ជីវប្រវត្តិពិស្តាររបស់​ប្រធាន​ស្ថាបនិក

ប៉ិច​ សង្វាវ៉ាន

ជម្រាបសួរប្រិយមិត្តអ្នកអានជាទីមេត្រី

ដោយយល់ឃើញថា ជីវប្រវត្តិរបស់ខ្ញុំដែលបានផ្សាយក្នុងសៀវភៅ ឫ ទស្សនាវដ្តីមួយចំនួននៅខ្វះចន្លោះច្រើននិង

ដើម្បីឆ្លើយតបទៅមិត្តអ្នកអានប្រលោមលោករបស់ខ្ញុំ   ជាពិសេសអ្នកសិក្សាស្រាវជ្រាវអក្សរសិល្បិ៍ខ្មែរដែលបាន

ស្នើសុំជីវប្រវត្តិរបស់ខ្ញុំ  ទើបបានជាខ្ញុំសម្រេចចិត្តសរសេរជីវប្រវត្តិយ៉ាងពិស្តារជូនដោយរីករាយ។

ជីវប្រវត្តិពិស្តាររបស់ខ្ញុំ ប៉ិច សង្វាវ៉ាន

នាមដើម ព្រហ្ម សង្វាវ៉ាន

ខ្ញុំចាប់កំណើតនៅថ្ងៃទី ២៤ខែវិច្ឆិកា ឆ្នាំ១៩៤៧ នៅសង្កាត់លេខ៤ រាជធានីភ្នំពេញ ក្នុងគ្រួសារមួយដែលប្រកាន់ខ្ជាប់

នូវទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ខ្ញុំជាបុត្រីច្បងរបស់លោក ចៅ យ៊ី ស៊ុម ដែលជាចាងហ្វាង (សព្វថ្ងៃគេហៅថាប្រធាន)

សាលាឧទ្ធរណ៍ក្រុងភ្នំពេញ និងលោកស្រី ឌីវណ្ណ ដឺឡូប៉េស៍ (មេផ្ទះ)។

រូបថតមាតាបិតាខ្ញុំថតក្រោយពីបានចូលរួម
ក្នុងពិធីតាំងតុក្នុងព្រះបរមរាជវាំងក្នុងឆ្នាំ១៩៦៤
(រូបថត៖ប៉ិច សង្វាវ៉ាន)

ខ្ញុំមានបងប្អូនទាំងអស់១២នាក់ គឺប្អូនស្រី៧នាក់ និងប្អូនប្រុស៤នាក់ដែលមាននាមដូចតទៅនេះ ៖

– ព្រហ្ម សង្វាវ៉ាន (ខ្ញុំជាកូនច្បង)

– ព្រហ្ម វ៉ាន់មុនី (ស្រី)

– ព្រហ្ម សិទ្ឋត្រា (ប្រុស) ត្រឡប់មករស់នៅប្រទេសកម្ពុជា។ បច្ចុប្បន្នជារដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ក្រុងភ្នំពេញ។

– ព្រហ្ម សេរីគិត (ស្រី)

– ព្រហ្ម វេតថូរីយ៉ា (ស្រី ស្លាប់ក្នុងប្រទេសលាវនៅថ្ងៃ៧តុលាឆ្នាំ១៩៧៥)

– ព្រហ្ម វិជ្ជីឡា (ស្រី)

– ព្រហ្ម រិទ្ឋី (ប្រុស ស្លាប់នៅប្រទេសបារាំងខែសីហាឆ្នាំ២០១០)

– ព្រហ្ម កេណ្ឌី (ប្រុស)

– ព្រហ្ម ដាវុធ (ប្រុស)

– ព្រហ្ម លាភបុណ្ណា (ស្រី)

– ព្រហ្ម សិទ្ឋី (ស្រី)

– ព្រហ្ម សូភី (ស្រី)

បិតាមាតាខ្ញុំ ខ្ញុំ និង ស្វាមី ព្រមទាំងប្អូន១១នាក់ថត
ក្នុងភូមិគ្រឹះយើងនៅភូមិបឹងកេងកងភ្នំពេញឆ្នាំ១៩៧២)
(រូបថត៖ប៉ិច សង្វាវ៉ាន)

សព្វថ្ងៃនេះ ប្អូនស្រីប្អូនប្រុសរបស់ខ្ញុំ៨នាក់រស់នៅក្នុងប្រទេសបារាំង (ក្នុងចំណោមនេះ មានប្អូនប្រុសម្នាក់បានត្រឡប់

មករស់នៅក្នុងប្រទេសកម្ពុជាវិញ)។ ចំណែកឯប្អូនស្រីម្នាក់ និងប្អូនប្រុសម្នាក់់ទៀត បានចាកចេញពីប្រទេសបារាំងទៅ

រស់នៅឯសហរដ្ឋអាមេរិក។

ការសិក្សា

បឋមសិក្សា  ៖ ខ្ញុំរៀននៅសាលាបុទុមរាជា ក្រុងភ្នំពេញ។ សាលាទទួលយកតែសិស្សស្រី។

មធ្យមសិក្សា ក្រោយពីបានប្រឡងធ្លាក់ចូលថ្នាក់ទី៦ទំនើបជាតិក្នុងអនុវិទ្យាល័យព្រះនរោត្តមដែលទទួលយកតែសិស្សស្រីៗ

លោកប៉ាបានចុះឈ្មោះខ្ញុំឲ្យចូលរៀនក្នុងវិទ្យាល័យព្រះខ័នដែលជាវិទ្យាល័យឯកជនមួយក្នុងភូមិបឹងកេងកង ក្បែរវត្តលង្កា។

ឆ្នាំបន្ទាប់ ខ្ញុំបានប្រឡងចូលថ្នាក់«ទី៦ទំនើបជាតិ» ក្នុងអនុវិទ្យាល័យព្រះនរោត្តមដដែល តែធ្លាក់ម្តងទៀត។ ប៉ុន្តែ ខ្ញុំបានពិន្ទុ

ជាប់ចូលរៀនក្នុងអនុវិទ្យាល័យ «សង្គមរាស្រ្តនិយម» នៅឯទួលគោក។       ខ្ញុំចាប់ផ្តើមសិក្សាជាមួយសិស្សប្រុសៗជាលើក

ដំបូង។  ចាប់ពីថ្នាក់«ទី៥ទំនើប ដល់ ថ្នាក់ទី២ទំនើបជាតិ» ខ្ញុំរៀននៅ «វិទ្យាល័យព្រះយុគន្ធរ»។ ដល់ថ្នាក់«ទី១ទំនើប» និង

ថ្នាក់«ទីបញ្ចប់ផ្នែកវិទ្យាសាស្ត្រពិសោធន៍» ខ្ញុំបានផ្លាស់មករៀននៅវិទ្យាល័យ«ព្រះស៊ីសុវត្តិ»វិញ។

ឧត្តមសិក្សា ៖ ក្រោយពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រទី២ឆ្នាំ១៩៧០  ខ្ញុំបានចូលរៀននៅមហាវិទ្យាល័យ«និតិសាស្ត្រ

និងវិទ្យាសាស្ត្រសេដ្ឋកិច្ច»      និង  មហាវិទ្យាល័យ «អក្សរសាស្ត្រនិងមនុស្សសាស្ត្រ» (បច្ចុប្បន្នជាសកលវិទ្យាល័យភូមិន្ទ

ភ្នំពេញ) និង ក្រោយមកទៀត ខ្ញុំបានប្រឡងជាប់ចូលមហាវិទ្យាល័យ«គរុកោសល្យ»ផ្នែកអក្សរសាស្ត្រខ្មែរ។

ខ្ញុំស្រឡាញ់អក្សរសាស្ត្រខ្មែរតាំងពីនៅវ័យក្មេងម៉្លេះ។ ខ្ញុំតែងតែគិត និងស្រមៃចង់ក្លាយទៅជាអ្នកនិពន្ធមួយរូបរបស់

កម្ពុជា ហើយខ្ញុំរមែងចិញ្ចឹមចិត្តប៉ងប្រាថ្នាជានិច្ចចង់ក្លាយជាសមាជិកាមួយរូបដែរនៃសមាគមអ្នកនិពន្ឋខ្មែរ។

តាំងពីអាយុ៨ឆ្នាំម្ល៉េះ ខ្ញុំចូលចិត្តអានសៀវភៅខ្មែរ និងសៀវភៅបារាំងណាស់ ។ លុះដល់ចម្រើនវ័យបាន១៣ឆ្នាំ ចំណង់

ចំណូលចិត្តអានសៀវភៅកាន់តែមានសន្ទុះខ្លាំងឡើងៗ។  ខ្ញុំនិយមអានសៀវភៅសិក្សាទាំងភាសាខ្មែរទាំងភាសាបារាំង
និង សៀវភៅប្រលោមលោកខ្មែរផ្នែកមនោសញ្ចេតនា និងជីវិតសោកសៅ។ អាយុ១៦ឆ្នាំ   ខ្ញុំចាប់ផ្តើមសរសេររឿងខ្លីៗ។
មូលហេតុ ខ្ញុំមិនសប្បាយចិត្តនឹងមិត្តនារីរួមថ្នាក់ពីរបីនាក់  ដែលមិនប្រឡងផ្លោះបាក់អងដូចខ្ញុំនាំគ្នាមករំខានខ្ញុំដល់ផ្ទះ
ក្នុងពេលដែលខ្ញុំកំពុងតែរំលឹកមេរៀនឡើងវិញមុនថ្ងៃប្រឡងមធ្យមសិក្សាប័ត្រភាគទី១ ឬ បាក់អង (Baccalauréat 1ère
partie)មួយថ្ងៃ។ ពួកគេដឹងដែរថា ខ្ញុំត្រូវប្រឡងបាក់អងផ្លោះនៅថ្ងៃស្អែកដែរ តែក៏ពួកគេនៅរំខានខ្ញុំមិនចេញពីផ្ទះខ្ញុំទេ។  
អំពើនេះបណ្តាលឲ្យខ្ញុំមានការអាក់អន់ស្រពន់ចិត្ពជាខ្លាំងតែមិនហ៊ានថាឲ្យពួកគេ។  ការអន់ចិត្តនេះបានជំរុញឲ្យខ្ញុំចាប់
ដងប៉ាកកាបង្ហូរទឹកខ្មៅជម្រុះភាពសៅហ្មងសរសេររឿងខ្លីៗផ្ញើទៅជូនលោក ម៉ៅ ប៊ុន ថន ដែលជាអ្នកនិពន្ឋ និង  ជាអ្នករៀបចំ  «នាទីភាគនិទានរឿងប្រលោមលោក» ប្រចាំវិទ្យុជាតិភ្នំពេញ។   លោកម៉ៅ ប៊ុនថនដែលជាអ្នកនិពន្ឋរឿងអប់រំក៏បានយកសាច់រឿងខ្លីរបស់ខ្ញុំ  ទៅបញ្ចូលក្នុងរឿងប្រលោមលោករបស់លោក ហើយផ្សាយតាមរលកអាកាសវិទ្យុជាតិ។ប៉ុន្តែ លោកពុំបានបញ្ចេញឈ្មោះប៉ាកការបស់ខ្ញុំ  «ព្រហ្ម សុទ្ធធីតា»ម្តងណាឡើយ។  ទោះជាយ៉ាងនេះក្តី ក៏ពេលនោះខ្ញុំមានចិត្តរំភើបរីករាយនិងមានមោទនភាពណាស់ទៅហើយ។ ម្ល៉ោះហើយ ទឹកចិត្តស្នេហាអក្សរសាស្រ្ត និងការចង់សាង

ឈ្មោះជាអ្នកនិពន្ឋ ដែលបានចាប់ប៉ិចពន្លកចាក់ឬសយ៉ាងមាំកប់ក្នុងជម្រៅបេះដូងក្រពុំតាំងពីពេលនោះមក។

អាយុ១៧ឆ្នាំ
ថតនៅហាងថតរូប«Bonheur»ភ្នំពេញឆ្នាំ១៩៦៤
រូបថត៖ប៉ិច ​សង្វាវ៉ាន

លុះដល់ឆ្នាំ១៩៦៨ ខ្ញុំមិនអាចទប់សន្ទុះចិត្តដែលចង់ក្លាយជាអ្នកនិពន្ធតទៅទៀត ក៏បានសាកល្បងនិពន្ធរឿងទីមួយ។

រឿងនោះមានចំណងជើងថា «នេះឬចិត្តប្រុស?» ដែលជារឿងវិបត្តិរបស់មិត្តនារីបីនាក់។  កាលណោះ  ខ្ញុំបានប្រើនាម

ប៉ាកកាថា«ព្រហ្ម សុទ្ធធីតា»។ រឿងនេះត្រូវបានលោក ជូ ថានី ដែលអ្នកនិពន្ធនិងជានាយកសារព័ត៌មានកោះសន្តិភាព

យកទៅចុះផ្សាយក្នុងកាសែតនេះ។  បន្ទាប់មក លោក ម៉ៅប៊ុនថនបានសុំការអនុញ្ញាតពីខ្ញុំយករឿង «នេះឬចិត្តប្រុស?»

ទៅរៀបចំជាភាគៗផ្សាយក្នុង «នាទីភាគនិទានរឿងប្រលោមលោក» នៃវិទ្យុជាតិភ្នំពេញ  ហើយឭពេញប្រទេសកម្ពុជា

ទាំងមូលចាប់ពីថ្ងៃ៥កក្កដា រហូតដល់ខែកញ្ញាឆ្នាំ១៩៦៨ទើបចប់សព្វគ្រប់។ ខ្ញុំសូមបញ្ជាក់ថា រឿង«នេះឬចិត្តប្រុស?»

ដាក់អមចម្រៀងមួយបទដែលលោកម៉ា ឡៅពី ជាអ្នកនិពន្ឋបទភ្លេង និងទំនុកច្រៀង។  បទ«នេះឬចិត្តប្រុស?»ច្រៀង

ដោយអ្នកស្រី សូ សាវឿន។  ខ្ញុំពុំដែលគិតស្មានទាល់តែសោះថា រឿង «នេះឬចិត្តប្រុស?» បានទទួលសំបុត្រសរសើរ

ពេញចិត្តយ៉ាងច្រើន និងបានទទួលការគាំទ្រដល់ម្លឹងពីមជ្ឃដ្ឋានអ្នកស្តាប់ទូទាំងព្រះរាជាណាចក្រកម្ពុជាឡើយ។ ប៉ុន្តែ   

ក្នុងចំណោមលិខិតលើកទឹកចិត្តទាំងនោះមានលិខិតរិះគន់មួយច្បាប់ដែរពីយុវជនឈ្មោះ ឃ្នុះ ទាំ សិស្សវិទ្យាល័យ​«ព្រះ

សុរាម្រិត»ខេត្តកំពង់ឆ្នាំង។

អាយុ២១ឆ្នាំ ថតឆ្នាំ១៩៦៨ នៅហាងថតរូប«BB»ភ្នំពេញ

មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៦៩ ក្នុងពេលវិស្សមកាល ខ្ញុំបាននិពន្ធរឿង «ថ្ងៃ៤កក្កដា»ដោយប្រើនាមប៉ាកការ «ព្រហ្ម

សុទ្ធធីតា»ជាថ្មី។  រឿងនេះផ្សាយក្នុងសារព័ត៌មាន «ដំណឹងចុងក្រោយ» របស់លោក ជុំ កែម។  ខ្ញុំមិនហ៊ានប្រើនាមពិត

ទេ  ព្រោះនៅជំនាន់នោះ គេពុំទាន់ផ្តល់តម្លៃឲ្យអ្នកនិពន្ធនារីនៅឡើយ។ ម៉្យាងទៀត ខ្ញុំមិនចង់ឲ្យលោកប៉ាជ្រាបដឹង និង

ប្រកាន់ខឹងស្តីបន្ទោសខ្ញុំឡើយ។  លោកប៉ាមិនចូលចិត្តឲ្យខ្ញុំបែកអារម្មណ៍ធ្វើអ្វី  ក្រៅពីខិតខំសិក្សាឲ្យបានជោគជ័យនិង

បានសញ្ញាប័ត្រខ្ពង់ខ្ពស់ឡើយ។

ក្រោយពីបានជាប់មធ្យមសិក្សាប័ត្រភាគទី២ បាក់ឌុប (Baccalauréat 2ème partie) នៅឆ្នាំ១៩៧០ ខ្ញុំបានផ្អាកការនិពន្ធ

សិន    ព្រោះខ្ញុំជាប់បន្តការសិក្សាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងមហាវិទ្យាល័យ «នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

( Faculté deDroit et des Sciences Economiques»។  ឆ្នាំនោះ  ខ្ញុំក៏បានសិក្សាផ្នែកអក្សរសិល្ប៍ខ្មែរក្នុងមហាវិទ្យាល័យ

« អក្សរសាស្ត្រនិងមនុស្សសាស្ត្រ»ដែរ (Faculté des Lettres et des Sciences Humaines) ក្នុងអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ

១៩៧៣។  ក្រោយពីបានប្រឡងជាប់ចូលមហាវិទ្យាល័យគរុកោសល្យ (Faculté de Pédagogie)  ខ្ញុំបានបោះបង់ចោល

ការសិក្សាក្នុងមហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលខ្ញុំមិនស្រឡាញ់ចូលចិត្តសោះ។    ខ្ញុំចេះតែខំ

ទ្រាំទៅរៀនដើម្បីបំពេញចិត្តលោកប៉ា ប៉ុន្តែការសិក្សារបស់ខ្ញុំមិនបានជោគជ័យដូចបំណងលោកប៉ាទេ ខាតតែពេល។

ខ្ញុំក៏បានសម្រេចចិត្តទៅសិក្សា ក្នុងមហាវិទ្យាល័យ «គរុកោសល្យ» វិញ   ដើម្បីឈោងចាប់មុខងារ សាស្ត្រាចារ្យអក្សរ

សាស្រ្តខ្មែរវិញឲ្យស្របទៅតាមចំណង់ចំណូលចិត្តនិងនិស្ស័យពីកំណើត។ ខ្ញុំនៅតែបន្តការសិក្សាក្នុងមហាវិទ្យាល័យ

អក្សរសាស្ត្រ និង មនុស្សសាស្ត្រដដែលមិនចោលឡើយ។   ក្តីស្រមៃ និង ក្តីប្រាថ្នារបស់ខ្ញុំដែលចង់ក្លាយជាសមាជិកា

សមាគមអ្នកនិពន្ធខ្មែរ ក៏បានសម្រេចដូចបំណងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៧៣។  ​ខ្ញុំជាសមាជិកាលេខរៀង១៩៣។

នៅក្នុងប័ណ្ណសមាជិករបស់សមាគម ខ្ញុំបានពាក់ឈ្មោះស្វាមីថា លោកស្រី ប៉ិច ឈុនទៅតាមទន្លាប់ខ្មែរយើងសម្រាប់

ស្ត្រីមានស្វាមី។ ក្នុងជំនាន់នោះ នៅប្រទេសយើងមិនដូចនៅប្រទេសបារាំងទេ។ នៅប្រទេសបារាំង  ស្ត្រីមានប្តី គេប្រើ

ឬពាក់នាមត្រកូលរបស់ស្វាមីភ្ជាប់់ជាមួយគោត្តនាមរបស់ភរិយា គឺដូចឈ្មោះដែលខ្ញុំប្រើសព្វថ្ងៃនេះ «ប៉ិច សង្វាវ៉ាន»។

ស្ថានភាពគ្រួសារ

ខ្ញុំ បានរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧២ នៅទីក្រុងភ្នំពេញ ជាមួយលោក ប៉ិច ឈុន បញ្ញវន្តខ្មែរមួយរូប

ដែលបានទទួលបរិញ្ញាប័ត្រពាណិជ្ជកម្មអន្តរជាតិនៃមហាវិទ្យាល័យពាណិជ្ជសាស្រ្តនៅទីក្រុងភ្នំពេញឆ្នាំ១៩៧១ និងជា

អតីតនិស្សិតឆ្នាំទី៣នៃមហាវិទ្យាល័យនីតិសាស្រ្តនាទីក្រុងភ្នំពេញចុងឆ្នាំ១៩៧០។ ស្វាមីខ្ញុំ  មានមុខងារជាអតីតនាយក

(Chef de Service) ផ្នែកការនាំចូលនៃក្រុមហ៊ុនសែលកម្ពុជា (SOCIETE SHELL DU CAMBODGE)។ក្នុងប្រទេសបារាំង

ស្វាមីខ្ញុំបានទទួលបរិញ្ញាប័ត្ររងផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅ«វីជ្ជាស្ថានពាណិជ្ជកម្មនិងចែកចាយចំណីអាហារIPCAD»

និងបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិស្វកម្មអភិវឌ្ឍន៍នៅវិជ្ជាស្ថានពហុបច្ចេកទេសសំាងល្វីនៅស៊ែរហ្ស៊ី  INSTITUT 

de la POLYTECHNIQUE  de SAINT LOUIS à CERGY  និង ជាអតីតប្រធានគណនេយ្យ។ បច្ចុប្បន្នកាលនេះ ស្វាមីខ្ញុំ

ជាអនុប្រធាននៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌នៅទីស្តីការគណៈរដ្ឋមន្រ្តីដែលមានឋានៈស្មើរដ្ឋមន្រ្តី។ នៅ

ថ្ងៃ ទី៤ ខែមករា ឆ្នាំ២០១១ ស្វាមីខ្ញុំបានលាលែងពីមុខដំណែងដោយមូលហេតុសុខភាព ហើយវិលត្រឡប់មករស់នៅ

ប្រទេសបារាំងវិញ។

(មាតាបិតាខ្ញុំកំពុងកាត់សក់)
រូបថតអពាហ៍ពិពាហ៍នេះបាក់ខ្ទេច​។
ប្អូនធម៌ខ្ញុំ«ជ្រូក ម៉ាលី»បានលាក់ទុក
ក្នុងរបបខ្មែរក្រហម។
ដឹងថា​ខ្ញុំនៅប្រទេសបារាំង នាងបានផ្ញើឲ្យខ្ញុំវិញ

រូបថតអពាហ៍ពិពាហ៍ដែលនៅសេសសល់ពីរបបខ្មែរក្រហម
រូបថត៖ប៉ិច ​សង្វាវ៉ាន

អពាហ៍ពិពាហ៍នៅភ្នំពេញថ្ងៃ១មករា១៩៧២
រូបថត៖ប៉ិច​ សង្វាវ៉ាន

ខ្ញុំ និង ស្វាមីខ្ញុំប៉ិច   ឈុន (ឈ្មោះបារាំង ប៉ិច រីសាដ៍) មានបុត្រាបុត្រីចំនួនបួននាក់ គឺ កូនស្រីម្នាក់និង កូនប្រុសបីនាក់ ព្រមទាំងចៅ៣នាក់។​ បច្ចុប្បន្ននេះ យើងមានកូនធម៌ប្រុសចំនួន៤នាក់ និងកូនធម៌ស្រីចំនួន៤នាក់។

អនុស្សាវរីយ៍ទើបមកដល់ប្រទេសបារាំងបាន២០ថ្ងៃ។
ក្នុងបន្ទប់ហ្វ័រយេ សូណាកូត្រានៃក្រុងសាន់ន័រ Sannois
នៅ២២មករា១៩៧៧( រូបថត៖ប៉ិច សង្វាវ៉ាន)

រូបថតខាងលើ៖ កូនទាំងបួននាក់របស់ខ្ញុំថតនៅក្រុងសាន់ន័រប្រទេសបារាំងឆ្នាំ១៩៨៥

-កូនស្រីច្បងឈ្មោះ ប៉ិច សង្វានីដា កើតនៅថ្ងៃ ៧ វិច្ឆិកា ១៩៧២សង្កាត់លេខ៤ក្រុងភ្នំពេញ។ សង្វានីដាមានបរិញ្ញាប័ត្រ

អក្សរសិល្ប៍អង់គ្លេសទំនើប និង អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅទីក្រុងប៉ារីសប្រទេស បារាំង។  ៣ឆ្នាំក្រោយពី

បានមកទស្សនាប្រទេសកម្ពុជា ឆ្នាំ២០០៦ នាងនិងស្វាមីសម្រេចចិត្តទៅរស់នៅក្នុងប្រទេសកម្ពុជាមួយរយៈ។  នាងជា

សាស្រ្តាចារ្យភាសាអង់គ្លេសនៅ«មហាវិទ្យាល័យបញ្ញាសាស្ត្រ» ក្រុងភ្នំពេញ។  សង្វានីដាកូនស្រីខ្ញុំនិងស្វាមី់បានចេញ

ពីភ្នំពេញទៅរស់នៅក្នុងប្រទេស កាណាដាកាលពីខែឧសភាឆ្នាំ២០១០។

ចំណែកឯកូនប្រុសទាំង៣នាក់ដែលរស់នៅក្នុងប្រទេសបារាំងមានឈ្មោះថា ៖

– ប៉ិច បញ្ញាហ្សេរ៉ាល់   កើតនៅ ថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៧៣ នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ។  គេជាបណ្ឌិតវិស្វករផ្នែក

អាកាសចរណ៍ស៊ីវិលចេញពីសាលាជាតិអាកាសចរណ៍ស៊ីវិល ECOLE NATIONALE D’AVIATION CIVILE (ENAC)

នៃក្រុងទូលូស្ស៍(Toulouse)។   សព្វថ្ងៃនេះ បញ្ញា ជានាយកគម្រោងនៃមន្ទីរពិសោធន៍ TESA នៅក្រុងទូលូស្ស៍ ប្រទេស

បារាំង។ ភរិយារបស់បញ្ញាឈ្មោះអ៊ឿង សុខហ្គេច។ នាងជាប់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកច្បាប់សាធារណៈចេញពីមហា

វិទ្យាល័យស៊រប៊ន SORBONNES នៃទីក្រុងប៉ារីស៍។ គេទាំងពីរមានកូនបីនាក់ គឺប្រុសពីរនាក់និងស្រីម្នាក់។

– ប៉ិច ហ្វ្រេដេរិក វ៉ាំងសង់ កើតនៅថ្ងៃ ទី២២ ខែមករា ឆ្នាំ១៩៧៧ នៅក្រុងអាកហ្សង់ទើយ( Argenteuil)ប្រទេសបារាំង។

កូនទី៣របស់ខ្ញុំនេះមានសញ្ញាប័ត្រវិស្វករផ្នែកទេពកោសល្យអាកាសសាស្ត្រ( Ingénieur en Génies climatiques) នៅ

ប្រទេសបារាំង។

– ប៉ិច វិរៈសិទ្ឋ វិចទ័រ កើតនៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ១៩៨៥ នៅសាន់ន័រ(Sannois) ប្រទេសបារាំង។ កូនប្រុសពៅនេះ

ជាប់បរិញ្ញាប័ត្រ«ផ្នែកសិល្បៈភាពយន្ត» និង ជាវិស្វករ«ផ្នែកព័ត៌មានវិទ្យា»នៅប្រទេសបារាំង។  សព្វថ្ងៃនេះ គេរស់នៅ

ប្រទេសកាណាដា។

ដោយការជាប់ចិត្តស្រឡាញ់សមាគមអ្នកនិពន្ឋខ្មែរ និងស្រឡាញ់មុខងារសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរពេក ខ្ញុំមិនដែល

បានគិតសូម្បីម្តងណាសោះឡើយថា  ខ្លួនខ្ញុំត្រូវឃ្លាតចាកឆ្ងាយពីទឹកដីកម្ពុជាមាតុប្រទេស ទោះបីជាប្រទេសជាតិធ្លាក់

ក្នុងភ្លើងសង្គា្រមវឹកវរយ៉ាងណាក៏ដោយ។    នៅទីបំផុត ព្រឹត្តការណ៍បដិវត្តន៍របស់ខ្មែរក្រហម ១៧ មេសា  ១៩៧៥បាន

បញ្ចប់ក្តីស្រមៃរបស់ខ្ញុំទាំងអស់គ្មានសល់អ្វីបន្តិចសោះឡើយ។ សំណៅរឿងប្រលោមលោកទាំងអស់ របស់ខ្ញុំក៏ត្រូវបាន

វិនាសបាត់អស់ដែរ។

នៅ ថ្ងៃ១៧មេសា១៩៧៥ ខ្ញុំនិងស្វាមីដែលទើបតែមានបុត្រៗពីរនាក់តូចៗគឺ សង្វានីដា និងបញ្ញា ហ្សេរ៉ាល់ (ឈ្មោះដើម

សង្វាមុនីរក្ស)។ គ្រួសារខ្ញុំផ្ទាល់  និងមាតាបិតាប្អូនៗទាំងអស់ទ្រាំរស់នៅយ៉ាងលំបាកវេទនាអត់ឃ្លានក្នុងរបបខ្មែរក្រហម

បានតែ៣ខែប៉ុណ្ណោះ   ក៏បានសម្រេចចិត្តភៀសខ្លួនចេញពីរបបកម្មុយនីស្តខ្មែរក្រហម ដែលគ្មានសេរីភាព និង អត់ឃ្លាន

នេះ។    យើងបានភៀសខ្លួនផ្សងព្រេងឆ្លងកាត់ប្រទេសវៀតណាម  និងប្រទេសលាវ  ហើយបានមកដល់ប្រទេសបារាំង

នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៧  ដោយបានបន្សល់ទុកសពប្អូនស្រីឈ្មោះ ព្រហ្ម វេតថូរីយ៉ា ដែលបានបាត់បង់ជីវិតយ៉ាង

អណោចអធ៌ម ដោយជំងឺគ្រុនចាញ់ក្នុងមន្ទីរពេទ្យបដិវត្តន៍លាវនៅមឿងភីនប្រទេសលាវ។ ការស្តាយស្រណោះប្អូនស្រី

កម្សត់បានជំរុញឲ្យខ្ញុំសរសេររឿង«ខ្លោចផ្សានៅមឿងភីន» ឬ «អស្តង្គត»។

បួនឆ្នាំដំបូងក្នុងប្រទេសបារាំង ខ្ញុំតែងតែបង្ហូរទឹកភ្នែកជារឿយៗ កាលណាខ្ញុំស្តាប់ចម្រៀងខ្មែរយើងម្តងៗ។ ខ្ញុំតែងតែនឹក

ស្រណោះខ្លួន នឹកស្តាយប្រទេស និងស្តាយជីវភាពក្សេមក្សាន្តរុងរឿងក្នុងអតីតកាល។ ជ្រកកោនលើទឹកដីបារាំង ខ្ញុំមិន

ដែលភ្លេចអត្តសញ្ញាណជាខ្មែរឡើយ។     ការស្រឡាញ់វប្បធម៌ខ្មែរនៅតែដក់ជាប់ក្នុងចិត្តខ្ញុំឥតរសាយ ជាពិសេសអក្សរ

សាស្រ្តអក្សរសិល្ប៍ខ្មែរ ដែលខ្ញុំសែនស្រឡាញ់ដ៏លើសលប់ក្នុងជាតិនេះ។

ឆ្នាំ១៩៨២ ខ្ញុំបានទទួលបាច់ផ្កា ពីលោកវេជ្ជបណ្ឌិតយូសុន គុននី ក្នុងរាត្រីបុណ្យចូលឆ្នាំខ្មែរនៅក្រុងមូលូស្ស៍ប្រទេសបារាំង
(រូបថត៖ប៉ិច សង្វាវ៉ាន)

នៅ ក្រុងស្ត្រាស់បួរ(Strasbourg) ប៉ែកខាងកើតប្រទេសបារាំង ជាទីដែលខ្ញុំ និងគ្រួសាររស់នៅយ៉ាងសុខសាន្ត ខ្ញុំបានជួប

ស្គាល់បញ្ញាវន្តខ្មែរពីរបីនាក់ត្រូវជាមិត្តភក្តិឯកឧត្តម ព្រហ្ម សិទ្ធត្រា ប្អូនប្រុសខ្ញុំ   ដែលជារដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌

ក្រុងភ្នំពេញ។ ដោយការនឹករឮកស្រុកទេសខ្លាំងពេក ខ្ញុំនិងបញ្ញាវន្តខ្មែរទាំងប៉ុន្មាននាក់នោះបានមូលមតិគ្នាជាឯកច្ឆន្ទពួត

ដៃគ្នាបង្កើតសមាគមឈ្មោះហៅថា«សមាគមអ្នកស្នេហាអរិយធម៌ខ្មែរ» ។  ក្រោយការសម្រាកពីការងារដ៏នឿយហត់  ខ្ញុំ

បានចំណាយពេលរាល់ថ្ងៃអាទិត្យបង្ហាត់របាំខ្មែរដល់យុវនារីភៀសខ្លួនខ្មែរដើម្បីរៀបចំរាត្រីសិល្បៈ  និងបុណ្យចូលឆ្នាំខ្មែរ

ក្នុងគោលដៅបង្ហាញឲ្យជនជាតិបារាំងនៅក្រុងស្រ្តាសបួរស្គាល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។   បន្ទាប់មក ក្រោយពី

បានរៀបចំជីវភាពរស់នៅក្នុងប្រទេសបារាំងស្រួលបួលខ្លះហើយ    ខ្ញុំបានចាប់ដងប៉ាកកាជាថ្មីសរសេររឿងខ្លីៗផ្សាយក្នុង

ព្រឹត្តប័ត្រខ្មែរមួយចំនួនដូចជា៖

-ព្រឹត្តប័ត្ររបស់«សមាគមអ្នកស្នេហាអរិយធម៌ខ្មែរ»នៅទីក្រុងស្ត្រាស់បួរ។

-ព្រឹត្តប័ត្រ«កូនខ្មែរ»នៃមជ្ឈមណ្ឌល«ឯកសារស្រាវជ្រាវវប្បធម៌ខ្មែរ«CEDORECK»នៅទីក្រុងប៉ារីស។

-ព្រឹត្តប័ត្រ«ខ្មែរសាមគ្គី» នៅក្រុងឡុងដ៍្រ ប្រទេសអង់គ្លេស។

-ទស្សនាវដ្តី«អរិយធម៌ខ្មែរ»នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

-សារព័ត៌មាន «នគរធំ» នៅសហរដ្ឋអាមេរិក។

បន្ទាប់ពីចាកចេញពីក្រុងស្ត្រាស់បួរ នៅឆ្នាំ១៩៨៥ជាមួយក្រុមគ្រួសារទាំងអស់មករស់នៅក្រុងសាន់ន័រតំបន់៩៥ជាយក្រុង

ប៉ារីស ខ្ញុំបានសរសេររឿង«ជើងមេឃថ្មី»ប្រលោមលោកខ្នាតវែង។ រឿងនេះចុះផ្សាយបន្តិចម្តងៗក្នុងសារព័ត៌មាននគរធំ

នៅសហរដ្ឋអាមេរិក។ លើសពីនេះ នៅឆ្នាំ១៩៨៩ ខ្ញុំនិងស្វាមីបានស្ម័គ្រចិត្តធ្វើការបម្រើ «វិទ្យុអាស៊ីសំឡេងខ្មែរ»ដែលជា

វិទ្យុសហគមន៍មួយនៅទីក្រុងប៉ារីសសង្កាត់ទី១២ រាល់រាត្រីព្រហស្បតិ៍ ដោយឥតកម្រៃរាល់រាត្រីព្រហស្បត៍អស់រយៈពេល

ជិតបួនឆ្នាំ។ នេះជាឱកាសល្អមួយអនុញ្ញាតឲ្យខ្ញុំបាននិពន្ធរឿងថ្មី និងលើកយករឿងចាស់ៗមួយចំនួនមករៀបចំជាល្ខោន

និយាយហើយផ្សាយជាភាគៗ តាមវិទ្យុអាស៊ី។  យើងទាំងពីរអាចបញ្ចេញទេពកោសល្យប្រើសំឡេងសំដែងរឿងប្រលោម

លោក។ ចាប់តាំងពីពេលនោះមក យើងទាំងពីរនាក់ក៏មានឈ្មោះបោះសំឡេង និងបានទទួលការគាំទ្រពីមជ្ឈដ្ឋានសហ

គមន៍ខ្មែរនៅប៉ារីស និងជាយក្រុងប៉ារីសប្រទេសបារាំង។

ដោយសារការជាប់ចិត្តស្រឡាញ់ និងស្តាយសមាគមអ្នកនិពន្ធខ្មែរពេក និងដើម្បីសម្រួលការបោះពុម្ពសៀវភៅ របស់ខ្ញុំ

ទើបនៅថ្ងៃ២កក្កដា១៩៨៩ ខ្ញុំបានបង្កើត «សមាគមអ្នកនិពន្ធខ្មែរនៅបរទេស (ស.អ.ខ.ប.)» ASSOCIATION des

ECRIVAINSKHMERS à L’ETRANGER (AEKE)។ ខ្ញុំសម្រេចប្រើឡូហ្គូចាស់របស់សមាគមអ្នកនិពន្ធខ្មែរពីដើម។

ខ្ញុំជាប្រធានស្ថាបនិកនៃសមាគមនេះរហូតមក។ «សមាគមអ្នកនិពន្ធខ្មែរនៅបរទេស»បានប្រារព្ធធ្វើការប្រកួតប្រជែង

ជ្រើសរើសជ័យលាភី«រង្វាន់អក្សរសិល្ប៍សន្តិភាព»លើកទី១នៅឆ្នាំ១៩៩៧ ។   លើកទី២ ក្នុងឆ្នាំ២០០០​នៅក្រុងបារីស

ដោយមានបេក្ខជនជាកវីនិងអ្នកនិពន្ឋក្នុងប្រទេសនិងក្រៅប្រទេសចូលរួម។

ក្រោយពីវិទ្យុអាស៊ីសំឡេងខ្មែរបិទការផ្សាយបានប្រហែលជាងកន្លះឆ្នាំ វិទ្យុបារាំងអន្តរជាតិRFI ( RADIO FRANCE

INTERNATIONALE)បានបង្កើតការផ្សាយភាសាបរទេសចំនួនពីរបន្ថែមទៀតគឺ ភាសាខ្មែរនិងភាសាលាវ។ ខ្ញុំបាន

ប្រឡងជាប់ចូលធ្វើការបម្រើវិទ្យុRFIនេះ នៅ ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៣ ជាអ្នកសារព័ត៌មាន (Journaliste)។ ក្រៅពីការ

សរសេរ និង អានព័ត៌មានផ្សាយតាមវិទ្យុនេះ ខ្ញុំក៏បានកាន់នាទីសុខាភិបាលរាល់ថ្ងៃចន្ទ និងនាទីអក្សរសិល្ប៍ខ្មែរាល់ថ្ងៃ

អាទិត្យដែរ។ ក្នុងការបម្រើការងារជាអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិដ៏ជាទីស្រឡាញ់ំពេញចិត្តនេះអស់រយៈពេល

១៨ឆ្នាំ គឺចាប់ពី ខែមីនា ឆ្នាំ១៩៩៣ រហូតដល់ ខែមេសា ឆ្នាំ២០១០។  ខ្ញុំក៏បានបញ្ចប់មុខងារនាយិកាការផ្សាយ  (CHEF

D’ÉDITION)     ដោយបានស្ម័គ្រចិត្តសុំចូលនិវត្តន៍  មុនកំណត់វ័យ៦៥ឆ្នាំ ហើយបានចូលនិវត្តន៍តាមច្បាប់ នៅដើមខែ

ឧសភាឆ្នាំ២០១០ ។  រយៈពេល១៨ឆ្នាំក្នុងការបំពេញការងារដ៏ថ្លៃថ្នូរ និងជាទីមោទនៈនេះ     ខ្ញុំបានបម្រើការងារដ៏ជាទី

 ស្រឡាញ់អស់ពីកម្លំាងកាយនិងកម្លំាងចិត្តដើម្បីតបស្នងប្រិយមិត្កអ្នកស្តាប់គ្រប់ទិសទីដែលមានភក្តីភាព និងគាំទ្រ

ចូលចិត្តសំឡេងរបស់ខ្ញុំ ។

ស្ទុយឌីយោវិទ្យុបារាំងអន្តរជាតិRFI
ក្រោយពេលសម្ភាសន៍តារាចម្រៀងមកពីប្រទេសកម្ពុជា
(រូបថត៖សុខាន់ណារិទ្ធ)

ក្នុងការផ្សាយចុងក្រោយបង្អស់របស់ខ្ញុំ នៅថ្ងៃ៣១ធ្នូ២០០៩  ខ្ញុំសង្វាវ៉ានបានថ្លែងសារលាប្រីយមិត្តអ្នកស្តាប់ទាំងអាឡោះ

អាល័យ ចូលនិវត្តន៍ដើម្បីទុកពេលចាប់ដងប៉ាកកាឡើងវិញតែងនិពន្ឋសៀវភៅដែលមានជាអាទិ៍ សារណាជីវិតរបស់ខ្ញុំ

ជាដើម។

ស្នាដៃអក្សរសិល្បិ៍របស់ខ្ញុំ

១-នេះឬចិត្តប្រុស?(១៩៦៨)

២-ថ្ងៃ៤កក្កដា(១៩៦៩)

៣-ខ្លោចផ្សានៅមឿងភីនឬអស្តង្គត(១៩៨១)

៤-ស្តាយពាក្សមួយម៉ាត់(១៩៨១)

៥-ពេលដែលកន្លងទៅ(១៩៨១)

៦-វាសនាអភ័ព្វ(១៩៨៣)

៧-មានសង្ឃឹមឬគ្មានសង្ឃឹម?(១៩៨៣)

៨-ព្រោះរឿងអ្វី?(១៩៨៣)

៩-ថ្ងៃណា?ថ្ងៃណា?(១៩៨៣)

១០-កម្មករសេរី(១៩៨៣)

១១-ខ្យល់សមុទ្រ(១៩៨៤)

១២-ម្តាយក្មេកទំនើប(១៩៨៤)

១៣-ព្រោះតែអ្នក(១៩៨៤)

១៤-បាច់ផ្កា(១៩៨៥)

១៥-ស្រមោលស្នេហ៍(១៩៨៥)

១៦-ជើងមេឃថ្មី(១៩៨៥)

១៧-លិខិតអាថ៌កំបាំង(ល្ខោននិយាយផ្សាយក្នុងវិទ្យុអាស៊ីនៅបារីសឆ្នាំ១៩៨៩)

១៨-ស្រមៃបន្ទាប់ពីស្រមៃ(ល្ខោននិយាយផ្សាយក្នុងវិទ្យុអាស៊ីនៅបារីសឆ្នាំ១៩៩០)

១៩-រូបឥតព្រលឹង(ល្ខោននិយាយផ្សាយក្នុងវិទ្យុអាស៊ីនៅបារីសឆ្នាំ១៩៩១)

រឿង ដែល បាន ចេញ ផ្សាយ ហើយ

១-  «ជើងមេឃថ្មី» ប្រលោមលោកខ្នាតវែងបោះពុម្ភផ្សាយលើកទី១នៅឆ្នាំ១៩៨៥ លើកទី២ឆ្នាំ១៩៩០។ រឿងនេះត្រូវបាន

ផលិតករ ឡេវ ឡុង ហៅ ឡុង ដារា យកមកថតជាខ្សែភាពយន្តទំហ៊ំ១៦មីល្លីម៉ែត្រ សម្រាប់បញ្ចាំងលើផ្ទាំងសំពត់ស។ គេ

អាចចាត់ទុកជាខ្សែភាពយន្តខ្មែរទី១ដែលផលិតនៅប្រទេសបារាំង។

រឿងជើងមេឃថ្មី @រក្សាសិទ្ធិ
លេខISBN និងតំកល់ទុកក្នុងបណ្ណាល័យជាតិប្រទេសបារាំង

២-«ស្រមោលស្នេហ៍»ផ្សាយចេញពីសមាគមអ្នកនិពន្ឋខ្មែរនៅបរទេសឆ្នាំ១៩៨៥។

រឿងស្រមោលស្នេហ៍
@រក្សាសិទ្ធិ
លេខISBN
តំកល់ទុកក្នុងបណ្ណាល័យជាតិប្រទេសបារាំង

៣- «ម្តាយក្មេកទំនើប» ជាកម្រងរឿងខ្លីចេញផ្សាយពីសមាគមអ្នកនិពន្ធខ្មែរនៅបរទេសឆ្នាំ២០០៤។

លេខ​ ISBN​​ រក្សាសិទ្ធិ និងដំកល់ទុកតាមច្បាប់
ក្នុងបណ្ណាល័យជាតិនៃប្រទេសបារាំងនៅថ្ងៃ
…………………………..

៤-«ពេលដែលកន្លងទៅ»ផ្សាយក្នុងសៀវភៅមួយមានចំណងជើងថា«ស្នេហាខ្ញុំ»

ផលិតដោយសមាគមអក្សរសិល្ប៍កម្ពុជាស៊ុយអែត។

រក្សាសិទ្ធិដោយសមាគមខ្មែរស៊ុយអេត

ស្នាដៃ ដែល គ្រោង នឹងចេញ ផ្សាយ

– «ខ្ញុំជាស្រី» ជាកម្រងជីវប្រវត្តិ និងសារណាជីវិតផ្ទាល់របស់ខ្ញុំតាំងពីស្រុកខ្មែរឆ្លងកាត់តាមប្រទេសវៀតណាម លាវរហូតទៅដល់ប្រទេសបារាំង។

– «នារីមុខពីរ»

– «ស្តាយពាក្សមួយម៉ាត់»

– «មានសង្ឃឹម ឬគ្មានសង្ឃឹម»

– «វាសនាអភ័ព្វ»

– «លិខិតអាថ៌កំបាំង»

-«បញ្ចពិធធីតា»។ល។

សកម្មភាពខ្ញុំក្នុងពិធីផ្សេង

នៅប្រទេសបារាំងនិងនៅប្រទេសកម្ពុជា

– ខ្ញុំនិងស្វាមីខ្ញុំបានទទួលសេចក្តីអញ្ជើញឲ្យចូលរួមក្នុងពិធីរំលឹកឯករាជ្យជាតិលើកទី៥០នៅឆ្នាំ២០០៣

ដែលបានរៀបចំប្រព្រឹត្តទៅនៅUNESCOនាទីក្រុងប៉ារីសប្រទេសបារាំង

ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃព្រះមហាក្សត្រ កាលដែលព្រះអង្គគង់នៅជាព្រះរាជអគ្គរាជទូតប្រចាំយូណេស្កូ។

ក្នុងថ្ងៃរំលឹកខួបឯករាជ្យជាតិ៥០ឆ្នាំនៅUNESCOនាទីក្រុងប៉ារីស

ក្នុងថ្ងៃរំលឹកខួបឯករាជ្យជាតិ៥០ឆ្នាំនៅUNESCOនាទីក្រុងប៉ារីស

– ខ្ញុំបានចូលរួមជាមេប្រយោគនៅក្នុងពិធីជ្រើសរើសបវរកញ្ញាខ្មែរប្រចាំប្រទេសបារាំងច្រើនដង។– ជាមេប្រយោគក្នុងរាត្រីប្រឡងចម្រៀងខ្មែរក្នុងប្រទេសបារាំង។

– យើងទាំងពីរក៏ត្រូវបានសមាគមខ្មែរមួយអញ្ជើញឲ្យធ្វើជាពិធីករ ពិធីការិនី

ក្នុងពិធីជ្រើសរើសបវរកញ្ញាខ្មែរនៅប្រទេសបារាំង (រូបខាងក្រោម)។

ក្នុងពិធីជ្រើសរើសបវរកញ្ញាខ្មែរប្រចាំប្រទេសបារាំងឆ្នាំ១៩៩៨
ពីឆ្វេងទៅស្តាំ៖​ឡាំ គៀងខាហួង … វិរៈតារា ខ្ញុំ និង ស្វាមីខ្ញុំ

-ជាមេប្រយោគក្នុងការប្រកួតប្រជែងរឿងខ្លីនិងរឿងប្រលោមលោក ក្នុងឱកាសមហោស្រពខ្មែរឆ្នាំ១៩៨៧

ដែលរៀបចំដោយមូលនិធិកម្ពុជានៅឡុង ប៊ិច រដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក។

– ខ្ញុំបានចូលរួមជាមេប្រយោគ និងជាវាគ្មិន ក្នុងសិក្ខាសាលា ដែលរៀបចំដោយសមាគមអក្សរសិល្ប៍ នូហាច នៅផ្នំពេញនិងសមាគមអ្នកនិពន្ធខ្មែរនៅបរទេសចាប់ពីឆ្នាំ២០០៦រហូតដល់ឆ្នាំ២០១១។

ខ្ញុំចែករង្វាន់ជូនជ័យលាភីរង្វាន់អក្សរសិល្ប៍នូហាច ឆ្នាំ២០០៧នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យភ្នំពេញ
(រូបថត៖ប៉ិច​ សង្វាវ៉ាន)

ហេង ឧត្តម ជ័យលាភីលេខ២ផ្នែករឿងខ្លី
ទទួលវិញ្ញាបនប័ត្រពីខ្ញុំក្នុងសិក្ខាសាលា
រៀបចំដោយសមាគមអក្សរសិល្ប៍នូហាច សមាគមអ្នកសាបព្រោះ
និងសមាគមអ្នកនិពន្ធខ្មែរនៅបរទេសកាលពីថ្ងៃ៩កក្កដាឆ្នាំ២០១១
(រូបថតៈប៉ិច ​សង្វាវ៉ាន)

 តាមរយៈប្រព័ន្ធឃោសនានានាក្នុងប្រទេសកម្ពុជានិងក្នុងប្រទេសបារាំង

– ខ្ញុំបានចូលរួមក្នុងកម្មវិធីអក្សរសិល្ប៍តុមូលនៃវិទ្យុ«ស្ត្រីខ្មែរ»តាមសេចក្តីអញ្ជើញរបស់លោកខូតារាឬទ្ឋិប្រធានសមាគម

អក្សរសិល្ប៍នូហាច

– ជាភ្ញៀវក្នុងកម្មវិធីបទសម្ភាសន៍មួយក្នុងវិទ្យុ«VOA»ឆ្នាំ ២០០៤។

– ចូលរួមអន្តរាគមន៍­ នៅក្នុង«កម្មវិធីសៀវភៅល្អៗ»»នៃសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជាខែកក្កដា២០០៧ ភ្នំពេញ

ក្នុងនាមជាអ្នកនិពន្ធរឿង«ជើងមេឃថ្មី»។ កម្មវិធីនេះរៀបចំដោយលោកស្រី ប៉ាល់ វណ្ណារីរក្សក្នុង«ទូរទស្សន៍ជាតិកម្ពុជា

(ទទក TVK) »នៃសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជាខែកក្កដា២០០៧ ភ្នំពេញ(រូបខាងក្រោម)។

ខ្ញុំកំពុងសរសេរឧទ្ទិសប្រលោមលោករបស់ខ្ញុំរឿង« ម្តាយ ក្មេកទំនើប»ជូននិស្សិតក្នុងស្ទុយឌីយោទូរទស្សន៍ជាតិកម្ពុជា នៅឆ្នាំ២០០៧ ក្រោយពីចប់កម្មវិធីសៀវភៅល្អៗ

– ជាភ្ញៀវក្នុងកម្មវិធី «ថ្ងៃថ្មី»នៅឆ្នាំ ២០០៧ និង ២០០៨ក្នុងទូរទស្សន៍ខ្មែរ«ស៊ីធីអិន CTN» នៅភ្នំពេញ។

ខ្ញុំក្នុង«កម្មវិធីថ្ងៃថ្មី»នៃទូរទស្សន៍CTN ភ្នំពេញឆ្នាំ ២០០៧
(រូបថត៖ប៉ិច សង្វាវ៉ាន)

 

នៅប្រទេសកម្ពុជា នាថ្ងៃ២៥ធ្នូឆ្នាំ២០១០ ៖ ក្នុងពេលខ្ញុំចូលរួមក្នុងកម្មវិធី«ក្រោមដំបូលតែមួយ»

ក្នុងភោជនិយដ្ឋានអូប៉េរ៉ានៅទឹកថ្លាពិធីករទូរទស្សន៍TV5បានសម្ភាស៍ខ្ញុំនិងផ្សាយក្នុងកម្មវិធី«សង្គមនិងសិល្បៈ

ពិធីករទូរទស្សន៍TV5បានសម្ភាស៍ខ្ញុំ
និងផ្សាយក្នុងកម្មវិធី«សង្គមនិងសិល្បៈ» (រូបថត៖ ប៉ិច ​សង្វាវ៉ាន)

​«កម្មវិធី«សង្គមនិងសិល្បៈ» (រូបថត៖ប៉ិច ​សង្វាវ៉ាន)

– ជាភ្ញៀវក្នុងបទសម្ភាសន៍មួយនៃកម្មវិធីអក្សរសិល្ប៍ក្នុងវិទ្យុ«បាយ័ន»នៅកម្ពុជាឆ្នាំ២០០៩

តាមសេចក្តីអញ្ជើញរបស់លោកខូតារាឬទិ្ឋ។ខ្ញុំតែងតែបានទទួលការអញ្ជើញចូលរួមក្នុងពិធីផ្សេងៗទៀត។ បើមានឱកាស ខ្ញុំពុំដែលប្រកែកទេហើយរមែងស្ម័គ្រជួយជ្រោមជ្រែង គ្មានគិតពីកម្រៃម្តងណាឡើយ។

ក្រៅពីនេះ ខ្ញុំបានផ្តល់ការសម្ភាសន៍ឲ្យព្រឹត្តប័ត្រ និង ទស្សនាវដី្តផ្សេងៗនៅរាជធានីភ្នំពេញនិងនៅប្រទេសបារាំងដែលមានជាអាទិ៍៖

-ទស្សនាវដ្តី«ជីវិតកំសាន្ត-ជីវិតតារា» (មីនា ១៩៩៥) ផ្សាយនៅប្រទេសកម្ពុជា។

– ទស្សនាវដ្តី«សម្លេងស្ត្រីខ្មែរ» (មេសា ១៩៩៦) ផ្សាយនៅប្រទេសកម្ពុជា។

– ព្រឹត្តប័ត្រ«ចតុមុខ» ភាសាបារាំង(ឧសភា ១៩៩៩) ផ្សាយនៅប្រទេសបារាំង។

– «Cambodge Soir»ជាភាសាបារាំង (១០ឧសភា២០០៤) ផ្សាយនៅប្រទេសកម្ពុជា។

– ទស្សនាវដ្តី«សម័យនិយម» ខែកក្កដាឆ្នាំ២០០៨ ផ្សាយនៅប្រទេសកម្ពុជា។

– ទស្សនាវដ្តី«អាថ៌កំបាំង» លេខ២០ ផ្សាយនៅប្រទេសកម្ពុជា។

– «Ecrit d’Angkor» លេខ៣ផ្សាយជាភាសាបារាំងនៅប្រទេសបារាំង។

– ទស្សនាវដ្តី «ឡេឌីស៍ LADIES»ខែធ្នូ២០១០ផ្សាយនៅប្រទេសកម្ពុជា(ទំព័រ៤២និង៤៣)។

– កាសែត«សំបុកផ្សារ» ផ្សាយភ្នំពេញឆ្នាំទី០១ ច្បាប់ទី៤៤ ថ្ងៃ២៦-២៧មករា២០១០៕

ខ្ញុំនិងស្វាមីថតឆ្នាំ២០០៨(រូបថត៖ប៉ិចសង្វាវ៉ាន)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s