល្ប៍​សុទ្ឋសឹង​ជា​ធន​ធាន​និង​ជា​មធ្យោបាយ អន្ទង​ចិត្ត​អ្នក​អាន​ឲ្យ​អាន​រឿង​បន្តទៅ​មុខ​ជា​និច្ច​ និង​ឲ្យ អ្នក​អាន​ស្លុង​ចូល​ក្នុង​សាច់​រឿង​និង​ចូល​តួ​។​​ រឿង​ខ្លះ យើងអានចប់​ហើយ​មិន​ចង់​ឲ្យ​ចប់សោះ​។

៦-ភាព ចាំ បាច់ នៅក្នុង​រឿង​ខ្លី​គឺ​ការ​រក្សា​ចម្ងល់​និង​អាថ៌កំបាំង ដើម្បី​ធ្វើ​ឲ្យ​អ្នក​ អានតាម​ដាន​ចង់​ដឹង​ជា​ហូរហែ​មួយ​ចប់​សាច់​រឿង​ទាំង​មូល​។​ អ្នក​អាច​បង្វែង​អ្នក​អានដែលកំពុងតាម​ដាន​ដើម្បីកុំ ​ឲ្យ​គេ​គិត​ឃើញ​ដំណោះ​ស្រាយ របស់​អ្នក​ត្រូវ​ឲ្យសោះនៅ​មុនដល់ការ​បញ្ចប់​សាច់​រឿង​។​ ចំណុច​ត្រង់​នេះ​សំខាន់​ណាស់ ទោះ​បី​ជា​នៅ​ក្នុង​ការសរសេរ​រឿង​ខ្លី​ក៏​ដូច​ជា​ការ​និពន្ឋ​ប្រលោមលោក​ វែងដែរ​។

៧-ចំណង​ជើង៖ បើ​ អាច​ធ្វើ​បាន​ គួរ​តែ​រក​ចំណងជើង​ណា​ដែល​អាច​បង្កប់​ល្បិច​។ សូម​កុំ​ដាក់​ចំណងជើង​ណា​ដែល​សសៀរ​ទៅ​ក្បែរ​គំនួច​បញ្ហា​ឲ្យ​សោះដើម្បី​លាក់ ​អាថ៌កំបាំង​ទុក​ឲ្យ​អ្នក​អាន​ឆ្ងល់​(suspens)​ រហូត​ដល់​ចុង​បញ្ចប់សាច់​ រឿង​តែ​ម្តង​(ឧទាហរណ៍៖សូមអានរឿង«បាច់ផ្កា»នៅក្នុងសៀវភៅ«ម្តាយក្មេកទំនើប»របស់ខ្ញុំ)។

សិក្ខាកាមកំពុងអាន«រឿងបាច់ផ្កា»(រូបថត៖​ប៉ិច​សង្វាវ៉ាន)
 

៨-ចិត្តសាស្រ្ត​និង​ទស្សនវិជ្ជា​ក្នុង​រឿង​ខ្លី ៖ សូម​លះ​បង់​ការ​រៀប​រាប់​បែប ចិត្តសាស្ត្រ ​និង​ទស្សនវិជ្ជា​ព្រោះ​រឿង​ខ្លី​ត្រូវ​ដើរ​ត្រង់​ភ្លឹង​សំដៅ​ឆ្ពោះ​ទៅ​ រកគោលដៅ​តាម​រយៈ​អំពើ និង​ទង្វើ​ACTION​របស់​តួអង្គ​។

៩- ឃ្លា​ប្រយោគសូម ​សរសេរ​ឃ្លា​ប្រយោគ​ដំបូង​ឲ្យ​មាន​ធ្នាក់​ទាក់​ចិត្ត​អ្នកអាន​។ បន្ទាប់មក ទង្វើ​និង​សកម្មភាព​របស់​តួ​អង្គ​ត្រូវ​ចាប់​ផ្តើម​ប្រព្រឹត្តកុំបង្អង់​។  ការ​ប្រព្រឹត្ត​​របស់​តួ​អង្គ នៅ​ក្នុង​ដំណើរឿ ង​ជា​ហូរហែ អាច​គ្រប់​គ្រងចិត្តសាស្រ្ត​តួ​អង្គ និង​លាត​ត្រដាង​បង្ហាញឲ្យ​អ្នក​អាន​​ដឹង​ច្បាស់​ដោយ​មិន​ចាំបាច់​ឲ្យ​ អ្នកនិពន្ឋ​ធ្វើ​អត្ថាធិប្បាយ​បែប​ចិត្ត​សាស្ត្រ​និង​ទស្សនវិជ្ជា​ទេ​។

ឧទាហរណ៍ ៖ រឿង​«ព្រោះ​តែ​អ្នក»សូម​អាន​ទំព័រ​៣៦​ដល់​៤៣​ក្នុង​សៀវភៅរឿង​«ម្តាយ​ ក្មេកទំនើប​»។ ខ្ញុំ​មិន​ចាំបាច់​សរសេរ​ពិពណ៌នា​បែប​ចិត្តសាស្រ្ត​ទេទុក​ឲ្យ​តួអង្គ ប្រព្រឹត្តអំពើ​របស់ខ្លួនវិញ ​។​ ការ​ប្រើ​សិល្ប៍វិធី​បែប​នេះ​អាច​ធ្វើ​ឲ្យអ្នក​អាន​រំជួល​ចិត្ត​ជាង​ និង​មាន​ប្រសិទ្ឋភាព​លើ​អារម្មណ៍​អ្នក​អាន​ជាង​ការពិពណ៌នា​របស់​ខ្ញុំ​ត្រង់ ​ៗ​។ នេះ​ជា​ការពិសោធន៍​មួយ​របស់​ខ្ញុំ​។

១០ – ប្រលោមលោក​ខ្លី ឬ​រឿង​ខ្លី មិន ​មែន​ជា​រឿង​ដែល​លាត​ត្រដាងរឿង​មួយ​ជីវិតមនុស្សឡើយ​ហើយ​ក៏​មិន​មែន​ជា​រឿង​ ដែល​មាន​រយៈ​កាល​យូរ​ដែរ​។​ រយៈពេលនៅ​ក្នុង​រឿង​ខ្លី ​ជា​រយៈ​ពេល​ដែល​កន្លង​ទៅ​យ៉ាង​ខ្លី​ ៖ ចាប់ពីបី​បួន​ប្រាំ​នាទី ឬ១​ម៉ោង​ឬ ១​ថ្ងៃឬ ២​ថ្ងៃ ​កម្រ​មាន​រយៈ​ពេល​យូរ​ណាស់​។ ​លើក​លែង​តែ​សរសេរ​បែប​រចនាបទ ឬ​ស្ទីល​flash back​ដែល​ផ្តេក​ផ្តួលនិង​ផ្អែក​​ទៅ​រក​អតីតកាល​៕ចប់៕

 

សិក្ខាកាមនិងខ្ញុំថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាលការនិពន្ឋ១៩ធ្ន្នូ២០១០

ជាមួយសមាជិកសមាគមអក្សរសិល្ប៍នូហាច(រូបថត​​៖​ប៉ិច​សង្វាវ៉ាន)

5 thoughts on “រៀនតែងនិពន្ធ

    • ចាស ​អរគុណផងដែរដែលបានចូលអាននិងយល់ថាមានប្រយោជន៍។​ សូមអធ្យាស្រ័យ​ដែលខ្ញុំមិនទាន់មានពេលបំពេញគ្រប់ចំណាត់់ក្រុម​​ ព្រោះឯកសារជាច្រើននៅឯប្រទេសបារាំង​ហើយក៏មិននឹកស្មានថាអាចបង្កើតប្លក់នេះចេញជារូបរាង។​

      ប្រធានសអខប

  1. ខ្ញុំសូមជម្រាបសួរ លោកស្រីប្រធានស្ថានិក និងក្រុមការងារនៃសមាគមអ្នកនិពន្ធខ្មែរ
    នៅបរទេស !

    ជាបឋមខ្ញុំសូមថ្លែងអំណរគុណ និងកតញ្ញូតាធម៌ សេចក្តីគោរព និង កោតសរសើរ
    យ៉ាងជ្រាលជ្រៅពីទឹកចិត្តរបស់ខ្ញុំ ចំពោះលោកស្រីប្រធានស្ថាបនិក និងក្រុមការងារ
    នៃសមាគមនេះ ដែលបានខិតខំបង្កើតនូវគេហទំព័រនេះ និងផ្តល់នូវវិធីសាស្រ្តឬរបៀប
    តែងនិពន្ធនិងអត្ថបទជាច្រើនទៀត ដ៏មានតម្លៃ គុណប្រយោជន៍ ខ្លឹមសារ និងជាគំរូល្អ
    ដល់មនុស្សទូទៅ និងមនុស្សជំនាន់ ក្រោយៗគ្រប់ជំនាន់ទាំងអស់ ជាពិសេសប្រជាពល
    រដ្ឋខ្មែរ និងយុវជនខ្មែរ ទាំងឡាយ រួមទាំងរូបខ្ញុំផ្ទាល់ដែលមានបំណងប្រាថ្នាចង់ក្លាយជា
    អ្នកនិពន្ធ ។ អ្នកនិពន្ធគឺជាអ្នកចូលរួមចំណែកដ៏សំខាន់បំផុតក្នុងវិស័យអប់រំកិច្ចអភិវឌ្ឍន៍
    សង្គមជាតិ មានភាពរីកចម្រើនជាលំដាប់និង សុខសន្តិភាពទូទាំងពិភពលោកទាំងមូល ។

    ខ្ញុំសូមគោរព និងជូនពរលោកស្រីប្រធាន ក្រុមគ្រួសារ និងក្រុមការងារនៃសមាគម មាន
    សុខភាពល្អមាំមួន ពុទ្ធពរបួនប្រការ សុខសុភមង្គល ភាពរីកចម្រើន និងជោគជ័យគ្រប់
    កិច្ចការងារទាំងអស់គ្រប់ពេលវេលា ។

    សូមលោកស្រីប្រធានទទួលនូវការគោរព និងសេចក្តីស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រអំពី
    ខ្ញុំបាទ ។

    ថុន ប៊ុនរ៉ានីន
    មនុស្សជំនាន់ក្រោយ និង ៧៩
    ស្រុកពាមរក៍ ខេត្តព្រៃវែង កម្ពុជា/ខ្មែរ
    ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១

    • ជម្រាបសួរលោកថុន ប៊ុនរ៉ានីនជាទីស្រឡាញ់រាប់អាន

      ជាបថម ខ្ញុំសូមលោកមេត្តាអភ័យទោស ព្រោះខ្ញុំទើបតែមានឱកាសចូលក្នុងគេហ
      ទំព័រនៃសមាគមអ្នកនិពន្ធខ្មែរនៅបរទេស ព្រោះតែជាប់រវល់នឹងគេហទំព័រផ្ទាល់ខ្លួន។

      ជិត១ឆ្នាំគត់ដែលលោកបានសរសេរមកខ្ញុំ ហើយក្នុងរយៈពេលដ៏យូរកន្លងទៅនេះ ខ្ញុំ
      មិនបានឆ្លើយតបទៅលោកវិញ ដោយសារមូលហេតុខាងលើ។ ខ្ញុំពិតជាស្តាយណាស់។
      សូមលោកជ្រាបថា«ការមិនឆ្លើយតប» មិនមែនជាទម្លាប់របស់ខ្ញុំទេ។ហេតុនេះ​ សូម
      លោកមានអធ្យាស្រ័យកុំប្រកាន់ខ្ញុំ។

      សេចក្តីសាររបស់លោកជាឧសថទិព្វលើកទឹកចិត្តខ្ញុំដែលខំពុះពារជានិច្ចក្នុងវិស័យអក្សរ
      សាស្ត្រ ទោះបីជាវ័យខ្ញុំចម្រើនទៅមុខឥតងាកក្រោយបានក្តី។ ខ្ញុំសូមទោសផងដែរ
      គេហទំព័រនេះនៅខ្វះខាតច្រើនណាស់។ ខ្ញុំមិនទាន់រៀបចំឲ្យបានដូចចិត្តខ្ញុំនៅឡើយទេ
      ព្រោះតែកង្វះពេលវេលា។ ដៃខ្ញុំមានតែពីរឱបនិងបំពេញការងារមិនជុំ​ទេ ទើបបានជា
      គេហទំព័រនេះ និងគេហទំព័រផ្ទាល់ខ្លួនរបស់ខ្ញុំមានអត្ថបទភាគច្រើនដូចគ្នា ព្រោះវាជា
      ការចម្លងចេញពីទីនោះមកដាក់នៅទីនេះ។ រីឯការរៀបចំទំព័រក៏មិនមានលក្ខណៈសុក្រឹត
      ភាពដូចចិត្តខ្ញុំនៅឡើយ។ ខ្ញុំសង្ឃឹមថា លោកយោគយល់អំពីកង្វះសុក្រឹតភាពនៃការ
      ប្រកាសអត្ថបទនីមួយៗ។

      លោកជ្រាបច្បាស់ណាស់ពីកាតព្វកិច្ចរបស់អ្នកនិពន្ធ។ ខ្លួនខ្ញុំ ចំណាស់នេះទៅហើយ
      នៅតែស្រឡាញ់អក្សរសាស្ត្រជាងស្រឡាញ់ខ្លួនឯង ព្រោះមិនសូវបានគិតពីខ្លួនឯងទេ។
      មួយថ្ងៃៗ នៅតែមុខស្គី្រនកំព្យូរទ័របំពេញកិច្ចការដែលរកទីបញ្ចប់មិនឃើញ។ តើលោក
      ជឿទេ?

      អរគុណលោកដែលបានជូនពរយើងខ្ញុំ។ ខ្ញុំក៏សូមជូនពរលោកដែរ។ សូមឲ្យការប៉ង
      ប្រាថ្នាចង់ក្លាយជាអ្នកនិពន្ធបានសម្រេចដូចចិត្តដើម្បីរួមចំណែកក្នុងវិស័យអប់ រំនិង
      កិច្ចអភិវឌ្ឍន៍សង្គមជាតិ។ សូមឲ្យលោកជួបតែសេចក្តីសុខចម្រើននិងជោគជ័យ។ជា
      ពិសេស សូមឲ្យសុខសន្តិភាពមានក្នុងសន្តានចិត្តមនុស្សលោកគ្រប់រូបនៅទូទាំង
      ពិភពលោកទាំងមូល។

      ប្រទេសបារាំង ថ្ងៃ១៣វិច្ឆិកា២០១២

      អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន
      ប្រធានស្ថាបនិកនៃសមាគមអ្នកនិពន្ធខ្មែរនៅបរទេស
      អ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិRFI(ចូលនិវត្តន៍)
      http://www.pechsangwawann.wordpress.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s